31 C
Phnom Penh

ប្រធាន​សហជីព​សេរី​កម្មករ​ក្រុមហ៊ុន សេង បូ ធ្វើ​កូដកម្ម​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ទទួល​យក​ខ្លួន​ធ្វើ​ការងារ​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​សហជីព​សេរី​កម្មករ​ដែល​ទើប​ជាប់​ឆ្នោត​របស់​ក្រុមហ៊ុន​កាត់ដេរ​សម្លៀកបំពាក់ សេង បូ ចេញ​ធ្វើ​កូដកម្ម​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ទទួល​យក​ខ្លួន​ធ្វើ​ការងារ​វិញ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​រំលោភ​សិទ្ធិ​ការងារ​បញ្ឈប់​ខ្លួន និង​អ្នក​ពាក់ព័ន្ធ​ទាំង​អយុត្តិធម៌​អស់​រយៈពេល​ជាង ៥​ខែ​មក​ហើយ។

ប្រធាន​សហជីព​សេរី​កម្មករ​របស់​ក្រុមហ៊ុន សេង បូ អ្នកស្រី រឿន កុលាប ចេញ​ធ្វើ​កូដកម្ម​នៅ​មុខ​រោងចក្រ សេង បូ (សេង បូ ហ្កាមិន ខេមបូឌា ឯ.ក) នៅ​ថ្ងៃទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នេះ ដោយ​អះអាង​ថា អ្នកស្រី​ត្រូវ​បាន​ក្រុមហ៊ុន​មួយ​នេះ​បញ្ឈប់​ពី​ការងារ​ទាំង​អយុត្តិធម៌ បន្ទាប់ពី​អ្នកស្រី​ប្រមូល​បុគ្គលិក​ក្នុង​រោងចក្រ​បង្កើត​សហជីព​ក្នុង​បំណង​ការពារ​សិទ្ធិ​កម្មករ​ដែល​ក្រុមហ៊ុន​តែង​ធ្វើ​ទុក្ខបុកម្នេញ​កន្លង​មក ដូចជា ការ​បើក​ប្រាក់ខែ​យឺត និង​ការ​កាត់​យក​ប្រាក់ខែ​កម្មករ​ដោយ​គ្មាន​មូលហេតុ​រាល់​ពេល​បើក​លុយ​នៅ​ចុង​ខែ​ជាដើម​នា​ពេល​កន្លងមក។

អ្នកស្រី រឿន កុលាប អះអាង​ថា ការ​បង្កើត​សហជីព​នេះ អ្នកស្រី​ត្រូវ​បាន​សមាជិក ១១​នាក់​ជ្រើសរើស​ជា​ប្រធាន ចំណែក​លោក ហាក់ ហៀង ជា​អនុប្រធាន និង​លោក ឈឹម កក្កដា ជា​អនុប្រធាន​ផង​ដែរ ប៉ុន្តែ​អ្នក​ទាំង ៣​នាក់​ត្រូវ​បាន​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ​ភ្លាមៗ​ក្រោយ​ការ​បង្កើត​សហជីព​នេះ។

អ្នកស្រី​បន្ថែម​ថា ក្រោយ​មក ក្រុមហ៊ុន​បាន​អនុញ្ញាត​ឱ្យ​អនុប្រធាន​សហជីព​លោក ហាក់ ហៀង ចូល​ធ្វើ​ការងារ​វិញ ខណៈ​អ្នកស្រី រឿន កុលាប និង​លោក ឈឹម កក្កដា មិន​ត្រូវ​បាន​ក្រុមហ៊ុន​អនុញ្ញាត​ឱ្យ​ធ្វើការ​វិញ​ទេ ក្រោម​ហេតុផល​ថា អ្នក​ទាំង​ពីរ​ដាក់​ពាក្យ​បន្ត​កិច្ចសន្យា​ធ្វើ​ការងារ​មិន​ទាន់​ពេល។

អ្នកស្រី រឿន កុលាប បញ្ជាក់​ថា កិច្ចសន្យា​បន្ត​កុងត្រា​ការងារ គឺ​អ្នកស្រី​បាន​ដាក់​ទៅ​ឱ្យ​ក្រុមហ៊ុន​ជាមួយ​នឹង​លោក ហាក់ ហៀង ក្នុង​សំណុំ​ឯកសារ​តែ​មួយ ប៉ុន្តែ​ភាគី​ខាង​ក្រុមហ៊ុន​បែរ​ជា​ដោះសា​ថា​ទទួល​បាន​តែ​កិច្ចសន្យា​បន្ត​ការងារ​របស់​លោក ហាក់ ហៀង ប៉ុណ្ណោះ មិន​ទទួល​បាន​ឯកសារ​របស់​អ្នកស្រី និង​លោក ឈឹម កក្កដា ឡើយ។

ជាង​នេះ​ទៀត អ្នកស្រី រឿន កុលាប គូស​បញ្ជាក់​ថា បើ​ការ​បញ្ឈប់​អ្នកស្រី​ដោយសារតែ​ផុត​កុងត្រា​ការងារ ហេតុ​អ្វី​ក្រុមហ៊ុន​បញ្ឈប់​អ្នកស្រី​នៅ​ថ្ងៃទី​៣០ ខែ​មិថុនា ឆ្នាំ​២០២៣ ខណៈ​កិច្ចសន្យា​ការងារ​របស់​អ្នកស្រី និង​ក្រុមហ៊ុន​បាន​ផុត​តាំងពី ២​ថ្ងៃ​មុន​មក​ម្ល៉េះ គឺ​នៅ​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​២០២៣ នោះ។

ប្រធាន​សហជីព​សេរី​កម្មករ​រូប​នេះ​អះអាង​ថា បើ​តាម​ហេតុផល​ខាងលើ​នេះ គឺ​អាច​បញ្ជាក់​បាន​ថា ក្រុមហ៊ុន​បញ្ឈប់​អ្នកស្រី​មិន​មែន​ដោយសារ​ផុត​កិច្ចសន្យា​ការងារ​ទេ គឺ​ដោយសារតែ​ពួកគេ​មាន​បំណង​មិន​ឱ្យ​អ្នកស្រី​ដឹកនាំ​កម្មករ​បង្កើត​សហជីព​ក្នុង​រោងចក្រ​ប៉ុណ្ណោះ ក្នុង​ចេតនា​ដើម្បី​ឱ្យ​ពួកគេ​អាច​គាប​សង្កត់​កម្មករ​តាម​អំពើ​ចិត្ត​ដូច​ដែល​ពួកគេ​ធ្លាប់​ធ្វើ​កន្លងមក​បន្ត​ទៀត។

ក្រុមហ៊ុន សេង បូ ហ្កាមិន ខេមបូឌា ឯ.ក ជា​ក្រុមហ៊ុន​កាត់ដេរ​សម្លៀកបំពាក់​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ពោធិ៍កោង សង្កាត់​ព្រះស្រែ ក្រុង​ឧត្តុងម៉ែជ័យ ខេត្ត​កំពង់ស្ពឺ ដែល​មាន​ថៅកែ​ជា​ជនជាតិ​ចិន។ ក្រុមហ៊ុន​នេះ​បាន​ដំណើរការ​ចាប់តាំងពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០២៣ មក​ម្ល៉េះ ដែល​មាន​កម្មករ​និយោជិត​បម្រើ​ការងារ​ប្រមាណ ៥០០​នាក់ ដោយ​នាំចេញ​ផលិតផល​របស់​ខ្លួន​ទៅ​កាន់​សហភាព​អឺរ៉ុប។

កាលពី​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​២០២៣ ក្រុម​កម្មក​និយោជិត​ក្រុមហ៊ុន សេង បូ បាន​នាំគ្នា​បង្កើត​សហជីព​ដែល​មាន​សមាជិក ១១​នាក់ ដោយ​បោះឆ្នោត​ជ្រើសរើស​អ្នកស្រី រឿន កុលាប ជា​ប្រធាន ប៉ុន្តែ​នៅ​ថ្ងៃទី​៣០ មិថុនា អ្នកស្រី​ត្រូវ​បាន​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ និង​អ្នក​ពាក់ព័ន្ធ​នៅ​ថ្ងៃ​បន្តបន្ទាប់​មក​ទៀត ក្នុង​នោះ​សហជីព​សេរី​កម្មករ​កម្ពុជា (FTUWKC) ក៏​បាន​ដាក់​លិខិត​សុំ​ការ​អន្តរាគមន៍​ពី​នាយកដ្ឋាន​ដោះស្រាយ​វិវាទ​ការងារ​ផង​ដែរ ប៉ុន្តែ​នៅតែ​គ្មាន​ដំណោះស្រាយ​សម្រាប់​អ្នកស្រី រឿន កុលាប នៅឡើយ។

រហូត​ដល់​ថ្ងៃទី​១២ ខែ​កញ្ញា អ្នកស្រី រឿន កុលាប សម្រេច​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ តែ​ម្តង ហើយ​ពាក្យ​បណ្តឹង​នេះ​កំពុង​ដំណើរការ​តាម​ផ្លូវ​តុលាការ​នៅ​ពេលនេះ។

អ្នក​គ្រប់គ្រង​ផ្នែក​ការងារ​នៃ​មជ្ឈមណ្ឌល​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ វិច្ឆិកា នេះ​ថា ការ​បន្ត​រំលោភ​សិទ្ធិ​ការងារ​ក្នុង​រោងចក្រ​នៅ​ប្រទេស​កម្ពុជា នៅតែ​បន្ត​កើត​មាន​ច្រើន​ទ្បើងៗ​ពី​សំណាក់​ថៅកែ​ក្រុមហ៊ុន ដែល​ពួកគេ​មិន​បាន​ខ្វល់ខ្វាយ​ពី​ការ​គោរព​សិទ្ធិ​ការងារ និង​សេរីភាព​របស់​សហជីព​នោះ​ទេ ហើយ​ករណី​នេះ​នៅតែ​មិន​ទាន់​មាន​ដំណោះស្រាយ​នៅឡើយ​ក្រោម​វិធានការ​របស់​ក្រសួង​ការងារ នា​ពេល​កន្លងមក។

លោក ឃុន ថារ៉ូ លើកឡើង​ថា ផ្អែក​តាម​ការ​ស្រាវជ្រាវ​របស់​អង្គការ​សង់ត្រាល់ តាំងពី​ឆ្នាំ​២០២១ មក មាន​សកម្មជន និង​ថ្នាក់​ដឹកនាំ​សហជីព​ជាង ១​ពាន់​នាក់​ហើយ (១៥០២​នាក់) ដែល​កំពុង​បម្រើ​ការងារ​ក្នុង​រោងចក្រ ៤៦​កន្លែង ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ដោយ​ខុស​នីតិវិធី និង​ទទួល​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​ថៅកែ​រោងចក្រ ដោយ​ការ​គំរាមកំហែង​ក្នុង​ទម្រង់​រើសអើង​សហជីព​ទាំងនោះ។

មន្ត្រី​ជាន់ខ្ពស់​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​មាន​កម្មករ​សរុប​ជិត ៨០០​នាក់ (៧៨០) កំពុង​ទាមទារ​រក​យុត្តិធម៌​ចូល​ធ្វើ​ការងារ​វិញ ព្រោះ​តែ​ការ​បញ្ឈប់​ពី​ការងារ​ដោយ​ខុស​នីតិវិធី​របស់​ក្រុមហ៊ុន ដូច្នេះ​ករណី​នេះ ក្រសួង​ការងារ​ត្រូវ​ពិនិត្យ​ឡើងវិញ​នូវ​ប្រសិទ្ធភាព​នៃ​យន្តការ​ក្នុង​ការ​ដោះស្រាយ​វិវាទ​ការងារ​នៅ​កម្ពុជា ជាពិសេស​ការ​នាំ​យក​វិវាទ​ទៅ​ដោះស្រាយ​នៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​កន្លង​មក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស