35 C
Phnom Penh

តើ​អ្វី​ខ្លះ​ដែល​អ្នក​ត្រូវ​ស្វែងយល់​អំពី​ជំនួប​កំពូល​អាស៊ាន​នៅ​ឆ្នាំ​២០២៣?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជំនួប​កំពូល​នៃ​មេដឹកនាំ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា​អាស៊ាន ប្រព្រឹត្ត​ទៅ​នៅ​លើ​ទឹកដី​នៃ​ប្រទេស​ឥណ្ឌូនេស៊ី។

ប្រធាន​កិច្ចប្រជុំ​អាស៊ាន ទាំង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី រហូត​ដល់​ជំនួប​កំពូល​របស់​ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល គឺ​ប្រទេស​ឥណ្ឌូនេស៊ី ជា​ប្រធាន​អង្គប្រជុំ​ផង និង​ជា​អ្នក​សម្របសម្រួល​ផង ហើយ​ក៏​ជា​ម្ចាស់​ផ្ទះ​ទទួល​គណៈប្រតិភូ​មក​ចូលរួម​ប្រជុំ​ផង​ដែរ។

ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក Joko Widodo គឺជា​ប្រធាន​កិច្ចប្រជុំ​កំពូល​នៃ​មេដឹកនាំ​អាស៊ាន ១០​ប្រទេស តែ​គ្មាន​ទេ​តំណាង​របប​សឹក​នៃ​ប្រទេស​ភូមា ដែល​ត្រូវ​បាន​បិទ​សិទ្ធិ ឬ​ត្រូវ​ព្យួរ​វត្តមាន​របស់​ប្រទេស​នេះ ព្រោះ​របប​សឹក​មិន​អាច​តំណាង​ឱ្យ​ប្រជាជន​ភូមា​បាន​ទេ។

ទស្សនាវដ្ដី Time Magazine បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​៥ ខែ​កញ្ញា នេះ​ថា របៀបវារៈ​សំខាន់​មាន​បី​ដែល​មេដឹកនាំ​អាស៊ាន​កំណត់​យក​មក​ជជែក​គ្នា គឺ​បញ្ហា​សន្តិសុខ​ក្នុង​តំបន់​នៃ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង វិបត្តិ​នៃ​ប្រទេស​ភូមា និង​ការ​ប្រជែង​គ្នា​រវាង​សហរដ្ឋ​អាមេរិក និង​ចិន។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា ជំនួប​កំពូល​នៃ​មេដឹកនាំ​អាស៊ាន​ប្រព្រឹត្ត​ទៅ​នៅ​រដ្ឋធានី​ហ្សាការតា ដោយ​មាន​ការ​រឹត​បន្តឹង​សន្តិសុខ​យ៉ាង​រឹងមាំ។

ក្រុម​រដ្ឋមន្ត្រី​ការបរទេស​បាន​ជួប​ប្រជុំ​គ្នា​មុន​មួយ​ថ្ងៃ ដែល​មេដឹកនាំ​កំពូល​នៃ​សមាគម​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ចាប់ផ្តើម​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃ​អង្គារ ទី​៥ ខែ​កញ្ញា នេះ​តែម្តង។

លោក Mohammad Mahfud ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​នយោបាយ ច្បាប់ និង​សន្តិសុខ​នៃ​ប្រទេស​ឥណ្ឌូនេស៊ី បាន​ប្រាប់​អ្នក​ការទូត​នៃ​សមាគម​អាស៊ាន​ថា ការ​ពង្រឹង​កម្លាំង​សាមគ្គីភាព​នៃ​សមាគម គឺជា​កត្តា​មួយ​ទប់ទល់​ឥទ្ធិពល​ពី​ខាងក្រៅ តែ​បើ​សមាជិក​ណា​មួយ​អនុវត្ត​ខុស​គោលការណ៍​របស់​សមាគម វា​គឺជា​បង្ក​បញ្ហា​នាំ​ឱ្យ​អាស៊ាន​មាន​វិបត្តិ ហើយ​ប្រទេស​នោះ​គួរ​ដឹង​ថា ខ្លួន​បាន​ដើរ​ផ្ទុយ​នឹង​ទស្សនៈ​រួម​របស់​អាស៊ាន គឺ​សហគមន៍​មួយ ជោគវាសនា​តែ​មួយ។

លោក Mohammad សង្កត់​ធ្ងន់​ថា ប្រទេស​មួយ​ចំនួន​កំពុង​ដើរ​ចេញពី​គោលការណ៍​នេះ ដែល​ក្នុង​នោះ​មាន​ប្រទេស​ភូមា ព្រោះតែ​ពួក​យោធា​កំពុង​កាន់​អំណាច​តាមរយៈ​រដ្ឋប្រហារ។ រឿង​នេះ​ហើយ​បាន​នាំ​ឱ្យ​អាស៊ាន​ទាំងមូល​ធ្លាក់​ក្នុង​ការ​ប្រជែង​រវាង​ចិន និង​សហរដ្ឋ​អាមេរិក។

ជាមួយ​គ្នា​នេះ រដ្ឋមន្ត្រី​ការបរទេស ឥណ្ឌូនេស៊ី អ្នកស្រី Retno Marsudi បាន​ថ្លែង​ថា គោលការណ៍ ៥​ចំណុច​របស់​មេដឹកនាំ​អាស៊ាន​កាលពី​ឆ្នាំ​២០២១ គឺ​ត្រូវតែ​រំលឹក​ប្រាប់​ទៅ​ប្រទេស​ភូមា។

បន្ទាប់ពី​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស គឺ​ដល់​វេន​នៃ​ជំនួប​កំពូល​របស់​ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន ដែល​ប្រជុំ​គ្នា​រយៈពេល ២​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​៥ និង​ទី​៦ កញ្ញា ហើយ​ក្នុង​ពេល​នោះ​ក៏​មាន​ជំនួប​កំពូល​រវាង​មេដឹកនាំ​អាស៊ាន និង​ក្រុម​មេដឹកនាំ​របស់​សហរដ្ឋ​អាមេរិក និង​ចិន​ផង​ដែរ។ របៀបវារៈ​នៃ​ជំនួប​នេះ មាន​ដូចជា​បញ្ហា​ពាណិជ្ជកម្ម​សេរី បញ្ហា​ការ​ប្រែប្រួល​អាកាសធាតុ និង​បញ្ហា​សន្តិសុខ​តំបន់ និង​សកល។

នាយករដ្ឋមន្ត្រី​ចិន Li Qiang ត្រូវ​គេ​ដឹង​ថា​ក៏​មាន​វត្តមាន​នៅ​ក្នុង​ជំនួប​អាស៊ី​អាគ្នេយ៍​មាន​សមាជិក ១៨​ប្រទេស។ លោក Li Qiang ប្រាកដ​ណាស់​នឹង​ត្រូវ​ជួប​ជាមួយ​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក អ្នកស្រី Kamala Harris ដែល​ជំនួស​ឱ្យ​លោក ចូ បៃដិន ហើយ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Sergey Lavrov ជំនួស​ឱ្យ​លោក​ប្រធានាធិបតី វ្លាឌីមៀរ ពូទីន ដែល​ជាប់​ពិរុទ្ធភាព​នៃ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ទៅ​លើ​ប្រជាជន​អ៊ុយក្រែន ហើយ​កំពុង​ស្ថិត​ក្រោម​ការ​ស្នើ​ចាប់​ខ្លួន​ដោយ​តុលាការ​ឧក្រិដ្ឋកម្ម​សង្គ្រាម ICC។

លោក ចូ បៃដិន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មិន​បាន​មក​ចូលរួម​ប្រជុំ​មេដឹកនាំ​អាស៊ាន​ទេ តែ​លោក​ទៅ​ចូលរួម​ប្រជុំ​នៃ​ក្រុម​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន G-20 ហើយ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​វៀតណាម ក្នុង​គោលដៅ​ដែល​ក្រុង​វ៉ាស៊ីនតោន និង​ហាណូយ កាន់តែ​ឈាន​ដល់​ទំនាក់ទំនង​រឹតតែ​ស៊ីជម្រៅ​សំដៅ​ទប់ទល់​ឥទ្ធិពល​ចិន។

អតីត​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី ជា​អ្នក​ការទូត​ជើងចាស់ លោក Marty Natalegawa យល់​ថា​អវត្តមាន​របស់​លោក ចូ បៃដិន គឺជា​ការ​ខកចិត្ត​សម្រាប់​លោក ប៉ុន្តែ​ទង់ជាតិ​ក្រហម​ដែល​លោក​ចង់​សំដៅ​ទៅ​លើ​ប្រទេស​ចិន កំពុងតែ​ធ្វើ​ឱ្យ​អាស៊ាន​ត្រូវ​ប្រុងប្រយ័ត្ន។ តែ​លោក​ថា វត្តមាន​របស់​នាយក​រដ្ឋមន្ត្រី​ចិន Li Qiang នឹង​មិន​មាន​ឥទ្ធិពល​ច្រើន​ទេ​លើ​មេដឹកនាំ​អាស៊ាន។

សមាគម​អាស៊ាន​ដែល​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៦៧ ចំ​ពេល​ពិភពលោក​ផ្ទុះ​សង្គ្រាម​ត្រជាក់ តែ​ពេល​នោះ ប្រទេស​ស្ថាបនិក​អាស៊ាន​ប្រាំ​ប្រទេស​មាន​ថៃ ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន និង​ឥណ្ឌូនេស៊ី គឺ​ជា​កម្លាំង​ដ៏​ខ្លាំង​ទប់​បាន​ជោគជ័យ​នូវ​ការ​ជ្រៀត​ចូល​របស់​ពួក​កុម្មុយនីស្ត ហើយ​ប្រាំ​ប្រទេស​នេះ​ហើយ​ជា​សម្ព័ន្ធភាព​របស់​សហរដ្ឋ​អាមេរិក ដែល​មក​ដល់​ពេលនេះ​មិន​អាច​អត់​អាមេរិក​បាន​ឡើយ។

តែ​ខណៈ​នេះ គេ​សង្កេត​ឃើញ​អាស៊ាន​កំពុងតែ​បរាជ័យ ព្រោះ​សមាសភាព​ថ្មី​មួយ ឬ​ពីរ កំពុង​ដើរ​ជាន់​របប​ប្រជាធិបតេយ្យ​របស់​ខ្លួន ជាពិសេស​ប្រទេស​ភូមា ដែល​ធ្លាក់​នៅ​ក្រោម​របប​សឹក ខណៈ​ប្រទេស​មួយ​ទៀត​ធ្លាក់​ក្រោម​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​ពួក​បស្ចិម​ប្រទេស។

តាម​ស្ថានភាព​ជាក់ស្ដែង ប្រទេស​ហ្វីលីពីន ពិត​ជា​មិន​អាច​ឱ្យ​ចិន​រំលោភ​យក​ដែនទឹក​របស់​ខ្លួន​បាន​ដាច់ខាត។ ដូច​នេះ​ហើយ​បាន​ជា​ប្រទេស​នេះ​កាន់តែ​បង្ហាញ​ភាព​ស៊ីជម្រៅ​ខ្លាំង​ទៅ​រក​សហរដ្ឋ​អាមេរិក។ ចំណែក​វៀតណាម ក៏​កំពុង​តាំងចិត្ត​មិន​ឱ្យ​ដែនទឹក​ដែន​កោះ​របស់​ខ្លួន​ធ្លាក់​ក្រោម​ចិន​ដែរ ទើប​ក្រុង​ហាណូយ ក៏​កាន់​តែ​មាន​ភាព​ស៊ីជម្រៅ​ខ្លាំង​ដែរ​ជាមួយ​សហរដ្ឋ​អាមេរិក​ជា​មហាអំណាច​ក្រៅ​តំបន់។

ដោយឡែក​ប្រទេស​ភូមា ដែល​ធ្លាក់​នៅ​ក្រោម​ពួក​យោធា ទំនង​ពិបាក​ណាស់​ក្នុង​ការ​ទាញ​ចេញពី​ចិន មក​វិញ។ គេ​ថា​ចិន​មិន​ដែល​ចង់​ឱ្យ​ប្រទេស​ណា​មួយ​ដូច​ភូមា ឬ​ប្រទេស​មាន​មេដឹកនាំ​ផ្ដាច់ការ​ងាក​ចេញពី​ខ្លួន​នោះ​ទេ។ ដូច​នេះ​ហើយ​បាន​ជា​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ ដែល​ថ្លែង​នៅ​ឯ​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន លោក​បាន​ក្រើន​រំឭក​អាស៊ាន​ឡើងវិញ​អំពី​គ្រោះថ្នាក់​នៃ​ការ​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​ប្រកួតប្រជែង​ដណ្ដើម​ឥទ្ធិពល​រវាង​កំពូល​មហាអំណាច ដោយ​មិន​ត្រូវ​ធ្វើ​ខ្លួន​ឱ្យ​ក្លាយ​ជា​កូនអុក​របស់​ប្រទេស​មហាអំណាច​ណា​មួយ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស