27 C
Phnom Penh

អ្នកជំនាញ​កសិកម្ម​លោក នី ណាក់ រិះគន់​រដ្ឋាភិបាល​មិន​ដោះស្រាយ និង​ទប់ស្កាត់​បញ្ហា​សាច់​បង្កក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកជំនាញ​កសិកម្ម​លោក នី ណាក់ រិះគន់​រដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​រឿង​ការ​រក​ទីផ្សារ​ជូន​កសិករ ដោយ​ថា​បញ្ហា​សាច់​បង្កក កសិករ​ត្អូញត្អែរ​រាប់​ខែ​រាប់​ឆ្នាំ​មក​ហើយ ប៉ុន្តែ​នៅតែ​គ្មាន​ដំណោះស្រាយ និង​ទប់ស្កាត់​មិន​បាន​ទៀត។

ការ​លើកឡើង​របស់​លោក នី ណាក់ នេះ បន្ទាប់ពី​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក យ៉ង សាំងកុមារ កាលពី​ថ្ងៃទី​១៧ ខែ​តុលា នេះ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ភ្ញៀវ​អេមីរ៉ាតអារ៉ាប់ ក្នុង​គោលបំណង​ចង់​វិនិយោគ​ស្រូវ​អង្ករ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ។

ក្នុង​ជំនួប​ប្រជុំ​នេះ លោក​បាន​បង្ហាញ និង​ពន្យល់​ពី​ប្រភេទ​ពូជ​ផ្ការំដួល និង​ពូជ​សែន​ក្រអូប ដែល​ជា​អង្ករ​ល្អ​នៅ​កម្ពុជា មាន​លក្ខណៈ​ពិសេស និង​ថែមទាំង​ទទួល​បាន​ពានរង្វាន់ ៥​ឆ្នាំ​ផង​ដែរ ដែល​ចង់​ជំរុញ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ។

លោក យ៉ង សាំងកុមារ ថា​ការ​នាំចេញ​កសិផល​កសិកម្ម​កម្ពុជា ជាពិសេស​ស្រូវ​អង្ករ​នេះ​ដែល​ជា​កត្តា​ចាំបាច់ ដែល​អាច​ជួយ​ឲ្យ​កសិករ​មាន​ទីផ្សារ តម្លៃ​បន្ថែម​ខ្ពស់ មាន​ប្រសិទ្ធភាព និង​និរន្តរភាព ជាដើម។

ជុំវិញ​រឿង​នេះ សកម្មជន​សង្គម លោក នី ណាក់ បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ​២០២៣ ថា ក្រសួង​កសិកម្ម​យូរៗ​ម្តង​គេ​ឲ្យ​លោក យ៉ង សាំងកុមារ ចេញ​មុខ​ជំនួស​តារា​តួឯក។ លោក​ថា តើ​ទៅ​ជួយ​រក​ទីផ្សារ​ឲ្យ​កសិករ​បាន​ដែរ​ឬ​ទេ បើ​គ្រាន់តែ​រឿង​នាំចូល​សាច់​បង្កក កសិករ​ស្រែក​ឡើង​រាប់​ខែ​រាប់​ឆ្នាំ​ទៅ​ហើយ នៅតែ​មិន​ដោះស្រាយ និង​ទប់ស្កាត់​មិន​បាន​ផង​នោះ។

ចំណែក​អ្នក​ចិញ្ចឹម​ជ្រូក​កម្ពុជា ក៏​បាន​លើកឡើង​ដែរ​ថា នៅ​ប្រទេស​វៀតណាម រដ្ឋ​គេ​យកចិត្ត​ទុកដាក់​ចំពោះ​កសិករ​ទាំង​ដាំ​ដុះ និង​ចិញ្ចឹម​សត្វ មាន​បញ្ហា​មិន​ចាំបាច់​ពលរដ្ឋ​ស្រែក​ទេ រដ្ឋ​គេ​ចេញ​មុខ​បកស្រាយ និង​ដោះស្រាយ​ភ្លាមៗ។

បើ​នៅ​ប្រទេស​ថៃ បញ្ហា​សាច់​បង្កក​នេះ​មិន​ចាំបាច់​ដល់​រាស្ដ្រ​ស្រែក​នោះ​ទេ គ្រាន់តែ​ដឹង​ថា​ប៉ះពាល់​ដល់​សុខភាព កុំ​ថា​ឡើយ​តែ​សាច់​បង្កក ៤​លាន​គីឡូក្រាម សូម្បីតែ ១​គីឡូ​ក៏​ចូល​មិន​បាន​ផង ប៉ុន្តែ​សរសើរ​ខ្មែរ​ហើយ​ដែល​ពលរដ្ឋ​ទាំង​អ្នក​ចិញ្ចឹម​សត្វ​ក្នុង​ស្រុក ទាំង​អ្នក​បរិភោគ​ស្រែក​ពេញ​ប្រទេស រហូត​ដល់​នាយករដ្ឋមន្ត្រី​ប្រកាស​ច្បាស់ៗ​ឲ្យ​ចេញ​បកស្រាយ ក៏​មិន​រសើប​ជើងធ្មេញ​ផង ហើយ​រីឯ​លោក​រដ្ឋមន្ត្រី លោក​មន្ត្រី​ជំនាញ​ដែរ នៅ​ស្ងាត់​ជ្រាប។

ប្រធាន​នាយកដ្ឋាន​ដោះស្រាយ​វិវាទ និង​គោលនយោបាយ​ទូទៅ​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល លោក ខួន សាវុទ្ធ ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា រយៈពេល ៩​ខែ​ឆ្នាំ​២០២៣ ស្ថាប័ន​លោក​បាន​ត្រួត​ពិនិត្យ​ឃ្លាំង និង​មធ្យោបាយ​ដឹកជញ្ជូន​ចំនួន ២១៨​ទីតាំង រក​ឃើញ​សាច់​បង្កក​ខូច​គុណភាព​មាន​ចម្លង​មេរោគ ឬ​ជំងឺ​ឆ្លង ផ្ទុក​សារធាតុ​គីមី និង​ផុតកំណត់​រយៈពេល​ប្រើប្រាស់​ជាង ១​ពាន់​តោន (១១៧៧​តោន)។

របាយការណ៍​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា ឲ្យ​ដឹង​ថា ការ​នាំ​ចូល​សាច់​បង្កក​ពី​ប្រទេស​ជិតខាង​ច្រើន​បែប​នេះ បាន​កើតឡើង​តាំងពី​ខែ​កញ្ញា ឆ្នាំ​២០២២ មក​ម្ល៉េះ ភាគច្រើន​នាំចូល​ពី​វៀតណាម ថៃ និង​ពី​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត។

របាយការណ៍​នេះ​បញ្ជាក់​ថា ការ​នាំចូល​សាច់​បង្កក​ទាំងអស់​នោះ​មាន​ការ​នាំចូល​ស្រប​ច្បាប់ និង​ខុស​ច្បាប់ ដែល​កំពុង​បំផ្លាញ​សុខភាព​របស់​ពលរដ្ឋ​កម្ពុជា ខណៈ​អ្នកជំនាញ​ចិញ្ចឹម​សត្វ​បាន​អំពាវនាវ​ឲ្យ​សាធារណជន​ប្រុងប្រយ័ត្ន​ចំពោះ​សាច់​បង្កក ដែល​កំពុង​នាំចូល​ច្រើន​ទាំង​ខុស​ច្បាប់ និង​ស្រប​ច្បាប់ អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ ប្រឈម​កើត​ជំងឺ​ថ្លើម និង​ជំងឺ​មហារីក ក្រពះ ឬ​ជំងឺ​ផ្សេង​ទៀត។

ក្រៅពី​ប៉ះពាល់​សុខភាព​ហើយ ការ​នាំចូល​សាច់​បង្កក​នេះ ក៏​ធ្វើ​ឲ្យ​កសិករ​ចិញ្ចឹម​សត្វ​ភាគច្រើន​ខាតបង់ និង​ធ្វើ​ឲ្យ​ម្ចាស់​កសិដ្ឋាន​បោះបង់​ចោល​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស