មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ព្រមានថា ការផ្ទេរអំណាចនៅកម្ពុជាពីឪទៅកូន គឺជាល្បិចមួយដែលបុរសខ្លាំងលោក ហ៊ុន សែន ប្រើដើម្បីបោសសម្អាតក្រុមជំទាស់ ទាំងផ្ទៃក្នុងបក្ស និងក្រុមប្រឆាំងក្រៅបក្ស។
អតីតនាយកខុទ្ទកាល័យប្រធានគណបក្សសង្គ្រោះជាតិលោក មុត ចន្ថា បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១០ សីហា នេះថា ការបោសសម្អាតក្រុមជំទាស់នៅក្រៅបក្ស ធ្វើឡើងតាមរយៈការចោទប្រកាន់ និងចាប់ខ្លួនមេដឹកនាំនយោបាយប្រឆាំង រួមទាំងការបិទសិទ្ធិគណបក្សដែលមានសក្ដានុពលមិនឱ្យចូលរួមប្រកួតប្រជែងក្នុងសង្វៀននយោបាយកម្ពុជាផងដែរ ហើយយុទ្ធសាស្ត្រនេះត្រូវបានលោក ហ៊ុន សែន ចាប់ផ្តើមអនុវត្តតាំងពីក្រោយការបោះឆ្នោតឆ្នាំ២០១៣ មកម្ល៉េះ។
លោក មុត ចន្ថា លើកឡើងថា ចំណែកឯការបោសសម្អាតផ្ទៃក្នុងបក្សកាន់អំណាចវិញ គឺត្រូវធ្វើឡើងតាមរយៈនៃការបង្ខំឱ្យមេដឹកនាំជាន់ខ្ពស់ចាស់ៗក្នុងបក្សរបស់ខ្លួនចូលនិវត្តន៍ ឬបង្ខំឱ្យទៅកាន់តំណែងដែលគ្មានឥទ្ធិពល អំណាច និងគ្មានសេដ្ឋកិច្ច ដោយដាក់ជំនួសមកវិញនូវកូនៗរបស់ពួកគេ ដើម្បីលួងចិត្តមេដឹកនាំទាំងនោះ ខណៈកូនៗទាំងនោះមិនយល់អំពីការងារ និងមិនមានអំណាច រួមទាំងឥទ្ធិពលទៅលើមន្ត្រីថ្នាក់ក្រោមដែលបម្រើការនៅក្នុងក្រសួងដែលពួកគេកាន់កាប់ផងនោះ។
លោកបន្ថែមថា ដោយសារតែក្មេងៗជំនាន់ក្រោយមិនយល់ការងារទាំងនោះ និងមិនសូវយល់ពីកិច្ចការដែលខ្លួនទើបនឹងកាន់កាប់ថ្មីនេះហើយ ដែលធ្វើឱ្យលោក ហ៊ុន សែន ងាយស្រួលក្នុងការក្តោបក្តាប់ គ្រប់គ្រង និងបញ្ជា ដែលនេះគឺជាយុទ្ធសាស្ត្រជីកគ្រឹះអំណាចរបស់គូបដិបក្ខនៅផ្ទៃក្នុងរបស់ខ្លួន ដើម្បីត្រួសត្រាយផ្លូវប្រមូលផ្ដុំអំណាចឱ្យត្រកូលខ្លួនឯងទៅថ្ងៃមុខ។
កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ លោក ហ៊ុន សែន បានរៀបចំពីជួបជុំគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាដែលមានសមាជិករាជរដ្ឋាភិបាលអាណត្តិចាស់ ជាមួយនឹងសមាជិករាជរដ្ឋាភិបាលអាណត្តិថ្មី នៅឯវិមាន ៧មករា បន្ទាប់ពីលោក ហ៊ុន សែន ចាត់ចែងមន្ត្រីជាន់ខ្ពស់ទាំងនោះឱ្យដកខ្លួនចេញពីមុខនាទីដែលពួកគេធ្លាប់កាន់កាប់ ដើម្បីឱ្យកូនៗរបស់ពួកគេមកដឹកនាំកិច្ចការទាំងនេះជំនួសខ្លួន ក្នុងបំណងជួយជ្រោមជ្រែងអំណាចលោក ហ៊ុន ម៉ាណែត ទៅថ្ងៃមុខ ស្របពេលដែលលោក ហ៊ុន សែន នៅតែបន្តកាន់តំណែងសំខាន់ៗទាំងនៅក្នុងបក្ស និងនៅក្នុងជួររដ្ឋាភិបាលដដែល។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ លោក ហ៊ុន សែន អះអាងថា ទោះបីនាយករដ្ឋមន្ត្រីថ្មីត្រូវដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៧ ដោយលោក ហ៊ុន ម៉ាណែត ក៏ដោយ ក៏អ្នកនយោបាយចាស់ៗនៅតែមិនទាន់ចាកចេញពីឆាកនយោបាយនោះដែរ ជាក់ស្តែងដូចជារូបលោកផ្ទាល់ នៅតែមានតួនាទីសំខាន់ក្នុងកិច្ចការនយោបាយដដែលក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលអមដោយអនុប្រធានបក្សចំនួន ៤រូបផ្សេងទៀត ព្រមទាំងសមាជិកការិយាល័យនយោបាយជាច្រើននាក់ផងដែរ។
យ៉ាងណាក៏ដោយ ក្រោយការបោះឆ្នោត នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ក្នុងពេលប្រកាសលាលែងតំណែងជានាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន អះអាងថា ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ តទៅ មន្ត្រីជាន់ខ្ពស់របស់បក្សកាន់អំណាចចាស់ៗ ដូចជាលោក ស ខេង លោក ហេង សំរិន អ្នកស្រី ម៉ែន សំអន លោក សាយ ឈុំ និងលោក ទៀ បាញ់ នឹងត្រូវលាលែងពីតំណែងក្នុងជួររដ្ឋាភិបាលទាំងអស់ មានតែរូបលោកម្នាក់ប៉ុណ្ណោះដែលនៅបន្តកាន់តំណែងជាប្រធានបក្សប្រជាជនកម្ពុជា ជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភានៅដើមឆ្នាំ២០២៤ ខាងមុខនេះ៕