បុរសខ្លាំងលោក ហ៊ុន សែន ទំនងអាចកំពុងលួចប្រើប្រាស់គណនីហ្វេសប៊ុកក្លែងក្លាយមួយដែលមានឈ្មោះថា «កុមារទេព» ឬគណនីហ្វេសប៊ុកនេះអាចជារបស់សមាជិកណាមួយនៃគ្រួសាររបស់លោក។
គណនីហ្វេសប៊ុកដែលមានឈ្មោះថា «កុមារទេព» ដែលគេសង្ស័យថាជាហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ហ៊ុន សែន នៅថ្ងៃទី៧ កក្កដា នេះ បានបង្ហោះសារជេរប្រមាថទៅសកម្មជនបក្សប្រឆាំងលោក ស៊ន តារា ដែលបានលើកឡើងបែបចំអកទៅកាន់មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ទាក់ទិននឹងទំព័រហ្វេសប៊ុកផ្លូវការរបស់គាត់ត្រូវបានក្រុមហ៊ុនមេតាហ្វេសប៊ុកប្រកាសព្យួរកាលពីចុងខែមិថុនា កន្លងទៅនេះ។
ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «កុមារទេព» បានយកសំណេររបស់លោក ស៊ន តារា មកបង្ហោះលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៧ កក្កដា នេះ ដែលលោក ស៊ន តារា បានសរសេរថា «អបអរសាទរ! ទៅសោយរាជ្យនៅឋានតេឡេក្រាម និងតិកតុកឲ្យស្រឡះចុះ កុំអើតមុខមកហ្វេសប៊ុកទៀត នាំតែក្មេងយំ» ក្នុងនោះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «កុមារទេព» បានភ្ជាប់នឹងសំណេររបស់ខ្លួននៅខាងលើថា «កុំយល់ច្រឡំឱ្យសោះ អាក្មេងពាល! ហ៊ុន សែន ប្រើត្រឹមតែតេឡេក្រាម និងតិកតុក ក៏មានការគាំទ្រច្រើនលើសលប់ដែរ។»។
ម្ចាស់គណនីហ្វេសប៊ុក «កុមារទេព» សរសេរបន្ថែមថា «ចំពោះការគាំទ្រ មិនថាហ្វេសប៊ុក មិនថាតេឡេក្រាម ឬតិកតុកទេ គឺមានអ្នកគាំទ្រច្រើនសន្ធឹកសន្ធាប់រហូត ជាពិសេសបណ្ដាញសង្គមមួយណាក៏ ហ៊ុន សែន ប្រើប្រាស់សម្រាប់ដោះស្រាយបញ្ហាគ្រប់បែបយ៉ាងរបស់ពលរដ្ឋ និងប្រើប្រាស់ដើម្បីផ្ដល់ព័ត៌មានច្បាស់លាស់ ពិតប្រាកដជូនពលរដ្ឋឲ្យបានដឹងដែរ មិនមែនប្រើប្រាស់ដើម្បីប្រមូលលុយរត់ចោលស្រុកដូចសន្ដានពួកឯងនោះទេ។»
ម្ចាស់គណនីហ្វេសប៊ុក «កុមារទេព» បញ្ជាក់ថា ការប្រកាសឈប់ប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី នោះគឺក្នុងស្មារតីប្រកាន់ភ្ជាប់នូវគោលការណ៍អធិបតេយ្យភាពរបស់កម្ពុជា និងទប់ស្កាត់ការជ្រៀតជ្រែកចូលកិច្ចការងារផ្ទៃក្នុងរបស់កម្ពុជាទៅវិញប៉ុណ្ណោះ។

ម្ចាស់គណនីឈ្មោះ «កុមារទេព» នេះ បានហៅឈ្មោះលោក ហ៊ុន សែន ត្រង់តែម្តងដោយគ្មានប្រើពាក្យលោក គោរមងារណាមួយនោះទេ ដែលការហៅបែបនេះ លុះត្រាតែម្ចាស់ឈ្មោះកំពុងនិយាយទៅកាន់បុគ្គលណាម្នាក់ដោយខ្លួនឯងផ្ទាល់តែប៉ុណ្ណោះ។ ជាងនេះទៀត ទាំងក្នុងក្រុមគ្រួសារ និងមន្ត្រីបក្សកាន់អំណាច គ្មាននរណាម្នាក់ហ៊ានហៅលោក ហ៊ុន សែន ចំឈ្មោះថា ហ៊ុន សែន នោះឡើយ។ ត្រង់នេះហើយដែលគេអាចសម្គាល់បានថា ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «កុមារទេព» នេះ អាចជារបស់លោក ហ៊ុន សែន ឬអាចជារបស់សមាជិកណាម្នាក់នៃគ្រួសាររបស់លោកដែលលោកទុកចិត្តយកមកប្រើប្រាស់។
ក្រៅពីការកត់សម្គាល់បែបនេះ ក៏នៅមានភស្តុតាងផ្សេងទៀតដែរដែលអាចបញ្ជាក់ថា គណនីហ្វេសប៊ុកឈ្មោះ «កុមារទេព» នេះជារបស់លោក ហ៊ុន សែន ឬជារបស់អ្នកដែលមានភាពស្និទ្ធស្នាលបំផុតក្នុងគ្រួសាររបស់លោក គឺនៅត្រង់ចំណុចដែលមានការថតវីដេអូជាលក្ខណៈគ្រួសារក្នុងផ្ទះរបស់លោក បង្ហោះក្នុងគណនីនេះជាញឹកញាប់។ ជាក់ស្តែង មានវីដេអូខ្លះមានឃើញលោក ហ៊ុន សែន ពរចៅ។ វីដេអូខ្លះមានឃើញអ្នកស្រី ប៊ុន រ៉ានី ត្រូវកូន ឬចៅបញ្ចុកនំខេក ហើយវីដេអូខ្លះមានឃើញលោក ហ៊ុន សែន សម្រាកនៅលើគ្រែប្រឡែងលេងជាមួយចៅរបស់គាត់ ជាដើម ដែលសកម្មភាពបែបនេះគ្មាននរណាម្នាក់មានសិទ្ធិថតដើម្បីយកមកបង្ហោះជាសាធារណៈឡើយ លើកលែងតែសាមីខ្លួន។
គណនីហ្វេសប៊ុក «កុមារទេព» ដែលតាំងរូបនាគលើប្រូហ្វាល់ (Profile) ធ្វើជារូបតំណាង ហើយក៏ជារូបដែលលោក ហ៊ុន សែន ស្រឡាញ់ពេញចិត្ត និងជារូបតំណាងឆ្នាំរបស់លោក ហ៊ុន សែន ផងនោះ បានជេរប្រមាថទៅលើអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើននាក់ផ្សេងទៀត ដូចដែលលោក ហ៊ុន សែន ធ្លាប់ជេរប្រមាថអ្នកដទៃកន្លងមក ដែលហ៊ានរិះគន់គណបក្សប្រជាជនកម្ពុជា ឬហ៊ានរិះគន់លោក ហ៊ុន សែន ដូច្នោះដែរ។
ទាក់ទិននឹងបញ្ហានេះ ក្រុមអ្នកវិភាគលើកឡើងថា មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ជាមនុស្សដែលញៀននឹងហ្វេសប៊ុកខ្លាំងណាស់ ព្រោះបណ្ដាញសង្គមមួយនេះបានជួយឱ្យគណបក្សប្រជាជនកម្ពុជាផ្សព្វផ្សាយសកម្មភាពរបស់ខ្លួនបានយ៉ាងច្រើន ប៉ុន្តែការសម្រេចលុបទំព័រហ្វេសប៊ុកខ្លួនឯង គឺដោយសារតែគាត់ខឹងនឹងក្រុមហ៊ុនហ្វេសប៊ុកដែលព្យួរគណនីរបស់គាត់ផង និងដោយសារតែគាត់មិនយល់អំពីគោលការណ៍សកលរបស់ក្រុមហ៊ុនហ្វេសប៊ុកផងនោះ៕