35 C
Phnom Penh

លោក ហ៊ុន សែន គំរាម​មន្ត្រី​ផ្ទៃក្នុង​និង​ក្រុម​ឧកញ៉ា​ឱ្យ​ឈប់​ប្រើ​ហ្វេសប៊ុក​និង​គំរាម​បិទ​ក្រុមហ៊ុន​នេះ​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​រំលោភ​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា​លោក ហ៊ុន សែន កំពុង​គំរាម​មន្ត្រី​ផ្ទៃក្នុង និង​ក្រុម​ឧកញ៉ា​ឱ្យ​ឈប់​ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ព្រមទាំង​គំរាម​បិទ​តំណាង​ក្រុមហ៊ុន​ហ្វេសប៊ុក​ទាំងស្រុង​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ផ្តាច់​ទំនាក់ទំនង​ពី​ក្រុម​ប្រឆាំង​ជាមួយ​នឹង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក។

ប្រភព​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​គួរ​ឱ្យ​ទុកចិត្ត​បាន ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​៣០ មិថុនា នេះ​ថា មន្ត្រី​រាជរដ្ឋាភិបាល​ជាន់ខ្ពស់​ដែល​រង​នូវ​ការ​គំរាម​ពី​លោក ហ៊ុន សែន ឱ្យ​ឈប់​ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក កំពុង​ខ្វែង​គំនិត​គ្នា​យ៉ាង​ខ្លាំង ក្នុង​នោះ​មាន​ការ​លើកឡើង​ថា ការ​បោះបង់​លែង​ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នឹង​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ខាតបង់​យ៉ាង​ធំធេង ជាពិសេស​ក្នុង​យុទ្ធនាការ​បោះឆ្នោត​ដែល​នឹង​ត្រូវ​ធ្វើឡើង​នៅ​ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ។

ប្រភព​ដដែល​លើកឡើង​ថា ក្រៅពី​ព្រួយបារម្ភ​ចំពោះ​សកម្មភាព​នានា​ដែល​ត្រូវ​បញ្ឈប់​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ពួកគេ​ក៏​ព្រួយបារម្ភ​ពី​មុខជំនួញ​តាម​អនឡាញ​ធំៗ​ជាច្រើន​របស់​ពួកគេ​ដែល​កំពុងតែ​ពឹងពាក់​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផង​ដែរ ស្រប​ពេល​ដែល​ទំព័រ​ហ្វេសប៊ុក (Page) និង​គណនី​ហ្វេសប៊ុក (Account) របស់​ពួកគេ​មិន​បាន​រង​នូវ​ការ​ពិន័យ​ពី​ក្រុមហ៊ុន​មេតា​ហ្វេសប៊ុក​ផង​នោះ។

ប្រភព​ផ្ទៃក្នុង​ខាងលើ​បញ្ជាក់​ថា មាន​មន្ត្រី​ខ្លះ​លើកឡើង​បែប​មិន​ពេញចិត្ត​ថា បើ​ក្រុមហ៊ុន​មេតា​ហ្វេសប៊ុក​បិទ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​នាយករដ្ឋមន្ត្រី គួរតែ​បង្កើត​ទំព័រ​ហ្វេសប៊ុក​ថ្មី​ដើម្បី​បន្ត​ការ​ផ្សព្វផ្សាយ​សកម្មភាព​ដូច​ពេល​កន្លងមក គឺ​បាន​ហើយ ដើម្បី​កុំ​ឱ្យ​អាក់ខាន​ការ​ផ្សព្វផ្សាយ​ដែល​ខ្លួន​ធ្លាប់​ធ្វើ​កន្លងមក និង​ដើម្បី​រង់ចាំ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​ត្រឡប់​មក​វិញ​ផង​ដែរ ដូច្នេះ​មិន​ចាំបាច់​ដល់​ថ្នាក់​បញ្ជា​ឱ្យ​ពួកគេ​លែង​ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ទេ ព្រោះ​ថា​ធ្វើ​បែប​នេះ គឺ​មាន​តែ​ខាត​ជាន់​លើ​ខាត​ប៉ុណ្ណោះ។

នៅ​ថ្ងៃទី​៣០ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ ក្នុង​ពិធី​ជួប​ជាមួយ​កម្មករ​នៅ​ខេត្ត​ពោធិ៍សាត់ លោក ហ៊ុន សែន ព្រមាន​បិទ​ក្រុមហ៊ុន​មេតា​ហ្វេសប៊ុក​លែង​ឱ្យ​ដំណើរការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​តែម្តង ដើម្បី​ផ្តាច់​ទំនាក់ទំនង​ក្រុម​ប្រឆាំង​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក ប្រសិនបើ​ក្រុម​ប្រឆាំង​ទាំងនោះ​នៅតែ​បន្ត​ផ្គើន​ឱ្យ​រូបលោក​កាន់តែ​ខ្លាំង​ជុំវិញ​ការ​បិទ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នៅ​ពេល​នេះ។

កាលពី​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​២០២៣ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​បញ្ចេញ​សារ​សំឡេង​តាម​ប្រព័ន្ធ​ទំនាក់ទំនង​តេឡេក្រាម​ផង និង​ក្នុង​ពិធី​ជួប​ជាមួយ​កម្មករ​ផង​ថា ការ​ប្រកាស​ផ្អាក​ផ្តល់​ព័ត៌មាន​នានា​តាមរយៈ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ដោយសារតែ​លោក​មើល​ឃើញ​ថា ការ​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​តេឡេក្រាម (telegram) មាន​ប្រសិទ្ធភាព​ខ្ពស់​ជាង ប៉ុន្តែ​ការពិត គឺ​ដោយសារ​ក្រុមហ៊ុន​មេតា​ហ្វេសប៊ុក​បាន​ប្រកាស​បិទ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​លែង​ឱ្យ​ដំណើរការ​ប៉ុណ្ណោះ។

បន្ទាប់ពី​មេដឹកនាំ​ខ្មែរ​ឧស្សាហ៍​គំរាម​សម្លាប់ គឺ​លោក ហ៊ុន សែន ប្រកាស​ឈប់​ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ស្រាប់តែ​ឧកញ៉ា ឡេង ណាវ៉ាត្រា ដែល​គេ​ស្គាល់​ថា​ជា​ឧកញ៉ា​ជួយ​លាង​លុយ​កខ្វក់ និង​ជា​ឧកញ៉ា​លើក​បន្តុប​សម្រាប់​ធ្វើ​ជំនួញ​ឱ្យ​ត្រកូល​ហ៊ុន ក៏​ប្រកាស​ឈប់​ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ថ្ងៃ​នេះ​ដែរ ដែល​គេ​មើល​ឃើញ​ថា​ទំនង​ជា​ពួកគេ​មាន​ផែនការ​ផ្ចាញ់ផ្ចាល​ទៅ​កាន់​ក្រុមហ៊ុន​មេតា​ហ្វេសប៊ុក​វិញ បន្ទាប់ពី​ក្រុមហ៊ុន​យក្ស​មួយ​នេះ​បិទ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក ហ៊ុន សែន។

កាលពី​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០២៣ ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​មេតា​ហ្វេសប៊ុក​បាន​អំពាវនាវ​ឲ្យ​ព្យួរ​គណនី​ហ្វេសប៊ុក​ផ្លូវការ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន រយៈពេល ៦​ខែ ដោយ​អះអាង​ថា វីដេអូ​មួយ​ដែល​បាន​បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​បាន​រំលោភ​វិធាន​របស់​ក្រុមហ៊ុន​មេតា​ហ្វេសប៊ុក​ធ្ងន់ធ្ងរ ជុំវិញ​ការ​គំរាមកំហែង​ដោយ​ហិង្សា។

អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២៩ មិថុនា ថា ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​បិទ​បែប​នេះ​បង្ហាញ​ថា ក្រុមហ៊ុន Meta Facebook ក្លាយ​ជា​សាក្សី​ដ៏​សំខាន់​មួយ​ក្នុង​រឿង​ឧក្រិដ្ឋកម្ម​របស់​លោក ហ៊ុន សែន ប្រសិនបើ​លោក ហ៊ុន សែន ត្រូវ​តុលាការ​អន្តរជាតិ​កាត់ទោស​លើ​សំណុំរឿង​ឧក្រិដ្ឋកម្ម​របស់​គាត់​នៅ​ថ្ងៃ​ណា​មួយ​នោះ។

លោក គឹម សុខ បញ្ជាក់​ថា ក្នុង​ដំណាក់កាល​នេះ ប្រសិនបើ​លោក ហ៊ុន សែន បិទ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ឱ្យ​លែង​ដំណើរ​នៅ​ប្រទេស​កម្ពុជា ក៏​មិន​ចំណេញ​ដល់​លោក ហ៊ុន សែន ដែរ ព្រោះ​ប្រជាពលរដ្ឋ​នៅ​មាន​វិធី​ច្រើន​ណាស់​សម្រាប់​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​តាមរយៈ​កម្មវិធី​មួយ​ចំនួន​ផ្សេង​ទៀត។

ចំណែក​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា បណ្ឌិត គង់ សេងលី ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣០ មិថុនា នេះ​ថា ប្រសិនបើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​បិទ​លែង​ឱ្យ​ក្រុមហ៊ុន​ហ្វេសប៊ុក​ដំណើរការ​នៅ​កម្ពុជា នោះ​គឺ​បង្ហាញ​កាន់តែ​ច្បាស់​ពី​ការ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ​កាន់តែ​ខ្លាំង បន្ទាប់ពី​គាត់​បាន​បោស​សម្អាត​សារព័ត៌មាន​ឯករាជ្យ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​កន្លងមក​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស