29 C
Phnom Penh

អ.គ.ល.ក ព្រមាន​ចាត់​វិធានការ​ទីតាំង​ល្បែង​ផ្សង​សំណាង​ដែល​បង្កប់​សកម្មភាព​ល្បែង​ស៊ីសង​ខុស​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា (អ.គ.ល.ក) ព្រមាន​ចាត់​វិធានការ​ទីតាំង​ល្បែង​ផ្សង​សំណាង​ដែល​បាន​បង្កប់​សកម្មភាព​ល្បែង​ស៊ីសង​ខុស​ច្បាប់​ផ្សេងៗ ដូចជា​ល្បែង​ឆ្នោត​កន្ទុយលេខ និង​ល្បែង​ខេនណូ ជាដើម។

គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា បាន​ចេញ​សេចក្តី​ណែនាំ​មួយ​ស្ដីពី​ការ​ធ្វើ​ប្រតិបត្តិការ​ល្បែង​ផ្សង​សំណាង​នៅ​កម្ពុជា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៦ តុលា នេះ​ថា​មាន​ភ្នាក់ងារ​លក់​ឆ្នោត​របស់​ក្រុមហ៊ុន​ល្បែង​ផ្សង​សំណាង និង​ក្រុម​ជន​ខិលខូច​មួយ​ចំនួន បាន​ធ្វើ​សកម្មភាព​លួចលាក់​បង្កប់​លេង​ល្បែង​ស៊ីសង ដូចជា ឆ្នោត​កន្ទុយលេខ ល្បែង​ខេនណូ (Keno) ខុស​ច្បាប់ និង​ប្រភេទ​ល្បែង​ដទៃ​ទៀត​ដែល​កំពុង​ជ្រក​ក្រោម​អាជ្ញាប័ណ្ណ​ល្បែង​ផ្សង​សំណាង​សព្វថ្ងៃ​នេះ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​របៀប​រៀបរយ​សង្គម។

គណៈកម្មាធិការ​ខាងលើ​លើកឡើង​ថា សេចក្តី​ណែនាំ​នេះ​មាន​គោលបំណង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ល្បែង​ផ្សង​សំណាង​ទាំងអស់ ត្រូវ​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​នៅ​ទីតាំង​ដែល​មាន​បញ្ជាក់​នៅ​លើ​អាជ្ញាប័ណ្ណ​របស់​ពួកគេ។ ជាង​នេះ​ទៀត ក្រុមហ៊ុន​ល្បែង​ផ្សង​សំណាង​ទាំងនោះ​ក៏​ត្រូវ​ដាក់​តាំង​បង្ហាញ​អាជ្ញាប័ណ្ណ​ល្បែង​ផ្សង​សំណាង​ច្បាប់ដើម​នៅ​ទីតាំង​ធ្វើ​អាជីវកម្ម​របស់​ខ្លួន​ផង​ដែរ។

បន្ថែម​ពី​នេះ ត្រូវ​ដំណើរការ​តែ​ប្រភេទ​ល្បែង និង​ឧបករណ៍​ល្បែង​ដែល​មាន​ការ​អនុញ្ញាត​ពី​គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​ប៉ុណ្ណោះ ដោយ​ហាមឃាត់​ដាច់ខាត​នូវ​រាល់​សកម្មភាព​លួចលាក់​បង្កប់​ការ​លេង​ល្បែង​ស៊ីសង ឆ្នោត​កន្ទុយលេខ ល្បែង​ខេនណូ (Keno) ខុស​ច្បាប់ និង​ប្រភេទ​ល្បែង​ដទៃ​ទៀត​ជា​កំហិត។

អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា បញ្ជាក់​ថា ក្នុង​ករណី​ក្រុមហ៊ុន​ល្បែង​ផ្សង​សំណាង​មិន​អនុវត្ត​តាម​សេចក្ដី​ណែនាំ​នេះ ត្រូវ​ចាត់ទុក​ថា​បាន​ប្រព្រឹត្ត​ល្មើស​ទៅ​នឹង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម ដែល​ត្រូវ​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម​រដ្ឋបាល ឬ​ពិន័យ​អន្តរការណ៍​ស្រប​តាម​ការ​កំណត់​ដោយ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន។

ការ​ចេញ​សេចក្តី​ណែនាំ​នេះ ធ្វើឡើង​ដើម្បី​ទប់ស្កាត់​ល្បែង​ស៊ីសង​ខុស​ច្បាប់​ដែល​កំពុង​ជ្រក​ក្រោម​ស្លាក​ល្បែង​ផ្សង​សំណាង​របស់​ក្រុមហ៊ុន​ល្បែង​មួយ​ចំនួន​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។

កាលពី​ថ្ងៃទី​២១ ខែ​តុលា ឆ្នាំ​២០២១ គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ស្ដីពី​នីតិវិធី បែបបទ និង​លក្ខខណ្ឌ​នៃ​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​ល្បែង​ផ្សង​សំណាង ក្នុង​គោលដៅ​ធានា​ឱ្យ​ការ​ធ្វើ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ល្បែង​ផ្សង​សំណាង​អាច​ប្រព្រឹត្ត​ទៅ​បាន​ស្រប​តាម​ច្បាប់ និង​ស្រប​ទៅ​នឹង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា។

ទាក់ទិន​នឹង​បញ្ហា​នេះ អតីត​នាយករដ្ឋមន្ត្រី​ខ្មែរ​ដែល​ត្រូវ​ជា​ឪពុក​បង្កើត​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​បច្ចុប្បន្ន គឺ​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២២ បាន​ចេញ​បទបញ្ជា​ទៅ​កាន់​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ និង​អាជ្ញាធរ​ពាក់ព័ន្ធ ឱ្យ​បង្ក្រាប​ឱ្យ​អស់​នូវ​ល្បែង​ស៊ីសង​ខុស​ច្បាប់​នានា​ដែល​មាន​ជាង ២​ពាន់​កន្លែង​កន្លង​ទៅ​នៅ​ក្នុង​ខេត្ត​កណ្តាល និង​រាជធានី​ភ្នំពេញ​សព្វថ្ងៃ​នេះ ប៉ុន្តែ​ទីតាំង​ល្បែង​ស្រប​ច្បាប់​ដែល​លួចលាក់​លេង​ល្បែង​ខុស​ច្បាប់​ទាំងនោះ នៅតែ​អាច​ដំណើរការ​បាន​ដដែល។

ទាក់ទិន​នឹង​បញ្ហា​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​កន្លងទៅ​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​បង្ក្រាប​បាន​ទីតាំង​បនល្បែង​ខុស​ច្បាប់​ចំនួន ៣៦​កន្លែង រួម​មាន​កន្លែង​ចាក់​ឆ្នោត​វៀតណាម និង​កន្លែង​ចាក់​បាល់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ជាដើម ប៉ុន្តែ​សមត្ថកិច្ច​មិន​បាន​បង្ហាញ​ពី​ការ​ដកហូត​អាជ្ញាប័ណ្ណ​ទីតាំង​ល្បែង​ស្រប​ច្បាប់​ដែល​បាន​បង្កប់​ការ​លេង​ល្បែង​ខុស​ច្បាប់​នោះ​ទេ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ តុលា នេះ​ថា អ្នក​ដែល​នៅ​ពីក្រោយ​ល្បែង​ស៊ីសង​ខុស​ច្បាប់​ធំៗ​នៅ​កម្ពុជា គឺ​សុទ្ធសឹងតែ​ជា​បក្ខពួក និង​ជា​សាច់ញាតិ​របស់​គ្រួសារ «ហ៊ុន» ទាំងអស់ ក្នុង​នោះ ដូចជា​ក្មួយប្រុស​បង្កើត​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ ជាដើម។

លោក គឹម សុខ លើកឡើង​ថា ឧកញ៉ា ហ៊ុន តូ កំពុង​គ្រប់គ្រង​បនល្បែង​នៅ​ខេត្ត​ព្រះសីហនុ និង​គ្រប់គ្រង​ល្បែង​ស៊ីសង​ខុស​ច្បាប់​នៅ​តាម​បណ្តា​ខេត្ត​ជាច្រើន​ផ្សេងៗ​ទៀត ដូចជា ល្បែង​ចាក់​កន្ទុយលេខ ល្បែង​ប្រជល់​មាន់​តាម​អនឡាញ និង​ប្រតិបត្តិការ​ធនាគារ​ងងឹត ជាដើម។

ប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា លោក ហ៊ុន សែន បាន​រៀបចំ​មនុស្ស​ឱ្យ​ការពារ​អំពើ​ឧក្រិដ្ឋកម្ម ដូចជា ល្បែង​ស៊ីសង​ខុស​ច្បាប់ ការ​លាង​លុយ​កខ្វក់ និង​ការ​ជួញដូរ​មនុស្ស ជាដើម រួច​អស់​ហើយ ក្នុង​នោះ​មាន​ដូចជា នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​លោក ឡឹក វណ្ណៈ និង​អគ្គស្នងការ​រង​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ទទួល​បន្ទុក​ផែនការ​ប្រឆាំង​គ្រឿងញៀន​លោក ម៉ក់ ជីតូ ជាដើម ដែល​ធ្វើ​ឱ្យ​មន្ត្រី​ជំនាញ​ថ្នាក់​ក្រោម​មិន​អាច​អនុវត្ត​ផែនការ​បោស​សម្អាត​អំពើ​ឧក្រិដ្ឋកម្ម​ទាំងនោះ​បាន​ឡើយ​រហូត​ដល់​ពេលនេះ។

លោក គឹម សុខ គូស​បញ្ជាក់​ថា បើ​ចង់​បង្ក្រាប​ល្បែង​ស៊ីសង ទាល់តែ​លោក ហ៊ុន ម៉ាណែត ហ៊ាន​អនុវត្ត​ច្បាប់​ចាប់​សមាជិក​គ្រួសារ​ហ៊ុន​ដែល​ពាក់ព័ន្ធ​ចូល​គុក ដូចជា​លោក ហ៊ុន តូ ជាដើម ព្រោះ​ថា​នៅ​កម្ពុជា​គ្មាន​ជំនួញ​អបាយមុខ​ណា​មួយ​ទាំង​តូច​ទាំង​ធំ អាច​ដំណើរការ​រលូន​ទៅ​បាន ក្រៅពី​ក្រសែភ្នែក​គ្រួសារ​ហ៊ុន​ឡើយ ទោះ​គ្រឿងញៀន និង​គ្រឿង​ស្រវឹង​ក៏ដោយ កុំ​ថា​ឡើយ​ដល់​ល្បែង​ស៊ីសង​ខុស​ច្បាប់​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស