36 C
Phnom Penh

អង្គការ​អន្តរជាតិ​ស្នើ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ពិនិត្យ​ករណី​កម្ពុជា​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​តំបន់​អង្គរ​ទាំង​បង្ខំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​ស្នើ​ទៅ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ពិនិត្យ និង​ស្រាវជ្រាវ​ករណី​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​បណ្ដេញ​ពលរដ្ឋ​ចេញ​ទាំង​បង្ខំ​នៅ​តំបន់​អង្គរវត្ត ក្រោម​លេស​ថា​ដើម្បី​អភិរក្ស។

ការ​ស្នើ​នេះ បន្ទាប់ពី​អង្គការ​លើកលែង​ទោស​អន្តរជាតិ​បាន​ដាក់​បញ្ជូន​លទ្ធផល​ស្រាវជ្រាវ​បឋម​ទៅ​អង្គការ​យូណេស្កូ (UNESCO) មុន​សម័យ​ប្រជុំ​នៅ​ទីក្រុង​រីយ៉ាដ ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​២៥ ខែ​កញ្ញា ខាងមុខ​នេះ។

លោក Monster Ferrer អនុប្រធាន​ប្រចាំ​តំបន់​នៃ​អង្គការ​លើកលែង​ទោស​អន្តរជាតិ បាន​លើកឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ចុះ​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ​ថា យោង​តាម​របាយការណ៍​ដែល​ខ្លួន​បាន​ចងក្រង​នោះ រដ្ឋាភិបាល​កម្ពុជា​កំពុង​បន្ត​បណ្ដេញ​ពលរដ្ឋ​ចំនួន ១​ម៉ឺន​គ្រួសារ​ដែល​រស់នៅ​ជុំវិញ​ប្រាសាទ​អង្គរវត្ត​ចេញ​ទាំង​បង្ខំ ក្រោម​លេស​ថា​ដើម្បី​អភិរក្ស។ ដូច្នេះ គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ក្នុង​នាម​ជា​អ្នក​អភិរក្ស​នោះ មិន​ត្រូវ​ព្រងើយ​កន្តើយ​ចំពោះ​ការ​បណ្តេញ​ពលរដ្ឋ​ចេញពី​លំនៅឋាន​ទាំង​បង្ខំ​នៅ​តំបន់​ជុំវិញ​អង្គរវត្ត​ឡើយ។

អង្គការ​ដដែល​នេះ ក៏​បាន​លើក​យក​អំណះអំណាង​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​អះអាង​ថា ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​នេះ​ដោយសារ​ពួកគេ​រស់នៅ​ខុស​ច្បាប់ ដែល​ផ្ទុយ​ពី​អ្នក​ដែល​មាន​ការ​តាំង​ទីលំនៅ​ជា​ប្រពៃណី។

លោក Monster អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​មិន​បាន​បង្ហាញ និង​ផ្តល់​ភាព​ច្បាស់លាស់​ថា អ្នក​ណា​មាន​សិទ្ធិ​រស់នៅ​ស្រប​ច្បាប់​ឡើយ ស្រប​ពេល​មនុស្ស​ជាច្រើន​ត្រូវ​បង្ខំ​ចិត្ត​ចាកចេញ បើ​ទោះបីជា​គ្រួសារ​របស់​ពួកគេ​រស់នៅ​ជុំវិញ​ប្រាសាទ​អង្គរ​អស់​ជាច្រើន​ជំនាន់​មក​ហើយ​ក៏ដោយ។

មួយ​វិញ​ទៀត អង្គការ​នេះ​ក៏​បាន​ចងក្រង​ឯកសារ​អំពី​ស្ថានភាព​ក្រីក្រ​របស់​ពលរដ្ឋ​ដែល​ទៅ​តាំង​ទីលំនៅ​ថ្មី ដោយ​មិន​មាន​លំនៅឋាន ឬ​បង្គន់​អនាម័យ ខណៈ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​រដ្ឋាភិបាល​កម្ពុជា​បណ្តេញ​ចេញ​នោះ ពួកគេ​សាងសង់​ផ្ទះ​ផ្ទាល់​ខ្លួនឯង។

អង្គការ​លើកលែង​ទោស​អន្តរជាតិ​ចាត់ទុក​ការ​បណ្ដេញ​ពលរដ្ឋ​ចេញពី​តំបន់​ឧទ្យាន​អង្គរ​ទាំង​បង្ខំ​របស់​រដ្ឋាភិបាល​កម្ពុជា ថា​ធ្វើ​ឡើង​ផ្ទុយ​នឹង​ស្តង់ដារ​សិទ្ធិមនុស្ស​អន្តរជាតិ ដែល​ចែង​ថា ទីតាំង​ថ្មី​ត្រូវតែ​រួម​បញ្ចូល​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត លំនៅឋាន និង​អនាម័យ មុន​ពេល​មនុស្ស​ត្រូវ​ផ្លាស់​ទីលំនៅ។

កាលពី​អំឡុង​ឆ្នាំ​២០២២ រដ្ឋាភិបាល​កម្ពុជា​បាន​តម្រូវ​ឲ្យ​ពលរដ្ឋ​រស់នៅ​ជុំវិញ​តំបន់​អង្គរ ត្រូវ​រុះរើ​ផ្ទះសម្បែង​ទៅ​តំបន់​រុនតាឯក វិញ ក្រោម​លេស​ថា អ្នក​ភូមិ​ទាំងនោះ​រស់នៅ​ខុស​ច្បាប់។

ក្រៅពី​ឲ្យ​រុះរើ​ហើយ កន្លងទៅ អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន ក៏​បាន​គំរាម​ពលរដ្ឋ​រស់នៅ​តំបន់​អង្គរ​ថា ប្រសិនបើ​ពលរដ្ឋ​មិន​ព្រម​ទទួល​យក​សំណង​ដី​ឡូត៍​នៅ​តំបន់​រុនតាឯក អាជ្ញាធរ​នឹង​បណ្ដេញ​ពួកគាត់​ចេញ​ដោយ​មិន​ផ្តល់​សំណង​អ្វី​ទាំងអស់។

ជុំវិញ​រឿង​នេះ លោក ស៊ុំ ម៉ាប់ អ្នក​នាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការ​លើកឡើង​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ​ដោយ​ចោទ​អាជ្ញាធរ​កម្ពុជា​ថា​បាន​បណ្ដេញ​ចេញ​ដោយ​បង្ខំ​មក​លើ​ពលរដ្ឋ​នៅ​តំបន់​អង្គរ គឺ​លោក​មិន​ដឹង​ថា​អង្គការ​អន្តរជាតិ​នេះ​បាន​សហការ ឬ​ធ្វើការ​ជាមួយ​ស្ថាប័ន​ផ្លូវការ​ណា​មួយ​ដែល​ពាក់ព័ន្ធ​រឿង​នេះ​ទេ។

លោក​បាន​បន្ត​ថា ក្នុង​នាម​ក្រសួង​វប្បធម៌​ដែល​ជា​ស្ថាប័ន​មួយ​នៅ​ក្នុង​គណៈកម្មាធិការ​តម្រង់​ទិស​ដើម្បី​ដោះស្រាយ​បញ្ហា​សំណង់​ខុស​ច្បាប់​នៅ​តំបន់​ជុំវិញ​អង្គរ លោក​សុំ​បដិសេធ​ចំពោះ​ការ​លើកឡើង​បែប​នេះ ព្រោះ​ពលរដ្ឋ​ដែល​ចាកចេញ គឺ​ពួកគាត់​សុទ្ធតែ​ស្ម័គ្រចិត្ត​ទាំងអស់។

តែ​យ៉ាងណា ពលរដ្ឋ​ដែល​ផ្លាស់​ពី​តំបន់​អង្គរ​ទៅ​រស់នៅ​តំបន់​អភិវឌ្ឍន៍​រុនតាឯក ក្នុង​ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប បាន​ត្អូញត្អែរ​ពី​ផល​លំបាក​ដោយសារ​ទឹក​ជន់​លិច​ផ្ទះ​នៅ​រដូវវស្សា និង​ខ្វះខាត​ផ្នែក​ជីវភាព ដោយ​មិន​អាច​បង្កើត​មុខរបរ​បាន ព្រោះតែ​គ្មាន​រោងចក្រ សហគ្រាស និង​ផ្សារ ជាដើម ដែល​ជា​បន្ទុក​មួយ​ដ៏​ធំ​បន្ថែម​ទៀត​សម្រាប់​អ្នក​រស់នៅ​តំបន់​អភិវឌ្ឍន៍​រុនតាឯក​នេះ។ ក្រៅពី​ជួប​បញ្ហា​ផ្នែក​ជីវភាព និង​ទឹក​លិច​ផ្ទះ ពួកគេ​បាន​ស្នើ​ទៅ​អាជ្ញាធរ​ពន្លឿន​ការ​រៀបចំ​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ឲ្យ​បាន​ឆាប់ ដើម្បី​បញ្ចៀស​ជំនន់​ទឹកភ្លៀង​ដែល​នឹង​កើត​មាន​ឡើង​ក្នុង​រដូវវស្សា​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស