36 C
Phnom Penh

លោក ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​គណៈរដ្ឋមន្ត្រី​ថ្មី​របស់​ខ្លួន​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌​ជា​ការងារ​អាទិភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី លោក ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​គណៈរដ្ឋមន្ត្រី​ថ្មី​របស់​ខ្លួន​យក​ការ​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌​ជា​ការងារ​អាទិភាព​បំផុត​សម្រាប់​រដ្ឋាភិបាល​ថ្មី​នេះ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​ពលរដ្ឋ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់។

លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​កិច្ចប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី​នៅ​ឯ​វិមាន​សន្តិភាព នៅ​ថ្ងៃទី​២៧ ខែ​តុលា ឆ្នាំ​២០២៣ នេះ​ថា ការ​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា គឺជា​អាទិភាព​សំខាន់​សម្រាប់​រដ្ឋាភិបាល​អាណត្តិ​ទី​៧ នេះ ក្នុង​នោះ​ការ​រៀបចំ​បង្កើត​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ក៏​ជា​ការ​ចូលរួម​ចំណែក​ផ្តល់​យុត្តិធម៌​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ទៅ​ថ្ងៃ​មុខ​ផង​ដែរ។

លោក ហ៊ុន ម៉ាណែត លើកឡើង​ថា យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ គឺជា​ការ​ផ្តល់​ជម្រើស​បន្ថែម​ដល់​ពលរដ្ឋ ក្នុង​ការ​ដោះស្រាយ​បញ្ហា ហើយ​យន្តការ​ថ្មី​នេះ​ក៏​មិន​មែន​ធ្វើឡើង​ដើម្បី​បង្ខិតបង្ខំ​ពលរដ្ឋ​ឱ្យ​ត្រូវតែ​ប្រើប្រាស់​សេវា​នេះ​ដែរ ប៉ុន្តែ​ជា​ជម្រើស​បន្ថែម​សម្រាប់​ពួកគាត់ ជា​ហេតុ​ធ្វើ​ឱ្យ​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ត្រូវ​ដឹកនាំ​សម្របសម្រួល និង​អនុវត្ត​ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ និង​ត្រូវ​អនុវត្ត​ការ​សម្រុះសម្រួល​ផ្សះផ្សា​វិវាទ ដែល​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ឱ្យ​បាន​ល្អ។ ជាង​នេះ​ទៀត ត្រូវ​ពិនិត្យ និង​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នៅ​តាម​មូលដ្ឋាន តាមរយៈ​ការ​សម្រុះសម្រួល ផ្សះផ្សា ដោយ​សហការ​ជាមួយ​នឹង​អាជ្ញាធរ​ដែល​មាន​ការ​ពាក់ព័ន្ធ​ឱ្យ​បាន​ម៉ត់ចត់​ផង​ដែរ។

កាលពី​ថ្ងៃទី​១៨ ខែ​តុលា ឆ្នាំ​២០២៣ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ បាន​ណែនាំ​ឱ្យ​មន្ត្រី​តុលាការ និង​មន្ត្រី​ពាក់ព័ន្ធ ព្រមទាំង​ស្ថាប័ន​យុត្តិធម៌​ទាំងអស់ ត្រូវតែ​យកចិត្ត​ទុកដាក់​លើ​ការ​ពង្រឹង​គុណភាព​យុត្តិធម៌​ជូន​ពលរដ្ឋ និង​ពន្លឿន​ការ​ដោះស្រាយ​សំណុំរឿង​ប្រកប​ដោយ​តម្លាភាព និង​សុចរិតភាព។

លោក កើត រិទ្ធ បញ្ជាក់​ថា ក្រសួង​យុត្តិធម៌​បាន​កំណត់​ទិសដៅ​កែទម្រង់​ក្នុង​វិស័យ​យុត្តិធម៌ ដែល​ជា​អាទិភាព​សម្រាប់​រយៈពេល ៥​ឆ្នាំ​ខាង​មុខ ក្នុង​នោះ​គឺ​ខិតខំ​កែប្រែ​ក្នុង​ប្រព័ន្ធ​តុលាការ និង​រៀបចំ​យន្តការ​ថ្មី​កែទម្រង់​យន្តការ​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​កម្ពុជា ដោយ​ការ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​តាមរយៈ​នៃ​ការ​សម្រុះសម្រួល​ផ្សះផ្សា ជាដើម។

អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៧ តុលា នេះ​ថា លោក​មើល​មិន​ឃើញ​ពី​ការ​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា ថា​នឹង​អាច​មាន​ភាព​ល្អ​ប្រសើរ​តាម​វិធី​ណា​នោះ​ទេ ស្រប​ពេល​ដែល​អំពើ​អយុត្តិធម៌​សង្គម​ដែល​បាន​បន្សល់​ទុក​ពី​រដ្ឋាភិបាល​ចាស់ នៅតែ​បន្ត​មក​ដល់​រដ្ឋាភិបាល​ថ្មី​នេះ ហើយ​នាយករដ្ឋមន្ត្រី​ថ្មី​មិនទាន់​មាន​វិធានការ​ដោះស្រាយ​នៅឡើយ​ទេ។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា ការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​នយោបាយ ការ​ចោទប្រកាន់​សកម្មជន​បរិស្ថាន ការ​វាយប្រហារ​ទៅ​លើ​សកម្មជន​សង្គម និង​ការ​បន្ត​ចោទប្រកាន់​មេដឹកនាំ​បក្ស​ប្រឆាំង​ទាំង​អយុត្តិធម៌ នៅតែ​បន្ត​រហូត​ដល់​ពេលនេះ ដោយ​គ្មាន​វិធានការ​ទប់ស្កាត់ ឬ​វិធានការ​ដោះស្រាយ​នៅឡើយ ដូច្នេះ​មាន​ន័យ​ថា ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា​នៅតែ​កំពុង​ធ្លាក់​ចុះ​ដូច​មុន​ដដែល។

អតីត​អ្នកទោស​នយោបាយ​រូប​នេះ​បញ្ជាក់​ថា ប្រសិនបើ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​ចង់​ឱ្យ​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន រដ្ឋាភិបាល​ថ្មី​នេះ​ត្រូវតែ​សើរើ​សំណុំរឿង​នានា​ទាក់ទង​នឹង​ការ​ចោទប្រកាន់ និង​ការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​សង្គម សកម្មជន​បរិស្ថាន សកម្មជន​ដីធ្លី សកម្មជន​សិទ្ធិមនុស្ស សកម្មជន​នយោបាយ រួម​ទាំង​មេដឹកនាំ​បក្ស​ប្រឆាំង​ឡើងវិញ​ទាំងអស់ ទើប​ជា​ចំណុច​ចាប់ផ្តើម​នៃ​ការ​ពង្រឹង​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា។

លោក​បន្ថែម​ថា បើ​មិន​ធ្វើ​ដូច្នោះ​ទេ គឺ​មិន​អាច​បើក​ផ្លូវ​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​ប្រព័ន្ធ​យុត្តិធម៌​នេះ​បាន​ឡើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក រ៉ុង ឈុន បាន​អះអាង​កាលពី​ពេល​កន្លង​ទៅ​ថា ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា​គឺ​ស្ថិត​ក្នុង​កម្រិត​ទាប​បំផុត ព្រោះ​ថា​អំឡុង​ពេល​ដែល​លោក​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​អស់​រយៈពេល​ជាង ១​ឆ្នាំ​កាលពី​ពេល​កន្លង​ទៅ​នោះ លោក​បាន​សង្កេត​ឃើញ​ថា ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ដូចជា​ទីផ្សារ​ទិញ​លក់​រឿង​ក្តី​យ៉ាង​អនាធិបតេយ្យ​ប៉ុណ្ណោះ។

ចំណែក​ក្រុម​អ្នក​សង្កេតការណ៍​ត្អូញត្អែរ​ថា បច្ចុប្បន្ន​នេះ ស្ថាប័ន​ដែល​ជា​សសរស្ដម្ភ​ធំៗ​ទាំង ៣ របស់​ជាតិ គឺ​ស្ថាប័ន​នីតិប្បញ្ញត្តិ ស្ថាប័ន​នីតិប្រតិបត្តិ និង​ស្ថាប័ន​តុលាការ បាន​ក្លាយ​ជា​ឧបករណ៍​របស់​បក្ស​កាន់​អំណាច​ទាំងស្រុង​អស់​ទៅ​ហើយ ដូច្នេះ​យុត្តិធម៌​នឹង​កើត​មាន​សម្រាប់​តែ​បក្ខពួក​អ្នក​មាន​អំណាច​ប៉ុណ្ណោះ ខណៈ​ពលរដ្ឋ​ស្លូតត្រង់​នឹង​ក្លាយ​ជា​ជនរងគ្រោះ​ពី​ប្រព័ន្ធ​យុត្តិធម៌​ដែល​ដឹកនាំ​ដោយ​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ​ទាំងស្រុង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស