38 C
Phnom Penh

ហ្វីលីពីន​បញ្ជា​ឱ្យ​កងទ័ព​ការពារ​ដែនទឹក​របស់​ខ្លួន ខណៈ​ភាព​តានតឹង​ជាមួយ​ចិន​កាន់តែ​កើន​ឡើង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ប្រធានាធិបតី Ferdinand Marcos Jr បាន​និយាយ​នៅ​ថ្ងៃ​សុក្រ ទី​២៩ កញ្ញា ថា ហ្វីលីពីន​ត្រូវ​ពង្រឹង​ការ​ការពារ​ទឹកដី ក៏ដូចជា​សិទ្ធិ​នៃ​អ្នក​នេសាទ​របស់​ខ្លួន ក្នុង​ក្របខ័ណ្ឌ​ដែល​បាន​កំណត់​ដោយ​ច្បាប់​សមុទ្រ​អន្តរជាតិ ដែល​លោក​ថា ហ្វីលីពីន​មិន​មាន​បំណង​បង្ក​បញ្ហា​នោះ​ទេ។

ការ​ថ្លែង​របស់​ប្រធានាធិបតី​ហ្វីលីពីន ចំ​ពេល​ដែល​មាន​ការ​ប្រឈមមុខ​ដាក់​គ្នា​កាន់តែ​ខ្លាំង​ជាមួយ​ចិន ជុំវិញ​សកម្មភាព​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង។

សារព័ត៌មាន​បារាំង AFP នៅ​ថ្ងៃ​សុក្រ ទី​២៩ ខែ​កញ្ញា បាន​ឱ្យ​ដឹង​ថា ឆ្មាំ​សមុទ្រ​ហ្វីលីពីន​ក្នុង​សប្តាហ៍​នេះ​បាន​រុះរើ​របាំង​បណ្តែត​ទឹក​ប្រវែង ៣០០​ម៉ែត្រ ដែល​ចិន​បាន​ដាក់​នៅ​តំបន់​ថ្ម​ប៉ប្រះ​ទឹក Scarborough ក្នុង​ដែនទឹក​របស់​ហ្វីលីពីន។

ក្នុង​សុន្ទរកថា​លើកដំបូង​ក្រោយ​ផ្ទុះ​ភាព​តានតឹង​នា​ពេល​ថ្មីៗ​នេះ លោក ម៉ាកូស បាន​និយាយ​ថា ហ្វីលីពីន​កំពុង​រក្សា​សិទ្ធិ​លើ​ការ​នេសាទ​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្ដាច់មុខ​របស់​ខ្លួន។ លោក​បញ្ជាក់​ថា អ្វី​ដែល​ក្រុង​ម៉ានីល នឹង​ធ្វើ គឺ​បន្ត​ការពារ​ជាតិ ដែនសមុទ្រ​ហ្វីលីពីន សិទ្ធិ​នៃ​អ្នក​នេសាទ​ក្នុង​ការ​នេសាទ​ត្រី​នៅ​ក្នុង​តំបន់​ដែល​ពួកគេ​មាន​ទំនាស់​រាប់​រយ​ឆ្នាំ​មក​ហើយ ដែល​នេះ​ជា​បុព្វហេតុ​ត្រូវ​ការពារ។

ក្រោយពី​មាន​ការ​រុះរើ​របាំង​បណ្តែត​ទឹក​នោះ​ចេញ ឆ្មាំ​ឆ្នេរសមុទ្រ​ចិន​បាន​ប្រាប់​ហ្វីលីពីន កុំ​ឲ្យ​បង្ក​បញ្ហា តែ​សម្រាប់​សហរដ្ឋ​អាមេរិក​ដែល​ជា​សម្ព័ន្ធភាព​នឹង​ហ្វីលីពីន បាន​កោត​សរសើរ​ហ្វីលីពីន​ថា​មាន​ភាព​ក្លាហាន ដែល​ថា​ក្រុង​ម៉ានីល​ធ្វើ​ដូចនេះ ព្រោះ​ជា​ការ​អនុវត្ត​សន្ធិសញ្ញា ដើម្បី​ការពារ​អតីត​ដែនទឹក​របស់​ខ្លួន​ស្ថិត​ក្រោម​ច្បាប់​អន្តរជាតិ។

មន្ត្រី​ជាន់ខ្ពស់​ម្នាក់​មក​ពី​ក្រសួង​ការពារ​ជាតិ​អាមេរិក បាន​និយាយ​ថា ការ​សម្រេច​ចិត្ត​របស់​ហ្វីលីពីន ក្នុង​ការ​ដក​របាំង​បណ្ដែត​ទឹក​របស់​ចិន ចេញពី​តំបន់​វិវាទ​ថ្ម​ប៉ប្រះ​ទឹក Scarborough នៅ​សមុទ្រ​ចិន​ខាងត្បូង គឺជា​ភាព​អង់អាច​ក្លាហាន​ដើម្បី​ការពារ​អធិបតេយ្យ​របស់​ខ្លួនឯង។

ឧបការី​រង​នៃ​ក្រសួង​ការពារ​ជាតិ​អាមេរិក ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​ខាងត្បូង និង​អាស៊ី​អាគ្នេយ៍ អ្នកស្រី Lindsey Ford បាន​កោត​សរសើរ​យ៉ាង​ខ្លាំង​ដល់​ហ្វីលីពីន អំឡុង​ការ​ផ្ដល់​សក្ខីកម្ម​មួយ​នៅ​ឯ​សភា​អាមេរិក​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែ​កញ្ញា នេះ ជាមួយ​ការ​បញ្ជាក់​ឡើងវិញ​ផង​ដែរ​អំពី​ការ​ប្ដេជ្ញាចិត្ត​របស់​អាមេរិក​ចំពោះ​សន្តិសុខ​នៃ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ក្នុង​តំបន់​អាស៊ី។

ជម្លោះ​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង​រវាង​ហ្វីលីពីន និង​ចិន កំពុង​ទាញ​ទៅ​រក​ការ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ ប្រសិនបើ​ប្រទេស​ទាំង​ពីរ​នេះ​ពុំ​អាច​ដកថយ​ជំហរ​មានះ​រៀងៗ​ខ្លួន។ ហ្វីលីពីន​បាន​បញ្ជូន​នាវា​ល្បាត​ដែល​បំពាក់​ដោយ​កាំភ្លើងយន្ត ទៅ​រុះរើ​និង​រឹបអូស​សំណង់​បារ៉ាស់​របស់​ចិន​ប្រវែង ៣០០​ម៉ែត្រ ដែល​ចិន​បាន​ដាក់​នៅ​លើ​ផ្ទៃ​ទឹក​នៅ​តំបន់​ខ្សែទឹក​ដែល​ហ្វីលីពីន​ចាត់ទុក​ជា​ដែនទឹក​របស់​ខ្លួន។

អ្នក​នាំពាក្យ​អង្គភាព​ឆ្មាំ​សមុទ្រ​របស់​ហ្វីលីពីន Jay Tarriela និយាយ​ថា ចិន​បាន​ពង្រាយ​នាវា​ល្បាត​ចំនួន ៤​គ្រឿង ដែល​នាវា​នោះ​ពង្រាយ​របាំង​បារ៉ាស់​បណ្ដែត​ទឹក​នោះ​នៅ​ក្បែរ​នាវាចម្បាំង​របស់​ហ្វីលីពីន ដែល​ត្រូវ​បាន​រឹបអូស។

អ្នក​នាំពាក្យ​នៃ​អង្គភាព​ឆ្មាំ​សមុទ្រ​ហ្វីលីពីន ថា​ការ​រឹបអូស​បារ៉ាស់​របស់​ចិន គឺជា​ការ​បង្ហាញ​ប្រាប់​ពិភពលោក​ថា ហ្វីលីពីន​មិន​លុតជង្គង់​ឱនក្បាល​នឹង​ការ​គំរាម​របស់​ចិន​ដាច់ខាត ហើយ​នាវា​ល្បាត និង​ទូក​នេសាទ​របស់​ហ្វីលីពីន ដាច់ខាត​មិន​ដក​ចេញពី​ទីតាំង​នោះ​ឡើយ។

តំបន់​ដែនទឹក Scarborough នេះ ស្ថិត​នៅ​ចម្ងាយ ២៤០​គីឡូម៉ែត្រ​ពី​កោះ Luzon របស់​ហ្វីលីពីន តែ​វា​ស្ថិត​នៅ​ឆ្ងាយ​ដល់​ទៅ​ជាង ៩០០​គីឡូម៉ែត្រ​ពី​កោះ Hainan របស់​ចិន។ បើ​តាម​ច្បាប់​សមុទ្រ​អន្តរជាតិ និង​អនុសញ្ញា​អង្គការ​សហប្រជាជាតិ ឆ្នាំ​១៩៨២ ប្រទេស​ណា​មាន​អធិបតេយ្យភាព​ជិត​ជាង​តំបន់​ជម្លោះ​នោះ គឺ​តំបន់​ជា​ដែនទឹក​របស់​ប្រទេស​នោះ។

តាម​សាលក្រម​របស់​តុលាការ​មជ្ឈត្តការ​អន្តរជាតិ​នៅ​ឆ្នាំ​២០១៦ ដែល​លើក​យក​ច្បាប់​សមុទ្រ​អន្តរជាតិ​នេះ​មក​សំអាង បាន​ឈាន​ដល់​ការ​សម្រេច​សេចក្ដី​ថា ប្រជុំ​កោះ​តំបន់​ដែនទឹក Scarborough ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​របស់​ហ្វីលីពីន។

ចំពោះ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នេះ មិនមែន​តែ​ហ្វីលីពីន​មួយ​ទេ​ដែល​ចិន​កំពុង​មាន​ទំនាស់ គឺ​មាន​ប្រទេស​វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ប្រ៊ុយណេ ក៏​ចិន​មាន​ជម្លោះ​ជាមួយ​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស