កូនប្រុសពៅរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី ហៅការលាលែងពីតំណែងនាយករដ្ឋមន្ត្រីដោយផ្ទេរទៅឲ្យលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងនោះ ថាជាការលះបង់ដ៏ធំធេង បើទោះបីជាពលរដ្ឋខ្មែរ ឬបរទេសមួយចំនួនមិនយល់ស្របចំពោះការផ្ទេរតំណែងរបស់ឪពុកខ្លួនក៏ដោយ។
ការលើកឡើងរបស់ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាលោក ហ៊ុន ម៉ានី នៅពេលនេះ ធ្វើឡើងបន្ទាប់ពីមេដឹកនាំ សកម្មជនបក្សប្រឆាំង និងអ្នកឃ្លាំមើលសង្គមទាំងក្នុង និងក្រៅប្រទេសបានរិះគន់ចំពោះការផ្ទេរអំណាចតពូជពីឪពុកមកកូន បើទោះបីជាលោក ហ៊ុន សែន ដែលជាឪពុកបានដឹកនាំប្រទេសកម្ពុជាជិត ៤០ឆ្នាំហើយក៏ដោយ។
លោក ហ៊ុន ម៉ានី បានសរសេរលើហ្វេសប៊ុកខ្លួនកាលពីថ្ងៃទី២៦ កក្កដា ថា បើទោះបីជាឪពុករបស់លោកនៅអាចបន្តធ្វើនាយករដ្ឋមន្ត្រីបានក៏ដោយ ប៉ុន្តែលោកមិនបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីបន្តទៅទៀត ដោយលះបង់ទៅឲ្យកូនប្រុសកាន់បន្តវិញ ដែលនេះជាការលះបង់ធំធេង។
កូនប្រុសពៅរបស់លោក ហ៊ុន សែន ចាត់ទុកការលះបង់តំណែងជានាយករដ្ឋមន្ត្រីរបស់ឪពុកខ្លួននាពេលនេះ ដើម្បីបម្រើដល់ទស្សនវិស័យវែងឆ្ងាយក្នុងការត្រួសត្រាយផ្លូវឲ្យលោក ហ៊ុន ម៉ាណែត បន្តវេន និងបន្តទទួលខុសត្រូវលើជោគវាសនាប្រទេសជាតិ និងប្រជាជនដោយគ្មានស្ទាក់ស្ទើរ និងមិនចុះចាញ់ចំពោះឧបសគ្គ។
លោក ហ៊ុន ម៉ានី ថាការបន្តវេនមុន និងក្រោយគង់តែត្រូវមកដល់ដដែលក្រោមការដឹកនាំរបស់បងប្រុសខ្លួន គឺលោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រី ហើយរាជរដ្ឋាភិបាលថ្មីនឹងនៅតែបន្តបម្រើដោយស្មោះស្ម័គ្រចំពោះជាតិ និងប្រជាជនឥតងាករេ ហើយមានតែការប្រឹងប្រែងទ្វេដងថែមទៀត។
នាយករដ្ឋមន្ត្រីខ្មែរដែលកងទ័ពវៀតណាមលើកបន្តុបតាំងពីឆ្នាំ១៩៨៥ លោក ហ៊ុន សែន ប្រកាសលាលែងតំណែងជានាយករដ្ឋមន្ត្រីកម្ពុជាចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នេះតទៅ ដោយលោក ហ៊ុន ម៉ាណែត នឹងត្រូវក្លាយជានាយករដ្ឋមន្ត្រីថ្មីបន្ទាប់ពីរដ្ឋសភាបើកកិច្ចប្រជុំលើកដំបូង ខណៈមន្ត្រីជាន់ខ្ពស់របស់បក្សកាន់អំណាចចាស់ៗក៏ត្រូវលាលែងពីតំណែងក្នុងជួររដ្ឋាភិបាលផងដែរ។
ប្រធានគណបក្សប្រជាជនកម្ពុជាដែលវៀតណាមលើកបន្តុប លោក ហ៊ុន សែន ក៏បានប្រកាសដែរថា បើទោះបីជាលោកលាលែងតំណែងជានាយករដ្ឋមន្ត្រីក៏ដោយ ប៉ុន្តែលោកនឹងកាន់តំណែងជាប្រធានបក្សប្រជាជនកម្ពុជា ជាប្រធានឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភានៅដើមឆ្នាំ២០២៤ ដើម្បីកាន់តួនាទីជាប្រមុខរដ្ឋស្តីទីពេលអវត្តមានព្រះមហាក្សត្រផងដែរ។
លោក ហ៊ុន សែន ប្រកាសផ្ទេរតំណែងនាយករដ្ឋមន្ត្រីឲ្យកូនប្រុសច្បង គឺលោក ហ៊ុន ម៉ាណែត ជាសាធារណៈកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ក្រោយពីគណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ភ្លូកទឹកភ្លូកដី ដោយសារគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតស្ថិតនៅក្រោមបញ្ជាលោក ហ៊ុន សែន បិទគណបក្សប្រឆាំងមិនឲ្យចូលរួមប្រកួតប្រជែង៕