34.7 C
Phnom Penh

រដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​ថា​មិន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​វៀតណាម​មក​វិនិយោគ​តាក់ស៊ី​អគ្គិសនី​នៅ​កម្ពុជា​នោះ​ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃទី​១៤ ខែ​ធ្នូ អះអាង​ថា នាយករដ្ឋមន្ត្រី​កម្ពុជា​មិន​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន Vingroup របស់​វៀតណាម មក​វិនិយោគ​តាក់ស៊ី​អគ្គិសនី​ចំនួន ២៥០០​គ្រឿង​នៅ​កម្ពុជា​ឡើយ ខណៈ​ខ្លឹមសារ​ព័ត៌មាន​មួយ​ចំនួន​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន ម៉ាណែត ស្ដីពី​ជំនួប​ជាមួយ​ក្រុមហ៊ុន Vingroup នេះ ក៏​ត្រូវ​បាន​លុបចេញ​វិញ​ដែរ​នៅ​ថ្ងៃ​នេះ។

អង្គភាព​អ្នក​នាំពាក្យ​រដ្ឋាភិបាល បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃទី​១៤ ខែ​ធ្នូ នេះ​ថា រដ្ឋាភិបាល​កម្ពុជា​មិន​មាន​គម្រោង​ឲ្យ​ក្រុមហ៊ុន Vingroup របស់​វៀតណាម មក​បណ្ដាក់ទុន​លើ​រថយន្ត​តាក់ស៊ី​អគ្គិសនី​នៅ​កម្ពុជា​នោះ​ទេ។ អង្គភាព​ដដែល​លើកឡើង​ថា ក្នុង​ជំនួប​នោះ ក្រុមហ៊ុន​គ្រាន់តែ​លើក​សំណើ​នេះ​ប៉ុណ្ណោះ ខណៈ​សំណើ​នេះ​មិន​ត្រូវ​បាន​លោក ហ៊ុន ម៉ាណែត ផ្ដល់​គោលការណ៍​អនុញ្ញាត​ឡើយ។

ការ​បញ្ជាក់​នេះ ដើម្បី​ច្រានចោល​ការ​ផ្សព្វផ្សាយ​ថា ក្រុមហ៊ុន Vingroup នេះ នឹង​មក​បើក​ក្រុមហ៊ុន​តាក់ស៊ី​អគ្គិសនី​ដោយ​ប្រើ​រថយន្ត​ចំនួន ២៥០០​គ្រឿង​ក្នុង​ឆ្នាំ​២០២៤ ខាងមុខ។

ទន្ទឹម​នឹង​ការ​ច្រានចោល​ព័ត៌មាន​របស់​អ្នក​នាំពាក្យ​រដ្ឋាភិបាល ខ្លឹមសារ​ព័ត៌មាន​មួយ​ចំនួន​លើ​ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត ស្ដីពី​ជំនួប​ជាមួយ​ក្រុមហ៊ុន Vingroup នេះ ក៏​ត្រូវ​បាន​លុប​ចេញ​វិញ​ផង​ដែរ​នៅ​ថ្ងៃទី​១៤ ខែ​ធ្នូ នេះ។

យោង​តាម​ខ្លឹមសារ​ជំនួប​មួយ​រវាង​លោក ហ៊ុន ម៉ាណែត និង​អគ្គនាយក​ក្រុមហ៊ុន Vingroup ដែល​បាន​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក ហ៊ុន ម៉ាណែត ផ្ទាល់​កាលពី​ថ្ងៃទី​១៣ ខែ​ធ្នូ លោក ហ៊ុន ម៉ាណែត បាន​សម្ដែង​ការ​ស្វាគមន៍​ក្រោយ​តំណាង​ក្រុមហ៊ុន​លើក​ពី​គម្រោង​វិនិយោគ​លើ​វិស័យ​តាក់ស៊ី​ក្នុង​ប្រទេស​កម្ពុជា។

បន្ទាប់ពី​បង្ហោះ​ខ្លឹមសារ​នេះ ក៏​មាន​ការ​ចែក​រំលែក​តៗ​គ្នា​នៅ​លើ​បណ្ដាញ​សង្គម និង​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ចម្រូងចម្រាស​រហូត​ដល់​មាន​ការ​ទាមទារ​ឲ្យ​ក្រសួង​មាន​សមត្ថកិច្ច ធ្វើការ​ដក​អាជ្ញាបណ្ណ​សារព័ត៌មាន​ចំនួន​ពីរ​ដែល​បាន​ធ្វើ​អះអាង​ថា​ខ្លួន​បាន​ធ្វើការ​ផ្សព្វផ្សាយ​ច្រឡំ រួម​មាន​គេហទំព័រ​សារព័ត៌មាន​អនឡាញ​ថ្មីៗ និង​សារព័ត៌មាន​រណប​រដ្ឋាភិបាល Fresh News ផង​ដែរ។

គណនី​ហ្វេសប៊ុក​ឈ្មោះ Oudom Tat បាន​សរសេរ​ថា លោក​សូម​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត បិទ​អង្គភាព​ទាំងនេះ​ចោល ព្រោះ​បាន​ចុះផ្សាយ​ព័ត៌មាន​បំភ្លៃ​ការពិត និង​មាន​ចរិត​បែប​ញុះញង់ ដែល​បណ្តាល​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​មាន​មតិ​ប្រតិកម្ម និង​យល់​ច្រឡំ​ទៅ​លើ​រាជរដ្ឋាភិបាល​កម្ពុជា ថា​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​វៀតណាម​ដាក់​រថយន្ត​តាក់ស៊ី​អគ្គិសនី​នៅ​កម្ពុជា។

ប្រភព​ដដែល​បាន​លើកឡើង​ថា សូម​ថ្លែង​អំណរគុណ​ដល់​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​មហា​បវរ ហ៊ុន ម៉ាណែត ក្នុង​ភាព​ឆ្លាតវៃ ដែល​មិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​វៀតណាម​មួយ​នេះ​មក​រកស៊ី​នៅ​កម្ពុជា ដែល​អាច​នឹង​ប្រឈម​ផល​ប៉ះពាល់​ដល់​អាជីវកម្ម​បងប្អូន​អ្នក​រត់ Passapp ឬ​រ៉ឺម៉ក​កង់​៣ របស់​ខ្មែរ​យើង។

យោង​តាម​ការ​ចេញ​ផ្សាយ​របស់​អង្គភាព Fresh News ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​១៣ ខែ​ធ្នូ ថា នៅ​ដើម​ឆ្នាំ​២០២៤ ខាងមុខ​នេះ ក្រុមហ៊ុន Vingroup របស់​វៀតណាម នឹង​ដាក់​ដំណើរការ​សេវាកម្ម​តាក់ស៊ី​ដើរ​ដោយ​ថាមពល​អគ្គិសនី​ចំនួន ២៥០០​គ្រឿង​នៅ​នៅ​ភ្នំពេញ។

ចំណែក​ឯ​សារព័ត៌មាន​ថ្មីៗ​បាន​សរសេរ​ថា ក្រុមហ៊ុន Vingroup នឹង​បើក​សេវា​តាក់ស៊ី​ថាមពល​អគ្គិសនី​នៅ​ភ្នំពេញ បន្ទាប់​មក​នៅ​សៀមរាប និង​ព្រះសីហនុ។ អត្ថបទ​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​យល់​ច្រឡំ​ក្នុង​ចំណោម​ពលរដ្ឋ ជាពិសេស​អ្នក​ប្រកប​របរ​រកស៊ី​រត់​តាក់ស៊ី។ ក្រោយ​មក សារព័ត៌មាន​ថ្មីៗ​ក៏​បាន​ធ្វើការ​កែតម្រូវ និង​បញ្ជាក់​ជូន​សាធារណជន​ថា «មិន​មាន​គោលការណ៍​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​តាក់ស៊ី Vingroup បើក​នៅ​កម្ពុជា​នោះ​ទេ»៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស