39 C
Phnom Penh

កម្ពុជា​បញ្ជូន​ជនជាតិ​ចិន​សង្ស័យ​ជា​ឧក្រិដ្ឋជន​អនឡាញ​ចំនួន ១៣០​នាក់​ទៅ​ប្រទេស​កំណើត​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​បត្យាប័ន​បញ្ជូន​ជនជាតិ​ចិន ចំនួន ១៣០​នាក់​ទៅ​ប្រទេស​កំណើត​វិញ ដោយ​សង្ស័យ​ជា​ក្រុម​ឧក្រិដ្ឋកម្ម​អនឡាញ​ក្នុង​ចំណោម​មនុស្ស​ជាង ១​ពាន់​នាក់​ដែល​សមត្ថកិច្ច​កម្ពុជា​បាន​ចាប់​ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ល្បែងស៊ីសង​អនឡាញ​នៅ​ខេត្ត​ព្រះសីហនុ។

យោង​តាម​ការ​ចុះផ្សាយ​របស់​កាសែត​ចិន China Daily បាន​រាយការណ៍​ថា ជនជាតិ​ចិន​ដែល​ជា​ជន​សង្ស័យ​ក្នុង​ឧក្រិដ្ឋកម្ម​ល្បែងស៊ីសង និង​ឆបោក​អនឡាញ​ដែល​ឈរជើង​នៅ​ខេត្ត​ព្រះសីហនុ ចំនួន ១៣០​នាក់ ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ចិន វិញ កាលពី​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០២៤។

ជនជាតិ​ចិន ទាំងនោះ ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​ប្រទេស​កំណើត​វិញ​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ Tianhe ក្នុង​ទីក្រុង Wuhan ខេត្ត Hubei តាម​ជើងហោះហើរ​ចំនួន​ពីរ។

ប្រភព​ដដែល​បាន​លើកឡើង​ថា ជនជាតិ​ចិន ១៣០​នាក់​នេះ​ស្ថិត​នៅ​ក្នុង​ចង្កោម​ជនសង្ស័យ​សរុប ១០៣០​នាក់​ដែល​ចិន និង​កម្ពុជា កំពុង​ត្រៀម​ធ្វើ​បត្យាប័ន​បញ្ជូន​ទៅ​ប្រទេស​ចិន វិញ​ជា​បន្តបន្ទាប់។

ក្រសួង​សន្តិសុខ​សាធារណៈ​ចិន មាន​ឆន្ទៈ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ជាមួយ​ប្រទេស​ជា​ដៃគូ​អាស៊ាន ដើម្បី​ទប់ស្កាត់​បទល្មើស​ល្បែងស៊ីសង​អនឡាញ ការ​ក្លែង​បន្លំ​តាម​ប្រព័ន្ធ​ទូរគមនាគមន៍ និង​ឧក្រិដ្ឋកម្ម​អនឡាញ​ផ្សេងៗ។

ជំនួយការ​នៃ​តំណាង​ការិយាល័យ​ផ្នែក​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ និង​ប៉ាស៊ីហ្វិក​នៃ​អង្គការ​សហប្រជាជាតិ Benedikt Hofman ត្រូវ​បាន​ដកស្រង់​សម្ដី​ដោយ​សារព័ត៌មាន South China Morning Post កាលពី​ថ្ងៃ​ចន្ទ ទី​១៨ ខែ​មីនា ថា ទោះបី​អាជ្ញាធរ​មូលដ្ឋាន​បង្កើន​សកម្មភាព​ស៊ើបអង្កេត និង​បង្ក្រាប​យ៉ាងណា​ក៏ដោយ ក៏​កិច្ចប្រឹងប្រែង​ទាំងនេះ​មិនទាន់​គ្រប់គ្រាន់​ដើម្បី​កម្ចាត់​ប្រតិបត្តិការ​ឆបោក​ទាំងអស់​នោះ​បាន​នៅឡើយ​ទេ។

លោក Benedikt Hofman និយាយ​ថា ការ​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​ទៅ​លើ​ការ​អនុវត្ត​ច្បាប់​បង្ក្រាប​ទីតាំង​ទាំងនោះ នឹង​នាំ​ទៅ​ការ​ផ្លាស់ប្ដូរ​ទីតាំង​ភូមិសាស្ត្រ ជាជាង​ការ​បង្ក​ឲ្យ​មាន​ផល​វិជ្ជមាន​ជា​អចិន្ត្រៃយ៍ ព្រោះ​ថា​កន្លង​មក ក្រោយ​ស្ងាត់​មួយ​ភ្លែត មុខរបរ​ឆបោក​នោះ​បាន​វិល​មក​វិញ​ដដែល​តែ​ក្នុង​រយៈពេល​ពីរ​ទៅ​បី​ខែ​ប៉ុណ្ណោះ។ ម្យ៉ាង​ទៀត ជនល្មើស​ដែល​អាជ្ញាធរ​ខ្មែរ​ចាប់​បាន​ជា​មនុស្ស​រាយរង តូចតាច​ស្ទើរតែ​ទាំងអស់ ហើយ​រីឯ​មេខ្លោង​ធំៗ សមត្ថកិច្ច​ចាប់​មិន​ដែល​បាន​ម្តង​ណា​ឡើយ។

ការិយាល័យ​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ខាង​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម​អះអាង​ថា បនល្បែង​កាស៊ីណូ​តាម​ដង​ទន្លេមេគង្គ ប្រៀប​បាន​នឹង​ប្រព័ន្ធ​ធនាគារ​ដែល​ជួយ​ឧបត្ថម្ភ​មុខរបរ​ខុស​ច្បាប់​ធ្វើ​ចរាចរណ៍​សម្អាត​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ ដែល​ប្រមូល​បាន​ពី​សកម្មភាព​ផ្លូវ​ងងឹត និង​មុខរបរ​ឆបោក​ក្រៅ​ប្រព័ន្ធ​ច្បាប់ ឬ​ហៅថា cryptocurrency។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា លើកឡើង​កន្លង​មក​ថា ថ្វីត្បិតតែ​ជនល្មើស​ប្រព្រឹត្ត​ទង្វើ​ឧក្រិដ្ឋ​នៅ​កម្ពុជា ប៉ុន្តែ​កម្រៃ​នៃ​អ្នក​ទទួល​បាន​មិនមែន​នៅ​កម្ពុជា​ទេ ចុងក្រោយ​គឺ​ពួកគេ​បាន​ផ្ទេរ​លុយ​ទាំងនោះ​ទៅ​ប្រទេស​ប៉ែក​ខាង​អឺរ៉ុប​វិញ​ទាំងអស់។ លោក​ថា រដ្ឋាភិបាល​នៅតែ​មិន​អាច​កំណត់​ពី​ភាព​ជាក់លាក់​ទៅ​លើ​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ​បាន​នៅឡើយ ដោយសារតែ​ពួកគេ​នៅ​ទី​ងងឹត ខណៈ​រដ្ឋាភិបាល​នៅ​ទី​ភ្លឺ ស្រប​ពេល​ដែល​ជនល្មើស​ទាំងនោះ​បាន​ដើរ​មួយ​ជំហាន​មុន​រដ្ឋាភិបាល​ទៅ​ហើយ​នោះ។

លោក ស សុខា អះអាង​ថា ដោយសារតែ​បញ្ហា​នេះ រដ្ឋាភិបាល​ត្រូវតែ​ទប់ស្កាត់​គ្រប់​ទម្រង់​នៃ​ការ​ជួញដូរ​មនុស្ស ដោយ​ការ​ដាក់​ទិសដៅ​ផែនការ​យកចិត្ត​ទុកដាក់​ខ្ពស់​លើ​ការ​បង្ក្រាប​បទល្មើស​នានា​ឱ្យ​មាន​ប្រសិទ្ធភាព​ថែម​ទៀត និង​ការ​បង្កើន​សមត្ថភាព​បំពេញ​តួនាទី​របស់​កងកម្លាំង​នគរបាល ប៉ុស្តិ៍​រដ្ឋបាល និង​ចលនា​នានា ជាពិសេស​ប្រជា​ការពារ​តាម​បណ្តា​ឃុំ-សង្កាត់ ដោយ​បន្ត​ការ​គាំទ្រ​ស្មារតី​និង​ការ​លើក​ទឹកចិត្ត​ឱ្យ​មាន​ការ​ចូលរួម​ទាំងអស់​គ្នា ក្នុង​គោលដៅ​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព។

របាយការណ៍​មួយ​ចេញ​ផ្សាយ​ដោយ​អង្គការ​សហប្រជាជាតិ កាលពី​ខែ​សីហា ឆ្នាំ​២០២៣ បាន​ឲ្យ​ដឹង​ថា មាន​មនុស្ស​ជាង ១០​ម៉ឺន​នាក់​បាន​រងគ្រោះ​ពី​ករណី​ឆបោក​នៅ​កម្ពុជា ហើយ​ថា​ខេត្ត​ព្រះសីហនុ និង​រាជធានី​ភ្នំពេញ ជា​ទីតាំង​នៃ​ការ​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​អនឡាញ​ច្រើន​បំផុត។

ក្រសួង​ការបរទេស​អាមេរិក កាលពី​ចុង​ឆ្នាំ​២០២២ បាន​បញ្ចេញ​របាយការណ៍​របស់​ខ្លួន​ស្ដីពី​ការ​ជួញដូរ​មនុស្ស ដោយ​បាន​ដាក់​ប្រទេស​កម្ពុជា​ចូល​ក្នុង​បញ្ជីខ្មៅ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​កម្រិត​៣ (Tier 3 Watch List) ដែល​បញ្ជាក់​ថា កម្ពុជា​ស្ថិត​នៅ​ក្នុង​បញ្ជីខ្មៅ​នៃ​ការ​ជួញដូរ​មនុស្ស​ធ្ងន់ធ្ងរ​នៅឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស