31 C
Phnom Penh

រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ចាត់​វិធានការ​រឹត​បន្តឹង​ការ​ប្រមូល​ពន្ធ​២០​ប្រភេទ​ខុសៗ​គ្នា​យ៉ាង​ប្រញាប់​ប្រញាល់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​ក្បាល​ធំ​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត កំពុង​ចាត់​វិធានការ​រឹត​បន្តឹង​ការ​ប្រមូល​ពន្ធ​គ្រប់​ច្រកល្ហក ដែល​មាន ២០​ប្រភេទ​ខុសៗ​គ្នា​យ៉ាង​ប្រញាប់ប្រញាល់ ក្រោយពី​រដ្ឋាភិបាល​ត​ពូជ​ថ្មី​នេះ​ចាប់កំណើត​បាន​ត្រឹមតែ ៣៣​ថ្ងៃ​ប៉ុណ្ណោះ។

រដ្ឋាភិបាល​កម្ពុជា​បាន​អនុវត្ត​ការ​ប្រមូល​ពន្ធ​ពី​ពលរដ្ឋ​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ចំនួន ២០​ប្រភេទ​ខុសៗ​គ្នា ក្នុង​នោះ​រួម​មាន៖

  1. ពន្ធ​លើ​ប្រាក់ចំណូល​ចាប់ពី ៥% ទៅ ២០%
  2. ពន្ធ​លើ​ចំណេញ​មូលធន​ចំនួន ២០%
  3. ពន្ធ​លើ​អចលនទ្រព្យ ០,១%
  4. ពន្ធ​អាករ​បំភ្លឺ​សាធារណៈ ៣%
  5. ពន្ធ​មធ្យោបាយ​ដឹកជញ្ជូន​ដែល​ត្រូវ​កំណត់​តម្លៃ​តាម​ប្រភេទ​យានយន្ត
  6. ពន្ធ​ប្រថាប់ត្រា ៤%
  7. ពន្ធ​អាករ​ស្នាក់នៅ ២%
  8. ពន្ធ​លើ​ដីធ្លី​មិនទាន់​បាន​ប្រើប្រាស់ ២%
  9. ពន្ធ​លើ​ថ្លៃឈ្នួល​លើ​អចលនទ្រព្យ ១០%
  10. ពន្ធ​ប៉ាតង់ គឺ​ត្រូវ​កំណត់​តាម​ប្រភេទ​អាជីវកម្ម
  11. ពន្ធ​អាករ​លើ​តម្លៃ​បន្ថែម ១០%
  12. ពន្ធ​កាត់​ទុក ១៥%
  13. ពន្ធ​អប្បបរមា ១%
  14. ពន្ធ​លើ​ប្រាក់បៀវត្ស​ចាប់ពី ៥% ទៅ ២០%
  15. ពន្ធ​កាត់​ទុក​ពី​ការ​ចំណេញ​លើ​ការប្រាក់ ៦%
  16. ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំ​ឆ្នាំ​ចាប់ពី ០% ទៅ ៣០%
  17. ពន្ធ​ប្រថាប់ត្រា​មាន ៤% និង ១%
  18. ពន្ធ​កាត់​ទុក​មាន ១០% ១៥% និង ១៤%
  19. ពន្ធ​កាត់​ទុក​ពី​ការ​ផ្ញើ​ប្រាក់​គ្មាន​ដែន​កំណត់ ៤%
  20. និង​ពន្ធ​អាករ​ពិសេស​លើ​ទំនិញ និង​សេវា ១០% ផង​ដែរ។

កាលពី​ថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២៣ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​លោក គង់ វិបុល បាន​លើកឡើង​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​ពិសេស​មួយ​ស្តីអំពី​ផែនការ និង​យុទ្ធសាស្ត្រ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​កៀរគរ​ចំណូល​សម្រាប់​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ​ថា អគ្គនាយកដ្ឋាន​ពន្ធដារ​មាន​ផែនការ​សកម្មភាព​ជាក់លាក់​ក្នុង​ការ​ប្រមូល​ពន្ធ​ឱ្យ​បាន​តាម​ផែនការ​កំណត់​នៅ​ចុង​ឆ្នាំ​២០២៣ ដើម្បី​ផ្តល់​ជូន​តាម​តម្រូវការ​របស់​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ ដែល​ហៅថា​ផែនការ ១០០​ថ្ងៃ។

លោក គង់ វិបុល លើកឡើង​ថា អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​អនុវត្ត​ការ​ប្រមូល​ពន្ធ​ពី​ពលរដ្ឋ​បាន​ល្អ​ហើយ​នា​ពេល​កន្លងមក ប៉ុន្តែ​វិធានការ​ដែល​ខ្លួន​នឹង​ដាក់​ចេញ​បន្ថែម​ទៀត​នេះ គឺ​ដើម្បី​ពង្រឹង​ការ​ប្រមូល​ពន្ធ​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត ក្នុង​នោះ​គឺ​ពង្រឹង​លើ​ប្រាក់ចំណូល​ដែល​បាន​មកពី​ការ​នាំចូល​ភេសជ្ជៈ និង​ពង្រឹង​លើ​ការ​ប្រមូល​ពន្ធ​ខាង​វិស័យ​អចលនទ្រព្យ​ផង​ដែរ ជាពិសេស​គឺ​ការ​ប្រមូល​ពន្ធ​មូលធន​ដែល​នឹង​ត្រូវ​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០២៤ ខាងមុខ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត គី សេរីវឌ្ឍន៍ បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ក្នុង​ច្បាប់​បាន​ចែង​អំពី​ការ​លើកលែង​ពន្ធ​សម្រាប់​ការ​ទិញ​អចលនទ្រព្យ​ដែល​មាន​ទំហំ​ទឹកប្រាក់​ក្រោម ៧​ម៉ឺន​ដុល្លារ​អាមេរិក ប៉ុន្តែ​អគ្គនាយក​ពន្ធដារ​មិន​បាន​អនុវត្ត​ដូច​មាន​ចែង​ក្នុង​ច្បាប់​នោះ​ទេ គឺ​តែង​តម្រូវ​ឱ្យ​អ្នក​ទិញ​លក់​បង់​ពន្ធ​រហូត​មក។

លោក​បន្ថែម​ថា នេះ​ហើយ​ជា​វិធីសាស្ត្រ​ក្នុង​ការ​ប្រមូល​ពន្ធ​ឱ្យ​បាន​តាម​ផែនការ និង​លើស​ផែនការ​របស់​អគ្គនាយក​ពន្ធដារ​កន្លងមក។

បណ្ឌិត គី សេរីវឌ្ឍន៍ អះអាង​ថា ក្រៅពី​បញ្ហា​ទាំងនេះ ក៏​មាន​បញ្ហា​ផ្សេងៗ​ទៀត​ដែរ។ ជាក់ស្តែង វិបត្តិ​អចលនទ្រព្យ​នៅ​កម្ពុជា​បាន​កើត​ឡើង​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ហើយ​បញ្ហា​នេះ​ក៏​បណ្តាល​មកពី​ការ​បង់​ពន្ធ​ដែរ ដោយសារតែ​ខាង​អគ្គនាយកដ្ឋាន​ពន្ធដារ​មិន​បាន​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ដល់​ម្ចាស់​អាជីវកម្ម​អចលនទ្រព្យ ខណៈ​ម្ចាស់​អាជីវកម្ម​ទាំងនោះ​ក៏​មិន​បាន​សិក្សា​ស្វែងយល់​ពី​នីតិវិធី​ក្នុង​ការ​បង់​ពន្ធ​នេះ​ឱ្យ​បាន​ច្បាស់លាស់​ថែម​ទៀត។

បណ្ឌិត គី សេរីវឌ្ឍន៍ លើកឡើង​ថា កន្លងមក​មាន​ម្ចាស់​អាជីវកម្ម​អចលនទ្រព្យ​ខ្លះ​បាន​សាងសង់​ផ្ទះល្វែង ឬ​ខុនដូ ដោយ​គ្រាន់តែ​បង់​លុយ​ឱ្យ​ទៅ​មន្ត្រី​ពន្ធដារ​ខណ្ឌ​ដែល​បាន​ចុះ​ទៅ​ដល់​ទីតាំង​របស់​ពួកគេ​ប៉ុណ្ណោះ ខណៈ​មន្ត្រី​ពន្ធដារ​ខណ្ឌ​ទាំងនោះ​ក៏​មិន​ធ្វើ​របាយការណ៍​ជូន​ទៅ​អគ្គនាយក​ពន្ធដារ​ដែរ ហើយ​បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​ម្ចាស់​អាជីវកម្ម​យល់​ថា ពួកគាត់​បាន​បង់​លុយ​ទៅ​ខាង​ពន្ធដារ​រួច​ហើយ ទាំង​ដែល​គាត់​មិន​បាន​ដឹង​ថា មន្ត្រី​ពន្ធដារ​ខណ្ឌ​ទាំងអស់​នោះ​គ្មាន​សិទ្ធិ​ទារ​ពន្ធ​ពី​ម្ចាស់​អាជីវកម្ម​នោះ​ទេ។

អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​រូប​នេះ បញ្ជាក់​ថា នៅ​ពេល​ដែល​ម្ចាស់​អាជីវកម្ម​ទាំងនោះ​ចាប់ផ្តើម​លក់​អចលនទ្រព្យ​ដោយ​មិន​ដឹង​ថា​ខ្លួន​នៅ​ជាប់​ពន្ធ ដូចជា​ពន្ធ​លើ​ប្រាក់ចំណូល​ក្រុមហ៊ុន ពន្ធ​លើ​ប្រាក់​បៀវត្ស​បុគ្គលិក ពន្ធ​អាករ​លើ​តម្លៃ​បន្ថែម ពន្ធ​លើ​ឈ្នួល​អចលនទ្រព្យ ពន្ធ​អចលនទ្រព្យ ពន្ធ​ប្រថាប់ត្រា ពន្ធ​ប្រាក់ចំណេញ​មូលធន និង​ពន្ធ​លើ​ដីធ្លី​ដែល​ម្ចាស់​អាជីវកម្ម​បាន​ប្រើ ជាដើម។

លោក​បន្ថែម​ថា នៅ​ពេល​ដែល​រដ្ឋ​ចាប់ផ្តើម​ទូទាត់​ទារ​ពន្ធ​ទាំងនេះ​ហើយ ទើប​ម្ចាស់​អាជីវកម្ម​ភ្ញាក់​ខ្លួន ក្នុង​នោះ​ម្ចាស់​អាជីវកម្ម​ខ្លះ​ត្រូវ​បង់​ពន្ធ​លើស​ចំណូល​ដែល​ខ្លួន​ទទួល​បាន​ពី​ការ​លក់​អចលនទ្រព្យ​នោះ​ថែម​ទៀត ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​អាជីវកម្ម​របស់​ពួកគេ​ក្ស័យធន​រហូត​ដួល​រលំ​តែម្តង។

ទាក់ទិន​នឹង​បញ្ហា​នេះ នាយក​វិទ្យុ អេប៊ីស៊ី ដែល​គេ​ស្គាល់​ថា​ឈ្មោះ អាចារ្យអេ បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា លោក​មិន​បាន​ដឹង​ថា វិទ្យុ ABC របស់​លោក​ដែល​បាន​ប្រតិបត្តិការ​ប្រមាណ ១០​ឆ្នាំ​មក​នេះ​ជាប់​ពន្ធ​ដល់​ទៅ​ជាង ៤​ម៉ឺន​ដុល្លារ​អាមេរិក​នោះ​ទេ ហើយ​មន្ត្រី​ពន្ធដារ​ក៏​កំពុង​ធ្វើ​ទុក្ខបុកម្នេញ​លើ​ដំណើរការ​ផ្សាយ​របស់​វិទ្យុ អេប៊ីស៊ី របស់​លោក​ដែរ​នៅ​ពេលនេះ។

លោក អាចារ្យអេ លើកឡើង​ថា វិទ្យុ ABC គឺជា​គ្នា​ឯង​ផង ខាង​អគ្គនាយកដ្ឋាន​ពន្ធដារ​ធ្វើ​បែប​នេះ​ទៅ​ហើយ ចុះ​ទម្រាំ​មិនមែន​គ្នា​ឯង​ទៀត តើ​អគ្គនាយកដ្ឋាន​ពន្ធដារ​ធ្វើ​បែប​ណា​ទៅ?

ចំណែក​លោក ប៉ា ចន្ទរឿន សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ កញ្ញា នេះ​ថា ប្រទេស​ស្វីស គឺជា​ប្រទេស​ដែល​យក​ពន្ធ​គ្រប់​មុខ​ដូច​ប្រទេស​ដទៃ​ដែរ ដូចជា ពន្ធ​លើ​ប្រាក់​បៀវត្ស ពន្ធ​អចលនទ្រព្យ ពន្ធ​យានយន្ត និង​ពន្ធ​អាជីវកម្ម ជាដើម ប៉ុន្តែ​ជា​ការ​ឆ្លើយតប​នឹង​ការ​ប្រមូល​ពន្ធ​នេះ រដ្ឋាភិបាល​ស្វីស បាន​ផ្តល់​ជូន​ពលរដ្ឋ​ត្រឡប់​មក​វិញ​នូវ​ផ្លូវថ្នល់​ស្អាត​គ្រប់​ទីកន្លែង សន្តិសុខ សុវត្ថិភាព​ពេញលេញ ផ្តល់​សេវា​សុខភាព​មាន​គុណភាព ផ្តល់​កន្លែង​ស្នាក់នៅ ថវិកា អាហារ និង​ការ​រៀនសូត្រ​ដល់​អ្នក​ក្រីក្រ ព្រមទាំង​ជួយ​ឧបត្ថម្ភ​បង្គ្រប់​ជីវភាព​សម្រាប់​គ្រួសារ​ដែល​មាន​ចំណូល​ទាប​ជាង​ស្តង់ដារ​ផង​ដែរ។

ជាង​នេះ​ទៅ​ទៀត រដ្ឋាភិបាល​នៃ​ប្រទេស​ស្វីស ក៏​បាន​ផ្តល់​ប្រាក់​ចិញ្ចឹម​កូន​ប្រមាណ ៤០០​ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​កូន​ម្នាក់​ក្នុង​រយៈពេល ១៨​ឆ្នាំ ផ្តល់​នូវ​សង្គម​មួយ​ដែល​គ្មាន​ការ​រំលោភ​បំពាន គ្មាន​ហិង្សា និង​ការពារ​ពលរដ្ឋ​ខ្លួន​ពេញលេញ។ លើស​ពី​នេះ ពលរដ្ឋ​ដែល​បាត់បង់​ការងារ រដ្ឋ​មាន​កាតព្វកិច្ច​ផ្តល់​ប្រាក់​បៀវត្ស​ប្រមាណ ៧០% នៃ​ប្រាក់ខែ​ចុងក្រោយ​របស់​ពួកគេ​សម្រាប់​រយៈពេល ១៨ ទៅ ២៤​ខែ និង​បណ្តុះបណ្តាល​លើ​ជំនាញ​ដែល​ខ្វះខាត​ឲ្យ​ដោយ​ឥត​គិត​ថ្លៃ​ថែម​ទៀត។ ដោយឡែក​ពេល​ចូល​និវត្តន៍ ពលរដ្ឋ​អាច​ទទួល​បាន​ប្រាក់​សោធន​ដោយ​ទៀងទាត់ ទោះជា​ពួកគេ​ចាកចេញ​ពី​ប្រទេស​ស្វីស ទៅ​រស់នៅ​ប្រទេស​ដទៃ​ក៏ដោយ ប៉ុន្តែ​នៅ​ពេល​ដែល​ពួកគេ​ត្រឡប់​មក​វិញ រដ្ឋាភិបាល​ស្វីស មាន​កាតព្វកិច្ច​រ៉ាប់រង​ក្នុង​ការ​ចិញ្ចឹម​ពួកគេ​ដូច​មុន​ដដែល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស