42 C
Phnom Penh

មន្ត្រី​សិទ្ធិមនុស្ស​អាដហុក​ខកចិត្ត​ក្រោយ​រង​បណ្ដឹង​ទារ​សំណង​ជំងឺចិត្ត​កន្លះ​លាន​ដុល្លារ​ដោយ​បក្ស​កាន់​អំណាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក សម្ដែង​ការ​ខកចិត្ត​ក្រោយ​រង​នូវ​បណ្តឹង​ទារ​សំណង​ជំងឺចិត្ត ៥០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ត្អូញត្អែរ​ថា លោក​បាន​ធ្វើ​ការងារ​ក្នុង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាង ២០​ឆ្នាំ​មក​ហើយ ទោះ​ជា​ជួប​ឧបសគ្គ​យ៉ាង​ណា ក៏​លោក​នៅតែ​អាច​ទទួល​យក​បាន ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​សោកស្តាយ​បំផុត​នោះ គឺ​លោក​បាន​រង​នូវ​បណ្តឹង​ដ៏​ធំ​មួយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ប្តឹង​ទារ​សំណង​ជំងឺចិត្ត​ពី​រូបលោក​រហូត​ដល់ ៥០​ម៉ឺន​ដុល្លារ ដែល​ជា​ការ​ទាមទារ​មួយ​ធ្វើ​ឱ្យ​រូបលោក​ពិបាក​ទទួល​យក​បំផុត។

អនុប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា ដែល​ហៅ​កាត់​ថា “សមាគម​អាដហុក” លោក ស៊ឹង សែនករុណា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៤ មីនា នេះ​ថា រយៈពេល​ជាង ២០​ឆ្នាំ​ក្នុង​ការងារ​លើ​វិស័យ​សង្គម​ស៊ីវិល លំបាក​វេទនា​យ៉ាងណា​ក៏​លោក​ធ្លាប់​ឆ្លងកាត់​ដែរ មាន​ពេល​ខ្លះ​ដើរ​កាត់​ទឹក​កាត់​ភក់ កាត់​ព្រៃ​ព្រឹក្សា​ពេញ​មួយ​ថ្ងៃ​ទៅ​កន្លែង​កើតហេតុ ក៏​លោក​មិន​ខ្លាច​នឿយ​ហត់ ឬ​គ្រោះថ្នាក់​អ្វី​ដែរ ហើយ​បើ​រាប់​ជា​ករណី​វិញ ស្ទើរ​រាប់​ពាន់​ករណី​ទៅ​ហើយ​ដែល​លោក​បាន​ចុះ​ជួប និង​ប្រមូល​ព័ត៌មាន​ពី​ជនរងគ្រោះ អ្នក​ពាក់ព័ន្ធ​ផ្សេងៗ រួម​ទាំង​ខាង​ក្រុមហ៊ុន និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទូទាំង​ប្រទេស​ដោយ​គ្មាន​លម្អៀង។

លោក ស៊ឹង សែនករុណា រៀបរាប់​ថា លោក​មិន​ដែល​ចាត់ទុក​ភាគី​ណា​មួយ​ជា​សត្រូវ​របស់​លោក​ទេ ព្រោះ​លោក​តែងតែ​ប្រកាន់ខ្ជាប់​នូវ​វិជ្ជាជីវៈ​របស់​ខ្លួន​យ៉ាង​ត្រឹមត្រូវ​ជាទីបំផុត ដូច្នេះ​ហើយ​ទើប​លោក​ត្រូវ​បាន​ព្រះសង្ឃ ពលរដ្ឋ​ខ្មែរ យុវជន សង្គម​ស៊ីវិល សហជីព អ្នក​នយោបាយ និង​ជាពិសេស​ខាង​សារព័ត៌មាន​មួយ​ចំនួន ពេញចិត្ត​នឹង​សហការ គោរព​រាប់អាន​លោក​ដោយ​មិន​ប្រកាន់​និន្នាការ​អ្វី​ឡើយ ប៉ុន្តែ​គួរ​ឱ្យ​ស្តាយ ទោះជា​លោក​ប្រឹង​លះបង់​ដើម្បី​សង្គម​ជាតិ​យ៉ាងណា​ក៏ដោយ តែ​លោក​បែរ​ជា​ត្រូវ​រង​នូវ​ការ​ប្តឹងផ្តល់​ដ៏​សែន​ធ្ងន់​ដែល​មិន​អាច​ទទួល​យក​បាន​នៅ​ពេលនេះ​ទៅវិញ។

លោក​បន្ថែម​ថា តើ​អ្នក​ធ្វើ​កិច្ចការ​សង្គម​ដូច​រូបលោក​មាន​លុយ ៥០​ម៉ឺន​ដុល្លារ​អាមេរិក​មកពី​ណា​សម្រាប់​សង​ដើមបណ្ដឹង បើ​សព្វថ្ងៃ​នេះ​លោក​មាន​លទ្ធភាព​រស់​មួយ​ខែ​ទល់​មួយ​ខែ​មិន​ចង់​ជាប់​ផង​នោះ តើ​ឱ្យ​លោក​ទៅ​រក​ប្រាក់​មកពី​ណា​សង​គេ​ទៅ ហើយ​ការ​ប្តឹងផ្តល់​នេះ​ទៀតសោត ពលរដ្ឋ​ខ្មែរ​ទូទៅ​ប្រាកដជា​ដឹង​ច្បាស់​គ្រប់ៗ​គ្នា​ហើយ​ថា ឲ្យ​តែ​គេ​ប្តឹង ១០០% គឺ​ដឹង​តែ​គេ​ឈ្នះ​ហើយ។

មន្ត្រី​ជាន់ខ្ពស់​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា អ្នក​ធ្វើ​ការងារ​ដូច​លោក​គួរតែ​ត្រូវ​បាន​ជួយ​លើក​ទឹកចិត្ត​ដើម្បី​ជួយ​ជនរងគ្រោះ មិនមែន​ប្តឹង​ធ្វើ​ទុក្ខបុកម្នេញ​បន្ទច់បង្អាក់​ទឹកចិត្ត​បែប​នេះ​ទេ ព្រោះ​ថា​កិច្ចការ​មួយ​ចំនួន​ចាំបាច់​ណាស់​ត្រូវ​មាន​វត្តមាន​អ្នក​ដែល​ធ្វើ​ការងារ​ដូចជា​លោក​ចុះ​ទៅ​ជួយ​ពលរដ្ឋ និង​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​រួម​ចំណែក​ដោះស្រាយ​បញ្ហា​ដែល​កំពុងតែ​កើតមាន​ក្នុង​សង្គម​មួយ​នេះ។

កាលពី​ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​ពាក្យ​ប្តឹង​លោក ស៊ឹង សែនករុណា អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ឱ្យ​សង​ជំងឺចិត្ត ២​ពាន់​លាន​រៀល (២ ០០០ ០០០ ០០០​រៀល) ក្រោម​ហេតុផល​ថា លោក ស៊ឹង សែនករុណា បាន​បញ្ចេញមតិ​ជុំវិញ​ការ​ប្តឹងផ្តល់​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​អនុប្រធាន​បក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ដែល​ចុះផ្សាយ​ដោយ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃទី​២ ខែ​កុម្ភៈ កន្លង​ទៅ​នោះ បាន​ធ្វើ​ឱ្យ​ខូច​កិត្តិយស​របស់​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែ​គណបក្ស​នេះ​មិន​បាន​បញ្ជាក់​ថា បាន​ខូចខាត​អ្វី​ខ្លះ ឬ​ខូចខាត​បែប​ណា​នោះ​ទេ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​តស៊ូ​មតិ​កម្ពុជា​ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដែរ​កាលពី​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ថា បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ប្តឹង​មន្ត្រី​ជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា មិន​បាន​បញ្ជាក់​ពី​ទ្រព្យសម្បត្តិ​របស់​គណបក្ស​ដែល​រង​ការ​ខូចខាត ឬ​ការ​ខាតបង់​កេរ្តិ៍ឈ្មោះ​ដែល​ជា​ភស្តុតាង អាច​យក​ជា​មូលដ្ឋាន​ឱ្យ​សម​នឹង​គណបក្ស​នេះ​ប្តឹង​ទាមទារ​សំណង​ជំងឺចិត្ត​រហូត​ដល់​កន្លះ​លាន​ដុល្លារ​អាមេរិក​នោះ​ទេ។

ក្រុម​តស៊ូ​មតិ​នៅ​ប្រទេស​កម្ពុជា លើកឡើង​ថា ផ្អែក​តាម​ច្បាប់​ប្រទេស​កម្ពុជា មុន​នឹង​ប្តឹង​លោក ស៊ឹង សែនករុណា គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​សរសេរ​លិខិត​ទៅ​សារព័ត៌មាន The Cambodia Daily ជា​មុន​សិន ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​កែតម្រូវ​ខ្លឹមសារ​អត្ថបទ​ក្នុង​រយៈពេល ៧​ថ្ងៃ ប៉ុន្តែ​ក្នុង​ករណី​សារព័ត៌មាន The Cambodia Daily មិន​ព្រម​កែតម្រូវ នោះ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​សិទ្ធិ​ប្ដឹង​ទៅ​តុលាការ អនុវត្ត​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន មិនមែន​ប្តឹង​លោក ស៊ឹង សែនករុណា ទាំង​ទទឹង​ទិស​បែប​នេះ​ទេ។

ក្រុម​អ្នក​តស៊ូ​មតិ​បញ្ជាក់​ថា ទង្វើ​គណបក្ស​ប្រជាជន​កម្ពុជា​បែប​នេះ គ្រាន់តែ​ជា​ល្បិច​គំរាមកំហែង បំភិតបំភ័យ​ប្រជាពលរដ្ឋ ដើម្បី​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​គ្រប់គ្រង​អំណាច​តទៅ​ទៀត​ប៉ុណ្ណោះ ហើយ​យុទ្ធសាស្ត្រ​នៃ​ការ​ប្ដឹង​ទាមទារ​សំណង​ជំងឺចិត្ត​ជា​ទឹកប្រាក់​សន្ធឹកសន្ធាប់ និង​ការ​រឹបអូស​យក​ទ្រព្យសម្បត្តិ​បែប​នេះ ក៏​ជា​យុទ្ធសាស្ត្រ​បង្ក្រាប​សំឡេង​ប្រឆាំង​ចំពោះ​ការ​ដឹកនាំ​មិន​ត្រឹមត្រូវ​នៃ​បក្ស​កាន់​អំណាច​ផង​ដែរ។

មាត្រា​១០ នៃ​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា ចែង​ថា មនុស្ស​គ្រប់​រូប​មាន​សិទ្ធិ​ទាមទារ​ឱ្យ​មាន​ការ​កែតម្រូវ និង​ការ​ឆ្លើយតប​ពី​អ្នក​ផ្សាយ​ព័ត៌មាន នៅ​ពេល​ដែល​ពួកគេ​យល់​ថា សេចក្ដី​ថ្លែងការណ៍ ឬ​សេចក្តី​រាយការណ៍​ណា​មួយ​មិន​ត្រឹមត្រូវ ហើយ​អ្នក​ផ្សាយ​ព័ត៌មាន​ត្រូវ​ឆ្លើយតប បកស្រាយ​ពន្យល់ ឬ​កែតម្រូវ​អំពី​ហេតុផល​ដែល​ផ្សាយ​នោះ។ អ្នក​ផ្សាយ​ព័ត៌មាន ត្រូវ​ឆ្លើយតប​ក្នុង​រយៈពេល ៧​ថ្ងៃ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​ប្តឹងផ្តល់​លោក ស៊ឹង សែនករុណា នៅ​ពេលនេះ គឺជា​ចេតនា​បំបិទ​សកម្មភាព​របស់​លោក​ដែល​តែងតែ​ជួយ​ពលរដ្ឋ​រងគ្រោះ​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​អាជ្ញាធរ​កន្លង​មក​ប៉ុណ្ណោះ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រើ​រូបភាព​បណ្តឹង​បរិហារ​កេរ្តិ៍ ជា​លេស​ដោយ​សំអាង​ថា តុលាការ​ក្នុង​ប្រទេស​នេះ​គឺ​រង់ចាំ​តែ​អនុវត្ត​តាម​បញ្ជា​របស់​ខ្លួន​ប៉ុណ្ណោះ ទោះជា​គណបក្ស​នេះ​ប្តឹង​នរណា​ម្នាក់​ដោយ​គ្មាន​ភស្តុតាង​ស្រប​តាម​មូលដ្ឋាន​ច្បាប់​ក៏ដោយ។

អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក កាលពី​ចុង​ខែ​តុលា ឆ្នាំ​២០២៣ បាន​ដាក់​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១៤១ ក្នុង​ចំណោម ១៤២​ប្រទេស ដែល​មាន​នីតិរដ្ឋ​ទាប​បំផុត ដោយសារតែ​គេ​រក​ឃើញ​ថា ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា​គ្មាន​តម្លាភាព មាន​ការ​គំរាមកំហែង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​មិន​ធានា​បាន​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស