36 C
Phnom Penh

អាជ្ញាធរ​កម្ពុជា​បណ្តេញ​ជនជាតិ​វៀតណាម​២៣១​នាក់​ជាប់​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​អនឡាញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​បណ្តេញ​ជនជាតិ​វៀតណាម ចំនួន ២៣១​នាក់ ចេញពី​កម្ពុជា តាម​ច្រក​អន្តរជាតិ​ព្រែកចាក បន្ទាប់ពី​រក​ឃើញ​ថា ពួកគេ​មាន​ជាប់​ពាក់ព័ន្ធ​ពី​បទល្មើស​ឆបោក​តាម​អនឡាញ​ដែល​បាន​ប្រព្រឹត្ត​នៅ ៣​ទីតាំង​ផ្សេង​គ្នា​ក្នុង​ខេត្ត​ព្រះសីហនុ។

យោង​តាម​ការ​ចុះផ្សាយ​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៅ​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០២៤ ឲ្យ​ដឹង​ថា ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​តាម​ប្រព័ន្ធ​អនឡាញ​ក្នុង​ខេត្ត​ព្រះសីហនុ បាន​ចាប់ផ្តើម​ពី​ថ្ងៃទី​១២ ខែ​មីនា ដល់​ថ្ងៃទី​៥ ខែ​មេសា លើ​ទីតាំង​ចំនួន​៣ ដោយ​ចាប់​បាន​ជនជាតិ​វៀតណាម ចំនួន ២៣១​នាក់ ក្នុង​នោះ​មាន​ស្រី​ចំនួន ៤១​នាក់។

ប្រភព​ដដែល​អះអាង​ថា ទីតាំង​ដែល​សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប គឺ​ទី​១ នៅ​ចំណុច​អតីត​កាស៊ីណូ ភែរីដល អាយលែន ដោយ​ឃាត់​មនុស្ស​បាន​ចំនួន ១០៨​នាក់ ចំណែក​ទីតាំង​ទី​២ នៅ​ចំណុច​ថ្ម​យក្ស ស្ថិត​នៅ​សង្កាត់​លេខ៣ ដោយ​ឃាត់​មនុស្ស​បាន​ចំនួន ៣៥​នាក់ និង​ទីតាំង​ទី​៣ នៅ​សណ្ឋាគារ ធាន អីហ៊ូ អ៊ីនធើណេមិន ដោយ​ឃាត់​មនុស្ស​បាន​ចំនួន ៨៨​នាក់។ ជនជាតិ​វៀតណាម ដែល​សមត្ថកិច្ច​ចាប់​បាន ត្រូវ​បណ្តេញ​ចេញពី​កម្ពុជា​ទាំងអស់​តាម​ច្រក​អន្តរជាតិ​ព្រែកចាក។

ទាក់ទង​នឹង​បទល្មើស​តាម​អនឡាញ​នេះ កាលពី​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០២៤ រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​បត្យាប័ន​បញ្ជូន​ជនជាតិ​ចិន ចំនួន ១៣០​នាក់​ទៅ​ប្រទេស​កំណើត​វិញ ដោយ​សង្ស័យ​ជា​ក្រុម​ឧក្រិដ្ឋកម្ម​អនឡាញ​ក្នុង​ចំណោម​មនុស្ស​ជាង ១​ពាន់​នាក់ ដែល​សមត្ថកិច្ច​កម្ពុជា​បាន​ចាប់​ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ល្បែង​ស៊ីសង​អនឡាញ​នៅ​ខេត្ត​ព្រះសីហនុ។

ប្រភព​ដដែល​បាន​លើកឡើង​ថា ជនជាតិ​ចិន ១៣០​នាក់​នេះ​ស្ថិត​នៅ​ក្នុង​ចង្កោម​ជនសង្ស័យ​សរុប ១០៣០​នាក់ ដែល​ចិន និង​កម្ពុជា កំពុង​ត្រៀម​ធ្វើ​បត្យាប័ន​បញ្ជូន​ទៅ​ប្រទេស​ចិន វិញ​ជា​បន្តបន្ទាប់។

ក្រសួង​សន្តិសុខ​សាធារណៈ​ចិន មាន​ឆន្ទៈ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ជាមួយ​ប្រទេស​ជា​ដៃគូ​អាស៊ាន ដើម្បី​ទប់ស្កាត់​បទល្មើស​ល្បែង​ស៊ីសង​អនឡាញ ការ​ក្លែង​បន្លំ​តាម​ប្រព័ន្ធ​ទូរគមនាគមន៍ និង​ឧក្រិដ្ឋកម្ម​អនឡាញ​ផ្សេងៗ។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា លើកឡើង​កន្លង​មក​ថា ថ្វីត្បិតតែ​ជនល្មើស​ប្រព្រឹត្ត​ទង្វើ​ឧក្រិដ្ឋ​នៅ​កម្ពុជា ប៉ុន្តែ​កម្រៃ​នៃ​អ្នក​ទទួល​បាន​មិនមែន​នៅ​កម្ពុជា​ទេ ចុងក្រោយ​គឺ​ពួកគេ​បាន​ផ្ទេរ​លុយ​ទាំងនោះ​ទៅ​ប្រទេស​ប៉ែក​ខាង​អឺរ៉ុប វិញ​ទាំងអស់។ លោក​ថា រដ្ឋាភិបាល​នៅតែ​មិន​អាច​កំណត់​ពី​ភាព​ជាក់លាក់​ទៅ​លើ​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ​បាន​នៅឡើយ​ទេ ដោយសារតែ​ពួកគេ​នៅ​ទី​ងងឹត ខណៈ​រដ្ឋាភិបាល​នៅ​ទី​ភ្លឺ ស្រប​ពេល​ដែល​ជនល្មើស​ទាំងនោះ​បាន​ដើរ​មួយ​ជំហាន​មុន​រដ្ឋាភិបាល​ទៅ​ហើយ​នោះ។

ក្រសួង​ការបរទេស​អាមេរិក កាលពី​ចុង​ឆ្នាំ​២០២២ បាន​បញ្ចេញ​របាយការណ៍​របស់​ខ្លួន​ស្ដីពី​ការ​ជួញដូរ​មនុស្ស ដោយ​បាន​ដាក់​ប្រទេស​កម្ពុជា​ចូល​ក្នុង​បញ្ជីខ្មៅ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​កម្រិត​៣ (Tier 3 Watch List) ដែល​បញ្ជាក់​ថា កម្ពុជា​ស្ថិត​នៅ​ក្នុង​បញ្ជីខ្មៅ​នៃ​ការ​ជួញដូរ​មនុស្ស​ធ្ងន់ធ្ងរ​នៅឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស