32 C
Phnom Penh

តុលាការ​បង្កក​ទ្រព្យសម្បត្តិ​និង​គណនី​ធនាគារ​លោក ជា សារ៉ន ៩៥​គណនី​និង​បង្គាប់​ចាប់​ខ្លួន​មនុស្ស​៩​នាក់​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការ​ខេត្ត​កំពត សម្រេច​បង្កក​ទ្រព្យ​របស់​ក្រុមហ៊ុន ជា សារ៉ន ឈ្មោះ «រៀល​ធី ឯ.ក» ដែល​រួម​មាន​គណនី​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន ៩៥​គណនី និង​អចលនវត្ថុ (ដី) ចំនួន ១៧៩១​ក្បាលដី ព្រមទាំង​សម្រេច​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​ចំនួន ១០​នាក់ និង​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​ជន​ត្រូវ​ចោទ​ចំនួន ៩​នាក់​ផ្សេង​ទៀត។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលាដំបូង​ខេត្ត​កំពត នៅ​ថ្ងៃទី​២៥ មេសា ឱ្យ​ដឹង​ថា តុលាការ​សម្រេច​បង្កក​ទ្រព្យ​របស់​ក្រុមហ៊ុន ជា សារ៉ន រៀល​ធី ឯ.ក ដែល​រួម​មាន គណនី​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន ៩៥​គណនី និង​អចលនវត្ថុ (ដី) ចំនួន ១៧៩១​ក្បាលដី។

តុលាការ​ក៏​បាន​សម្រេច​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​ចំនួន ១០​នាក់ និង​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​ជន​ត្រូវ​ចោទ​ចំនួន ៩​នាក់ ប៉ុន្តែ​មក​ដល់​ពេលនេះ សមត្ថកិច្ច​ពុំ​ទាន់​ចាប់​ខ្លួន​បាន​ជន​ត្រូវ​ចោទ​ទាំង ៩​នាក់​នោះ​នៅឡើយ​ទេ។

ប្រភព​ដដែល​បាន​លើកឡើង​ថា តុលាការ​ក៏​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន​ជន​ត្រូវ​ចោទ​ចំនួន ៤០​នាក់​ទៀត និង​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ចូល​ខ្លួន​លើ​ជន​ត្រូវ​ចោទ​ចំនួន ១០​នាក់ ដោយ​កំណត់​ឱ្យ​ចូល​ខ្លួន​គិត​ចាប់ពី​ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​២០២៤ ដល់​ថ្ងៃទី​០៩ ខែ​ឧសភា ឆ្នាំ​២០២៤។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​ឲ្យ​ដឹង​ថា មុន​ឈាន​ដល់​ការ​សម្រេច​បែប​នេះ ចៅក្រម​ស៊ើបសួរ និង​ក្រឡាបញ្ជី បាន​ទៅ​ស្តាប់​ចម្លើយ និង​ធ្វើ​កំណត់​ហេតុ​ស្ដីពី​ការ​តាំង​ខ្លួន​ជា​ដើមបណ្ដឹង​រដ្ឋប្បវេណី​លើ​ជនរងគ្រោះ​ដល់​មូលដ្ឋាន​ទាំង ៩​ក្រុង-ស្រុក​នៃ​ខេត្ត​កំពត និង​ការ​ស្តាប់​ចម្លើយ​របស់​ជនរងគ្រោះ​ដែល​នៅ​ក្រៅ​ខេត្ត​កំពត សរុប ៥៦៨០​នាក់ និង​សាក្សី​ជា​អាជ្ញាធរ​ចំនួន ២៤៩​នាក់។

សមត្ថកិច្ច​ខេត្ត​កំពត បាន​ចាប់​ខ្លួន​ឧកញ៉ា ជា សារ៉ន ប្រធាន​ក្រុមហ៊ុន ជា សារ៉ន និង​បក្ខពួក​មួយ​ចំនួន​ទៀត ហើយ​តុលាការ​បាន​ឃុំ​ជា​បណ្ដោះអាសន្ន​ពី​បទ​ឆបោក​មាន​ស្ថាន​ទម្ងន់​ទោស​កាលពី​ខែ​មេសា ឆ្នាំ​២០២៣។

ក្រោយ​ពេល​ចាប់​ខ្លួន​ឧកញ៉ា ជា សារ៉ន ហើយ ពលរដ្ឋ​រាប់​ពាន់​នាក់​ដាក់​ពាក្យ​ប្តឹង​ទាមទារ​ឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ទារ​លុយ​ពី​ក្រុមហ៊ុន ប្រគល់​ឱ្យ​ពួកគាត់​វិញ ដើម្បី​យក​ទៅ​បង់​សង​ធនាគារ​វិញ ព្រោះ​ពលរដ្ឋ​បាន​ដាក់​លុយ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​នេះ​ម្នាក់ៗ​ចន្លោះ​ពី ១​ម៉ឺន​ទៅ​ជិត ១០​ម៉ឺន​ដុល្លារ។

ទម្រង់​អាជីវកម្ម​ក្រុមហ៊ុន​នេះ គឺ​ឱ្យ​ពលរដ្ឋ​ទិញ​ដី ឬ​ដាក់​លុយ​ឱ្យ​ក្រុមហ៊ុន​ខ្ចី ដើម្បី​ទទួល​បាន​ការប្រាក់ ឬ​ប្រាក់​ចំណេញ​ចន្លោះ​ពី ៣% ទៅ ៤% នៃ​ចំនួន​លុយ​ដែល​បាន​ដាក់។

របាយការណ៍​បឋម​របស់​អាជ្ញាធរ​ខេត្ត​កំពត ឱ្យ​ដឹង​ថា ពលរដ្ឋ​ជាង ២​ពាន់​នាក់​ប្តឹង​ក្រុមហ៊ុន ជា សារ៉ន ទាមទារ​ប្រាក់​សរុប​ប្រមាណ ៤០​លាន​ដុល្លារ។

អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily កន្លង​មក​ថា លោក​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ​សមាសភាព​បុគ្គល​ដែល​ទទួល​បាន​គោរមងារ​ជា​ឧកញ៉ា អ្នកឧកញ៉ា កន្លង​មក​ឡើងវិញ ព្រោះ​ថា​បុគ្គល​មួយ​ចំនួន​កំពុង​ប្រើប្រាស់​គោរមងារ​ដ៏​ថ្លៃថ្នូរ​នេះ ប្រព្រឹត្ត​ទង្វើ​ស្មោកគ្រោក ដែល​នាំ​ឱ្យ​អាប់ឱន​ដល់​កិត្តិយស​ព្រះមហាក្សត្រ និង​រាជរដ្ឋាភិបាល​យ៉ាង​ធ្ងន់ធ្ងរ។

លោក សេក សុជាតិ បន្ត​ថា ផ្អែក​តាមរយៈ​បទពិសោធន៍​ជា​បន្តបន្ទាប់​ដែល​ក្រុម​ឧកញ៉ា​មួយ​ចំនួន​បាន​ប្រព្រឹត្ត ដូចជា ការ​បោកប្រាស់​លុយ​ពលរដ្ឋ​តាមរយៈ​ក្រុមហ៊ុន​អចលនទ្រព្យ និង​ការ​បណ្ដាក់ទុន ឬ​ការ​ប្រព្រឹត្ត​ទង្វើ​ឧក្រិដ្ឋ​ផ្សេងៗ បាន​បង្ហាញ​ពី​កម្សោយ​របស់​រដ្ឋាភិបាល​នៅ​លើ​ឆាក​អន្តរជាតិ​យ៉ាង​ខ្លាំង ក្នុង​ការ​វាយតម្លៃ​លក្ខណៈ​របស់​បុគ្គល​ដែល​ស័ក្តិសម​នឹង​ទទួល​បាន​គោរមងារ​ជា​ឧកញ៉ា​ពី​ព្រះមហាក្សត្រ។

ប្រភព​ដដែល​ត្អូញត្អែរ​ថា រដ្ឋាភិបាល​មិន​គួរ​បណ្តែតបណ្តោយ​ឱ្យ​ទឹកលុយ​ខ្មៅ​ងងឹត​របស់​ឧកញ៉ា​មួយ​ចំនួន បំផ្លាញ​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​ព្រះមហាក្សត្រ និង​រាជរដ្ឋាភិបាល​បន្ត​ទៀត​ឡើយ ព្រោះ​ថា​ការ​ស្នើសុំ​ទៅ​ព្រះមហាក្សត្រ​ឱ្យ​ផ្តល់​គោរមងារ​ជា​ឧកញ៉ា​ដល់​បុគ្គល​ណា​ម្នាក់ មិនមែន​ផ្អែក​តែ​ទៅ​លើ​ចំនួន​ទឹកប្រាក់​ដែល​រាជរដ្ឋាភិបាល​បាន​កំណត់​តែ​មួយ​មុខ​នោះ​ទេ ប៉ុន្តែ​គួរតែ​ផ្ដោត​លើ​ស្នាដៃ​ក្នុង​ការ​ជួយ​ប្រទេស​ជាតិ កិត្តិនាម​ដែល​ពលរដ្ឋ​ទទួលស្គាល់ និង​អត្តចរិត​ឫកពារ​របស់​បុគ្គល​នោះ​ផ្ទាល់​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស