39 C
Phnom Penh

ក្រុម​អ្នក​វិភាគ​ថា​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០២៣​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ ដោយសារតែ​រដ្ឋាភិបាល​ខ្វះ​លុយ​ទ្រទ្រង់​ការ​ចំណាយ​របស់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នកវិភាគ​ព្រមាន​ថា សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០២៣ នេះ កំពុង​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ ព្រោះ​ឆ្នាំ​២០២៣ នេះ រដ្ឋាភិបាល​កម្ពុជា​នៅ​ខ្វះ​ថវិកា​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​ទៀត​ដើម្បី​បង្គ្រប់​ផែនការ​ចំណាយ​របស់​ខ្លួន ដូច្នេះ​ហើយ​បាន​ជា​នៅ​ចុង​ឆ្នាំ​នេះ រដ្ឋាភិបាល​ដាក់​ផែនការ​រឹត​បន្តឹង​ការ​ប្រមូល​ពន្ធ​ពី​ប្រជាពលរដ្ឋ​យ៉ាង​តក់ក្រហល់​បែប​នេះ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៤ តុលា នេះ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​ផែនការ​ចំណាយ​របស់​ខ្លួន​សម្រាប់​ឆ្នាំ​២០២៣ ចំនួន ៩,៦៤​ពាន់​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​ការ​រំពឹង​ពី​ប្រមូល​ពន្ធ គឺ​មាន​ចំនួន​តែ​ប្រមាណ ៧,២១​ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ គឺ​មាន​ន័យ​ថា រដ្ឋាភិបាល​នៅ​ខ្វះ​ថវិកា​សម្រាប់​បង្គ្រប់​ការ​ចំណាយ​ដល់​ទៅ ២,៤៣​ពាន់​លាន​ដុល្លារ​អាមេរិក​ទៀត ទើប​មាន​តុល្យភាព​នឹង​ការ​ចំណាយ​របស់​ខ្លួន។

បណ្ឌិត មាស នី លើកឡើង​ថា តួលេខ ៧,២១​ពាន់​លាន​ដុល្លារ​អាមេរិក​ពី​ការ​ប្រមូល​ពន្ធ​នេះ គឺ​គ្រាន់តែ​ជា​តួលេខ​រំពឹង​ទុក​ប៉ុណ្ណោះ ប៉ុន្តែ​ការ​ប្រមូល​ពន្ធ​ជាក់ស្តែង​ក្នុង​រយៈពេល ៦​ខែ​ដំបូង​នៅ​ដើម​ឆ្នាំ​២០២៣ នេះ រដ្ឋាភិបាល​អាច​ប្រមូល​ពន្ធ​បាន​ត្រឹមតែ​ជាង ២​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ ក្នុង​នោះ​បើ​គិត​រហូត​ដល់​ចុង​ឆ្នាំ​២០២៣ រដ្ឋាភិបាល​ទំនង​ជា​អាច​ប្រមូល​ពន្ធ​បាន​ត្រឹមតែ​ប្រមាណ​ជា ៣,៥៧​ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ គឺ​មាន​ន័យ​ថា​រដ្ឋាភិបាល​កំពុង​ប្រឈម​នឹង​ការ​ខ្វះខាត​ថវិកា​ក្នុង​ការ​ចំណាយ​របស់​ខ្លួន​ធ្ងន់ធ្ងរ​នៅ​ឆ្នាំ​នេះ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​រូប​នេះ​បញ្ជាក់​ថា ដើម្បី​ទប់ទល់​នឹង​ការ​ចំណាយ​ក្នុង​ឆ្នាំ​២០២៣ នេះ រដ្ឋាភិបាល​បាន​ប្រើប្រាស់​ប្រាក់​សន្សំ​របស់​ខ្លួន​ប្រមាណ ៦០០​លាន​ដុល្លារ​អាមេរិក​រួច​ហើយ​កាលពី​ពេល​កន្លង​ទៅ ដូច្នេះ​កម្ពុជា​នៅ​ពេលនេះ កុំ​ថា​ឡើយ​ប្រមូល​ថវិកា​ឱ្យ​គ្រប់​ការ​ចំណាយ​របស់​ខ្លួន​ដែល​មាន​ចំនួន​ជាង ៩​ពាន់​លាន​ដុល្លារ​នោះ សូម្បី​ប្រមូល​ឱ្យ​បាន​គ្រប់ ៧,២១​ពាន់​លាន​ដុល្លារ​អាមេរិក ក៏​ប្រមូល​មិន​បាន​ផង​សម្រាប់​ឆ្នាំ​២០២៣ នេះ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​នេះ​ដែរ​ថា ការ​អនុម័ត​ថវិកា​ជាតិ​សម្រាប់​ចំណាយ​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​កន្លង​មក គឺ​គ្រាន់តែ​ជា​ថវិកា​សម្រាប់​ដោះស្រាយ​ចរន្ត​ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល​នេះ​ឱ្យ​ដំណើរការ​ប៉ុណ្ណោះ មិនមែន​ជា​ថវិកា​ដែល​រដ្ឋាភិបាល​អនុម័ត​ដើម្បី​ជំរុញ ឬ​ស្ដារ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នោះ​ទេ ព្រោះ​ថា​ថវិកា​ជាតិ​ដែល​ប្រមូល​បាន​គ្រប់​ច្រក ដូចជា​ការ​ប្រមូល​ពន្ធ ជាដើម គឺ​ផ្គត់ផ្គង់​តែ​រដ្ឋាភិបាល​មិន​គ្រប់​ផង ខណៈ​លុយ​សម្រាប់​អភិវឌ្ឍ​ប្រទេស គឺ​មាន​តែ​ខ្ចី​បុល​បរទេស​ប៉ុណ្ណោះ។

លោក គឹម សុខ អះអាង​ថា កន្លងមក រដ្ឋាភិបាល​កម្ពុជា​តែង​អនុម័ត​ថវិកា​សម្រាប់​ចំណាយ​ក្នុង​មួយ​ឆ្នាំ​ប្រមាណ​ជា ៨​ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ក្នុង​នោះ​រដ្ឋាភិបាល​ឯក​បក្ស​មួយ​នេះ​តែង​រំពឹង​ពី​ការ​ប្រមូល​ពន្ធ​ប្រមាណ​ជា ៤​ពាន់​លាន​ដុល្លារ​អាមេរិក ចំណែក ២​ពាន់​លាន​ដុល្លារ​អាមេរិក​ទៀត គឺ​រំពឹង​ទទួល​បាន​ពី​ការ​វិនិយោគ​របស់​រដ្ឋាភិបាល​ដោយ​ផ្ទាល់ ខណៈ ២​ពាន់​លាន​ដុល្លារ​អាមេរិក​ទៀត គឺ​រដ្ឋាភិបាល​តែង​រំពឹង​ពី​ការ​ខ្ចី​បុល​បរទេស​រហូត​មក។

អ្នកវិភាគ​នយោបាយ​រូប​នេះ​បញ្ជាក់​ថា ក្នុង​ដំណាក់កាល​នេះ ប្រទេស​ជិតខាង​មិន​បាន​ផ្តល់​កម្ចី​ឱ្យ​ប្រទេស​កម្ពុជា​តាម​ការ​ស្នើសុំ​របស់​នាយករដ្ឋមន្ត្រី​ខ្មែរ​ទេ សូម្បី​ប្រទេស​ចិន​ដែល​ជា​មិត្ត​ដែកថែប​របស់​កម្ពុជា​ក៏ដោយ ដូច្នេះ​ហើយ​បាន​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ចេញ​វិធានការ​រឹត​បន្តឹង​ការ​ប្រមូល​ពន្ធ ដោយ​ប្រើ​យុទ្ធសាស្ត្រ ១០០​ថ្ងៃ ដើម្បី​បង្គ្រប់​ការ​ចំណាយ​ក្នុង​ឆ្នាំ​២០២៣ នេះ។

លោក គឹម សុខ គូស​បញ្ជាក់​ថា ការ​ចេញ​វិធានការ​រឹត​បន្តឹង​ការ​ប្រមូល​ពន្ធ​ដោយ​ប្រើ​យុទ្ធសាស្ត្រ ១០០​ថ្ងៃ​នេះ បាន​បង្ហាញ​ថា រដ្ឋាភិបាល​ថ្មី​នេះ​កំពុង​ខ្វះ​លុយ​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ចំណាយ​របស់​ខ្លួន​ធ្ងន់ធ្ងរ ដូច្នេះ​លោក​មិន​រំពឹង​ថា សេដ្ឋកិច្ច​កម្ពុជា​អាច​ងើប​ពី​ឱនភាព​នោះ​ទេ ខណៈ​សេដ្ឋកិច្ច​កម្ពុជា​តាំងពី​ជំនាន់​ដឹកនាំ​របស់​លោក ហ៊ុន សែន រហូត​ដល់​លោក ហ៊ុន ម៉ាណែត នៅ​ពេលនេះ គឺ​ជា​សេដ្ឋកិច្ច​សុំ​គេ​រស់​ប៉ុណ្ណោះ មិនមែន​ជា​សេដ្ឋកិច្ច​ប្រកួតប្រជែង​នោះ​ឡើយ។

ជុំវិញ​បញ្ហា​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា បាន​ចេញ​របាយការណ៍​ស្ដីពី​ការ​ប្រមូល​ពន្ធ​សម្រាប់​ឆ្នាំ​២០២៣ កាលពី​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០២៣ នេះ​ថា ក្នុង​រយៈពេល ៧​ខែ​នៅ​ដើម​ឆ្នាំ​២០២៣ នេះ អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​ពន្ធ​បាន​តែ​ជាង ២,៣​ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​លោក គង់ វិបុល បាន​លើកឡើង​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​ពិសេស​កាលពី​ថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២៣ ថា ទោះ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ដែល​លំបាក និង​សេដ្ឋកិច្ច​ថមថយ​ក៏ដោយ ប៉ុន្តែ​ចំណូល​ពន្ធដារ​ត្រូវតែ​ជំរុញ​ឱ្យ​ឡើង​ពី ៣៥០០​លាន​ដុល្លារ​អាមេរិក​ទៅ ៤១៦០​លាន​ដុល្លារ​អាមេរិក​ទៅ​តាម​ផែនការ​កំណត់ ដូច្នេះ ចង់​មិន​ចង់ អគ្គនាយកដ្ឋាន​ពន្ធដារ​ត្រូវតែ​លាត់​ដៃ​អាវ មូរ​ជើងខោ​ប្រមូល​ចំណូល​ពន្ធ​ឱ្យ​បាន​គ្រប់​ផែនការ​នៅ​ឆ្នាំ​២០២៣ នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២ រដ្ឋសភា​ឯក​បក្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​អនុម័ត​សេចក្តី​ព្រាងច្បាប់​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​២០២៣ ចំនួន ៩,៦៤​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​ផែនការ​ប្រមូល​ចំណូល​ត្រឡប់​មក​វិញ រដ្ឋាភិបាល​ក៏​គ្រោង​ប្រមូល​ឱ្យ​បាន ៧,២​ពាន់​លាន​ដុល្លារ​អាមេរិក​ផង​ដែរ ប៉ុន្តែ​ជាក់ស្តែង ក្នុង​រយៈពេល ៧​ខែ​នៅ​ដើម​ឆ្នាំ​២០២៣ នេះ រដ្ឋាភិបាល​ប្រមូល​ចំណូល​ពន្ធ​បាន​ត្រឹមតែ​ជាង ២,៣​ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស