30 C
Phnom Penh

គណបក្ស​ចំនួន ២០ ដាក់​ពាក្យ​សុំ​ចូលរួម​នៅ​ក្នុង​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​នយោបាយ​ដែល​មិន​បាន​ឈ្នះ​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ និង​គណបក្ស​ដែល​មិន​បាន​ចូលរួម​បោះឆ្នោត​ចំនួន ២០ បាន​ដាក់​ពាក្យ​សុំ​ចូលរួម​នៅ​ក្នុង​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​អាណត្តិ​ថ្មី​នេះ។

រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ទទួល​បន្ទុក​ប្រធាន​លេខាធិការដ្ឋាន​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ លោក ឈឹម ផលវរុណ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា គិត​មក​ទល់​ពេល​នេះ​មាន​គណបក្ស​ដែល​មិន​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ចំនួន ២០ បាន​ដាក់​ពាក្យ​សុំ​ចូលរួម​ក្នុង​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់។

កាលពី​ថ្ងៃទី​២៦ ខែ​សីហា កន្លងទៅ ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ​សម្តេច​ព្រះ​នរោត្តម សីហមុនី បាន​ឡាយ​ព្រះហស្តលេខា​លើ​ព្រះរាជក្រឹត្យ​បង្កើត និង​កំណត់​អំពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ក្នុង​គោលបំណង​លើកស្ទួយ​របប​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដើម្បី​ប្រមូល​ធាតុ​ចូល​នៃ​ទស្សនៈ​ពហុ​គំនិត​ជា​ប្រយោជន៍​ដល់​ការ​ស្ថាបនា​ជាតិ។

ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​នៅ​ក្នុង​អាណត្តិ​ថ្មី​នេះ មិន​ត្រឹមតែ​បើក​ផ្លូវ​ឲ្យ​សម្រាប់​តែ​គណបក្ស​នយោបាយ​ដែល​បាន​ចូលរួម​បោះឆ្នោត ហើយ​មិន​បាន​ឈ្នះ​អាសនៈ​ក្នុង​រដ្ឋសភា​ដូច​អាណត្តិ​មុន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បើក​ផ្លូវ​ទទួល​ទាំង​គណបក្ស​ដែល​មិន​បាន​ចូលរួម​បោះឆ្នោត​ទាំងអស់​ផង​ដែរ ឲ្យ​តែ​បាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​ក្រសួង​មហាផ្ទៃ។

នៅ​ក្នុង​ព្រះរាជក្រឹត្យ​បញ្ជាក់​ថា ចំពោះ​ថវិកា​សម្រាប់​ចំណាយ​ទៅ​លើ​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ត្រូវ​បាន​ផ្គត់ផ្គង់​ដោយ​កញ្ចប់​ថវិកា​ជាតិ​ក្នុង​ខ្ទង់​ថវិកា​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។

លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា ដែល​បាន​ដាក់​ពាក្យ​ស្នើសុំ​ចូលរួម​ក្នុង​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​រួច​ហើយ​នោះ ឲ្យ​ដឹង​ថា ការ​ចូលរួម​ជាមួយ​ស្ថាប័ន​នេះ​មាន​គុណ​តម្លៃ និង​ប្រយោជន៍​ច្រើន​ក្នុង​ការ​ជួយ​ពលរដ្ឋ។

គណបក្ស​នយោបាយ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​មាន​ប្រមាណ​ជាង ៤០​គណបក្ស ក្នុង​នោះ ១៨​គណបក្ស​បាន​ចូលរួម​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ នេះ ខណៈ​គណបក្ស​ភ្លើង​ទៀន​ត្រូវ​បាន​ផាត់​ចេញពី​ការ​បោះឆ្នោត​នេះ ក្រោម​ហេតុផល​ខ្វះ​ឯកសារ​ច្បាប់​ដើម។

ក្រុម​អ្នក​រិះគន់​និយាយ​ថា ការ​បង្កើត​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​នេះ គឺជា​ការ​ចំណាយ​ថវិកា​ជាតិ​ខ្ជះខ្ជាយ ស្រប​ពេល​ដែល​សេដ្ឋកិច្ច​របស់​ប្រទេស​កំពុង​ត្រដាបត្រដួស ហើយ​ជីវភាព​របស់​ពលរដ្ឋ​កំពុង​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​នៃ​ភាព​ក្រីក្រ​ទៅៗ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស