លោក ហ៊ុន សែន ដែលល្បីល្បាញខាងរំលោភដីរដ្ឋធ្វើជាកម្មសិទ្ធិ បានបន្តកាត់ឆ្វៀលដីក្នុងដែនគម្របព្រៃឈើឆ្នាំ២០០២ ក្នុងក្រុងបូកគោ ខេត្តកំពត ជិត ១០០ហិកតារ (៩១ហិកតារ ៥៥អា ៤០សង់ទីអា) នៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ផ្តល់ជាកម្មសិទ្ធិឱ្យរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ យកទៅកាន់កាប់ជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន។
លោក ហ៊ុន សែន បានចេញអនុក្រឹត្យកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ដែលសម្រេចកាត់ឆ្វៀលដីក្នុងដែនគម្របព្រៃឈើឆ្នាំ២០០២ ជិត ១០០ហិកតារទៅឱ្យលោក ហេង សួរ នេះ ធ្វើឡើងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា។
ប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងចាត់ចែងទឹកដីខ្មែរផ្ដាច់មុខក្នុងរង្វង់គ្រួសាររបស់ខ្លួន លោក ហ៊ុន សែន បានបញ្ជាឱ្យមន្ត្រីរដ្ឋបាលខេត្តកំពត ទាំងអស់ ត្រូវអនុវត្តនូវអនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ក្នុងនោះ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ រួមទាំងក្រសួងពាក់ព័ន្ធនានា ក៏ត្រូវតែអនុវត្តតាមសេចក្តីសម្រេចរបស់អនុក្រឹត្យនេះជាកំហិតដែរ។
ដែនគម្របព្រៃឈើឆ្នាំ២០០២ សឹងគ្រប់ខេត្តក្នុងប្រទេសកម្ពុជា ដូចជាខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តសៀមរាប ជាដើម ត្រូវបានលោក ហ៊ុន សែន កាត់ឆ្វៀលឱ្យក្រុមហ៊ុន និងបុគ្គលឯកជនជាបន្តបន្ទាប់សព្វថ្ងៃនេះ ដែលធ្វើឱ្យតំបន់ការពារមួយនេះប្រឈមនឹងការបាត់បង់ទាំងស្រុងទៅក្នុងការគ្រប់គ្រងរបស់ក្រុមហ៊ុនឯកជនជាចម្រៀកៗទៅថ្ងៃមុខ។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យមួយដោយកំណត់ដីសាធារណៈរបស់រដ្ឋជិត ១លានហិកតារនៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តចំនួន ១៥ ដើម្បីត្រៀមធ្វើអនុប្បយោគ និងបែងចែកជាកម្មសិទ្ធិឱ្យទៅក្រុមហ៊ុនឯកជននានា ដើម្បីធ្វើការអភិវឌ្ឍ ខណៈខេត្តដែលមិនជាប់ក្នុងអនុក្រឹត្យនេះ ក៏ត្រូវរងនូវការបែងចែកឱ្យទៅក្រុមហ៊ុនឯកជនកាន់កាប់ធ្វើជាកម្មសិទ្ធិជាបន្តបន្ទាប់ផងដែរ។
ជុំវិញការផ្តល់ដីនៅតំបន់ការពារឱ្យទៅជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឯកជន និងអ្នកមានទ្រព្យធន ត្រូវគេមើលឃើញថា មន្ត្រីជាន់ខ្ពស់ និងឧកញ៉ាជាច្រើនដែលជិតស្និទ្ធនឹងលោក ហ៊ុន សែន រួមទាំងសាច់ញាតិ និងកូនៗបង្កើតរបស់គាត់ សុទ្ធតែបានទទួលដីទាំងនេះជាច្រើនរយហិកតារធ្វើជាកម្មសិទ្ធិ ខណៈព្រៃឈើនៅតំបន់ដែលលោក ហ៊ុន សែន សម្បទានទាំងនោះ ត្រូវរងនូវការកាប់បំផ្លាញ និងគ្រប់គ្រងដោយគ្មានតម្លាភាពទាំងអស់ ក្នុងនោះ អ្នកដែលរិះគន់ពីការកាត់ឆ្វៀលដីក្នុងតំបន់អភិរក្សទាំងនេះ ត្រូវបានចាប់ឃុំខ្លួនជាបន្តបន្ទាប់ផងដែរសព្វថ្ងៃនេះ។
កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ អង្គការសមាគមធាងត្នោត បានចេញរបាយការណ៍របស់ខ្លួនជុំវិញអនុក្រឹត្យរបស់រដ្ឋាភិបាលកម្ពុជា ដែលបានកាត់ដីសាធារណៈរបស់រដ្ឋឱ្យទៅក្រុមហ៊ុនឯកជនថា ការចេញអនុក្រឹត្យដើម្បីបំប្លែងដីសាធារណៈរបស់រដ្ឋទៅជាដីឯកជនរបស់រដ្ឋ និងប្រគល់ឱ្យបុគ្គលឯកជន និងស្ថាប័ននានា ហាក់ដូចជាស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយ។
អង្គការសមាគមធាងត្នោត បញ្ជាក់ថា ការកាត់ដីសាធារណៈរបស់រដ្ឋឱ្យទៅក្រុមហ៊ុនឯកជននាពេលកន្លងមក គឺធ្វើឡើងដោយខ្វះតម្លាភាព និងមិនបានផ្តល់ហេតុផលឱ្យសាធារណជនបានដឹងឡើយ ក្នុងនោះ ច្បាប់ភូមិបាល និងច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ បានចែងថា ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ពុំអាចផ្តល់ជាកម្មវត្ថុនៃការលក់ដូរ ប្រទានកម្ម ឬសម្បទានបានឡើយ។
ចំណែកសកម្មជនចលនាមាតាធម្មជាតិ កាលពីចុងខែខែឧសភា ឆ្នាំ២០២៣ បាននាំគ្នាយកញត្តិទៅដាក់នៅក្រសួងបរិស្ថាន ដើម្បីស្នើឲ្យក្រសួងដកហូតដីនៅតំបន់ការពារពីវិស័យឯកជន ឲ្យមកទុកជាសម្បត្តិរដ្ឋវិញ ក្នុងនោះ ពួកគេក៏បានស្នើឱ្យបញ្ឈប់សកម្មភាពកាត់ដីព្រៃធម្មជាតិនៅតំបន់ការពារឲ្យទៅក្រុមហ៊ុនឯកជនផងដែរ ប៉ុន្តែត្រូវក្រសួងបរិស្ថាន ព្រមានចាត់វិធានការច្បាប់លើក្រុមយុវជនទាំងនោះទៅវិញ៕
© 2023, ឌឹ ខេមបូឌា ដេលី. All rights reserved.

