27 C
Phnom Penh

លោក ហ៊ុន ម៉ាណែត សម្រេច​ឱ្យ​ក្រសួង​ព័ត៌មាន​ចាត់​វិធានការ​ច្បាប់​លើ​អង្គភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផុត​អាជ្ញាបណ្ណ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត បាន​សម្រេច​ឲ្យ​ក្រសួង​ព័ត៌មាន ចាត់​វិធានការ​លើ​អង្គភាព ឬ​ស្ថាប័ន​ដែល​ធ្វើ​អាជីវកម្ម​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា​ផុត​អាជ្ញាបណ្ណ​កំណត់​ហើយ ហើយ​នៅ​បន្ត​ធ្វើ​សកម្មភាព​ដោយ​មិន​សុំ​ការ​អនុញ្ញាត​ជា​ថ្មី​ឱ្យ​បាន​ត្រឹមត្រូវ នឹង​ត្រូវ​ប្រឈមមុខ​ផ្លូវ​ច្បាប់។

យោង​តាម​សេចក្តី​សម្រេច​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​៣០ តុលា បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​តាមរយៈ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ឯកភាព​ជា​គោលការណ៍​ឱ្យ​ក្រសួង​ព័ត៌មាន មាន​ចំណាត់ការ​លើ​អង្គភាព ឬ​ស្ថាប័ន​ផ្សព្វផ្សាយ​ដែល​មិន​គោរព​តាម​ច្បាប់។

សេចក្តី​សម្រេច​ដដែល​លើកឡើង​ថា ជា​គោលការណ៍​ដំបូង ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ឱ្យ​ក្រសួង​ព័ត៌មាន ណែនាំ​ទៅ​កាន់​ម្ចាស់​អង្គភាព ឬ​ស្ថាប័ន​ដែល​ធ្វើ​អាជីវកម្ម​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​កំពុង​ដំណើរការ​ដោយ​គ្មាន​អាជ្ញាបណ្ណ​នោះ ត្រូវ​មក​សុំ​ច្បាប់​អនុញ្ញាត​ប្រកប​អាជីវកម្ម​ពី​ក្រសួង​ព័ត៌មាន ដោយ​ទុក​រយៈពេល ៣​ខែ។

ផុត​រយៈពេល​កំណត់ (៣​ខែ) បុគ្គល​ណា​ដែល​ធ្វើ​អាជីវកម្ម​ផ្សព្វផ្សាយ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់។

ប្រភព​ដដែល​បាន​លើកឡើង​ថា ក្រសួង​នឹង​លុប​អាជ្ញាបណ្ណ​អាជីវកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់​ប្រភេទ ឬ​សមាគម​អ្នក​សារព័ត៌មាន​ដែល​បាន​ចុះបញ្ជី​ហើយ មិន​ដំណើរការ​អាជីវកម្ម​រយៈពេល ១​ឆ្នាំ។ ដោយឡែក​សម្រាប់​ស្ថានីយ​ទូរទស្សន៍​គ្រប់​ប្រភេទ ទុក​លទ្ធភាព​ជូន​រយៈពេល ៣​ឆ្នាំ ដោយសារ​ត្រូវ​ប្រើ​ទុន​វិនិយោគ​ច្រើន និង​សិក្សា​រយៈពេល​យូរ។

សេចក្តី​សម្រេច​ដដែល​បាន​ចែង​ថា អង្គភាព ឬ​ស្ថាប័ន​ដែល​ធ្វើ​អាជីវកម្ម​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ ត្រូវ​គោរព និង​អនុវត្ត​តាម​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន និង​ក្រមសីលធម៌​វិជ្ជាជីវៈ ដើម្បី​ពង្រឹង​គុណភាព​នៃ​ការ​ផ្សព្វផ្សាយ។ ក្នុង​ករណី​ម្ចាស់​អង្គភាព ឬ​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​បំពាន​វិជ្ជាជីវៈ មិន​ព្រម​អនុវត្ត​តាម​ការ​ណែនាំ ក្រសួង​ព័ត៌មាន​ត្រូវ​ដកហូត​អាជ្ញាបណ្ណ និង​បញ្ឈប់​ការ​ធ្វើ​អាជីវកម្ម​ជា​ស្ថាពរ។

នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​ក្រសួង​ព័ត៌មាន រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន គឺ​លោក នេត្រ ភក្ត្រា បាន​ប្រកាស​ដោយ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ថា នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ដើរ​តួនាទី​កាន់តែ​សំខាន់​ក្នុង​ការ​ផ្សាយ​សំឡេង​របស់​រដ្ឋាភិបាល​ទៅ​កាន់​សាធារណជន។

កាលពី​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២២ ក្រសួង​ព័ត៌មាន​បាន​សម្រេច​លុប​ចោល​អាជ្ញាបណ្ណ​សារព័ត៌មាន​របស់​លោក សាន្ត ប៊ុនធឿន លែង​ឱ្យ​ធ្វើ​អាជីវកម្ម​ផ្សព្វផ្សាយ​លើ​គេហទំព័រ​របស់​ខ្លួន​បន្ត​ទៀត ដោយ​ក្រសួង​បញ្ជាក់​ថា ចាងហ្វាង​កាសែត​រូប​នេះ​ប្រព្រឹត្ត​ទង្វើ​អសីលធម៌ ជេរប្រមាថ​ជា​សាធារណៈ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សីលធម៌​សង្គម និង​កិត្តិយស ព្រមទាំង​សេចក្ដី​ថ្លៃថ្នូរ​របស់​អ្នក​សារព័ត៌មាន​អាជីព ដែល​ជា​ការ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​វិជ្ជាជីវៈ​សារព័ត៌មាន។

កាលពី​ថ្ងៃទី​១ ខែ​កញ្ញា ឆ្នាំ​២០២២ កន្លង​ទៅ អតីត​អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន លោក មាស សុភ័ណ្ឌ បាន​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២២ អង្គភាព​សារព័ត៌មាន​ជាតិ និង​បរទេស​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ព័ត៌មាន​មាន​ចំនួន ២១៥៤​អង្គភាព ដោយ​ក្នុង​នោះ​មាន​គេហទំព័រ និង TV Online ចំនួន ៨៦១​អង្គភាព កាសែត​ចំនួន ៤៤៦​អង្គភាព ស្ថានីយ​វិទ្យុ FM ចំនួន ៨៣​ស្ថានីយ​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​ចំនួន ១៣៧​ស្ថានីយ ក្រៅពី​នោះ​ជា​សមាគម​សារព័ត៌មាន ទស្សនាវដ្ដី រោងពុម្ព និង​ភ្នាក់ងារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស