31 C
Phnom Penh

អង្គការ​នៅ​ក្រៅ​ស្រុក​ប្ដេជ្ញា​ស្ដារ​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស​ដោយ​ឈរ​លើ​គោលការណ៍​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ប្រជាធិបតេយ្យ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​មូលដ្ឋាន​នៅ​ក្រៅ​ស្រុក ប្ដេជ្ញា​បន្ត​បេសកកម្ម​រួម​គ្នា​ការពារ​យុត្តិធម៌​សង្គម ស្ដារ​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​ការ​ប្រកួតប្រជែង​នយោបាយ​ដោយ​ឈរ​លើ​គោលការណ៍​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​កតិកាសញ្ញា​អន្តរជាតិ។

អ្នក​ប្រជាធិបតេយ្យ អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ បាន​ចេញ​សេចក្តី​សម្រេច​មួយ​បន្ទាប់​ពី​សន្និសីទ​រំលឹក​ខួប ៣២​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃទី​២១ ខែ​តុលា ឆ្នាំ​២០២៣ នេះ​ថា ពួកគេ​បាន​ឯកភាព​គ្នា​ក្នុង​ការ​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​អនុវត្ត​នូវ​ចំណុច​មួយ​ចំនួន​ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដូចជា ទប់ស្កាត់​មិន​ឱ្យ​មាន​រដ្ឋាភិបាល​ដែល​បង្កើត​ឡើង​ដោយ​ការ​បោះឆ្នោត​ក្លែងក្លាយ​មិន​ស្រប​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ជាដើម។

ជាង​នេះ​ទៀត ត្រូវ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បច្ចុប្បន្ន​លុប​ចោល​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ និង​វៀតណាម​ជាបន្ទាន់​ផង​ដែរ ព្រោះ​ថា​កិច្ច​សហប្រតិបត្តិការ​នេះ​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។

ក្រុម​នេះ​បញ្ជាក់​ថា ពួកគេ​នឹង​បង្កើត​គណៈកម្មការ​ជំនាញ​ចំពោះ​កិច្ច​មួយ ដើម្បី​ធ្វើការ​ជាមួយ​អង្គការ​សហប្រជាជាតិ និង​ប្រទេស​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស ព្រមទាំង​សហគមន៍​ខ្មែរ​នៅ​ទូទាំង​ពិភពលោក ដោយ​ធ្វើ​សកម្មភាព​គ្រប់​យ៉ាង​លើ​គោលការណ៍​សាមគ្គីភាព តាម​គ្រប់​មធ្យោបាយ​ក្រោម​យន្តការ​ច្បាប់​អន្តរជាតិ។ ជាង​នេះ​ទៀត ត្រូវ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ការទូត​ឱ្យ​កាន់តែ​ទូលំទូលាយ ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​រៀបចំ​ការ​បោះឆ្នោត​មួយ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

ការ​ប្ដេជ្ញា​នេះ ធ្វើឡើង​ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​ឱ្យ​បាន​នូវ​ខ្លឹមសារ​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ក្នុង​ការ​ធានា​នូវ​ការ​អនុវត្ត​របប​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ទៅ​ថ្ងៃ​មុខ។

សមាគម​ខ្មែរ​នៅ​ក្រៅ​ស្រុក​ជាច្រើន ដូចជា ក្រុមប្រឹក្សា ២៣​តុលា (23 October Council) សមាគម​ខ្មែរ​រដ្ឋ​អ៊ីល្លីណយ (Cambodian Association Illinois) សហព័ន្ធ​ខ្មែរ​អូស្ត្រាលី (Cambodian Australian Federation) អង្គការ​សង្គ្រោះ​កម្ពុជា (Save Cambodia) និង​សមាគម​ខ្មែរ​នៅ​ក្រៅ​ស្រុក​ជិត ២០​ស្ថាប័ន​ផ្សេង​ទៀត បាន​ធ្វើ​សន្និសីទ​ប្រារព្ធ​ខួប​លើក​ទី​៣២​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ១៩៩១ នៅ​ក្នុង​ទីក្រុង​ឈីកាកូ រដ្ឋ​អ៊ីល្លីណយ កាលពី​ថ្ងៃទី​២១ ខែ​តុលា ឆ្នាំ​២០២៣ កន្លង​ទៅ ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ងាក​ទៅ​រក​ការ​អនុវត្ត​តាម​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឡើងវិញ។

កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស (Paris Peace Accords) គឺជា​កិច្ចព្រមព្រៀង​មួយ​ស្ដីពី​ដំណោះស្រាយ​នយោបាយ​ដើម្បី​បញ្ចប់​ជម្លោះ​នៅ​កម្ពុជា ធ្វើ​ឡើង​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ក្នុង​គោលបំណង​ឈាន​ទៅ​រក​ការ​រៀបចំ​ឲ្យ​មាន​សន្តិភាព​ឡើងវិញ​នៅ​កម្ពុជា និង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​តាម​បែប​លទ្ធិប្រជាធិបតេយ្យ ដើម្បី​ការពារ​អធិបតេយ្យ ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​របស់​កម្ពុជា​ទាំងមូល។

កម្ពុជា​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ត្រួតត្រា​ដោយ​មេដឹកនាំ​ខ្មែរ​ដែល​លើក​បន្តុប​ដោយ​កងទ័ព​វៀតណាម រង​នូវ​ការ​រិះគន់​គ្រប់​ទិសទី​ថា លោក ហ៊ុន សែន មិន​បាន​អនុវត្ត​ទៅ​តាម​រដ្ឋធម្មនុញ្ញ​ដែល​បាន​ចែង​ពី​របប​ប្រជាធិបតេយ្យ​នោះ​ទេ។ ជាង​នេះ​ទៀត លោក ហ៊ុន សែន ក៏​បាន​ទាត់​ចោល​នូវ​ខ្លឹមសារ​ទាំងអស់​របស់​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថែម​ទៀត ដោយ​អះអាង​ថា កិច្ចព្រមព្រៀង​នេះ​បាន​ស្លាប់​បាត់បង់​ទៅ​ហើយ។

បែប​នេះ​ក្តី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២៤ តុលា នេះ​ថា នៅ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​មិន​អនុវត្ត​នូវ​របប​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​ការ​ការពារ​បូរណភាព​ទឹកដី​របស់​កម្ពុជា ជាដើម នោះ​មាន​ន័យ​ថា រដ្ឋាភិបាល​មិន​បាន​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ខ្លឹមសារ​ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នោះ​ឡើយ។

បណ្ឌិត មាស នី ត្អូញត្អែរ​ថា ភាគី​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ទាំង​ភាគី​កម្ពុជា និង​សហ​ហត្ថលេខី​អន្តរជាតិ​ផ្សេង​ទៀត មិន​ទាន់​បាន​អនុវត្ត​ឱ្យ​បាន​ហ្មត់ចត់​តាម​ស្មារតី​នៃ​កិច្ចសន្យា​អន្តរជាតិ​នេះ​នៅឡើយ​ទេ ហើយ​បញ្ហា​នេះ​ក៏​ជា​ហានិភ័យ​ដ៏​ធំ​សម្រាប់​ប្រទេស​កម្ពុជា​ដែរ ប្រសិនបើ​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​បោះបង់​ចោល​នៅ​ពេល​ណា​មួយ​នោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ចុង​ឆ្នាំ​២០២២ សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​លោក អិត ម៉ាកឃី (Ed Markey) និង​ជា​ប្រធាន​អនុ​គណៈកម្មាធិការ​ទំនាក់ទំនង​បរទេស ទទួល​បន្ទុក​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក បាន​លើកឡើង​ថា គណៈកម្មាធិការ​ទំនាក់ទំនង​បរទេស​របស់​ព្រឹទ្ធសភា​អាមេរិក បាន​យល់ព្រម​ជា​ឯកច្ឆន្ទ​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ស្តីអំពី​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ហើយ ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​តាម​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន ដូច​ដែល​មាន​ចែង​ក្នុង​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១។

លោក អិត ម៉ាកឃី (Ed Markey) អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង និង​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប ពួត​ដៃ​គ្នា​បន្ត​ទៀត​ដើម្បី​អនាគត​កម្ពុជា ក្នុង​ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បន្ត​គោរព និង​រក្សា​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ឱ្យ​បាន​ត្រឹមត្រូវ​ដូច​បំណង​នៃ​កិច្ចព្រមព្រៀង​នេះ​ចង់​បាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស