32 C
Phnom Penh

លោក ហ៊ុន សែន ព្រមាន​ពលរដ្ឋ​ខ្មែរ​មិន​ឱ្យ​យក​រឿង​សន្តិសុខ​ជាតិ​មក​លេង​សើច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​ខ្មែរ​កាង​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា លោក ហ៊ុន សែន ព្រមាន​ពលរដ្ឋ​ខ្មែរ ជាពិសេស​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទាំងអស់ មិន​ឱ្យ​យក​រឿង​សន្តិសុខ​ជាតិ​មក​បង្ហោះ​លេង​សើច​ដាច់ខាត បើ​គ្មាន​ការ​អនុញ្ញាត​ពី​ខាង​កង​កម្លាំង​យោធា។

លោក ហ៊ុន សែន បាន​ប្រកាស​នៅ​ក្នុង​ពិធី​ជួប​ជាមួយ​កម្មករ​ក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ មិថុនា នេះ​ថា កាលពី​យប់​ថ្ងៃ​ពុធ មិន​មាន​ដ្រូន​ដែល​ហោះ​មក​ចូល​ទឹកដី​កម្ពុជា​ទៀត​ទេ បន្ទាប់ពី​លោក​បញ្ជា​ឱ្យ​ពង្រាយ​អាវុធ​ត្រៀម​បាញ់​ដ្រូន​ទាំងនោះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ការ​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា នៅតែ​បន្ត​មាន​ដ្រូន​ហោះ​ចូល​ទឹកដី​ខេត្ត​មណ្ឌលគិរី បន្ត​ទៀត​កាលពី​យប់​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ។

បន្ទាប់ពី​មាន​ការ​ផ្សព្វផ្សាយ​ថា​មាន​ដ្រូន​ហោះ​ចូល​ក្នុង​ក្រុង​បានលុង ខេត្ត​មណ្ឌលគិរី លោក ហ៊ុន សែន បាន​ចេញ​បញ្ជា​ទាំង​យប់​កាលពី​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​២០២៣ ឱ្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន ស្រាវជ្រាវ​ជាបន្ទាន់​រក​ម្ចាស់​គណនី​ហ្វេសប៊ុក​ណា​ដែល​បាន​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ​ថា​មាន​ដ្រូន​ហោះ​ចូល​ទឹកដី​កម្ពុជា​នោះ។

លោក ហ៊ុន សែន បាន​បញ្ចេញ​សារ​សំឡេង​តាម​ប្រព័ន្ធ​ទំនាក់ទំនង​តេឡេក្រាម​របស់​លោក​ទាំង​យប់​ថា គិត​ត្រឹម​ម៉ោង ១១​យប់​ថ្ងៃទី​២៨ ខែ​មិថុនា នេះ មិន​មាន​ដ្រូន​ហោះ​ចូល​ទឹកដី​កម្ពុជា​ទៀត​ឡើយ គឺ​មាន​តែ​យន្តហោះ​ពាណិជ្ជកម្ម ៣​គ្រឿង​ប៉ុណ្ណោះ​ដែល​បាន​ហោះ​ឆ្លងកាត់​ខេត្ត​មណ្ឌលគិរី ដូច្នេះ​ប្រសិនបើ​បាញ់​យន្តហោះ​ពាណិជ្ជកម្ម​ទាំងនោះ នឹង​បង្ក​គ្រោះថ្នាក់​យ៉ាង​ធំ​សម្រាប់​កម្ពុជា។

កាលពី​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​២០២៣ លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ​ដំឡើង​កាំជ្រួច​សម្រាប់​បាញ់​យន្តហោះ និង​អាវុធ​គ្រប់​ធុន​ដើម្បី​ត្រៀម​បាញ់​ដ្រូន បន្ទាប់ពី​ដ្រូន​ទាំងនោះ​បាន​ហោះ​ចូល​ទឹកដី​កម្ពុជា​អស់​រយៈពេល​ប្រមាណ​មួយ​សប្តាហ៍​កន្លងមក​នោះ។

លោក ហ៊ុន សែន សន្មត​ថា ដ្រូន​ទាំងនោះ​គឺជា​របស់​ក្រុម​ជនជាតិ​ដើម​ភាគតិច​វៀតណាម ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេលនេះ គ្មាន​ដ្រូន​ណា​មួយ​ត្រូវ​បាន​បាញ់​ទម្លាក់​នោះ​ទេ ខណៈ​មជ្ឈដ្ឋាន​ខ្លះ​សង្ស័យ​ថា ជា​ដ្រូន​របស់​វៀតណាម ឬ​ជា​ដ្រូន​របស់​លោក ហ៊ុន សែន ប៉ុណ្ណោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​២០២៣ ក្រសួង​ការបរទេស​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថា ការ​ហោះ​ចូល​ដែនអាកាស​កម្ពុជា​របស់​ដ្រូន​គ្មាន​មនុស្ស​បើក គឺ​ជា​ការ​រំលោភ​បំពាន​យ៉ាង​គឃ្លើន​លើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា ដែល​មិន​អាច​អត់ឱន​ឱ្យ​បាន​ដាច់ខាត។

ក្រសួង​ការបរទេស​កម្ពុជា អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​តាមដាន​ដោយ​យកចិត្ត​ទុកដាក់​បំផុត​ចំពោះ​ហេតុការណ៍​ដែល​បាន​កើតឡើង​ក្នុង​ខេត្ត​ដាក់ឡាក់ ប្រទេស​វៀតណាម និង​ចាត់ទុក​ការ​វាយប្រហារ​ដោយ​ក្រុម​ប្រដាប់​អាវុធ​ខុស​ច្បាប់​ទៅ​លើ​ស្នាក់ការ​ប៉ូលិស​វៀតណាម គឺជា​អំពើ​ភេរវកម្ម​ទាំងស្រុង។

ប្រភព​ដដែល​បញ្ជាក់​ថា បន្ទាប់ពី​ព្រឹត្តិការណ៍​ហិង្សា​ទាំងនេះ កម្ពុជា​ក៏​ទទួល​បាន​ព័ត៌មាន​ពី​អាជ្ញាធរ និង​កម្លាំង​មាន​សមត្ថកិច្ច​នៅ​តាម​បណ្ដោយ​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​នឹង​វៀតណាម ពោល​គឺ​ខេត្ត​រតនគិរី និង​ខេត្ត​មណ្ឌលគិរី ថា មាន​យន្តហោះ​គ្មាន​មនុស្ស​បើកបរ (drones) ហោះ​ចូល​ដែន​អាកាស​កម្ពុជា​ជា​ញឹកញាប់ ចាប់ពី​ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ​២០២៣ មក។

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា លោក សុខ សុគន្ធ បាន​លើកឡើង​កាលពី​ថ្ងៃទី​២៨ មិថុនា នេះ​ថា ដ្រូន​ទាំងនោះ​ប្រាកដជា​មិនមែន​ដ្រូន​របស់​ក្រុម​ជនជាតិ​ដើម​ភាគតិច​វៀតណាម​នោះ​ទេ ព្រោះ​ពួកគេ​គ្មាន​លទ្ធភាព ឬ​សមត្ថភាព​ប្រើ​ដ្រូន​ទាំងនោះ​ឡើយ ហើយ​ក៏​មិន​ដឹង​ថា​ប្រើ​ដើម្បី​ប្រយោជន៍​អ្វី​ដែរ ប៉ុន្តែ​ដ្រូន​ទាំងនោះ​អាច​ជា​ដ្រូន​របស់​វៀតណាម និង​ជា​ដ្រូន​របស់​លោក ហ៊ុន សែន ប៉ុណ្ណោះ​ដែល​ជា​រឿង​គួរ​ឱ្យ​សង្ស័យ​ជាង។

លោក សុខ សុគន្ធ អះអាង​ថា ការ​សង្ស័យ​របស់​លោក​ថា​ជា​ដ្រូន​របស់​វៀតណាម និង​ជា​ដ្រូន​របស់​លោក ហ៊ុន សែន នោះ គឺ​ដោយសារតែ​ប្រយោជន៍​របស់​វៀតណាម​នឹង​ទទួល​បាន​តាមរយៈ​ដ្រូន​ទាំងនោះ​ជុំវិញ​ការ​ស៊ើបការណ៍​នានា​លើ​ទឹកដី​កម្ពុជា ខណៈ​ប្រយោជន៍​នយោបាយ​របស់​លោក ហ៊ុន សែន ក៏​នឹង​ទទួល​បាន​តាមរយៈ​នៃ​ព្រឹត្តិការណ៍​បង្ហោះ​ដ្រូន​នេះ​ដែរ​ដែល​ទាក់ទង​នឹង​ការ​គ្រប់គ្រង​ស្ថានការណ៍​នយោបាយ​របស់​កម្ពុជា​នៅ​ពេលនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស