39 C
Phnom Penh

រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​សុំ​ឱ្យ​ពលរដ្ឋ​ផ្អាក​បង្កបង្កើន​ផល​ស្រូវ​ប្រាំង​ដោយសារតែ​ខ្វះ​ទឹក​ផ្គត់ផ្គង់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ ដែល​ជា​ខេត្ត​ជាប់​បឹង​ទន្លេសាប បាន​ចេញ​លិខិត​ណែនាំ​មួយ​នៅ​ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០២៤ នេះ ស្នើ​ឱ្យ​ពលរដ្ឋ​ផ្អាក​ធ្វើ​ស្រែ​ប្រាំង​រដូវ​កាល​ទី​២ ព្រោះ​បារម្ភ​ខ្វះ​ទឹក​ផ្គត់ផ្គង់​ដំណាំ​ស្រូវ​ដែល​ដាំដុះ​លើ​ផ្ទៃដី​ជាង ៤​ម៉ឺន​ហិកតារ គឺ​ហួស​កម្រិត​ពី​បរិមាណ​ទឹក​ដែល​អាច​ស្រោចស្រព​បាន ខណៈ​រដ្ឋាភិបាល​បាន​ត្រៀម​ចំណាយ​លើ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រមាណ ៧៧​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ឆ្នាំ​២០២៤ នេះ។

សេចក្ដី​ណែនាំ​របស់​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ ឲ្យ​ដឹង​ថា ផែនការ​ទឹក​ស្រោចស្រព​លើ​ការ «បង្កបង្កើន​ផល​ស្រូវ​រដូវ​ប្រាំង​ឆ្នាំ​២០២៣-២០២៤» ចេញ​ផ្សាយ​ដោយ​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​ពោធិ៍សាត់ បាន​ដាក់​ឱ្យ​កសិករ​អនុវត្ត​ត្រឹមតែ ២​ម៉ឺន​ហិកតារ​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន​នេះ បើ​ផ្អែក​តាម​ការ​ពិនិត្យ​ជាក់ស្ដែង​ពី​មន្ត្រី​ជំនាញ និង​មន្ទីរ​កសិកម្ម​ខេត្ត​ពោធិ៍សាត់ រក​ឃើញ​ថា ការ​បង្កបង្កើន​ផល​ឆ្នាំ​នេះ​នឹង​កើន​រហូត​ដល់ ៤៦៣៤១​ហិកតារ គឺ​លើស​ផែនការ​ប្រើប្រាស់​ទឹក ២៦៣៤១​ហិកតារ។

សេចក្ដី​ណែនាំ​របស់​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ ដដែល ស្នើ​ឱ្យ​ពលរដ្ឋ​ផ្អាក​ការ​ដាំដុះ​ស្រូវ​លើក​ទី​២ បន្ទាប់ពី​ប្រមូល​ផល​រួចរាល់​ចាប់ពី​ខែ​មករា ដល់​ខែ​ឧសភា ឆ្នាំ​២០២៤ ខាងមុខ ហើយ​លើស​ពី​នោះ ពលរដ្ឋ​ត្រូវ​ត្រៀម​លក្ខណៈ​ស្តុក​ទឹក​ក្នុង​ស្រះ អណ្តូង ប្រឡាយ ដែល​អាច​ស្តុក​ទឹក​បាន​សម្រាប់​ទុក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ និង​សត្វពាហនៈ ជាដើម។

រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ បាន​បដិសេធ​ទទួល​ខុសត្រូវ​ចំពោះ​ការ​ខ្វះ​ទឹក​ស្រោចស្រព​ដំណាំ ឬ​ប្រើប្រាស់​ក្នុង​ករណី​ប្រជាកសិករ​នៅតែ​អនុវត្ត មិន​ទទួល​យក​ការ​ណែនាំ​របស់​រដ្ឋបាល​ខេត្ត​ទេ​នោះ ហើយ​ករណី​ដែល​ប្រជាកសិករ​នៅតែ​បន្ត​បង្កបង្កើន​ផល​ស្រូវ​រដូវប្រាំង​លើក​ទី​២ ទៀត​នោះ ពលរដ្ឋ​នឹង​អាច​ជួបប្រទះ​ការ​ខ្វះ​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ខ្វះ​ទឹក​សម្រាប់​សត្វពាហនៈ និង​ខាតបង់​ថវិកា​របស់​បងប្អូន​ប្រជាកសិករ​ថែម​ទៀត​ជាមិនខាន។

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា យល់​ថា ចំណាត់ការ​នេះ​មិន​ទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ ហើយ​ថា​អាជ្ញាធរ​គួរ​មាន​ចំណាត់ការ​សម្រាប់​រយៈពេល​វែង ដើម្បី​ធានា​ការ​កាត់បន្ថយ​បញ្ហា​ខ្វះ​ទឹក​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព។

លោក​បន្ត​ថា ខេត្ត​ពោធិ៍សាត់ តែងតែ​មាន​ទឹក​លើស​តម្រូវការ​ក្នុង​រដូវ​វស្សា អាជ្ញាធរ​គួរ​ពិនិត្យ​មើល​ទីតាំង​ភូមិសាស្ត្រ​ដែល​សមស្រប​ក្នុង​ការ​រៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​ទឹក ឬ​អាង​ស្តុក​ទឹក​សម្រាប់​ទុក​ប្រើប្រាស់​ក្នុង​រដូវប្រាំង។

ទោះ​យ៉ាងណា ក្រុម​អ្នក​តាមដាន​ការ​អភិវឌ្ឍ​សង្គម រិះគន់​ថា នៅ​ពេល​ដែល​ពលរដ្ឋ​បង្កើត​មុខរបរ ឬ​ធ្វើ​ស្រែ​ចម្ការ​ដាំដុះ​ដំណាំ​នៅ​ក្នុង​ស្រុក នោះ​រដ្ឋាភិបាល​មិន​ដែល​ទទួល​ខុសត្រូវ​រក​ទីផ្សារ​ឲ្យ​ពួកគេ​នោះ​ទេ ថែម​ទាំង​រារាំង​ពលរដ្ឋ​ដែល​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ថែម​ទៀត។ ករណី​នេះ គឺ​មិន​ខុសពី​បិទ​មុខរបរ​ក្នុង​ស្រុក​របស់​ពលរដ្ឋ ហើយ​រុញ​ខ្នង​ឲ្យ​ពលរដ្ឋ​ធ្វើ​ចំណាកស្រុក​ទាំង​ប្រថុយប្រថាន​ទៅ​ស៊ីឈ្នួល​ធ្វើ​ជា​កម្មករ​នៅ​ក្រៅ​ប្រទេស​នោះ​ឡើយ។

ប្រភព​ដដែល​បាន​លើកឡើង​ថា ខេត្ត​ពោធិ៍សាត់ គឺ​ជាប់​នឹង​បឹង​ទន្លេសាប ដែល​ជា​ប្រភព​ធនធាន​ធម្មជាតិ​សម្បូរ​បែប និង​ជា​អាង​ផ្ទុក​ទឹក​ធម្មជាតិ ប៉ុន្តែ​បែរ​ជា​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​នេះ​ខ្វះ​ទឹក​សម្រាប់​ស្រោចស្រព​ដំណាំ​កសិកម្ម​របស់​ខ្លួន​ទៅវិញ។

ក្រុម​អ្នក​តាមដាន​ការ​អភិវឌ្ឍ​សង្គម បាន​លើកឡើង​ថា ដើម្បី​លើក​កម្ពស់​ជីវភាព​ប្រជាកសិករ រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ គួរ​បង្កើន​ប្រភព​ទឹក និង​ជួយ​បូម​ទឹក​ឱ្យ​ប្រជាកសិករ​បាន​ធ្វើ​ស្រែ ជាជាង​ប្រកាស​ណែនាំ​មិន​ឱ្យ​ពលរដ្ឋ​ធ្វើ​ស្រែ​លើក​ទី​២។ រដ្ឋាភិបាល​គួរ​អន្តរាគមន៍​ឱ្យ​ប្រជាកសិករ​ដាំដុះ​ស្រូវ​ឱ្យ​បាន​គ្រប់​រដូវ ជាជាង​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ផ្អាក​ការ​បង្កបង្កើន​ផល ដែល​នាំ​ឱ្យ​បាត់បង់​ប្រាក់​ចំណូល។

អ្នក​នាំពាក្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កញ្ញា អ៊ឹម រចនា បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា មូលហេតុ​ដែល​បណ្ដាល​ឱ្យ​ខ្វះខាត​ទឹក​សម្រាប់​ធ្វើ​ស្រែ គឺ​បណ្ដាល​មកពី​តម្លៃ​ស្រូវ​សើម​នៅ​លើ​ទីផ្សារ​នៅតែ​មាន​តម្លៃ​ថ្លៃ ចន្លោះ​ពី ១៣០០​រៀល ទៅ​ដល់ ១៥០០​រៀល ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​នៅ​ខេត្ត​ពោធិ៍សាត់ នាំគ្នា​សម្រុក​ដាំដុះ​ស្រូវ​ច្រើន​ជាង​ឆ្នាំ​មុនៗ។

ប្រភព​ដដែល​អះអាង​ថា អាជ្ញាធរ​ខេត្ត​បាន​គណនា​ហ្មត់ចត់​រួចរាល់​អស់​ហើយ​ថា នឹង​អាច​ខ្វះ​ទឹក​ផ្គត់ផ្គង់​ក្នុង​ពេល​ខាងមុខ។

សម្រាប់​ឆ្នាំ​២០២៤ កញ្ចប់​ថវិកា​ដែល​រដ្ឋាភិបាល​ត្រៀម​ចំណាយ​លើ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មាន​ចំនួន ៣១៦៣៥៣​លាន​រៀល ឬ​ស្មើ​នឹង​ប្រមាណ ៧៧​លាន​ដុល្លារ​អាម៉េរិក។ រដ្ឋាភិបាល​ក៏​បាន​ចំណាយ​បន្ថែម​លើ​វិស័យ​កសិកម្ម​ចំនួន ៤​លាន​ដុល្លារ​ទៀត ក្នុង​ការ​ដាក់​ពង្រាយ​មន្ត្រី​បច្ចេកទេស​កសិកម្ម​ទៅ​តាម​ឃុំ-សង្កាត់ ដែល​មាន​សកម្មភាព​កសិកម្ម​នៅ​ទូទាំង​ប្រទេស ដើម្បី​ជំរុញ​ការ​លើក​កម្ពស់​ផលិតភាព​កសិកម្ម និង​ជួយ​ដល់​គ្រួសារ​កសិករ ក្នុង​ការ​លើកស្ទួយ​ផលិតកម្ម​របស់​ខ្លួន និង​ការ​រៀបចំ​ឱ្យ​មាន​សមាគម​កសិកម្ម​នៅ​តាម​ទី​ជនបទ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស