34.7 C
Phnom Penh

ផែនការ​រាជរដ្ឋាភិបាល​ពង្រាយ​មន្ត្រី​ជំនាញ​កសិកម្ម​តាម​មូលដ្ឋាន កសិករ​ថា​ពុំ​មាន​ប្រយោជន៍​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កសិករ​ខ្មែរ​ត្អូញត្អែរ​ថា មន្ត្រី​កសិកម្ម​ដែល​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត កំពុង​រៀបចំ​ពង្រាយ​ទៅ​តាម​មូលដ្ឋាន​តាម​ឃុំ-សង្កាត់ មិន​អាច​ជួយ​កសិករ​បាន​ទេ បើ​វិស័យ​កសិកម្ម​ខ្មែរ​ពឹង​ទៅ​លើ​តែ​ប្រទេស​វៀតណាម និង​ជួប​គ្រោះ​ធម្មជាតិ​ដូច​សព្វថ្ងៃ​នេះ។

ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បាត់ដំបង ដែល​ជា​ខេត្ត​ជង្រុក​ស្រូវ​នៃ​ប្រទេស​កម្ពុជា ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​៤ មីនា នេះ​ថា បញ្ហា​វិស័យ​កសិកម្ម​នៅ​កម្ពុជា គឺ​មាន​ច្រើន​យ៉ាង ជាពិសេស​ការ​ធ្វើ​ស្រែ ព្រោះ​ថា​កសិករ​អាច​ធ្វើ​ស្រែ​បាន​តែ ១​ដង​ប៉ុណ្ណោះ​ក្នុង ១​ឆ្នាំ មូលហេតុ​ចម្បង​នោះ​គឺ​ដោយសារតែ​រដ្ឋាភិបាល​នៅតែ​មិន​ទាន់​មាន​សមត្ថភាព​រៀបចំ​ប្រព័ន្ធ​ស្រោចស្រព​សម្រាប់​កសិករ​ធ្វើ​កសិកម្ម​បាន​នៅឡើយ។

មួយ​វិញ​ទៀត រាជរដ្ឋាភិបាល​ក៏​មិន​ទាន់​មាន​គោលនយោបាយ​ជាក់លាក់​ណា​មួយ​លើ​វិស័យ​នេះ​ដែរ ក្នុង​ការ​ទប់ស្កាត់​គ្រោះ​ធម្មជាតិ​ដោយសារ​ទឹកជំនន់​នៅ​រដូវវស្សា ដែល​តែងតែ​កើត​មាន​ជា​រៀង​រាល់​ឆ្នាំ និង​គ្រោះ​ធម្មជាតិ​នៅ​រដូវប្រាំង​ដែល​គ្មាន​ទឹក​គ្រប់គ្រាន់​សម្រាប់​ឱ្យ​កសិករ​អាច​ធ្វើ​កសិកម្ម​នៅ​រដូវប្រាំង​បាន​នោះ។

ប្រភព​ដដែល​បន្ត​ថា សព្វថ្ងៃ​នេះ រដ្ឋាភិបាល​បាន​ត្រឹម​តែ​ដឹក​ជនរងគ្រោះ​ចេញពី​កន្លែង​រងគ្រោះ​ដោយ​ទឹកជំនន់ ព្រមទាំង​ចែក​អំណោយ និង​ការ​ប្រកាស​អាសន្ន​មិន​ឱ្យ​កសិករ​ធ្វើ​ស្រែ ២​ដង​នៅ​រដូវប្រាំង​ដែល​បណ្តាល​មកពី​បញ្ហា​ខ្វះ​ទឹក​ប៉ុណ្ណោះ។

ក្រុម​កសិករ​ខាងលើ​លើកឡើង​ថា ក្រៅតែ​ពី​បញ្ហា​ដែល​ពួកគេ​បាន​រៀបរាប់​នេះ ក៏​នៅ​មាន​បញ្ហា​ផ្សេង​ទៀត​ដែរ ដូចជា​ការ​ចំណាយ​ដើមទុន​ខ្ពស់​ក្នុង​មុខរបរ​កសិកម្ម​បង្កបង្កើនផល​លើ​ថ្លៃ​ជី ថ្លៃ​ពូជស្រូវ ថ្លៃ​ថ្នាំ​សម្លាប់​សត្វល្អិត ថ្លៃ​ថ្នាំ​បំប៉ន​ស្រូវ និង​ថ្លៃ​សម្ភារៈ​កសិកម្ម​ផ្សេង​ទៀត ជាដើម ខណៈ​ទិន្នផល​តែងតែ​ចុះ​ថោក​នា​រដូវ​ប្រមូល​ផល​ផង​ដែរ។ នេះ​មកពី​ឈ្មួញ​វៀតណាម កំណត់​តម្លៃ​កសិផល​របស់​ខ្មែរ​តាម​ចិត្ត ស្រប​ពេល​ដែល​រដ្ឋាភិបាល​មិន​មាន​គោលនយោបាយ​ណា​មួយ​ជួយ​ស្រោចស្រង់​បញ្ហា​ទាំងនេះ​ទេ​រាប់​សិប​ឆ្នាំ​កន្លង​មក​នេះ។

កសិករ​ទាំងនេះ​លើក​ជា​សំណួរ​ទៅ​កាន់​រដ្ឋាភិបាល​ថា តើ​មន្ត្រី​កសិកម្ម​ដែល​ត្រូវ​ដាក់​ពង្រាយ​តាម​ឃុំ-សង្កាត់​ទាំងនោះ អាច​ជួយ​ឱ្យ​ថ្លៃ​ជី ថ្លៃ​ពូជស្រូវ ថ្លៃ​ថ្នាំ​សម្លាប់​សត្វល្អិត និង​ថ្លៃ​សម្ភារៈ​កសិកម្ម​ផ្សេង​ទៀត​ចុះថោក និង​ជួយ​បង្កើន​តម្លៃ​កសិផល រួម​ទាំង​ទប់ស្កាត់​គ្រោះ​ធម្មជាតិ​ដែល​បណ្តាល​មកពី​ទឹកជំនន់ និង​គ្រោះ​រាំងស្ងួត​បាន​ទេ។ ផ្ទុយទៅវិញ បើ​ពួកគេ​មិន​អាច​ដោះស្រាយ​បញ្ហា​ខាងលើ​នេះ​បាន​ទេ នោះ​ពួកគេ​ក៏​មិន​អាច​ជួយ​កសិករ​បាន​ដែរ គឺ​បង្ហិន​តែ​លុយ​ជាតិ​ប៉ុណ្ណោះ ខណៈ​ចំណេះដឹង​បច្ចេកទេស​ក្នុង​ការ​ធ្វើ​កសិកម្ម មិនមែន​ជា​បញ្ហា​របស់​កសិករ​ទេ ព្រោះ​ពួកគាត់​មាន​បទពិសោធន៍​ធ្វើ​ស្រែ​រាប់​សិប​ឆ្នាំ​មក​ហើយ។

កាលពី​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៤ នាយករដ្ឋមន្ត្រី​កម្ពុជា​លោ ហ៊ុន ម៉ាណែត បាន​ជួប​ជាមួយ​អ្នកគាំទ្រ​នៅ​ក្នុង​ទីក្រុង​មែលប៊ន ប្រទេស​អូស្ត្រាលី ដោយ​លើកឡើង​ថា រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ​បាន​ប្រឡង​រើស​មន្ត្រី​កសិកម្ម​ចំនួន ២៥០​នាក់ និង​បាន​ពង្រាយ​ទៅ​មូលដ្ឋាន​ចំនួន ៨៧​ស្រុក ក្នុង​នោះ រដ្ឋាភិបាល​ក៏​គ្រោង​នឹង​ប្រឡង​រើស​មន្ត្រី​កសិកម្ម​ចំនួន ៨០០​នាក់​បន្ថែម​ទៀត​ដែរ សម្រាប់​ពង្រាយ​នៅ​តាម​ចំនួន ៨០០​ឃុំ-សង្កាត់​បន្ត​ទៀត​នៅ​ជំហាន​ទី​២ ក្នុង​ខែ​មេសា ឆ្នាំ​២០២៤ ខាងមុខ​នេះ។

លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ការ​ដាក់​ពង្រាយ​មន្ត្រី​បច្ចេកទេស​កសិកម្ម​នៅ​គ្រប់​ឃុំ-សង្កាត់ ព្រោះ​កសិករ​ត្រូវការ​បច្ចេកវិទ្យា​ដើម្បី​ធ្វើការ​ប្រកួតប្រជែង​ខាង​វិស័យ​នេះ ដូច្នេះ​ចាំបាច់​គឺ​ត្រូវ​មាន​អ្នក​បច្ចេកទេស​នៅ​ជាមួយ​ពួកគាត់​នៅ​មូលដ្ឋាន​តែម្តង។

កាលពី​ថ្ងៃទី​៣១ ខែ​តុលា ឆ្នាំ​២០២៣ ក្រសួង​មុខងារ​សាធារណៈ បាន​ប្រកាស​ពី​ការ​ប្រឡង​ជ្រើសរើស​មន្ត្រី​កសិកម្ម​ចំនួន ២៥០​នាក់​សម្រាប់​ខេត្ត​គោលដៅ​ចំនួន​១៧។ តាម​ផែនការ មន្ត្រី​ម្នាក់​កាន់​ការងារ ២​ឃុំ ខណៈ​ការ​ប្រឡង​ជ្រើសរើស​លើក​ទី​១ បាន​អនុវត្ត​រួច​ហើយ​កាលពី​ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២៣ កន្លង​ទៅ​នេះ។

មន្ត្រី​កសិកម្ម​ដែល​ប្រឡង​ជាប់​ដំណាក់កាល​ទី​១ នឹង​ត្រូវ​ដាក់​ពង្រាយ​ទៅ​តាម​ឃុំ-សង្កាត់ ក្នុង​ខេត្ត​ចំនួន​១៧ ដូចជា​ខេត្ត​តាកែវ ខេត្ត​កំពង់ស្ពឺ ខេត្ត​កំពង់ធំ ខេត្ត​សៀមរាប ខេត្ត​បន្ទាយមានជ័យ ខេត្ត​កំពង់ចាម ខេត្ត​កំពង់ឆ្នាំង ខេត្ត​បាត់ដំបង ខេត្ត​កំពត ខេត្ត​ពោធិ៍សាត់ ខេត្ត​ព្រៃវែង ខេត្ត​ព្រះវិហារ ខេត្ត​ត្បូងឃ្មុំ ខេត្ត​ស្វាយរៀង ខេត្ត​ឧត្ដរមានជ័យ ខេត្ត​កណ្តាល និង​ខេត្ត​មណ្ឌលគិរី។

ការ​ប្រឡង​ជ្រើសរើស​មន្ត្រី​កសិកម្ម ធ្វើ​ឡើង​ជា ៣​ដំណាក់កាល គឺ​ត្រូវ​ជ្រើសរើស ២៥០​នាក់​នៅ​ឆ្នាំ​២០២៣ ជ្រើសរើស ៨០០​នាក់​នៅ​ឆ្នាំ​២០២៤ និង​ជ្រើសរើស ៥៥០​នាក់​នៅ​ឆ្នាំ​២០២៥ ដើម្បី​ពង្រាយ​នៅ​តាម​ឃុំ-សង្កាត់​កសិកម្ម​ចំនួន​១៥៥២ ក្នុង​ចំណោម​ឃុំ-សង្កាត់​សរុប​ចំនួន ១៦៥២ នៅ​ទូទាំង​ប្រទេស។

កម្ពុជា​មាន​ឃុំ-សង្កាត់​ជាង ១​ពាន់​ឃុំ-សង្កាត់ (១៥៥២​ឃុំ-សង្កាត់) ដែល​ធ្វើ​សកម្មភាព​កសិកម្ម ក្នុង​នោះ​ឃុំ-សង្កាត់​ប្រមាណ​ជា ១​ពាន់​ឃុំ-សង្កាត់ ជា​ឃុំ-សង្កាត់​ដែល​ធ្វើ​ដំណាំ​ស្រូវ​សុទ្ធ ដែល​មាន​គ្រួសារ​ជា​កសិករ​ប្រមាណ​ជា ២​លាន​គ្រួសារ។

វិស័យ​កសិកម្ម​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា រដ្ឋាភិបាល​មិន​ទាន់​មាន​គោល​នយោបាយ​គ្រប់គ្រង​ច្បាស់លាស់​ទេ ដោយសារ​តែ​វិស័យ​នេះ​តែងតែ​ជួប​គ្រោះ​ធម្មជាតិ​ជា​រៀង​រាល់​ឆ្នាំ និង​ការ​ពឹងផ្អែក​ទាំង​ការ​នាំចូល​សម្ភារៈ​កសិកម្ម ទាំង​ការ​នាំចេញ​កសិផល​ទៅ​ប្រទេស​វៀតណាម ជាដើម ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​កសិករ​ខ្មែរ​ចំណាយ​ថ្លៃ​ដើម​ខ្ពស់​ក្នុង​ការ​ធ្វើ​កសិកម្ម ប៉ុន្តែ​ទទួល​បាន​ចំណូល​តិច​ពី​ការ​ប្រមូល​ផល​របស់​ខ្លួន ហើយ​បញ្ហា​នេះ​បាន​បន្ត​មក​អស់​រយៈពេល​ជាង ៤០​ឆ្នាំ​ហើយ​ក្នុង​ការ​គ្រប់គ្រង​ពី​រដ្ឋាភិបាល​លើ​វិស័យ​កសិកម្ម ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ទោះ​ជា​លោក ហ៊ុន សែន ធ្លាប់​ថតរូប​បង្ហោះ​តាម​ហ្វេសប៊ុក​អំពី​រូបលោក​ជា​កូន​កសិករ ចេះ​ភ្ជួរ​រាស់​ស្រែ ដក​ស្ទូង ច្រូត​កាត់​ក៏ដោយ។

ឧទាហរណ៍​ជាក់ស្តែង កាលពី​ចុង​ឆ្នាំ​២០២៣ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ចេញ​សេចក្តី​រាយការណ៍​ថា ដំណាំ​កសិកម្ម​ដែល​បាន​រង​ការ​ខូចខាត​ដោយសារ​គ្រោះ​ទឹកជំនន់​មាន​ចំនួន​ជិត ២​ពាន់​ហិកតា (១៦៨៩​ហិកតា) ប៉ុន្តែ​នៅ​រដូវប្រាំង​ដើម​ឆ្នាំ​២០២៤ នេះ អាជ្ញាធរ​តាម​ខេត្ត​ដែល​ប្រជាពលរដ្ឋ​ធ្វើ​ស្រែ​ប្រាំង ដូចជា​ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​ពោធិ៍សាត់ ជាដើម បាន​ចេញ​លិខិត​ព្រមាន​មិន​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ស្រែ​ប្រាំង ២​ដង ដោយសារតែ​មិន​មាន​ទឹក​ស្រោចស្រព​គ្រប់គ្រាន់ ទោះបីជា​តំបន់​ធ្វើ​ស្រែ​ប្រាំង​ទាំងនោះ​មិន​មាន​ច្រើន​ហិកតា​ក៏ដោយ។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នក​ឃ្លាំមើល​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៤ មីនា នេះ​ថា រដ្ឋាភិបាល​ចូលចិត្ត​សង់​ព្រលាន​យន្តហោះ ផ្លូវ​ល្បឿន​លឿន ស្ពាន​ឆ្លង​ទន្លេ ស្ទឹង អូរ ជាដើម តែ​រដ្ឋាភិបាល​មិន​សូវ​ចាប់អារម្មណ៍​ស្ដារ​ទន្លេ ស្ទឹង អូរ ឲ្យ​បាន​ជ្រៅ និង​ជីក​ប្រឡាយ ព្រែក អាង​ស្តុក​ទឹក​ឲ្យ​បាន​ច្រើន ដើម្បី​យក​ទឹក​ឲ្យ​ឱ្យ​កសិករ​ធ្វើ​ស្រែ​ចម្ការ​ទេ ខណៈ​ដែល​គេ​នាំគ្នា​ហៅ​ប្រទេស​កម្ពុជា​ជា​ប្រទេស​កសិកម្ម ប៉ុន្តែ​ខ្វះ​ទឹក​ធ្វើ​ស្រែ​ទៅវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស