29 C
Phnom Penh

សង្គម​ស៊ីវិល​ថា​ការ​រំដោះ​អ្នកទោស​ជួញដូរ​គ្រឿងញៀន​ជនជាតិ​ចិន​ស្ថិត​ក្នុង​ការ​សង្ស័យ​ពី​ការ​ប្រព្រឹត្ត​អំពើពុករលួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​សង្គម​ស៊ីវិល​ដែល​ទទួល​បន្ទុក​ការពារ​សិទ្ធិមនុស្ស លើកឡើង​ថា ការ​រំដោះ​អ្នកទោស​ជនជាតិ​ចិន នៅ​ខេត្ត​សៀមរាប ស្ថិត​ក្នុង​ការ​សង្ស័យ​ពី​មហាជន​ពី​ករណី​ប្រព្រឹត្ត​អំពើពុករលួយ ដោយ​ឃុបឃិត​ពី​មន្ត្រី​ពាក់ព័ន្ធ​ណា​ម្នាក់​ដើម្បី​ផ្តល់​ឱកាស​ឱ្យ​មាន​ការ​រំដោះ​អ្នកទោស ដែល​ទាមទារ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវតែ​បំភ្លឺ​ឱ្យ​បាន​ច្បាស់លាស់។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៨ សីហា នេះ​ថា បើ​ផ្អែក​តាម​លិខិត​ស្នើសុំ​បញ្ជូន​អ្នកទោស​ទៅ​ព្យាបាល​ជំងឺ គឺ​មិនមែន​ជា​លើក​ទី​១ ទេ គឺជា​ច្រើន​លើក​រួច​មក​ហើយ ព្រោះ​ក្នុង​លិខិត​នោះ​បញ្ជាក់​ថា​ទៅ​ព្យាបាល​តាម​ការ​ណាត់​របស់​គ្រូពេទ្យ ដូច្នេះ​ចម្ងល់​គឺ​នៅ​ត្រង់​ថា ហេតុ​អ្វី​បាន​ជា​ក្រុម​ឧក្រិដ្ឋជន​ចេញ​មក​រំដោះ​ដោយ​ស្គាល់​ទីតាំង ហើយ​ហេតុ​អ្វី​ក្រុម​ឧក្រិដ្ឋជន​ដឹង​ពី​ពេលវេលា​ដែល​អ្នកទោស​ត្រូវ​ទៅ​ព្យាបាល និង​ហេតុ​អ្វី​ក៏​សមត្ថកិច្ច​ត្រូវ​ការពារ​ពិរុទ្ធជន​ដែល​មាន​ទោស​ដល់​ទៅ​ជាង ៥០​ឆ្នាំ​មាន​ចំនួន​តិចតួច​ត្រឹមតែ ៤​នាក់។

លោក ស៊ឹង សែនករុណា លើកឡើង​ថា តាម​លក្ខខណ្ឌ​ច្បាប់ អ្នកទោស​ដែល​ត្រូវ​អនុញ្ញាត​ឱ្យ​ទៅ​ទទួល​ការ​ព្យាបាល​នៅ​គ្លីនិក​ខាងក្រៅ​ពន្ធនាគារ ត្រូវតែ​មាន​ការ​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា​ជា​មុន​សិន ប៉ុន្តែ​លើ​លិខិត​ស្នើសុំ​នោះ​មិន​មាន​ការ​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា​នោះ​ទេ ដូច្នេះ​ទាំងអស់​នេះ គឺ​សុទ្ធសឹងតែ​ជា​ចំណុច​ដែល​គួរ​ឱ្យ​សង្ស័យ​បំផុត​ចំពោះ​សមត្ថកិច្ច​ដែល​ទទួល​ខុសត្រូវ​លើ​ករណី​នេះ។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ត្អូញត្អែរ​ថា កន្លងមក​សកម្មជន​សង្គម និង​សកម្មជន​នយោបាយ ជាដើម ដែល​មាន​ជំងឺ​ដូច​អ្នកទោស​ជនជាតិ​ចិន​ខាងលើ​នេះ​ដែរ មាន​អ្នក​ខ្លះ​ឈឺ​ធ្មេញ​ទទួលទាន​អាហារ​មិន​កើត និង​អ្នក​ខ្លះ​មាន​បញ្ហា​ភ្នែក ជាដើម មិន​ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​អនុញ្ញាត​ឱ្យ​ទៅ​ព្យាបាល​នៅ​គ្លីនិក​ខាងក្រៅ​ឡើយ ទោះ​ពួកគេ​មាន​ការ​ឈឺ​ដោយ​ការ​ធ្វើ​ទុក្ខ​ពី​ជំងឺ​ធ្ងន់ធ្ងរ​រហូត​ទទួលទាន​អាហារ​មិន​កើត​ក៏ដោយ ខណៈ​ទោស​របស់​ពួកគេ​ត្រឹមតែ ៤​ឆ្នាំ​ទៅ ៥​ឆ្នាំ​នោះ។

លោក ស៊ឹង សែនករុណា អំពាវនាវ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​លើ​អ្នកទោស ដោយ​ចៀសវាង​នូវ​ការ​អនុវត្ត​ច្បាប់​ដែល​មាន​ស្តង់ដារ​ពីរ គឺ​រឹត​បន្តឹង​តែ​ទៅ​លើ​អ្នកទោស​ដែល​អនុវត្ត​សិទ្ធិ​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ប៉ុន្តែ​បែរ​ជា​ធូររលុង​ទៅ​លើ​អ្នកទោស​ដែល​ជួញដូរ​គ្រឿងញៀន​ដូច​ករណី​ជនជាតិ​ចិន នៅ​ពេលនេះ​ជាដើម។

កាលពី​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០២២ មាន​ក្រុម​ឧក្រិដ្ឋជន​ចំនួន ៥​នាក់​ប្រដាប់​ដោយ​អាវុធ បាន​សម្រុក​ចូល​ទៅ​គ្លីនិក​ព្យាបាល​ធ្មេញ​មួយ​កន្លែង​នៅ​ក្នុង​ខេត្ត​សៀមរាប ដើម្បី​រំដោះ​អ្នកទោស​ជា​ជនជាតិ​ចិន​ម្នាក់​ដែល​មាន​ឈ្មោះ​ថា Chen Hsin Han ក្រោយ​សមត្ថកិច្ច​បញ្ជូន​រូប​គេ​ទៅ​ព្យាបាល​ធ្មេញ​នៅ​គ្លីនិក​ខាងលើ​នោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០២៣ ការិយាល័យ​អប់រំ​កែប្រែ និង​ស្ដារ​នីតិសម្បទា​ផ្នែក​សុខាភិបាល បាន​ចេញ​លិខិត​មួយ​ដោយ​ស្នើសុំ​បញ្ជូន​អ្នកទោស​ជនជាតិ​ចិន​ខាងលើ​ទៅ​គ្លីនិក​ធ្មេញ ជុំ ចិន្តា ដែល​មាន​ទីតាំង​នៅ​ក្នុង​ក្រុង​សៀមរាប ដើម្បី​ព្យាបាល​ធ្មេញ ក្រោម​ហេតុផល​ថា អ្នកទោស​រូប​នោះ​ឈឺចាប់​មាត់​ធ្មេញ​ពិបាក​បរិភោគ​អាហារ និង​ធ្វើឡើង​តាម​ការ​ណាត់​របស់​គ្រូពេទ្យ។

នៅ​លើ​លិខិត​ស្នើសុំ​បញ្ជូន​អ្នកទោស​ទៅ​ព្យាបាល​នេះ គឺ​មាន​ចុះហត្ថលេខា​ឯកភាព​ពី​មន្ត្រី​ពេទ្យ​ពន្ធនាគារ​លោក ពៅ តុងហុង ប្រធាន​ការិយាល័យ​អគ្គានុរក្ស យឹម សុវណ្ណឡង់ឌី ប្រធាន​ពន្ធនាគារ​ខេត្ត​លោក សី វណ្ណា និង​អនុប្រធាន​ពន្ធនាគារ​លោក ពេញ រិទ្ធ ប៉ុន្តែ​មិន​ឃើញ​មាន​ការ​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​សៀមរាប នោះ​ទេ។

ច្បាប់​ស្ដីពី​ពន្ធនាគារ​មាត្រា​៣៨ ចែង​ថា ជន​ជាប់​ឃុំ​មាន​ជំងឺ​ធ្ងន់ ហើយ​តម្រូវ​ឲ្យ​មាន​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខាងក្រៅ​តាម​សំណើ​របស់​មន្ត្រី​ពេទ្យ​ពន្ធនាគារ ត្រូវ​មាន​ការ​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា​ក្នុង​ដែន​សមត្ថកិច្ច​ជាដាច់ខាត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស