41.3 C
Phnom Penh

លោក ពូទីន ព្រមាន​បញ្ឆេះ​សង្គ្រាម​នុយក្លេអ៊ែរ ប្រសិនបើ​រុស្ស៊ី​រង​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​បំផុត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ សង្គ្រាម​វោហារសាស្ត្រ​ពី​មេដឹកនាំ​វិមាន​ក្រឹមឡាំង និង​ក្រុម​បស្ចិម​ប្រទេស​កាន់តែ​ឡើង​កម្ដៅ​ខ្លាំង​ឡើង រហូត​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ជា​បុរស​ខ្លាំង​បំផុត​នៅ​វិមាន​ក្រឹមឡាំង ចេញ​សារ​គំរាម​ញឹកញាប់​អំពី​ការ​អាច​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ ឬ​អាវុធ​ប្រល័យ​លោក​ដ៏​រង្គាល។

នៅ​ក្នុង​សប្ដាហ៍​នេះ​ទៀត លោក វ្ល៉ាឌីមៀរ ពូទីន បាន​ប្រកាស​ថា ប្រទេស​រុស្ស៊ី បន្ត​ស្ថិត​ក្នុង​ស្ថានភាព​ត្រៀម​ប្រយុទ្ធ​ជានិច្ច ហើយ​ត្រៀម​លក្ខណៈ​ពេញលេញ​ទាំងស្រុង​ក្នុង​ការ​បញ្ឆេះ​សង្គ្រាម​នុយក្លេអ៊ែរ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ចុះ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែ​មីនា នេះ។

ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ រ៉ូស្ស៊ីយ៉ា​១ លោក ពូទីន ដែល​បាន​បញ្ជា​មាន​សង្គ្រាម​ឈ្លានពាន​លើ​ប្រទេស​អ៊ុយក្រែន តាំងពី​ខែ​កុម្ភៈ ឆ្នាំ​២០២២ បាន​និយាយ​ថា រុស្ស៊ី​បាន​ត្រៀម​រួចរាល់​ដើម្បី​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ ប្រសិនបើ​អធិបតេយ្យ​ជាតិ​របស់​ខ្លួន​រង​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​បំផុត។

មេដឹកនាំ​រុស្ស៊ី​រូប​នេះ​បាន​បញ្ជាក់​ថា បើ​ទោះជា​សព្វថ្ងៃ​នេះ​ស្ថានភាព​មិន​សំដៅ​ទៅ​រក​ការ​ប្រឈមមុខ​គ្នា​នៃ​សង្គ្រាម​នុយក្លេអ៊ែរ​ពិត​មែន ក៏ប៉ុន្តែ​ប្រទេស​របស់​លោក​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​ហើយ។

លោក ពូទីន បាន​ព្រមាន​ចំៗ​ផ្ទាល់​ទៅ​លើ​សហរដ្ឋ​អាមេរិក ដែល​ថា​សង្គ្រាម​នុយក្លេអ៊ែរ វា​អាច​ផ្ទុះ​បាន ប្រសិនបើ​កងទ័ព​សហរដ្ឋ​អាមេរិក​មាន​វត្តមាន​នៅ​លើ​ទឹកដី​អ៊ុយក្រែន។

សេចក្ដី​ថ្លែងការណ៍​របស់​លោក ពូទីន គឺជា​ប្រតិកម្ម​ចុងក្រោយ​មួយ​ទៀត​ជា​ការ​ឆ្លើយតប​ចំពោះ​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​បស្ចិម​ប្រទេស ដែល​ថា​មាន​ប្រទេស​មួយ​ចំនួន​នៃ​សមាជិក​ណាតូ ចង់​បញ្ជូន​ទ័ព​របស់​ពួកគេ​ទៅ​អ៊ុយក្រែន ក្នុង​គោលដៅ​ជា​ទ័ព​ជំនួយការ​របស់​កងទ័ព​អ៊ុយក្រែន ហើយ​បន្ថែម​លើស​ពី​នេះ ប្រធានាធិបតី​បារាំង ក៏​បាន​បង្ហើប​ពី​លទ្ធភាព​ដែល​អាច​បញ្ជូន​ទ័ព​បស្ចិម​ប្រទេស​ទៅ​អ៊ុយក្រែន ក្នុង​កម្រិត​ណា​មួយ​ដែល​មិនមែន​ទ័ព​ប្រយុទ្ធ។

ការ​ថ្លែង​របស់​មេដឹកនាំ​បារាំង Emmanuel Macron ដែល​ធ្វើឡើង​នៅ​ចំពោះ​មុខ​មេដឹកនាំ​អឺរ៉ុប ២០​ប្រទេស​ក្នុង​វេទិកា​មួយ​កាលពី​ថ្ងៃទី​២៦ កុម្ភៈ នៅ​ទីក្រុង​ប៉ារីស ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​ព្រមាន​រុស្ស៊ី ថា​បើ​អ៊ុយក្រែន ធ្លាក់​ដល់​ដំណាក់កាល​ជិត​ធ្លាក់​ក្នុង​ដៃ​រុស្ស៊ី គឺ​ក្រុម​ណាតូ​អាច​បញ្ជូន​ទ័ព​ទៅ​ប្រទេស​អ៊ុយក្រែន ហើយ​ជា​ការ​ស្រប​នឹង​ការ​ព្រមាន​របស់​លោក​ប្រធានាធិបតី​បារាំង ដែល​ថា​ក្រុម​បស្ចិម​ប្រទេស នឹង​មិន​បណ្ដោយ​ឱ្យ​រុស្ស៊ី ឈ្នះ​អ៊ុយក្រែន ដាច់ខាត។ ប្រការ​នេះ​ហើយ​ដែល​ក្រុម​មេដឹកនាំ​វិមាន​ក្រឹមឡាំង ផ្ទុះ​ប្រតិកម្ម​គំរាម​បញ្ឆេះ​សង្គ្រាម​នុយក្លេអ៊ែរ។

តែ​ជាមួយ​នឹង​ការ​គំរាម​ពី​មេដឹកនាំ​វិមាន​ក្រឹមឡាំង ក្រុម​ចារកម្ម​អាមេរិក CIA បាន​ធ្វើការ​វាយតម្លៃ​ថា ទោះជា​មាន​ការ​គំរាម​បង្ក​សង្គ្រាម​នុយក្លេអ៊ែរ​ពី​មេដឹកនាំ​រុស្ស៊ី​ក៏ដោយ តែ​មើល​ទៅ រុស្ស៊ី​ហ៊ាន​បញ្ឆេះ​សង្គ្រាម​នុយក្លេអ៊ែរ ប្រហែលជា ៥០​ភាគរយ​ប៉ុណ្ណោះ ព្រោះ​ថា​អាវុធ​នុយក្លេអ៊ែរ​មិន​មាន​តែ​រុស្ស៊ី​នោះ​ទេ គឺ​ក្រុម​ណាតូ​ក៏​មាន​ផង​ដែរ។

រុស្ស៊ី​មាន​អាវុធ​នុយក្លេអ៊ែរ​ដែល​គេ​ថា​អាវុធ​ប្រល័យ​លោក​ដ៏​ប្រល័យ​នេះ​មាន​រហូត​ជិត ៦០០០​គ្រាប់ សហរដ្ឋ​អាមេរិក មាន ៥៥៥០​គ្រាប់ បារាំង​មាន ២៨០​គ្រាប់ និង​អង់គ្លេស មាន ២២៥​គ្រាប់។

សហរដ្ឋ​អាមេរិក បាន​ដាក់​ពង្រាយ​ក្បាលគ្រាប់​នុយក្លេអ៊ែរ​នៅ​អឺរ៉ុប មាន​ប្រទេស​តួកគី អ៊ីតាលី ហុឡង់ដ៍ អាល្លឺម៉ង់ និង​បែលហ្ស៊ិក។ តែ​ទោះជា​យ៉ាង​នេះ​ក្ដី លោក ពូទីន អួត​ថា គ្រាប់​នុយក្លេអ៊ែរ​របស់​រុស្ស៊ី មាន​អានុភាព​ខ្លាំង​ជាង​ប្រទេស​ណា​ទាំងអស់ រាប់​ទាំង​សហរដ្ឋ​អាមេរិក​ផង​ដែរ។

លោក វ្ល៉ាឌីមៀរ ពូទីន បាន​និយាយ​ថា អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​រុស្ស៊ី មាន​ទាំង​ប្រភេទ​បាញ់​ចេញពី​ដី​គោក​ទៅ​ផ្ទៃសមុទ្រ និង​ពី​អាកាស គឺ​ខ្លាំង​ហើយ​ទំនើប។ លោក ពូទីន បាន​បញ្ជាក់​ថា នុយក្លេអ៊ែរ Nuclear Triad របស់​រុស្ស៊ី ទំនើប​ជាង​នុយក្លេអ៊ែរ​ប្រទេស​ដទៃ​ឆ្ងាយ​ណាស់។

អំឡុង​សង្គ្រាម​ជាង ២​ឆ្នាំ​មក​នេះ​នៅ​អ៊ុយក្រែន វិមាន​ក្រឹមឡាំង​ធ្លាប់​បាន​លើកឡើង​អំពី​អំណាច​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ម្តង​ហើយ​ម្តង​ទៀត ហើយ​កាលពី​ខែ​កុម្ភៈ កន្លង​ទៅ ទីក្រុង​មូស្គូ ទើប​តែ​បាន​ព្រមាន​ក្រុម​លោក​ខាងលិច​ថា វា​មាន​ហានិភ័យ​យ៉ាង​ពិតប្រាកដ​ពី​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ ប្រសិនបើ​ពួកគេ​ហ៊ាន​បង្កើន​ស្ថានភាព​ជម្លោះ​ឱ្យ​កាន់តែ​តានតឹង​ខ្លាំង​ថែម​ទៀត ប៉ុន្តែ​សារ​របស់​លោក ពូទីន ចុងក្រោយ បាន​ប្រាប់​ទៅ​ក្រុម​បស្ចិម​ប្រទេស​ថា ទោះបី​ទៅ​ថ្ងៃ​ខាងមុខ​មាន​ការ​បញ្ជូន​កងទ័ព​ជួយ​អ៊ុយក្រែន ដោយ​ផ្ទាល់​ក៏ដោយ វា​នឹង​ពុំ​អាច​ផ្លាស់ប្ដូរ​ស្ថានការណ៍​លើ​សមរភូមិ​បាន​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស