31 C
Phnom Penh

កម្មករ​រោងចក្រ ML ក្រុង​ប៉ោយប៉ែត​រង​ការ​រំលោភ​សិទ្ធិ​ពី​ថៅកែ​ដោយសារ​ហ៊ាន​ទាមទារ​ឱ្យ​បើក​ប្រាក់​ឈ្នួល​ទៀងទាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ​និយោជិត​របស់​រោងចក្រ អឹមអិល (ML) ក្នុង​ក្រុង​ប៉ោយប៉ែត ត្អូញត្អែរ​អំពី​ការ​រំលោភ​សិទ្ធិ​កម្មករ ដោយសារ​ការ​បញ្ឈប់​ពី​ការងារ​ភ្លាមៗ ហើយ​កម្មករ​ណា​ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​ករណី​បើក​ប្រាក់ខែ​មិន​ទៀងទាត់​នោះ ក៏​ត្រូវ​រង​នូវ​ការ​ចោទប្រកាន់​នានា​ពី​សំណាក់​ថៅកែ​ក្រុមហ៊ុន​ថែម​ទៀត។

មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ដែល​ហៅ​កាត់​ថា សង់ត្រាល់ បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ តាម​ការ​រៀបរាប់​របស់​កម្មករ​ដែល​រងគ្រោះ​ពី​ការ​រំលោភ​សិទ្ធិ​ការងារ​ក្នុង​រោងចក្រ អឹមអិល (ML) ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា ថៅកែ និង​រដ្ឋបាល​រោងចក្រ អឹមអិល (ML) ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​សង្កាត់​អូរនាង ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ តែង​ចោទប្រកាន់​កម្មករ​និយោជិត​ណា​ដែល​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​ទាមទារ​ចំពោះ​ការ​បើក​ប្រាក់ខែ​កម្មករ​មិន​ទៀងទាត់​កន្លង​មក។

អង្គការ​សង់ត្រាល់ លើកឡើង​ថា កម្មករ​រោងចក្រ អឹមអិល រូប​នោះ​បាន​ប្រាប់​ខ្លួន​តាម​ប្រព័ន្ធ​តេឡេក្រាម​ថា រដ្ឋបាល​ក្រុមហ៊ុន​រោងចក្រ អឹមអិល (ML) បាន​កោះ​ហៅ​លោក គឹម តូនិច ចូល​ទៅ​ជួប ដើម្បី​សួរ​ដេញដោល​អំពី​ការ​ធ្វើ​ការ​តវ៉ា​ទាមទារ​ប្រាក់ខែ​កាលពី​ថ្ងៃទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ កន្លង​ទៅ​ថ្មីៗ​នេះ ក្នុង​នោះ ខាង​រដ្ឋបាល​របស់​ក្រុមហ៊ុន ML បាន​ចោទប្រកាន់​ទៅ​លោក​វិញ​ថា​ជា​អ្នក​ដឹកនាំ​កម្មករ​ធ្វើការ​តវ៉ា​ឱ្យ​មាន​ការ​ទាមទារ​ប្រាក់ខែ។

ប្រភព​ដដែល​បាន​រៀបរាប់​ថា ការ​ចោទប្រកាន់​លោក គឹម តូនិច ថា​ជា​អ្នក​នៅ​ពីក្រោយ​នៃ​ការ​តវ៉ា​កាលពី​ថ្ងៃទី​៨ វិច្ឆិកា នោះ បន្ទាប់ពី​ក្រុមហ៊ុន​ពន្យារ​ពេល​បើក​ប្រាក់ខែ​ឲ្យ​កម្មករ​ចំនួន​ពីរ​ថ្ងៃ ប៉ុន្តែ​ខាង​កម្មករ​ទាំងអស់​បាន​បដិសេធ​ថា ការ​តវ៉ា​ទាមទារ​ប្រាក់ខែ​នោះ គឺ​កម្មករ​ម្នាក់ៗ​ធ្វើការ​ទាមទារ​ដោយ​ស្ម័គ្រចិត្ត​ដោយ​ខ្លួនឯង គ្មាន​អ្នក​ណា​បង្ខំ​ឡើយ។

កម្មករ​រូប​នោះ​អះអាង​ថា រដ្ឋបាល​ក្រុមហ៊ុន​របស់​រោងចក្រ អឹមអិល បាន​ព្រមាន​ថា អ្នក​ដែល​ចេញ​មុខ​ជាងគេ​ក្នុង​ការ​តវ៉ា​ទាមទារ​ប្រាក់ខែ នឹង​ត្រូវ​បញ្ឈប់​កិច្ចសន្យា​ដោយ​គ្មាន​ការ​លើកលែង មិន​ថា​កម្មករ​រូប​នោះ​មាន​ឋានៈ​អ្វី​នៅ​ក្នុង​កិច្ចសន្យា​ការងារ​នោះ​ឡើយ។

ប្រភព​ដដែល​បញ្ជាក់​ថា លុះ​ដល់​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ខាង​ក្រុមហ៊ុន​បាន​ប្រកាស​ហៅ​ឈ្មោះ​កម្មករ​ទាំងអស់​ដែល​ពាក់ព័ន្ធ​ធ្វើការ​តវ៉ា​ទាមទារ​ប្រាក់ខែ​កាលពី​ថ្ងៃទី​៨ វិច្ឆិកា ក្នុង​នោះ​មាន​កម្មករ​ចំនួន ៥​នាក់​ត្រូវ​បាន​រដ្ឋបាល​ក្រុមហ៊ុន​បញ្ឈប់​ភ្លាមៗ ដោយ​គ្មាន​ការ​ជូនដំណឹង​ជា​មុន​ឡើយ ហើយ​ក្នុង​ចំណោម ៥​នាក់​នោះ មាន​កម្មករ ៣​នាក់​ជា​កម្មករ​មាន​កិច្ចសន្យា​ការងារ​ពេញ​សិទ្ធិ គឺជា​កម្មករ​មាន​កិច្ចសន្យា​មិន​មាន​កំណត់ ឬ​យូឌីស៊ី (UDC) ផង​ដែរ។

កាលពី​ថ្ងៃទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ក្រុម​កម្មករ​និយោជិត​ជាច្រើន​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​រោងចក្រ អឹមអិល អ៊ិនធីមេត អឹភែរឹល (ML Intimate Apparel) បន្ទាប់ពី​ថៅកែ​រោងចក្រ​នេះ​លើក​ថ្ងៃ​បើក​ប្រាក់ខែ​ឱ្យ​កម្មករ ក្នុង​នោះ​ក្រុម​កម្មករ​ក៏​បាន​ទាមទារ​ឱ្យ​ថៅកែ​រោងចក្រ​បើក​ប្រាក់​រង្វាន់​សម្រាប់​កម្មករ​ដែល​ធ្វើការ​គ្រប់​លក្ខខណ្ឌ និង​ស្នើ​ឱ្យ​រោងចក្រ​អនុញ្ញាត​ឱ្យ​កម្មករ​បាន​ឈប់​សម្រាក​នៅ​ថ្ងៃ​បុណ្យ​ជាតិ​ផង​ដែរ ព្រោះ​ថា​កន្លង​មក រោងចក្រ​នេះ​បាន​តម្រូវ​ឱ្យ​កម្មករ​ធ្វើការ​នៅ​ថ្ងៃ​បុណ្យ​ដោយ​លើក​ថ្ងៃ​សម្រាក​ទៅ​ថ្ងៃ​ផ្សេង ជាដើម។

ទាក់ទិន​នឹង​បញ្ហា​នេះ មន្ត្រី​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​សិទ្ធិ​ការងារ​របស់​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ ធ្លាប់​បាន​លើកឡើង​ថា ក្រុមហ៊ុន ML នេះ​មាន​បញ្ហា​ច្រើន​ណាស់​កន្លង​មក មិនមែន​មាន​តែ​បញ្ហា​ការ​បើក​ប្រាក់​ឈ្នួល​យឺត​ឱ្យ​បុគ្គលិក​កម្មករ​ប៉ុណ្ណោះ​ទេ គឺ​មាន​ករណី​រំលោភ​សិទ្ធិ​ការងារ​ធ្ងន់ធ្ងរ រួម​ទាំង​ការ​បញ្ឈប់​ថ្នាក់​ដឹកនាំ​សហជីព​មិន​ស្រប​តាម​លក្ខខណ្ឌ​ការងារ​ថែម​ទៀត។

លោក ឃុន ថារ៉ូ បញ្ជាក់​ថា រោងចក្រ ML មិន​បាន​គោរព​លក្ខខណ្ឌ​ការងារ​របស់​ប្រទេស​នោះ​ឡើយ ដូចជា​ការ​មិន​អនុញ្ញាត​ឱ្យ​កម្មករ​ឈប់​សម្រាក​នៅ​ថ្ងៃ​បុណ្យ​ជាតិ និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ថ្នាក់​ដឹកនាំ​សហជីព​ដោយ​គ្មាន​កំហុស ជាដើម។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​២៦ ខែ​កក្កដា ឆ្នាំ​២០២៣ កន្លង​ទៅ សហព័ន្ធ​សហជីព​សេរី​កម្មករ​កម្ពុជា (FTUWKC) សម្ដែង​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​អនាគត​កម្មករ​និយោជិត​កម្ពុជា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​តំណាង​សហជីព​មូលដ្ឋាន​ដែល​ជា​សមាជិក ឲ្យ​ដឹង​ថា នៅ​តាម​បណ្តា​ក្រុមហ៊ុន​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា ថៅកែ​រោងចក្រ​បាន​បញ្ចប់​កិច្ចសន្យា​ការងារ និង​ព្យួរ​ការងារ​កម្មករ​និយោជិត​ជា​បន្តបន្ទាប់​ក្រោម​មូលហេតុ​ផ្សេងៗ។

សហព័ន្ធ​សហជីព​សេរី​កម្មករ​កម្ពុជា បញ្ជាក់​ថា រោងចក្រ​មួយ​ចំនួន​បាន​បញ្ឈប់​បុគ្គលិក​ពី​ការងារ​មិន​បាន​គោរព​លក្ខខណ្ឌ និង​ច្បាប់​ការងារ​របស់​ប្រទេស​កម្ពុជា​នោះ​ទេ ខណៈ​កម្មករ​ដែល​នៅ​បម្រើ​ការ​មិន​ទាន់​ត្រូវ​បាន​បញ្ឈប់ ត្រូវ​បាន​ថៅកែ​រោងចក្រ​បង្ខំ​ឱ្យ​ឈប់​សម្រាក​ពី​ការងារ​ដោយ​មិន​ទទួល​បាន​ប្រាក់​ឈ្នួល រួម​ទាំង​ត្រូវ​កាត់​បន្ថយ​ម៉ោង​ធ្វើការ​របស់​ពួកគេ​ថែម​ទៀត។

ទិន្នន័យ​សង្គម​ស៊ីវិល បង្ហាញ​ថា ក្នុង​រយៈពេល ៦​ខែ​នៅ​ដើម​ឆ្នាំ​២០២៣ នេះ មាន​កម្មករ​រោងចក្រ​ប្រមាណ ២​ម៉ឺន​នាក់ ក្នុង​ចំណោម​រោងចក្រ​ចំនួន ២០ ត្រូវ​បាន​ថៅកែ​ព្យួរ និង​បញ្ឈប់​ពី​ការងារ​ជា​បន្តបន្ទាប់ ចំណែក​រោងចក្រ​ដែល​កំពុង​បន្ត​ដំណើរការ ក៏​បាន​កាត់បន្ថយ​បុគ្គលិក​ជា​មធ្យម​ចន្លោះ​ពី ២០ ទៅ ៣០% ដែរ ដែល​ធ្វើ​ឱ្យ​កម្មករ​បាត់បង់​ប្រាក់ចំណូល​ចន្លោះ​ពី ២៥ ទៅ ៣០% ជា​មូលហេតុ​ធ្វើ​ឱ្យ​ពួកគេ​រង​នូវ​សម្ពាធ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ ព្រោះតែ​គ្មាន​ប្រាក់​ចំណូល​គ្រប់គ្រាន់​ដើម្បី​សង​បំណុល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស