31 C
Phnom Penh

លោក ហ៊ុន ម៉ាណែត ថា​រដ្ឋាភិបាល​របស់​លោក​បាន​ចេញ​គោលនយោបាយ​តាំងពី​ថ្ងៃ​ដំបូង​នៅ​សភា ខណៈ​រដ្ឋាភិបាល​ខ្លះ​មាន​តែ​ទ្រឹស្ដី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី លោក ហ៊ុន ម៉ាណែត អះអាង​ថា រដ្ឋាភិបាល​អាណត្តិ​ថ្មី​ដែល​ដឹកនាំ​ដោយ​រូប​លោក បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​តាំងពី​ថ្ងៃទី​១ នៅ​ក្នុង​សភា ខណៈ​រដ្ឋាភិបាល​ខ្លះ​រង់ចាំ​រយៈពេល ១០០​ថ្ងៃ​ក្រោយ​បោះឆ្នោត ទើប​មាន​គោលនយោបាយ​ដាក់​ចេញ។

ការ​អះអាង​របស់​នាយករដ្ឋមន្ត្រី​ថ្មី ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ «មន្ទីរពេទ្យ​ជាតិ តេជោ​សន្តិភាព» និង​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​កម្មវិធី​ទី​១ នៃ​គោលនយោបាយ​ជា​អាទិភាព​ទាំង​៦ «ការ​ពង្រីក​វិសាលភាព​មូលនិធិ​សមធម៌​ដល់​គ្រួសារ​ងាយ​រង​ហានិភ័យ» នា​ថ្ងៃទី​២៤ ខែ​តុលា ឆ្នាំ​២០២៣ នេះ។

លោក ហ៊ុន ម៉ាណែត បាន​អួត​ថា រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​ដឹកនាំ​ដោយ​រូបលោក បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ភ្លាមៗ​នៅ​ចំពោះ​មុខ​រដ្ឋសភា​កាលពី​ថ្ងៃទី​២២ ខែ​សីហា ដោយ​មិន​រង់ចាំ​រយៈពេល ១០០​ថ្ងៃ​ដូច​រដ្ឋាភិបាល​ខ្លះ​ដែល​លោក ហ៊ុន ម៉ាណែត ថា​មាន​តែ​ទ្រឹស្ដី​នោះ​ទេ។

លោក​ថា រដ្ឋាភិបាល​ខ្លះ​ក្រោយ​បោះឆ្នោត​រយៈពេល ៩០​ថ្ងៃ ទើប​មាន​គោលនយោបាយ​ដាក់​ចេញ ប៉ុន្តែ​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​រូបលោក​វិញ គឺ​ដាក់​ចេញ​តាំងពី​ថ្ងៃទី​១ មក​ម្ល៉េះ។

លោក​អះអាង​ថា ថ្ងៃទី​១ នៅ​ក្នុង​សភា លោក​បាន​អាន​គោលនយោបាយ​បញ្ចកោណ​របស់​រាជរដ្ឋាភិបាល​ដែល​ត្រូវ​ធ្វើ​ជាបន្ទាន់ ជាពិសេស​គោលនយោបាយ​កម្មវិធី ៦​ចំណុច​ដែល​ត្រូវ​អនុវត្ត​ដើម្បី​តម្រូវការ​របស់​ពលរដ្ឋ ប៉ុន្តែ​បើសិនជា​ធ្វើ​មិន​បាន​នោះ វា​ជា​ការ​ទទួល​ខុសត្រូវ​របស់​រដ្ឋាភិបាល។

លោក ហ៊ុន ម៉ាណែត រិះគន់​ចំពោះ​អ្នកវិភាគ​ដែល​និយាយ​ថា គោលនយោបាយ​ដែល​ដាក់​ចេញ​នេះ​ធ្វើ​មិន​បាន និង​មិន​ចេះ​ដឹកនាំ​នោះ ថា​ជា​អ្នកវិភាគ​ចេះ​គ្រប់​រឿង ខណៈ​គោលនយោបាយ​ដែល​ដាក់​ចេញ​នេះ លោក​ថា​មិន​មែន​ចេះ​តែ​សរសេរ​ដូច​អ្នក​អង្គុយ​វិភាគ​នោះ​ឡើយ។

លោក​ថា គោលនយោបាយ​រដ្ឋាភិបាល​នីមួយៗ​មិន​មែន​កើតឡើង​គ្រាន់តែ​ចូល Google ហើយ​វាយ​អក្សរ និង​ថត​ចម្លង ហើយ​ក៏​មិនមែន​ជា​ការ​សរសេរ​និក្ខេបបទ​ដើម្បី​យក​ឲ្យ​គ្រូ​ដាក់​ពិន្ទុ​ជាប់ ឬ​មិន​ជាប់​នោះ​ដែរ។

លោក ហ៊ុន ម៉ាណែត អះអាង​ថា គោលនយោបាយ​ល្អ​ឥត​ខ្ចោះ បើ​អនុវត្ត​មិន​បាន គ្មាន​ប្រសិទ្ធភាព វា​មិនមែន​ជា​គោលនយោបាយ​ល្អ​នោះ​ទេ ដូច្នេះ​ដើម្បី​ចងក្រង​គោលនយោបាយ និង​វិធានការ​អនុវត្ត គឺ​ផ្អែក​ទៅ​លើ​មូលដ្ឋាន​ជាក់ស្ដែង​នៅ​លើ​ដី និង​មូលដ្ឋាន​ទិដ្ឋភាព​ពិតប្រាកដ​នៅ​កម្ពុជា​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily ថា លោក ហ៊ុន ម៉ាណែត បាន​ត្រឹមតែ​អួត ដោយ​អួត​ជាង​ឪពុក​របស់​ខ្លួន។ លោក​បន្ត​ថា ចំពោះ​អ្វី​ដែល​សល់​នៅ គឺ​ការ​បំផ្លាញ​ប្រជាធិបតេយ្យ បន្ត​រំលោភ​សិទ្ធិមនុស្ស កើន​អំពើពុករលួយ បក្ខពួក​និយម រំលោភ​អំណាច សេដ្ឋកិច្ច​របស់​ពលរដ្ឋ​កំពុង​ធ្លាក់​ក្នុង​វិបត្តិ ចំណែក​ព្រំដែន​កាន់តែ​ដាច់​ខ្សែ រីឯ​អន្តោប្រវេសន៍​អាណានិគម​វិញ​កាន់តែ​ឡើង​ចាង​ដែរ។

លោក ហ៊ុន ម៉ាណែត បាន​ឡើង​កាន់​តំណែង​នាយករដ្ឋមន្ត្រី​បន្ត​ពី​លោក ហ៊ុន សែន ជា​ឪពុក​ចាប់​តាំងពី​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៣ ដោយ​គតិ​មក​ដល់​ថ្ងៃទី​២៤ ខែ​តុលា នេះ​មាន​រយៈពេល​ជាង ២​ខែ​ហើយ ប៉ុន្តែ​លទ្ធផល​ផ្លែផ្កា​ជាក់ស្ដែង​ហាក់​មិន​ទាន់​មាន​នោះ​ទេ ខណៈ​បច្ចុប្បន្ន​ពលរដ្ឋ​កំពុង​ប្រឈម​នឹង​ជំពាក់​បំណុល​វ័ណ្ឌក វិបត្តិ​អត់​ការងារ​ធ្វើ វិបត្តិ​នយោបាយ និង​បញ្ហា​វិវាទ​ដីធ្លី ជាដើម នៅ​មិន​ទាន់​ដោះស្រាយ​បាន​នៅឡើយ។

ក្រឡេក​មក​មើល​រដ្ឋាភិបាល​ថៃ ដឹកនាំ​ដោយ​លោក ស្រេតថា ថាវីស៊ីន វិញ បន្ទាប់​ពី​ទទួល​បាន​តំណែង​ជា​នាយករដ្ឋមន្ត្រី​ភ្លាមៗ លោក​បាន​បន្ថយ​ថ្លៃ​ប្រេងសាំង និង​អគ្គិសនី ព្រមទាំង​សម្រេច​ឱ្យ​កសិករ​របស់​ខ្លួន​ផ្អាក​សង​បំណុល​រយៈពេល ៣​ឆ្នាំ និង​អាច​ខ្ចី​ថែម​ដើម្បី​ធ្វើ​អាជីវកម្ម ជាដើម។ ក្រៅពី​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​ហើយ បន្ទាប់ពី​ជាប់​ឆ្នោត លោក ស្រេតថា ថាវីស៊ីន ក៏​បាន​ទាក់ទាញ​ក្រុមហ៊ុន Tesla, Google, Microsoft ទៅ​វិនិយោគ​នៅ​ប្រទេស​ថៃ ដែល​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​ថៃ រស់នៅ​ក្នុង​ជីវភាព​ល្អ​ប្រសើរ​ជាង​បច្ចុប្បន្ន​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស