30 C
Phnom Penh

បេសកជន​ពិសេស​អង្គការ​សហប្រជាជាតិ​នឹង​ត្រឡប់​ទៅ​ប្រមូល​របាយការណ៍​ស្ដីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ម្តង​ទៀត​នៅ​ដើម​ឆ្នាំ​ក្រោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ផ្តល់​ប្រឹក្សា​ផ្នែក​ច្បាប់​សម្រាប់​គណៈកម្មការ​ស្វែងរក​ការពិត​អំពី​កម្ពុជា អះអាង​ថា អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោក វីទិត មុនតាប៊ន នឹង​ត្រឡប់​ទៅ​ប្រមូល​របាយការណ៍​ស្ដីពី​ការ​អនុវត្ត​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ម្តង​ទៀត​នៅ​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​ក្រោយ​នេះ។

អតីត​ប្រធាន​ក្រុមប្រឹក្សា​ផ្នែក​ច្បាប់​ដែល​ទទួល​ជោគជ័យ​លើ​បណ្តឹង​ប្រឆាំង​លោក ហ៊ុន សែន ក្នុង​ឆ្នាំ​២០០៥ ករណី​គប់​គ្រាប់បែក​ដៃ​នៅ​មុខ​រដ្ឋសភា​ជាតិ​កាលពី​ឆ្នាំ​១៩៩៧ លោក​មេធាវី ម៉តថុន សក្លា (Morton Sklar) បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២០ ធ្នូ នេះ​ថា ការ​វិលត្រឡប់​ជា​លើក​ទី​២ របស់​លោក វីទិត មុនតាប៊ន នេះ គឺ​ដើម្បី​ប្រមូល​ភស្តុតាង​ឱ្យ​កាន់​រឹងមាំ​បន្ថែម​ទៀត មុន​នឹង​ដាក់​របាយការណ៍​ជូន​អង្គការ​សហប្រជាជាតិ​ត្រួតពិនិត្យ តាមរយៈ​យន្តការ​ពិនិត្យ​ឡើងវិញ​ជា​សកល​លើក​ទី​៤ (UPR) ៤​ឆ្នាំ​ម្តង លើ​ការ​អនុវត្ត​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា នៅ​ខែ​ឧសភា ឆ្នាំ​២០២៤ ខាងមុខ​នេះ។

លោក​មេធាវី ម៉តថុន សក្លា (Morton Sklar) លើកឡើង​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក វីទិត មុនតាប៊ន ទៅ​កម្ពុជា កាលពី​ដើម​ខែ​ធ្នូ នេះ លោក​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​អ្នកទោស​នយោបាយ និង​អ្នកទោស​មនសិការ​ទាំងអស់​ដោយ​ឥត​លក្ខខណ្ឌ ដែល​ធ្វើ​ឱ្យ​ទំនាក់ទំនង​របស់​លោក​ជាមួយ​នឹង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា មិន​សូវ​ចុះសម្រុង​ក្នុង​ទស្សនកិច្ច​នោះ ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏ដោយ លោក វីទិត មុនតាប៊ន ក៏​បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​មួយ​ចំនួន​ដែល​មាន​ការ​រំលោភ​ដីធ្លី​ផង​ដែរ ហើយ​បញ្ហា​នេះ​រឹតតែ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​មិន​សប្បាយ​ចិត្ត​នឹង​វត្តមាន​របស់​លោក​ថែម​ទៀត។

លោក​មេធាវី ម៉តថុន សក្លា (Morton Sklar) អះអាង​ថា របាយការណ៍​របស់​លោក វីទិត មុនតាប៊ន គឺ​សំខាន់​ណាស់​ក្នុង​ការ​លាតត្រដាង​ការ​អនុវត្ត​សិទ្ធិមនុស្ស​នៅ​កម្ពុជា សម្រាប់​អង្គការ​សហប្រជាជាតិ ដូច្នេះ​ហើយ​លោក​បាន​បើក​ទូលាយ​ក្នុង​ការ​ទទួលយក​របាយការណ៍​ស្ដីពី​សិទ្ធិមនុស្ស​នានា​ពី​គ្រប់​មជ្ឈដ្ឋាន និង​ចុះ​ទៅ​ស្រាវជ្រាវ​ដោយ​ផ្ទាល់ ក្នុង​នោះ ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង​លើ​សកលលោក ក៏​ត្រូវ​ចូលរួម​លាតត្រដាង​ពី​ការ​រឹតត្បិត​សេរីភាព​របស់​រដ្ឋាភិបាល​កម្ពុជា​លើ​ពលរដ្ឋ​ខ្លួនឯង​ឱ្យ​កាន់តែ​ផុសផុល​ផង​ដែរ។

កាលពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោក វីទិត មុនតាប៊ន បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​ពិនិត្យ​ពី​ស្ថានភាព​សិទ្ធិមនុស្ស ក្នុង​នោះ​នៅ​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២៣ លោក វីទិត មុនតាប៊ន បាន​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា លោក ហ៊ុន ម៉ាណែត នៅ​ទីក្រុង​ភ្នំពេញ​ផង​ដែរ។

ក្រោយ​ជំនួប​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​៧ ធ្នូ ដដែល​នោះ​ថា លោក វីទិត មុនតាប៊ន បាន​កោតសរសើរ​លើ​កិច្ចការ​របស់​រដ្ឋាភិបាល​កម្ពុជា​ជាច្រើន ដូចជា ការ​ផ្តល់​វ៉ាក់សាំង​កូវីដ-១៩ ការ​បើក​ចំហ​ក្នុង​ការ​ជួប​ជាមួយ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស និង​ការ​បង្កើត​ឱ្យ​មាន​ច្បាប់​ការពារ​កុមារ ជាដើម ប៉ុន្តែ​រដ្ឋាភិបាល​មិន​បាន​លើកឡើង​ពី​ការ​ទាមទារ​របស់​លោក វីទិត មុនតាប៊ន ឱ្យ​ដោះលែង​អ្នកទោស​នយោបាយ និង​អ្នកទោស​មនសិការ​នោះ​ទេ។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នក​នាំពាក្យ​អង្គការ​សង្គ្រោះ​កម្ពុជា (Save Cambodia) លោក សោម កុលវឌ្ឍន៍ បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា នៅ​ចុង​ខែ​មេសា និង​ដើម​ខែ​ឧសភា ឆ្នាំ​២០២៤ ខាងមុខ​នេះ អង្គការ​សហប្រជាជាតិ នឹង​បើក​កិច្ចប្រជុំ​ពិនិត្យ​លើ​ការ​អនុវត្ត​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​ការ​អនុវត្ត​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ​ទាំងមូល​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​គេ​ហៅ​ថា យន្តការ​ពិនិត្យ​ឡើងវិញ​ជា​សកល​លើក​ទី​៤ (Universal Predict Review (UPR)) តាម​កំណត់ ៤​ឆ្នាំ​ម្តង។

លោក សោម កុលវឌ្ឍន៍ អះអាង​ថា របាយការណ៍​ស្ដីពី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នៅ​ពេលនេះ គឺ​មាន​ទម្ងន់​ខ្លាំង​ណាស់​លើ​រដ្ឋាភិបាល​កម្ពុជា ព្រោះ​ថា​ទាំង​គណៈកម្មាធិការ​សិទ្ធិមនុស្ស និង​វេទិកា​អន្តរជាតិ​នានា គេ​មិន​ទាន់​ទទួល​ស្គាល់​លោក ហ៊ុន ម៉ាណែត ថា​ជា​មេដឹកនាំ​តំណាង​ឱ្យ​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ ១០០% នោះ​ទេ ខណៈ​វត្តមាន​របស់​លោក ហ៊ុន ម៉ាណែត លើ​វេទិកា​អន្តរជាតិ​នានា​កន្លង​មក គ្រាន់តែ​ក្នុង​នាម​តំណាង​ប្រទេស​កម្ពុជា ដែល​ជា​សមាជិក​អង្គការ​តំបន់ ដូចជា​សមាជិក​អាស៊ាន និង​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​ប៉ុណ្ណោះ។

អង្គការ Freedom House បាន​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​កន្លង​ទៅ​ថា ប្រព័ន្ធ​នយោបាយ​របស់​ប្រទេស​កម្ពុជា ត្រូវ​បាន​មេដឹកនាំ​បក្ស​កាន់​អំណាច​គ្រប់គ្រង​ផ្ដាច់មុខ​ទាំងស្រុង​ទៅ​ហើយ ក្នុង​នោះ គណបក្ស​ប្រឆាំង បណ្ដាញ​សារព័ត៌មាន​ឯករាជ្យ អ្នក​តវ៉ា​ទាមទារ​សិទ្ធិ​សេរីភាព និង​ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្នុង​ភាព​ភ័យខ្លាច​គ្រប់ៗ​គ្នា។

ជុំវិញ​ការ​អនុវត្ត​សិទ្ធិមនុស្ស​នៅ​កម្ពុជា របាយការណ៍​ស្ដីពី​នីតិរដ្ឋ​ឆ្នាំ​២០២៣ នៃ​គម្រោង​យុត្តិធម៌​ពិភពលោក (The World Justice Project) បាន​ផ្តល់​ចំណាត់ថ្នាក់​លេខ​១៤១ ក្នុង​ចំណោម​ប្រទេស ១៤២ ដល់​កម្ពុជា ដោយសារតែ​គេ​រក​ឃើញ​ពី​ការ​ដឹកនាំ​គ្មាន​តម្លាភាព ការ​គំរាមកំហែង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​មិន​ធានា​បាន​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​តាម​ផ្លូវ​តុលាការ ជាដើម។

មាត្រា​៤១ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​ចែង​ថា ពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ខាង​ការ​បញ្ចេញមតិ​យោបល់ សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការ​បោះពុម្ព​ផ្សាយ សេរីភាព​ខាង​ការ​ប្រជុំ ជាដើម ប៉ុន្តែ​ជាក់ស្តែង ត្រូវ​គេ​មើល​ឃើញ​ថា រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​នេះ កំពុង​អនុវត្ត​បញ្ច្រាស​ពី​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ទាំងស្រុង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស