29 C
Phnom Penh

លោក ហ៊ុន ម៉ាណែត៖ មនុស្ស​ជិត​៥​លាន​នាក់​ចូលរួម​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​រយៈពេល​បី​ថ្ងៃ​ដោយ​ភាព​សប្បាយ​រីករាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា ថ្លែង​ថា ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ប្រកប​ដោយ​ភាព​សប្បាយ​រីករាយ ជាមួយ​ការ​រក្សា​បាន​នូវ​ប្រពៃណី និង​វប្បធម៌​ជាតិ​ខ្មែរ​យ៉ាង​សម្បូរ​បែប ដែល​មាន​ប្រជាពលរដ្ឋ​ចូលរួម​កម្សាន្ត​សប្បាយ​សរុប​ជិត ៥​លាន​នាក់​ក្នុង​រយៈពេល​បី​ថ្ងៃ​នេះ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​សរសេរ​នៅ​ក្នុង​បណ្ដាញ​សង្គម​នៅ​ថ្ងៃទី​២៩ ខែ​វិច្ឆិកា នេះ​ថា ភាព​ជោគជ័យ​អាច​សម្រេច​ទៅ​បាន គឺ​ដោយសារ​ការ​ចូលរួម​ចំណែក​ពី​គ្រប់​បណ្តា​ក្រុម​ការងារ​ពាក់ព័ន្ធ ជាពិសេស​កងកម្លាំង​គ្រប់​ប្រភេទ​ដែល​បាន​លះបង់​ពេលវេលា និង​កម្លាំងកាយ​ចិត្ត ធ្វើ​យ៉ាងណា​ធានា​ឱ្យ​បាន​សេចក្តី​សុខ​សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ និង​បង្ក​លក្ខណៈ​គ្រប់​បែប​យ៉ាង ដើម្បី​បម្រើ​ដល់​ដំណើរការ​នៃ​ព្រះរាជ​ពិធី​បុណ្យ​ជាតិ​នេះ ឱ្យ​ប្រព្រឹត្ត​ទៅ​ដោយ​ភាព​អធិកអធម និង​សប្បាយ​រីករាយ​បំផុត។

លោក​នាយករដ្ឋមន្ត្រី​ស្នង​ត្រកូល​បាន​លើកឡើង​ថា ឆ្នាំ​នេះ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អ្នក​រាជធានី​ភ្នំពេញ និង​អ្នក​មកពី​តាម​បណ្ដា​ខេត្ត ក៏ដូចជា​ជនជាតិ​បរទេស​ដែល​មាន​វត្តមាន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចូលរួម​យ៉ាង​ច្រើន​កុះករ​ក្នុង​រយៈពេល ៣​ថ្ងៃ​នេះ។ លោក និង​ភរិយា​មាន​ការ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ដែល​បាន​ចូលរួម​នៅ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក នៅ​ឆ្នាំ​២០២៣ នេះ។

លោក​សូម​ធ្វើការ​កោត​សរសើរ​ចំពោះ​បងប្អូន​គណៈកម្មការ​គ្រប់គ្រង​ការ​ប្រកួត ក៏ដូចជា​កីឡាករ កីឡាការិនី ដែល​ចូលរួម​ក្នុង​ការ​ប្រណាំង​ទូក និង​ក្រុម​ការងារ​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ខិតខំ​អស់​កម្លាំងកាយ​ចិត្ត ក្នុង​ការ​គ្រប់គ្រង​ការ​ប្រកួត ក៏ដូចជា​ខិតខំ​ប្រកួត​ដោយ​ស្មារតី​សាមគ្គីភាព និង​គោរព​គ្នា​ទៅវិញ​ទៅមក ដែល​ធ្វើ​ឱ្យ​ការ​ប្រកួត​អុំទូក​នេះ​មាន​ភាព​ជោគជ័យ​ជា​រួម ទោះជា​លទ្ធផល​យ៉ាងណា​ក៏ដោយ​សម្រាប់​ទូក​នីមួយៗ។

យោង​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​បង្ហាញ​ថា ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៦-២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នៅ​មុខ​ព្រះបរមរាជវាំង​ក្នុង​រាជធានី​ភ្នំពេញ បាន​បញ្ចប់​ដោយ​មាន​ប្រជាពលរដ្ឋ​ចូលរួម​កម្សាន្ត​សប្បាយ​សរុប​ជិត ៥​លាន​នាក់។

របាយការណ៍​ដដែល​ថា ថ្ងៃទី​មួយ​នៅ​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ សភាពការណ៍​សន្តិសុខ សណ្ដាប់ធ្នាប់​មាន​ភាព​ល្អ​ប្រសើរ មាន​ប្រជាពលរដ្ឋ​មក​ចូលរួម​កម្សាន្ត​សប្បាយ​យ៉ាង​ច្រើន​កុះករ​ប្រមាណ ១​លាន ២​សែន​នាក់។ ចំណែក​នៅ​ថ្ងៃទី​ពីរ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ មាន​បងប្អូន​ប្រជាពលរដ្ឋ​មក​កម្សាន្ត​សប្បាយ​ប្រមាណ ១​លាន ៧​សែន​នាក់។ រីឯ​នៅ​ថ្ងៃទី​បី ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ មាន​បងប្អូន​ប្រជាពលរដ្ឋ​មក​កម្សាន្ត​សប្បាយ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក ប្រមាណ ២​លាន​នាក់។

ពិធី​បុណ្យ​អុំទូក មាន​ដើមកំណើត​តាំងពី​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ មក​ម្ល៉េះ។ ក្នុង​អំឡុង​ឆ្នាំ​១១៧៧ ពួក​ចាម​បាន​លើក​ទ័ព​មក​ធ្វើការ​លុកលុយ និង​ត្រួតត្រា​ប្រទេស​កម្ពុជា​អស់​រយៈពេល​ប្រមាណ ៤​ឆ្នាំ។ គ្រា​នោះ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ បាន​បង្រួបបង្រួម​ជាតិ និង​ចំណាយ​ពេលវេលា​រៀបចំ​យុទ្ធសាស្ត្រ​កងទ័ព ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ចំពោះ​ពួក​ចាម រហូត​ទទួល​បាន​ជ័យជម្នះ ហើយ​ព្រះអង្គ​បាន​ឡើង​គ្រងរាជ​សម្បត្តិ​ដឹកនាំ​ប្រទេស​ជាតិ​នៅ​ឆ្នាំ​១១៨១ និង​បាន​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មាន​ការ​រីកចម្រើន​រុងរឿង​ដល់​កម្រិត​កំពូល​ថែម​ទៀត។

ប្រវត្តិសាស្ត្រ​ត្រង់​នេះ​ហើយ ទើប​នាំ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ប្រារព្ធ​ពិធី​បុណ្យ​នេះ​ឡើង ដើម្បី​រម្លឹក​ដល់​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​កងទ័ព​ជើងទឹក​របស់​ខ្មែរ ដែល​បាន​រំដោះ​ទឹកដី​ឲ្យ​រួច​ផុត​ពី​ការ​ជិះជាន់​របស់​ពួក​ចាម ដែល​ជា​ខ្មាំង​សត្រូវ​របស់​ខ្មែរ​នា​សម័យ​នោះ។

ពិធី​នេះ​បាន​ទទួល​ការ​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់​ទិសទី ហើយ​តែង​នាំគ្នា​ប្រារព្ធ​ជា​រៀង​រាល់​ឆ្នាំ ដោយ​មាន​ការ​ប្រណាំង​ទូក​អុំ និង​ទូក​ចែវ​បុរស-នារី។ ពិធី​បុណ្យ​អុំទូក​នេះ ក៏​បាន​ភ្ជាប់​នឹង​ពិធី​ផ្សេងៗ​ទៀត​ផង​ដែរ គឺ​ការ​បណ្ដែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ ដែល​ជា​ការ​ឆ្លុះបញ្ចាំង​ពី​ជំនឿ​សាសនា​យ៉ាង​មុតមាំ។ ក្នុង​ឱកាស​បុណ្យ​អុំទូក ប្រជាពលរដ្ឋ​តាម​បណ្ដា​ខេត្ត-ក្រុង​មួយ​ចំនួន បាន​យក​ទូក​មក​ប្រណាំង​នៅ​ទន្លេសាប​មុខ​ព្រះបរមរាជវាំង ដើម្បី​ដណ្ដើម​យក​ជ័យជម្នះ​ឱ្យ​ខេត្ត​របស់​ខ្លួន​ទៀត​ផង។

ពិធី​បុណ្យ​ប្រណាំង​ទូក អក​អំបុក សំពះ​ព្រះ​ខែ និង​បណ្តែត​ប្រទីប តែង​ត្រូវ​បាន​រៀបចំ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។ ការ​ប្រណាំង​ទូក មាន​រយៈពេល ៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៤ និង​១៥​កើត ដល់​ថ្ងៃ ១​រោច ខែ​កត្តិក ហើយ​ពេល​យប់ ក៏​មាន​ការ​បណ្តែត​ប្រទីប​ផង​ដែរ។ ចំណែក​ឯ​ពិធី​បុណ្យ​អក​អំបុក សំពះ​ព្រះ​ខែ​វិញ ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​ពីរ​តែប៉ុណ្ណោះ ពោល​គឺ​នៅ​ពាក់កណ្តាល​រាត្រី​នៃ​ថ្ងៃ ១៥​កើត ខែ​កត្តិក។

កម្ពុជា​បាន​ខកខាន​មិន​បាន​ប្រារព្ធ​ពិធី​បុណ្យ​អុំទូក​អស់​រយៈពេល​បី​ឆ្នាំ​មក​ហើយ​គិត​ចាប់​តាំង​ឆ្នាំ​២០២០ មក ដោយ​រដ្ឋាភិបាល​បាន​លើកឡើង​ហេតុផល​នៃ​បញ្ហា​ប្រឈម​នានា​ដែល​កើត​ចេញពី​វិបត្តិ​កូវីដ-១៩ ហើយ​កាលពី​ឆ្នាំ​២០២២ ការ​អាក់ខាន​ប្រារព្ធ​ពិធី​នេះ គឺ​ដោយសារ​កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស