30.8 C
Phnom Penh

លោក មាជ សុវណ្ណារ៉ា ថា​បើ​សម្ពន្ធភាព​បក្ស​ទាំង​៤​ជា​ការ​កេង​ចំណេញ​នយោបាយ នោះ​នឹង​មិន​មាន​អាយុវែង​ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា គណបក្ស​ក្រៅ​រដ្ឋាភិបាល​ទាំង ៤ ដែល​បង្កើត​សម្ពន្ធភាព​ឆ្ពោះ​ទៅ​អនាគត ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា លុះត្រាតែ​សម្ពន្ធភាព​នោះ​ជា​សម្ពន្ធភាព​ស្មោះត្រង់ ឬ​ជា​សម្ពន្ធភាព​មិន​ទាល់ច្រក ប៉ុន្តែ​បើ​ការ​បង្កើត​សម្ព័ន្ធ​នេះ​ដើម្បី​ឆ្លៀត​ឱកាស​កេង​ចំណេញ​នយោបាយ​នោះ សម្ពន្ធភាព​នេះ​នឹង​មិន​មាន​អាយុជីវិត​យូរ​អង្វែង​ឡើយ។

អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១១ តុលា នេះ​ថា ប្រសិនបើ​ការ​បង្កើត​សម្ពន្ធភាព​នេះ​ធ្វើឡើង​នៅ​មុន​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៧ កន្លង​ទៅ គឺជា​ឱកាស​ល្អ​បំផុត​ក្នុង​ការ​ប្រកួតប្រជែង ប៉ុន្តែ​នៅ​ពេល​នោះ​ដោយសារតែ​គណបក្ស​ភ្លើង​ទៀន​មាន​ជំងឺ​តួឯក មិន​ទទួល​យក​ការ​ចង​សម្ព័ន្ធ​ពី​បក្ស​ដទៃ ទើប​ធ្វើ​ឱ្យ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​បែកខ្ញែក​បែប​នេះ។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា ក្រោយពី​គណបក្ស​ភ្លើង​ទៀន​បាត់បង់​ឱកាស​ចូលរួម​ការ​បោះឆ្នោត និង​ការ​បែកបាក់​ផ្ទៃក្នុង ទើប​លេច​ចេញ​នូវ​ការ​ចង​សម្ពន្ធភាព​នេះ​ឡើង ប៉ុន្តែ​ទោះ​ជា​បែប​នេះ​ក្តី ប្រសិនបើ​ការ​បង្កើត​សម្ព័ន្ធ​នេះ​រក្សា​ជំហរ​រួម​គ្នា​តែ​មួយ គឺ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ នោះ​ក៏​នៅ​តែ​អាច​កសាង​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ឱ្យ​ងើប​ឡើងវិញ​ដែរ​នៅ​ថ្ងៃ​មុខ តែ​ត្រូវតែ​រក្សា​គោលការណ៍​ជា​សម្ពន្ធភាព​ដែល​មិន​ក្បត់​គ្នា​ឱ្យ​បាន​ដាច់ខាត។

មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បញ្ជាក់​ថា ប្រសិនបើ​សម្ពន្ធភាព​នេះ​បែកបាក់​នៅ​ថ្ងៃ​ណា​មួយ​ដោយសារតែ​ភាព​មិន​ស្មោះត្រង់​របស់​គណបក្ស​នយោបាយ​ណា​មួយ​នោះ គឺជា​ការ​បំផ្លាញ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ ដែល​ជា​គំរូ​អាក្រក់​មួយ​ធ្វើ​ឱ្យ​អ្នក​ប្រជាធិបតេយ្យ​កាន់តែ​បែកបាក់​សាមគ្គី និង​មិន​ទុកចិត្ត​គ្នា​បន្ត​ទៀត។

នៅ​ថ្ងៃទី​១១ ខែ​តុលា ឆ្នាំ​២០២៣ នេះ គណបក្ស​ចំនួន​៤ បាន​ធ្វើ​ពិធី​បង្កើត​សម្ពន្ធភាព​ឆ្ពោះ​ទៅ​អនាគត ដូចជា​គណបក្ស​ភ្លើង​ទៀន គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​កែទម្រង់​កម្ពុជា និង​គណបក្ស​ឆន្ទៈ​ខ្មែរ ក្នុង​នោះ​តំណាង​គណបក្ស​ភ្លើង​ទៀន​លោក គង់ មុនីកា ដែល​ជា​អគ្គលេខាធិការ​ស្តីទី លើកឡើង​ក្នុង​ពិធី​បង្កើត​សម្ពន្ធភាព​នេះ​ថា ការ​បង្កើត​សម្ពន្ធភាព​ឆ្ពោះ​ទៅ​អនាគត​នេះ គឺ​ដើម្បី​ប្រមូល​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ឡើងវិញ ក្រោយ​កម្លាំង​ទាំងនេះ​បែកខ្ញែក​គ្នា​នា​ពេល​កន្លងមក។

ជាង​នេះ​ទៀត លោក សុក ហាច ប្រធាន​ស្តីទី​គណបក្ស​ភ្លើង​ទៀន ក៏​បាន​លើកឡើង​ដែរ​ថា សម្ពន្ធភាព​នេះ គឺ​ស្វាគមន៍​អ្នក​ចូលរួម​គ្រប់​និន្នាការ និង​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ ដើម្បី​ត្រៀម​កម្លាំង​ប្រកួត​យក​ឈ្នះ​បក្ស​កាន់​អំណាច​នៅ​ឆ្នាំ​២០២៧ និង​ឆ្នាំ​២០២៨ ខាងមុខ​នេះ​ផង​ដែរ។

ចំណែក​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​លោក យេង វីរៈ លើកឡើង​ថា ការ​ចង​សម្ព័ន្ធ​នេះ​អាច​ធ្វើ​ទៅ​បាន គឺ​ដោយសារ​គណបក្ស​ទាំង ៤ មាន​គោលដៅ​រួម​គ្នា​ក្នុង​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​លើកស្ទួយ​សិទ្ធិមនុស្ស ដើម្បី​ធានា​សង្គម​មួយ​ដែល​មាន​និរន្តរភាព​លើ​សិទ្ធិ​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ និង​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ឱ្យ​បាន​ខ្ជាប់ខ្ជួន។

ដោយឡែក​ប្រធាន​គណបក្ស​កែទម្រង់​កម្ពុជា​លោក ប៉ុល ហំម អះអាង​ថា គោលបំណង​គណបក្ស​កែទម្រង់​កម្ពុជា ចង់​រួម​ចំណែក​ធ្វើ​ឱ្យ​មាន​ការ​រួបរួម​កម្លាំង​អ្នក​ប្រជាធិបតេយ្យ ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឱ្យ​បាន​ល្អ​ប្រសើរ ហើយ​សម្ពន្ធភាព​នេះ​គ្មាន​បរទេស​ណា​ជា​អ្នក​នៅ​ពីក្រោយ​ឡើយ គឺ​មាន​តែ​ជំហរ​គណបក្ស​ទាំង ៤ ស្រុះស្រួល​គ្នា​ប៉ុណ្ណោះ។

រីឯ​តំណាង​គណបក្ស​ឆន្ទៈ​ខ្មែរ​លោក ផល ស៊ីថុន លើកឡើង​ថា ការ​បង្កើត​សម្ពន្ធភាព​រវាង​គណបក្ស​ទាំង ៤ នៅ​ពេលនេះ មិនមែន​គ្រាន់តែ​ដើម្បី​តស៊ូ​មតិ​លើ​បញ្ហា​នយោបាយ​ដូចជា​ការ​ចង​សម្ពន្ធភាព​ដែល​ធ្លាប់​កើត​មាន​នា​ពេល​កន្លងមក​នោះ​ទេ គឺជា​ការ​ចង​សម្ពន្ធភាព​ដើម្បី​ចង​បាច់​កម្លាំង​នយោបាយ​ឆ្ពោះ​ទៅ​រក​ការ​ប្រកួតប្រជែង​ពិតប្រាកដ​មួយ​ជាមួយ​បក្ស​កាន់​អំណាច​នៅ​ថ្ងៃ​ខាងមុខ​ប៉ុណ្ណោះ។

ក្រោយ​កម្មវិធី​ចុះហត្ថលេខា​ចង​សម្ពន្ធភាព គណបក្ស​ទាំង ៤ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​ថា សម្ពន្ធភាព​ឆ្ពោះ​ទៅ​អនាគត នឹង​ក្លាយ​ជា​កម្លាំង​ចលករ​ថ្មី​មួយ​សម្រាប់​ជា​ការ​ជំរុញ និង​លើក​ទឹកចិត្ត ព្រមទាំង​ជា​ជម្រើស​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​ការ​កសាង​សង្គម​ប្រជាធិបតេយ្យ​សម្រាប់​ប្រជាជាតិ​ខ្មែរ​នា​ពេល​អនាគត​ដ៏​រឹងមាំ ហើយ​សម្ពន្ធភាព​នេះ​បាន​បើក​ចំហ​សម្រាប់​ការ​ចូលរួម​ពី​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់។

ទាក់ទិន​នឹង​ការ​ចង​សម្ពន្ធភាព​របស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​នៅ​ពេលនេះ គណបក្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន ១៣ ផ្សេង​ទៀត​ដូចជា គណបក្ស​ឯកភាព​ជាតិ​ខ្មែរ​របស់​លោក អ៊ុន ជឹម គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ​របស់​លោក ហ៊ាង គឹមស្រឿន និង​គណបក្ស​ខ្មែរ​ក្រោក ជាដើម បាន​ចេញ​លិខិត​រួម​គ្នា​ស្នើសុំ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន សុំ​ចង​សម្ពន្ធភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃទី​១០ ខែ​តុលា ឆ្នាំ​២០២៣ នេះ​ផង​ដែរ។ ក្នុង​នោះ លោក ហ៊ុន សែន ក៏​បាន​ប្រកាស​ស្វាគមន៍ និង​ពេញចិត្ត​ចំពោះ​ការ​ចង​សម្ពន្ធភាព​ជាមួយ​បក្ស​នយោបាយ​នានា​ផង​ដែរ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ បាន​លើកឡើង​ថា ការ​ចង​សម្ពន្ធភាព​ដើម្បី​លើកស្ទួយ​ប្រជាធិបតេយ្យ គឺជា​គោលការណ៍​ល្អ ប៉ុន្តែ​ការ​សហការ​គ្នា​ត្រូវតែ​ធានា​នូវ​ភាព​ឯករាជ្យ​លើ​តំណាង​គណបក្ស​ដែល​ដឹកនាំ​រក​ការ​ចង​សម្ព័ន្ធ​នេះ ចៀសវាង​មាន​អ្នក​បញ្ជា​ពីក្រោយ​ខ្នង​នៃ​គណបក្ស​ណា​មួយ ដែល​ជា​មូលហេតុ​នាំ​ឲ្យ​សម្ពន្ធភាព​នេះ​មិន​អាច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​បាន​យូរ​អង្វែង។ ជាង​នេះ​ទៀត បើ​ការ​ចង​សម្ព័ន្ធ​នេះ​គ្រាន់តែ​ដើម្បី​តំណែង​តួនាទី បុណ្យ​ស័ក្តិ លាភ​សក្ការៈ នោះ​សម្ពន្ធភាព​នេះ​អាច​នឹង​បែកបាក់​ទៅវិញ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស