31 C
Phnom Penh

រដ្ឋាភិបាល​យក​ថ្ងៃទី​២៦-ឧសភា-២០២៤ ជា​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​កម្ពុជា​សម្រេច​យក​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៤ ជា​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ សម្រាប់​អាណត្តិ​ទី​៤។

នាយករដ្ឋមន្ត្រី​របស់​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ចេញ​សេចក្តី​សម្រេច​កាលពី​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២៣ ឱ្យ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ រដ្ឋមន្ត្រី​មុខងារ​សាធារណៈ និង​ប្រធាន​ស្ថាប័ន​ពាក់ព័ន្ធ អនុវត្ត​នូវ​សេចក្តី​សម្រេច​ខាងលើ ដោយ​ការ​ទទួល​ខុសត្រូវ​ខ្ពស់ ដើម្បី​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដោយ​កំណត់​យក​ថ្ងៃ​អាទិត្យ ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៤ ជា​ការ​បោះឆ្នោត​លើក​ទី​៤ សម្រាប់​រដ្ឋាភិបាល​ថ្មី​នេះ។

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត-ក្រុង ស្រុក-ខណ្ឌ ធ្វើឡើង​ទៅ​តាម​អាណត្តិ​របស់​ខ្លួន​ដែល​មាន​រយៈពេល ៥​ឆ្នាំ​ម្តង ដែល​គេ​ហៅថា បោះឆ្នោត​អសកល ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក និង​ក្រុមប្រឹក្សា​ខណ្ឌ ដែល​មាន​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​ក្នុង​តំណែង​ជាង ១​ម៉ឺន​នាក់ (១១៦២២​នាក់) ស្ថិត​ក្នុង​ឃុំ-សង្កាត់​ជាង ១​ពាន់​ឃុំ-សង្កាត់ (១៦៥២​ឃុំ-សង្កាត់) នៅ​ទូទាំង​ប្រទេស​ជា​អង្គ​បោះឆ្នោត​នេះ។

កាលពី​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០១៩ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​ការ​កំណត់​ចំនួន​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក និង​ក្រុមប្រឹក្សា​ខណ្ឌ​ក្នុង​អាណត្តិ​ទី​៣ ថា​ចំនួន​សមាជិក​ប្រឹក្សា​រាជធានី​ខេត្ត មាន​ចំនួន ៥៥៩​នាក់ ខណៈ​សមាជិក​ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក និង​ក្រុមប្រឹក្សា​ខណ្ឌ មាន​ចំនួន​ជាង ៣​ពាន់​នាក់ (៣៥៥៥​នាក់) ក្នុង​នោះ​គឺ​មាន​រាជធានី-ខេត្ត​ចំនួន​២៥ ក្រុង​ចំនួន​២៧ ស្រុក​១៦២ ខណ្ឌ​១៤ ឃុំ​ជាង ១​ពាន់ (១៤០៥) សង្កាត់​២៤១ និង​ភូមិ​ជាង ១​ម៉ឺន​ភូមិ (១៤៣៩៤​ភូមិ) នៅ​ទូទាំង​ប្រទេស។

ទោះយ៉ាងណា​ក៏ដោយ ចំនួន​ស្រុក និង​ក្រុង បាន​កើន​ឡើង​បន្ថែម​បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​អនុក្រឹត្យ​បង្កើត​ក្រុង និង​ស្រុក​ក្នុង​ខេត្ត​ចំនួន​៣ បន្ថែម​ទៀត ដូចជា​ក្រុង​អរិយក្សត្រ និង​ក្រុង​សំពៅពូន ក្នុង​ខេត្ត​កណ្តាល ក្រុង​ឧដុង្គម៉ែជ័យ និង​ស្រុក​សាមគ្គីមានជ័យ ក្នុង​ខេត្ត​កំពង់ស្ពឺ ព្រមទាំង​ស្រុក​អូរគ្រៀងសែនជ័យ ក្នុង​ខេត្ត​ក្រចេះ ផង​ដែរ ខណៈ​សមាជិក​ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក៏​បាន​កើន​ឡើង​ដែរ ក្នុង​នោះ​ក្រុង​អរិយក្សត្រ មាន​សមាជិក​ក្រុមប្រឹក្សា ១៩​នាក់ ខណៈ​ក្រុង​សំពៅពូន ក៏​មាន​ចំនួន​សមាជិក​ក្រុមប្រឹក្សា ១៩​នាក់។

ចំណែក​ក្រុង​ឧដុង្គម៉ែជ័យ មាន​ចំនួន​សមាជិក​ក្រុមប្រឹក្សា ១៧​នាក់ និង​ស្រុក​សាមគ្គីមុនីជ័យ មាន​ចំនួន​សមាជិក​ក្រុមប្រឹក្សា ១៩​នាក់ រីឯ​ស្រុក​អូរគ្រៀងសែនជ័យ មាន​ចំនួន​សមាជិក​ក្រុមប្រឹក្សា ១៥​នាក់​ប៉ុណ្ណោះ ហើយ​ស្រុក​ក្រុង​ទាំង​៥ ដែល​ទើប​បំបែក​ថ្មី​ខាងលើ​នេះ ត្រូវ​បាន​រៀបចំ​ឱ្យ​មាន​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក​រួចរាល់​ហើយ​កាលពី​ដើម​ខែ​មេសា ឆ្នាំ​២០២៣ កន្លងទៅ។

ចាប់តាំងពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ មក កម្ពុជា​បាន​ទទួល​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដោយ​ការ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ និង​មន្ត្រី​នៅ​មូលដ្ឋាន​របស់​ខ្លួន ដូចជា​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ និង​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ជាដើម ដែល​មាន​អាណត្តិ ៥​ឆ្នាំ​ដូចៗ​គ្នា។

ប្រទេស​កម្ពុជា បោះឆ្នោត​ជា​អសកល​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក និង​ក្រុមប្រឹក្សា​ខណ្ឌ បាន ៣​ដង​រួច​មក​ហើយ ខណៈ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​បាន​ធ្វើឡើង ៧​អាណត្តិ ចំណែក​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា បាន​ធ្វើ​ឡើង​បាន ៣​ដង​ដែរ ចំណែក​ឯ​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ បាន​ធ្វើ​ឡើង ៦​ដង។

មន្ត្រី​សង្គម​ស៊ីវិល​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​លើកឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ពិត​មែន​តែ​កម្ពុជា​បាន​ឆ្លងកាត់​ការ​បោះឆ្នោត​អស់​ជាច្រើន​អាណត្តិ ប៉ុន្តែ​ការ​បោះឆ្នោត​ដែល​សហគមន៍​អន្តរជាតិ​ចាត់ទុក​ជា​ការ​បោះឆ្នោត​ដែល​ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ គឺ​មាន​តែ​ការ​បោះឆ្នោត​អាណត្តិ​ទី​១ នៅ​ឆ្នាំ​១៩៩៣ ដែល​រៀបចំ​ដោយ​អ៊ុនតាក់​ប៉ុណ្ណោះ ខណៈ​ការ​បោះឆ្នោត​ក្រោយៗ​មក​ទៀត ត្រូវ​រង​នូវ​ការ​រិះគន់​ថា​ជា​ការ​បោះឆ្នោត​ដែល​រង​នូវ​ការ​គំរាមកំហែង​ពី​សំណាក់​បក្ស​កាន់​អំណាច​គ្រប់​អាណត្តិ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស