39 C
Phnom Penh

សមាគម​វាយនភណ្ឌ​កាត់ដេរ​កម្ពុជា​ថា​ប្រាក់ឈ្នួល​សរុប​របស់​កម្មករ​កាត់ដេរ​ជាង​៣​ពាន់​ដុល្លារ​ក្នុង​១​ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាគម​វាយនភណ្ឌ​កាត់ដេរ​កម្ពុជា ដែល​ហៅ​កាត់​ថា TAFTAC អះអាង​ថា ប្រាក់ឈ្នួល​របស់​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ​កាត់ដេរ​នៅ​កម្ពុជា​ម្នាក់ៗ​ទទួល​បាន​ប្រាក់ឈ្នួល​សរុប​ជា​មធ្យម​ចំនួន ២៧៥​ដុល្លារ​អាមេរិក​ក្នុង ១​ខែៗ ឬ​ជាង ៣​ពាន់​ដុល្លារ​អាមេរិក (៣៣០០​ដុល្លារ) ក្នុង ១​ឆ្នាំៗ។

សមាគម​វាយនភណ្ឌ​កាត់ដេរ​កម្ពុជា ចេញ​លិខិត​បំភ្លឺ​នៅ​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ​ថា ប្រាក់ឈ្នួល​អប្បបរមា​មិនមែន​ជា​ប្រាក់ឈ្នួល​សរុប​សម្រាប់​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ​កាត់ដេរ​នៅ​កម្ពុជា​នោះ​ទេ ព្រោះ​ថា​សមាសធាតុ​នៃ​ប្រាក់ឈ្នួល​មាន​ច្រើន​បែប​ច្រើន​យ៉ាង ដូចជា​ប្រាក់ឈ្នួល​គោល ប្រាក់​រង្វាន់​ធ្វើការ​ទៀងទាត់​ដែល​មាន​ចំនួន​ទាប​បំផុត ១០​ដុល្លារ ប្រាក់​ឧបត្ថម្ភ​ធ្វើ​ដំណើរ ឬ​ស្នាក់នៅ​ដែល​មាន​ចំនួន​ទាប​បំផុត ៧​ដុល្លារ។

ជាង​នេះ​ទៀត នៅ​មាន​ប្រាក់​អតីតភាព​ការងារ​ដែល​មាន​ចំនួន​ចាប់ពី ២​ដុល្លារ​ដល់ ១១​ដុល្លារ ប្រាក់​ធ្វើការ​ថែម​ម៉ោង និង​ប្រាក់​ថ្លៃ​បាយ ប្រាក់​រង្វាន់ ឬ​ប្រាក់​បន្ថែម​ផ្សេងៗ​ទៀត ដូច្នេះ​ប្រាក់ឈ្នួល​អប្បបរមា​មិនមែន​ជា​ប្រាក់ឈ្នួល​សរុប​របស់​កម្មករ​និយោជិត​ទេ ហើយ​ប្រាក់ឈ្នួល​សរុប​នេះ​ក៏​មិន​ទាប​ជាង​កម្រិត​ប្រាក់ឈ្នួល​អប្បបរមា​ដែរ​សម្រាប់​កម្មករ​និយោជិត​កម្ពុជា​សព្វថ្ងៃ​នេះ។

ប្រភព​ដដែល​លើកឡើង​ថា បន្ថែម​ពី​លើ​ប្រាក់ឈ្នួល ២៧៥​ដុល្លារ​អាមេរិក​ក្នុង ១​ខែ ឬ ៣៣០០​ដុល្លារ​ក្នុង ១​ឆ្នាំ កម្មករ​និយោជិត​ក៏​ទទួល​បាន​នូវ​ប្រាក់​បំណាច់​អតីតភាព​ការងារ​ចំនួន ៥% បន្ថែម​ទៀត​នៅ​រៀង​រាល់ ៦​ខែ​ម្តង ហើយ​ក្នុង​ពេល​ធ្វើការ កម្មករ​និយោជិត​ទាំងអស់​ទទួល​បាន​នូវ​ការ​ធានា​រ៉ាប់រង​ពី​គ្រោះថ្នាក់​ការងារ និង​ការ​ធានា​រ៉ាប់រង​សុខភាព​ផង​ដែរ ខណៈ​ពេល​ដែល​ដល់​អាយុ​ចូល​និវត្តន៍ កម្មករ​និយោជិត​ទាំងអស់​ក៏​នឹង​ទទួល​បាន​នូវ​ប្រាក់​សោធន​និវត្តន៍​ថែម​ទៀត។

សមាគម​ខាងលើ​បញ្ជាក់​ថា ចំពោះ​ការ​កំណត់​ប្រាក់ឈ្នួល​អប្បបរមា កម្ពុជា​មាន​យន្តការ​លក្ខណវិនិច្ឆ័យ​បែប​សង្គម និង​សេដ្ឋកិច្ច​ច្បាស់លាស់​ទៅ​លើ​ស្ថានភាព​គ្រួសារ អត្រា​អតិផរណា និង​ការ​ចំណាយ​ក្នុង​ការ​រស់នៅ ចំណែក​លក្ខណវិនិច្ឆ័យ​បែប​សេដ្ឋកិច្ច គឺ​កម្ពុជា​មាន​ការ​វាយតម្លៃ​ទៅ​លើ​ផលិតភាព​ការងារ ភាព​ប្រកួតប្រជែង​របស់​ប្រទេស បម្រែបម្រួល​ទីផ្សារ​ការងារ និង​កម្រិត​នៃ​ប្រាក់​ចំណេញ​របស់​វិស័យ​មួយ​នេះ​ផង​ដែរ។

ការ​ចេញ​លិខិត​បំភ្លឺ​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ការ​លើកឡើង​អំពី​ប្រាក់ឈ្នួល​របស់​កម្មករ​និយោជិត​នៅ​កម្ពុជា​ថា​មាន​កម្រិត​តិចតួច​ដែល​មិន​អាច​ឱ្យ​កម្មករ​ទាំងនោះ​រស់នៅ​ក្នុង​ភាព​សមរម្យ និង​ថ្លៃថ្នូរ​សព្វថ្ងៃ​នេះ។

ក្នុង​ពិធី​ជួប​ជាមួយ​កម្មករ​និយោជិត​កាលពី​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២៣ នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា ពិភាក្សា​គ្នា​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​ជូន​កម្មករ​និយោជិត​ក្នុង​វិស័យ​ផ្នែក​វាយនភណ្ឌ​កាត់ដេរ​សម្រាប់​ឆ្នាំ​២០២៤ ឱ្យ​បាន​មុន​បុណ្យ​ភ្ជុំបិណ្ឌ ទោះ​តិច ឬ​ច្រើន​ក៏ដោយ។

ក្រោយពី​បញ្ជា​របស់​លោក ហ៊ុន ម៉ាណែត ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា បាន​បើក​កិច្ចប្រជុំ​ជា​លើក​ទី​៣ កាលពី​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០២៣ ដើម្បី​ពិភាក្សា​អំពី​ការ​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​ផ្នែក​វាយនភណ្ឌ​កាត់ដេរ​សម្រាប់​ឆ្នាំ​២០២៤ ក្នុង​នោះ​តំណាង​ភាគី​កម្មករ​និយោជិត​បាន​លើកឡើង​នូវ​តួលេខ​ចំនួន ២១៥​ដុល្លារ​អាមេរិក ខណៈ​តំណាង​ភាគី​និយោជក​បាន​លើកឡើង​នូវ​តួលេខ​ចំនួន ២០១​ដុល្លារ ដូច្នេះ​តំណាង​ភាគី​និយោជក​សម្រេច​កំណត់​ប្រាក់ឈ្នួល​ទៅ​ដល់​កម្មករ​និយោជិត​សម្រាប់​ឆ្នាំ​២០២៤ ត្រឹមតែ ១​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ ទំព័រ​ហ្វេសប៊ុក​ឈ្មោះ The Kanitha Show បាន​លើកឡើង​កាលពី​ថ្ងៃទី​១០ ខែ​កញ្ញា នេះ​ថា ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​នៅ​កម្ពុជា​គួរតែ​ទទួល​បាន ២១៣​ដុល្លារ​អាមេរិក ព្រោះ​ថា​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន នា​ពេល​កន្លងមក ថៅកែ​រោងចក្រ​ទទួល​បាន​ផល​ចំណេញ​ច្រើន​ណាស់ ដោយសារ​ការ​នាំចូល​វត្ថុ​ធាតុ​ដើម​ទៅ​កម្ពុជា​មិន​ចាំបាច់​បង់​ពន្ធ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ឡើយ។

ទំព័រ​ហ្វេសប៊ុក​មួយ​នេះ​បញ្ជាក់​ថា ការ​កំណត់​ប្រាក់ឈ្នួល​អប្បបរមា ២១៣​ដុល្លារ​នេះ​មិនមែន​ជា​ចំនួន​ច្រើន​ទេ គ្រាន់តែ​ជា​តួលេខ​សម្រុះសម្រួល​គ្នា​ប៉ុណ្ណោះ ព្រោះ​ចំនួន​ប្រាក់ឈ្នួល​កម្រិត​នេះ​ស្ទើរ​តែ​មិន​អាច​ឱ្យ​កម្មករ​និយោជិត​រស់​ផង ដូច្នេះ​ក្រសួង​ការងារ គួរតែ​កំណត់​តួលេខ ២១៣​ដុល្លារ​នេះ​សម្រាប់​កំណត់​ជា​ប្រាក់ឈ្នួល​អប្បបរមា​ក្នុង​ឆ្នាំ​២០២៤ ខាងមុខ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នក​គ្រប់គ្រង​ផ្នែក​ការងារ​របស់​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ កញ្ញា នេះ​ថា ការ​លើកទ្បើង​ពី​កម្រិត​ចំណេញ​ថ្នាក់​វិស័យ​គឺជា​រឿង​រសើប​បំផុត​សម្រាប់​ភាគី​ថៅកែ​រោងចក្រ ដូច្នេះ​ដើម្បី​ធានា​នូវ​តម្លាភាព គឺ​ទាមទារ​ឱ្យ​ភាគី​ក្រុមហ៊ុន​បង្ហាញ​នូវ​ទិន្នន័យ​អំពី​កម្រិត​ចំណេញ​របស់​ពួកគេ ដើម្បី​ធានា​ការ​បែងចែក​ប្រាក់​ចំណេញ​ទាំងនោះ​ទៅ​ដល់​កម្មករ​និយោជិត​ក្នុង​ការ​កំណត់​ជា​ប្រាក់​ឈ្នួល​អប្បបរមា​ឱ្យ​បាន​សមរម្យ។

លោក ឃុន ថារ៉ូ លើកឡើង​ថា ជា​រួម ការ​អនុគ្រោះ​ពន្ធ​លើ​មុខទំនិញ និង​វត្ថុ​ធាតុ​ដើម ការ​ផ្គត់ផ្គង់​វិស័យ​ឧស្សាហកម្ម​កាត់ដេរ ភាគ​ច្រើន​គឺ​នាំចូល​ពី​ប្រទេស​ចិន ដោយ​មិន​បង់​ពន្ធ​នោះ​ទេ ដែល​ធ្វើ​ឱ្យ​ភាគី​ក្រុមហ៊ុន​មាន​លទ្ធភាព​ចំណេញ​ច្រើន ព្រោះ​ថា​បើ​ផ្អែក​តាម​ការ​សិក្សា​ស្រាវជ្រាវ ប្រសិនបើ​ក្រុមហ៊ុន​អ្នក​បញ្ជា​ទិញ និង​ថៅកែ​រោងចក្រ​គ្រាន់តែ​ធ្វើការ​បែងចែក​បន្ថែម​នៃ​ប្រាក់​ចំណេញ​តែ ០,៥០​ដុល្លារ​អាមេរិក​ក្នុង​តម្លៃ​ទំនិញ​សម្លៀកបំពាក់ ស្បែកជើង ដែល​ខ្លួន​លក់​នៅ​លើ​ទីផ្សារ វា​នឹង​អាច​ឱ្យ​កម្មករ​ទទួល​បាន​ប្រាក់​ឈ្នួល​ខ្ពស់​ដែល​អាច​ឱ្យ​ពួកគេ​រស់នៅ​ក្នុង​ជីវភាព​សមរម្យ មិនមែន​ត្រដាបត្រដួស​ដូច​សព្វថ្ងៃ​នេះ​ទេ។

ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ​និយោជិត​ខាង​វិស័យ​កាត់ដេរ​មាន​ចំនួន ២០០​ដុល្លារ​អាមេរិក​ក្នុង ១​ខែ​សម្រាប់​ឆ្នាំ​២០២៣ ខណៈ​ឆ្នាំ​២០២៤ នេះ ស្ថិត​ក្នុង​ការ​ពិភាក្សា​នៅឡើយ ក្នុង​នោះ​ភាគី​ក្រុមហ៊ុន​បាន​កំណត់ ២០១​ដុល្លារ​អាមេរិក ខណៈ​ភាគី​កម្មករ​កំណត់ ២១៥​ដុល្លារ​អាមេរិក ដូច្នេះ​គេ​កំពុង​រង់ចាំ​មើល​ថា តើ​ក្រសួង​ការងារ នឹង​កំណត់​យក​តួលេខ​មួយ​ណា​ក្នុង​ចំណោម​តួលេខ​ទាំង​ពីរ​ខាងលើ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស