35 C
Phnom Penh

នាយករដ្ឋមន្ត្រី​ថ្មី​ឱ្យ​បក្ស​មិន​ចូលរួម​បោះឆ្នោត​អាច​ស្នើសុំ​ចូល​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​បាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​ត​ពូជ​លោក ហ៊ុន ម៉ាណែត អះអាង​ថា គណបក្ស​នយោបាយ​ដែល​មិន​បាន​ចូលរួម​ការ​បោះឆ្នោត អាច​ស្នើសុំ​ចូល​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ក្រោម​លេស​ថា​ដើម្បី​លើកស្ទួយ​របប​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។

យោង​តាម​ព្រះរាជក្រឹត្យ​ស្ដីពី​ការ​រៀបចំ និង​ប្រព្រឹត្ត​ទៅ​នៃ​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​ដែល​ឡាយ​ព្រះហស្តលេខា​ដោយ​ព្រះមហាក្សត្រ​កម្ពុជា កាលពី​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា គណបក្ស​នយោបាយ​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ទោះបីជា​មិន​បាន​ចូលរួម​បោះឆ្នោត​ក៏ដោយ ប៉ុន្តែ​ពួកគេ​អាច​ស្នើសុំ​ចូលរួម​ជា​សមាជិក​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​បាន។

ការ​ស្នើ​នេះ ដោយ​តម្រូវ​ឲ្យ​ពួកគេ​ដាក់​ពាក្យ​ស្នើសុំ​ជា​ផ្លូវការ និង​ត្រូវ​មាន​ការ​សម្រេច​ពី​លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយករដ្ឋមន្ត្រី​បន្ត​វេន​ពី​ឪពុក។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា គណបក្ស​នយោបាយ​ស្ថាបនិក​នៃ​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ អាច​ដាក់​សមាសភាព​ចំនួន ៣​រូប ក្នុង​នោះ៖

  • មួយ​រូប​ជា​ប្រធាន​ប្រតិភូ​មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី
  • មួយ​រូប​ជា​អនុប្រធាន​ប្រតិភូ​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី
  • និង​មួយ​រូប​ទៀត​ជា​សមាជិក​ប្រតិភូ​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ។

ចំណែក​គណបក្ស​នយោបាយ​ដែល​មិនមែន​ជា​ស្ថាបនិក​វិញ ពួកគេ​អាច​ដាក់​សមាសភាព​ចំនួន​ពីរ​រូប ដោយ៖

  • មួយ​រូប​ជា​ប្រធាន​ប្រតិភូ​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី
  • និង​មួយ​រូប​ទៀត​ជា​អនុប្រធាន​ប្រតិភូ​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី។

ព្រះរាជក្រឹត្យ​ដដែល​បញ្ជាក់​ថា ការ​សម្រេច​ឲ្យ​មាន​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​បន្ត​ទៀត ដោយ​សំអាង​ថា ដើម្បី​លើកស្ទួយ​របប​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ការ​ប្រមូល​ធាតុ​ចូល​នៃ​ទស្សនៈ​ពហុ​គំនិត​ជា​ប្រយោជន៍​ដល់​ការ​ស្ថាបនា​ជាតិ។

ព្រះមហាក្សត្រ​ទ្រង់​ត្រាស់​បង្គាប់​ចេញ​ព្រះរាជក្រឹត្យ​ស្ដីពី​ការ​រៀបចំ និង​ប្រព្រឹត្ត​ទៅ​នៃ​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​នេះ បន្ទាប់ពី​លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ពី​ឪពុក បាន​ទូល​ថ្វាយ​ព្រះអង្គ​កាលពី​ពេល​ថ្មីៗ​នេះ ដើម្បី​ស្នើសុំ​បង្កើត​ឲ្យ​មាន​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​បន្ត​ទៀត។

ទោះជា​យ៉ាងណា​ក៏ដោយ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា យល់​ថា រូបភាព​នៃ​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​មាន​លក្ខណៈ​នយោបាយ​ច្រើន​ជាង ពីព្រោះ​គណបក្ស​នយោបាយ​ដែល​ជា​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​នេះ មិនមែន​ជា​គណបក្ស​នយោបាយ​ដែល​មាន​សំឡេង​គាំទ្រ​ពី​ពលរដ្ឋ​នោះ​ឡើយ។

លោក​អះអាង​ថា ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​នេះ​មិនមែន​ជា​អ្នក​តំណាង​ឲ្យ​ពលរដ្ឋ​នោះ​ទេ ហើយ​ក៏​គ្មាន​ឥទ្ធិពល​អ្វី​ទៅ​លើ​រដ្ឋាភិបាល​ដើម្បី​កែប្រែ​ចំណុច​ខ្វះ​ចន្លោះ​នោះ​ដែរ ដែល​វា​ផ្ទុយ​ពី​គណបក្ស​នយោបាយ​ដែល​មាន​សំឡេង​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ដាច់​ស្រឡះ។

លោក​បន្ត​ថា គណបក្ស​នយោបាយ​ដែល​ពលរដ្ឋ​គាំទ្រ គឺជា​អ្នក​តំណាង​ឲ្យ​ពលរដ្ឋ ដូច្នេះ​ពួកគេ​នឹង​លើក​យក​ទុក្ខ​កង្វល់ និង​បញ្ហា​របស់​ពលរដ្ឋ ក៏ដូចជា​បញ្ហា​សង្គម​ជាតិ​ទៅ​ជជែក​ដេញដោល​ជាមួយ​រដ្ឋាភិបាល ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពិចារណា និង​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ។

លោក ស៊ឹង សែនករុណា យល់​ថា ការ​បង្កើត​ក្រុមប្រឹក្សា​នេះ ធ្វើ​ឲ្យ​ខាតបង់​ថវិកា​ជាតិ​កាន់តែ​ច្រើន និង​ជា​បន្ទុក​របស់​ពលរដ្ឋ រួម​ទាំង​សង្គម​ជាតិ ដោយសារ​ពលរដ្ឋ​ជា​អ្នក​បង់​ពន្ធ​ជូន​រដ្ឋ ហើយ​រដ្ឋ​យក​ថវិកា​ទាំងនោះ​ទៅ​ចំណាយ​លើ​ប្រាក់​បៀវត្ស​របស់​មន្ត្រី និង​អ្នក​ទាំងនោះ។

លោក​ថា បើ​រដ្ឋាភិបាល​ចង់​បាន​ប្រជាធិបតេយ្យ​ពិតប្រាកដ​មែន​នោះ រដ្ឋាភិបាល​ត្រូវ​បើក​លំហ​ឲ្យ​គណបក្ស​នយោបាយ​ដែល​មាន​ការ​គាំទ្រ​ពី​ពលរដ្ឋ ចូលរួម​បោះឆ្នោត ជាជាង​បង្កើត​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់។

អ្នក​ការពារ​សិទ្ធិមនុស្ស​រូប​នេះ​អះអាង​ថា ការ​បង្កើត​ក្រុមប្រឹក្សា​ដោយ​ផ្ដល់​តំណែង និង​តែងតាំង​ពី​សំណាក់​រដ្ឋាភិបាល​នេះ វា​មិនមែន​ជា​ពហុ​គំនិត ហើយ​ក៏​មិន​បាន​ឆ្លុះបញ្ចាំង​តាម​ស្មារតី​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ដែរ។

ចំពោះ​លទ្ធផល​វិញ លោក ស៊ឹង សែនករុណា យល់​ថា កន្លងទៅ ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​នេះ​មិន​បាន​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ និង​សង្គម​ជាតិ​ឡើយ។ ជាក់ស្ដែង​ដូចជា​រឿង​វិវាទ​ដីធ្លី ការងារ បាត់បង់​ធនធាន​ធម្មជាតិ និង​រឿង​អយុត្តិធម៌​សង្គម​ជាដើម ដែល​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​មិន​បាន​យក​ទៅ​ជជែក និង​ទាមទារ​ជាមួយ​រដ្ឋាភិបាល​ឲ្យ​មាន​ដំណោះស្រាយ​ឡើយ វា​ផ្ទុយ​ពី​គណបក្ស​នយោបាយ​ដែល​មាន​ការ​គាំទ្រ​ពី​ពលរដ្ឋ។

ចំណែក​អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត យល់​ថា ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​នេះ បង្កើត​ឡើង​មិន​បាន​ជួយ​ដល់​ផល​ប្រយោជន៍​ជាតិ​អ្វី​សោះ​ឡើយ ផ្ទុយទៅវិញ​មាន​តែ​ចាយ​ថវិកា​ខ្ជះខ្ជាយ​ឥត​ប្រយោជន៍​តែប៉ុណ្ណោះ។

លោក​បន្ត​ថា ប្រសិនបើ​លោក ហ៊ុន ម៉ាណែត គិតគូរ​ផល​ប្រយោជន៍​ជាតិ​បន្តិចបន្តួច គួរ​លុប​ចោល​វិញ។ លោក​ផ្ដល់​អនុសាសន៍​ថា លោក ហ៊ុន ម៉ាណែត គួរ​រៀន​ធ្វើ​ការងារ និង​បែងចែក​អំពើ​អ្វី​ដែល​ជា​ការ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ ដូចជា​រៀន​ធ្វើ​ការងារ​តូចៗ​ទៅ ជាដើម។

ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ត្រូវ​បាន​បង្កើត​ឡើង​នា​អាណត្តិ​ទី​៦ កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៨ តាម​ការ​ស្នើសុំ​របស់​លោក ហ៊ុន សែន។ ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​មាន​តួនាទី​ផ្តល់​យោបល់​ជូន​រាជរដ្ឋាភិបាល ដើម្បី​លើកស្ទួយ​ប្រសិទ្ធភាព​ការងារ​ក្នុង​ការ​បម្រើ​ប្រជាជន និង​ការ​អភិវឌ្ឍ​សង្គម។

សម្រាប់​ប្រតិភូ​ចូល​ក្នុង​ស្ថាប័ន​នេះ អាច​មាន ៣​រូប​ពី​ខាង​គណបក្ស​នីមួយៗ​ដោយ​អាច​ទទួល​បាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស