30 C
Phnom Penh

អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​ក្រសួង​ការងារ​ពង្រឹង​ប្រសិទ្ធភាព​សេវា​បេឡា​ជាតិ​សន្តិសុខ​សង្គម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន ១៧​ស្ថាប័ន​ដែល​ធ្វើការ​ក្នុង​វិស័យ​ការងារ ជំរុញ​ឲ្យ​សួង​ការងារ និង​បេឡា​ជាតិ​សន្តិសុខ​សង្គម (ប.ស.ស) ពង្រីក​សេវា​បេឡា​ជាតិ​សន្តិសុខ​សង្គម​ឱ្យ​មាន​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព បន្ទាប់ពី​រក​ឃើញ​ថា​ការ​ប្រើប្រាស់​សេវា ប.ស.ស នៅ​មាន​ភាព​ខ្វះ​ចន្លោះ។

នៅ​ថ្ងៃទី​២៥ ខែ​ធ្នូ អង្គការ​សមាគម សហព័ន្ធ និង​សហជីព​ដែល​ធ្វើការ​ក្នុង​វិស័យ​ការងារ បាន​ដាក់​សំណើ​រួម​គ្នា​ជំរុញ​ឱ្យ​ក្រសួង​ការងារ ពង្រីក​សេវា​បេឡា​ជាតិ​សន្តិសុខ​សង្គម​ឱ្យ​មាន​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព តាមរយៈ​សំណើ​ចំនួន ២២​ចំណុច។ សំណើ​ទាំង ២២​ចំណុច អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឱ្យ ប.ស.ស ចុះបញ្ជី​សមាជិក​សម្រាប់​ក្រុមហ៊ុន​តូចៗ​ម៉ៅការ​បន្ត​ដែល​ស្ថិត​ក្នុង​វិស័យ​សំណង់ កសិកម្ម សេវាកម្ម សិប្បកម្ម​កែច្នៃ​ដែក ឡឥដ្ឋ និង​ផ្នែក​នេសាទ រួម​ទាំង​អ្នក​ធ្វើការ​តាម​ផ្ទះ កម្មករ​ក្រៅ​ប្រព័ន្ធ និង​កសិករ។

អង្គការ​សង្គម​ស៊ីវិល​បាន​លើកឡើង​ថា ពាក់ព័ន្ធ​នឹង​វិស័យ​សុខាភិបាល ពួកគេ​ស្នើ​ឱ្យ ប.ស.ស សហការ​ជាមួយ​ក្រសួង​សុខាភិបាល ដើម្បី​ពង្រឹង​លើ​គុណភាព​សេវា​ព្យាបាល គុណភាព​ថ្នាំពេទ្យ បន្ទប់​ព្យាបាល និង​ការ​ទូទាត់​សំណង​ឱ្យ​មាន​តម្លាភាព និង​ស្នើ​ឱ្យ ប.ស.ស ផ្តល់​កញ្ចប់​ពិនិត្យ​សុខភាព​ដល់​សមាជិក ប.ស.ស យ៉ាងតិច​ចំនួន ៤​ដង​ក្នុង​មួយ​ឆ្នាំ។

ប្រភព​ដដែល​លើកឡើង​ថា ចំពោះ​បុគ្គល​ស្វ័យនិយោជន៍ និង​សមាជិក​គ្រួសារ​ត្រូវ​បាន​សហជីព​ស្នើ​ឱ្យ​រដ្ឋាភិបាល​ជួយ​បង់ ៥០% និង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ចុះបញ្ជី​ពលករ​ចំណាកស្រុក​នៅ​ក្រៅ​ប្រទេស​ចូល​ក្នុង ប.ស.ស ដែរ។ ចំណែក​ស្ត្រី​នៅ​ក្នុង និង​ក្រៅ​ប្រព័ន្ធ ត្រូវ​ទទួល​បាន​ប្រាក់​លំហែ​មាតុភាព ១២០% ពី ប.ស.ស បន្ទាប់ពី​ពួកគេ​បង់​ភាគទាន​បាន ៦​ខែ​ឡើង។

អ្នក​នាំពាក្យ​ក្រសួង​ការងារ លោក កត្តា អន បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ឱ្យ​ដឹង​ថា តំណាង​ក្រសួង​បាន​ទទួល​នូវ​សំណើ​របស់​ក្រុម​អង្គការ​សមាគម​សហជីព​ទាំង ១៧ រួច​ហើយ។ ក្រសួង​ការងារ នឹង​ពិនិត្យ​រាល់​សំណើ​ទាំងអស់​ដែល​បាន​ដាក់​ស្នើ​មក។

ប្រភព​ដដែល​បន្ត​ថា ចំពោះ​សំណើ​ដែល​ក្រសួង​ពិនិត្យ​ឃើញ​ថា​អាច​ទទួល​យក​បាន ក្រសួង​នឹង​អនុវត្ត​តាម​គោលការណ៍​ឱ្យ​បាន​ខ្ជាប់ខ្ជួន។ ចំណែកឯ​សំណើ​ដែល​ហួស​ពី​សមត្ថភាព​របស់​ក្រសួង​ការងារ និង​ផ្ទុយ​ពី​ច្បាប់​ការងារ ក្រសួង​នឹង​មិន​យក​មក​អនុវត្ត​ទេ។

របាយការណ៍ ប.ស.ស បាន​ឱ្យ​ដឹង​ថា គិត​ត្រឹម​ខែ​ធ្នូ ឆ្នាំ​២០២៣ ប.ស.ស បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​មូលដ្ឋាន​សុខាភិបាល​សរុប​ចំនួន ១៥៣០​មូលដ្ឋាន​សុខាភិបាល​នៅ​ទូទាំង​ប្រទេស ដែល​ក្នុង​នោះ មូលដ្ឋាន​សុខាភិបាល​សាធារណៈ (មន្ទីរពេទ្យ​រដ្ឋ) មាន​ចំនួន ១៣៩៥ និង​មូលដ្ឋាន​សុខាភិបាល​ឯកជន (មន្ទីរពេទ្យ​ឯកជន) មាន​ចំនួន ១៣៥។

បច្ចុប្បន្ន សហគ្រាស និង​កម្មករ​ដែល​បាន​ចុះ​បញ្ជិកា​ជាមួយ​បេឡា​ជាតិ​សន្តិសុខ​សង្គម​មាន​ចំនួន​សរុប​ជាង ២​ម៉ឺន​សហគ្រាស (២១៤៣០​សហគ្រាស) និង​មាន​សមាជិក​ប្រើប្រាស់​សរុប​ជាង ៣,១​លាន​នាក់ (៣១២០២០៨​នាក់) ក្នុង​នោះ សមាជិក​ជា​ស្ត្រី​មាន​ចំនួន​ជាង ១,៧​លាន​នាក់ (១៧៩៨៥១០​នាក់)៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស