30 C
Phnom Penh

រដ្ឋាភិបាល​ឱ្យ​ឡើង​ប្រាក់​ឈ្នួល​កម្មករ ២​ដុល្លារ ស្រប​នឹង​ការ​ចង់​បាន​របស់​និយោជក​ព្រម​ឡើង ១,៥​ដុល្លារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហជីព​សុំ​ដំឡើង​ប្រាក់ឈ្នួល​កម្មករ ១៣​ដុល្លារ តែ​រដ្ឋាភិបាល​យល់ព្រម​ឲ្យ​ឡើង​តែ ២​ដុល្លារ​ជា​តួលេខ​ប្រហាក់ប្រហែល​នឹង​ការ​ចង់​បាន​របស់​និយោជក ដែល​ព្រម​ឡើង​ត្រឹមតែ ១​ដុល្លារ ៥០​សេន​ប៉ុណ្ណោះ ខណៈ​កិច្ចប្រជុំ​ពិភាក្សា​សម្រេច​នឹង​ធ្វើ​នៅ​ថ្ងៃទី​២៨ ខែ​កញ្ញា ខាងមុខ​នេះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២៣ របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឲ្យ​ដឹង​ថា នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​លើក​ទី​៥ នា​ថ្ងៃទី​១៨ ខែ​កញ្ញា នេះ​មាន​តំណាង​សហជីព​ចូលរួម​ចំនួន ១៧​រូប និង​ភាគី​និយោជក រួម​ទាំង​ភាគី​រដ្ឋាភិបាល។

ក្នុង​កិច្ចប្រជុំ​នោះ ភាគី​ទាំងអស់​បាន​លើក​យក​តួលេខ​ប្រាក់​ឈ្នួល​កម្មករ​ផ្សេងៗ​គ្នា ដោយ​ភាគី​តំណាង​កម្មករ គឺ​សហជីព​ចំនួន ១២ ទាមទារ​ឲ្យ​ដំឡើង​ប្រាក់​ឈ្នួល ៤​ដុល្លារ រីឯ​សហជីព ៥ ទៀត ទាមទារ​ឲ្យ​ដំឡើង ១៣​ដុល្លារ​បន្ថែម​ពី​លើ​ប្រាក់ខែ​គោល ២០០​ដុល្លារ​ដែល​មាន​ស្រាប់។

ចំណែក​ភាគី​រដ្ឋាភិបាល​វិញ សម្រេច​ឲ្យ​ដំឡើង​តែ ២​ដុល្លារ​ប្រហាក់ប្រហែល​នឹង​និយោជក​ដែល​យល់ព្រម​ដំឡើង​តែ ១​ដុល្លារ ៥០​សេន​បន្ថែម​ពី​លើ​ប្រាក់ខែ​គោល ២០០​ដុល្លារ។

ក្រសួង​ការងារ​ថា តួលេខ​ប្រាក់​ឈ្នួល​គោល​កម្មករ​ដែល​ភាគី​ទាំងអស់​បាន​លើក​យក​មក​ពិភាក្សា​កាលពី​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២៣ ជាមួយ​អំណះអំណាង​រៀងៗ​ខ្លួន។ តែ​យ៉ាង​ណា កិច្ចពិភាក្សា​គ្នា​លើ​ប្រាក់​ឈ្នួល​នេះ ភាគី​ពាក់ព័ន្ធ​ទាំងអស់​នឹង​ប្រជុំ​សម្រេច​ចុងក្រោយ​នៅ​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២៣ ខាងមុខ​នេះ។

ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ជិត ២​ម៉ឺន​នាក់​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៣០ ខែ​សីហា លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ថ្មី បាន​លើកឡើង​ថា នឹង​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​លើ​ប្រាក់ខែ​បច្ចុប្បន្ន ២០០​ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​វិស័យ​កាត់ដេរ វាយនភណ្ឌ និង​ផលិត​ស្បែកជើង​នៅ​ឆ្នាំ​២០២៤ ខាងមុខ​នេះ បើ​ទោះ​ការ​ដំឡើង​ប្រាក់ឈ្នួល​ឲ្យ​កម្មករ​និយោជិត​នេះ​បាន​តិច ឬ​ច្រើន​ក្តី។

ប្រធាន​សហភាព​ការងារ​កម្ពុជា​លោក អាត់ ធន់ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​ប្រាក់ឈ្នួល​នា​ថ្ងៃទី​១៨ ខែ​កញ្ញា ថា ជា​រឿង​ថ្មី​មួយ​ទៀត​នៃ​កិច្ចប្រជុំ​ពិភាក្សា​នេះ ដោយសារ​ភាគី​រដ្ឋាភិបាល​បង្ហាញ​ពី​តួលេខ​ដែល​ឲ្យ​ដំឡើង​ប្រាក់ឈ្នួល ខណៈ​កន្លងមក លោក​ថា​មិន​ដែល​មាន​នោះ​ទេ។ មួយ​វិញ​ទៀត លោក​ថា​កន្លង​ទៅ ភាគី​សហជីព​ធ្លាប់​ស្នើ​ទៅ​រដ្ឋាភិបាល​កុំ​ឲ្យ​ឈរ ឬ​លម្អៀង​ទៅ​ខាង​និយោជក ធ្វើ​ឲ្យ​បាត់​ផល​ប្រយោជន៍​កម្មករ​និយោជិត។

លោក អាត់ ធន់ ថា​មូលហេតុ​ដែល​គាត់​លើកឡើង​ដូច្នេះ ដោយ​កាលពី​មុន រដ្ឋាភិបាល​បាន​ជួយ​និយោជក​កាត់បន្ថយ​ថ្ងៃ​ធ្វើការ ដូចជា​ថ្ងៃ​បុណ្យ​ចំ​ថ្ងៃ​អាទិត្យ ខណៈ​បច្ចុប្បន្ន លោក​ថា​ភាគី​រដ្ឋាភិបាល​សន្យា​ថា​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រយោជន៍​កម្មករ​ទៀត​ទេ។

អំឡុង​ពេល​ដែល​ភាគី​ពាក់ព័ន្ធ​ប្រជុំ​ពិភាក្សា​ប្រាក់ឈ្នួល​អប្បបរមា​នោះ ក្រុម​កម្មករ​ដែល​កំពុង​បម្រើ​ការងារ​តាម​រោងចក្រ​នៅ​កម្ពុជា បាន​នាំគ្នា​ធ្វើ​យុទ្ធនាការ​លើក​បដា​ទាមទារ​ឲ្យ​ថៅកែ​ដំឡើង​ប្រាក់ឈ្នួល ១៥​ដុល្លារ​បន្ថែម​លើ​ប្រាក់ឈ្នួល​គោល ២០០​ដុល្លារ​នៅ​ឆ្នាំ​២០២៤ ខាងមុខ។

ការ​ទាមទារ​ដំឡើង​នេះ ដោយ​ពួកគេ​លើក​ហេតុផល​ថា ដើម្បី​បាន​ត្រឹមតែ​រស់​សមរម្យ និង​ដោះស្រាយ​បញ្ហា​ជីវភាព​ប្រចាំ​ថ្ងៃ​តែប៉ុណ្ណោះ ដោយ​មិនមែន​យក​ទៅ​ធ្វើ​មាន​ធ្វើ​បាន​នោះ​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស