29.3 C
Phnom Penh

កូរ៉េខាងជើង​បញ្ជា​ឱ្យ​ផលិត​អាវុធ​នុយក្លេអ៊ែរ​ថែម​ទៀត​ក្រោយពី​អាវុធ​នេះ​ដាក់​ចូល​ក្នុង​រដ្ឋធម្មនុញ្ញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​កូរ៉េខាងជើង ដែល​គេ​ហៅថា​ជា​មេដឹកនាំ​នៃ​ត្រកូល​សន្តតិវង្ស​កាន់​អំណាច​ត​ពី​ឪពុក ពី​ជីតា​របស់​ខ្លួន បាន​ចេញ​បទបញ្ជា​ទៅ​កាន់​បក្ស​ពលករ ឬ​បក្ស​កុម្មុយនីស្ត​ឱ្យ​ខិតខំ​ផលិត​អាវុធ​នុយក្លេអ៊ែរ​ឱ្យ​កាន់​តែ​មាន​ចំនួន​ច្រើន​ឡើង។

ទីភ្នាក់ងារ​សារព័ត៌មាន​មជ្ឈិម​បក្ស​កូរ៉េ KCNA បាន​រាយការណ៍​មក​ថា ការ​ចេញ​បទបញ្ជា​របស់​លោក គីម ជុងអ៊ុន ធ្វើឡើង​រយៈពេល ២​ថ្ងៃ​ក្រោយ​ពេល​សភា​របស់​ប្រទេស​ផ្ដាច់ការ​មួយ​នេះ​អនុម័ត​បញ្ចូល​ឋានៈ​ប្រទេស​ជា​មហាអំណាច​អាវុធ​នុយក្លេអ៊ែរ​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ជា​ផ្លូវការ។

លោក គីម ជុងអ៊ុន បាន​ហៅ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង គឺជា​ឧបករណ៍​មួយ​ដើរ​តួនាទី​យ៉ាង​សំខាន់​ប្រឈមមុខ​នឹង​មហាអំណាច​អាមេរិក ដែល​ជា​ប្រទេស​នុយក្លេអ៊ែរ​ធំ​បំផុត​មួយ​ដែរ​នៅ​លើ​ពិភពលោក។

លោក ជុងអ៊ុន បាន​និយាយ​ថា គោលនយោបាយ​កសាង​កង​កម្លាំង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ត្រូវ​បាន​បញ្ចូល​ជា​អចិន្ត្រៃយ៍​ជា​មូលដ្ឋាន​ច្បាប់​របស់​រដ្ឋ ដែល​គ្មាន​នរណា​ម្នាក់​អាច​ល្មើស ឬ​បំពាន​បាន​ឡើយ។

មេដឹកនាំ​របប​នៅ​ក្រុង​ព្យុងយ៉ាង បាន​ធ្វើការ​កត់សម្គាល់​បែប​នេះ​នៅ​ឯ​កិច្ចប្រជុំ​នៃ​សភា​ប្រជាជន​ជាន់ខ្ពស់​កាលពី​ថ្ងៃ​អង្គារ ក្នុង​សប្ដាហ៍​នេះ។ លោក គីម ក៏​បាន​បរិហារ​សហរដ្ឋ​អាមេរិក កូរ៉េខាងត្បូង និង​ជប៉ុន ដែល​លោក​ថា​បាន​បង្កើត​សម្ព័ន្ធភាព​យោធា​ត្រីភាគី ហើយ​ជា​លទ្ធផល​ចុងក្រោយ អ្វី​ដែល​បាន​លេច​ចេញ​ជា​រូបរាង​នោះ គឺ​អង្គការ NATO ក្នុង​តំបន់​អាស៊ី​ដ៏​គ្រោះថ្នាក់​បំផុត។

តែ​យ៉ាងណា​នេះ​ក្ដី ការ​ដែល​របប​កុម្មុយនីស្ត​នៅ​កូរ៉េខាងជើង បាន​សម្រេច​ហៅ​ប្រទេស​ខ្លួនឯង​ជា​មហាអំណាច​នុយក្លេអ៊ែរ ធ្វើឡើង​បន្ទាប់ពី​លោក ជុងអ៊ុន ត្រឡប់​ពី​ជួប​ប្រធានាធិបតី​រុស្ស៊ី វ្លាឌីមៀ ពូទីន ហើយ​អំឡុង​នៅ​លើ​ទឹកដី​ប្រទេស​រុស្ស៊ី លោក ជុងអ៊ុន បាន​ទៅ​ពិនិត្យ​មើល​រោងចក្រ​អាវុធ​នុយក្លេអ៊ែរ​របស់​រុស្ស៊ី​ទៀត​ផង​ដែរ។

ក្នុង​ជំនួប​នោះ លោក ពូទីន បាន​លើក​ទឹកចិត្ត​ឱ្យ​កូរ៉េខាងជើង​ឱ្យ​ព្យាយាម​ផលិត​រ៉ុក្កែត​បាញ់​ផ្កាយរណប​ទៅ​លើ​គន្លង​អវកាស ដោយ​រុស្ស៊ី​ជា​អ្នក​ជួយ​បច្ចេកទេស។ នៅ​ពេល​ទៅ​ពិនិត្យ​ទីតាំង​ផលិត​អាវុធ​នុយក្លេអ៊ែរ លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី ហ្សេហ្គេ សយស្គូ ដែល​អម​ដំណើរ​លោក គីម ជុងអ៊ុន លោក សយស្គូ ក៏​បាន​សន្យា​ជួយ​កូរ៉េខាងជើង​បន្ថែម​ទៀត​នូវ​ការ​កែច្នៃ​អាវុធ​នេះ បើ​ក្រុង​ព្យុងយ៉ាង ត្រូវការ​ជំនួយ​ពី​ក្រុង​មូស្គូ។

ទាំង​សហរដ្ឋ​អាមេរិក កូរ៉េខាងត្បូង និង​ជប៉ុន បាន​ថ្កោលទោស​របប​នៅ​ក្រុង​ព្យុងយ៉ាង ដែល​ដាក់​អាវុធ​នុយក្លេអ៊ែរ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន។

ថ្លែង​ទៅ​កាន់​អង្គ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី​៧៨ កាលពី​ថ្ងៃទី​១៩ កញ្ញា លោក អង់តូនីញូ ហ្គូតារ៉េ អគ្គលេខាធិការ​របស់​អង្គការ​ពិភពលោក​នេះ​បាន​ដាក់​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​ថា ពិភពលោក​អាច​អស់​លទ្ធភាព​ក្នុង​ការ​កាត់បន្ថយ​ការ​សាយភាយ និង​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ​ហើយ ពីព្រោះ​ប្រទេស​ដែល​មាន​សមត្ថភាព​ផលិត​អាវុធ​ប្រល័យ​លោក​នេះ​កាន់តែ​បន្ថែម​ការ​ផលិត​អាវុធ​នេះ​ច្រើន​ថែម​ទៀត។ មិន​តែប៉ុណ្ណោះ លោក​ព្រមាន​ថា មាន​ការ​គំរាម​បង្ក​សង្គ្រាម​ដោយ​ប្រើ​អាវុធ​នេះ​កាន់តែ​ខ្លាំងក្លា​ឡើងៗ​ហើយ។

កូរ៉េខាងជើង​បាន​ធ្វើ​តេស្ដ​អាវុធ​នុយក្លេអ៊ែរ​ចំនួន ៦​លើក​រួច​មក​ហើយ​ចាប់តាំងពី​ឆ្នាំ​២០០៦ ហើយ​កាលពី​ឆ្នាំ​២០២២ កន្លង​ទៅ សភា​កូរ៉េខាងជើង​បាន​អនុម័ត​នូវ​ច្បាប់​មួយ​ដោយ​ប្រកាស​ទទួលស្គាល់​ដោយ​ខ្លួនឯង​ថា​កូរ៉េខាងជើង​ជា​រដ្ឋ​មាន​អាវុធ​នុយក្លេអ៊ែរ ដែល​លោក គីម ជុងអ៊ុន និយាយ​ថា ប្រទេស​របស់​លោក​ពិត​ជា​មាន​អាវុធ​ប្រភេទ​នេះ។ តែ​បើ​យោង​តាម​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ គឺ​ច្បាប់​កំពូល​របស់​ប្រទេស​នេះ​បាន​អនុញ្ញាត​ឱ្យ​កងទ័ព​របស់​ខ្លួន​បើក​ការ​វាយប្រហារ​ដោយ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​នៅ​ក្នុង​ករណី​ចាំបាច់។

រយៈពេល​ចុងក្រោយ​នេះ កូរ៉េខាងជើង​បាន​បាញ់​មីស៊ីល​ជាច្រើន​លើក ស្រប​ពេល​ក្រុង​ព្យុងយ៉ាង មាន​ភាព​តានតឹង​ជាមួយ​កូរ៉េខាងត្បូង និង​សហរដ្ឋ​អាមេរិក កំពុង​កើន​ឡើង ដែល​នាំ​ឱ្យ​មាន​ការ​ព្រួយបារម្ភ​ថា កូរ៉េខាងជើង​អាច​នឹង​ធ្វើ​តេស្ដ​អាវុធ​នុយក្លេអ៊ែរ​សាជាថ្មី​ក្រោយពី​សភា​ប្រទេស​នេះ​អនុម័ត​អាវុធ​នុយក្លេអ៊ែរ​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ។

អាវុធ​នុយក្លេអ៊ែរ គឺជា​ឧបករណ៍​បំផ្ទុះ​ដ៏​ធំ​បំផុត ហើយ​ពិភពលោក​ក៏​ចាត់ទុក​ថា​ជា​អាវុធ​ដ៏​សាហាវ​បំផុត ឬ​អាច​ហៅថា​ជា​អាវុធ​ប្រល័យ​លោក។ បច្ចុប្បន្ន​នេះ ប្រទេស​ដែល​មាន​សមត្ថភាព​ផលិត​អាវុធ​នេះ គឺ​មាន ៩​ប្រទេស៖

  1. រុស្ស៊ី មាន​អាវុធ​នុយក្លេអ៊ែរ​ចំនួន ៦២៥៧​គ្រាប់
  2. សហរដ្ឋ​អាមេរិក មាន​អាវុធ​នុយក្លេអ៊ែរ​ចំនួន ៥៥៥០​គ្រាប់
  3. ចិន មាន​អាវុធ​នុយក្លេអ៊ែរ​ចំនួន ៣៥០​គ្រាប់
  4. បារាំង មាន​អាវុធ​នុយក្លេអ៊ែរ ២៩០​គ្រាប់
  5. ចក្រភព​អង់គ្លេស មាន​អាវុធ​នុយក្លេអ៊ែរ ២២៥​គ្រាប់
  6. ប៉ាគីស្ថាន មាន​អាវុធ​នុយក្លេអ៊ែរ ១៦៥​គ្រាប់
  7. ឥណ្ឌា មាន​អាវុធ​នុយក្លេអ៊ែរ ១៥៦​គ្រាប់
  8. អ៊ីស្រាអែល មាន​អាវុធ​នុយក្លេអ៊ែរ ៩០​គ្រាប់
  9. កូរ៉េខាងជើង មាន​អាវុធ​នុយក្លេអ៊ែរ ៤០-៥០​គ្រាប់។

សរុប​មក ចំនួន​អាវុធ​នុយក្លេអ៊ែរ​នៅ​លើ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​មាន​ប្រហែល ១៣១៣៣​គ្រាប់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស