32 C
Phnom Penh

រដ្ឋាភិបាល​ត្រៀម​ចំណាយ​លើ​ក្រសួង​ព្រះបរមរាជវាំង​ជាង ២២,៥​លាន​ដុល្លារ​អាមេរិក​លើ​កម្មវិធី​ព្រះរាជកិច្ច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយកដ្ឋាន​ថវិកានីយកម្ម​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹង​ថា កញ្ចប់​ថវិកា​ដែល​រដ្ឋាភិបាល​ត្រៀម​ចំណាយ​លើ​ក្រសួង​ព្រះបរមរាជវាំង​សម្រាប់​ឆ្នាំ​២០២៤ នេះ មាន​ចំនួន ៩២៤៤៣​លាន​រៀល (ជាង ២២,៥​លាន​ដុល្លារ​អាម៉េរិក) លើ​កម្មវិធី «ព្រះរាជកិច្ច​ព្រះករុណា និង​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិ​ខ្មែរ»។

យោង​តាម​របាយការណ៍​ថវិកា​សង្ខេប​ឆ្នាំ​២០២៤ (Budget in Brief, Fiscal Year 2024) បាន​ឲ្យ​ដឹង​ថា ថវិកា​សង្ខេប​ដែល​ចងក្រង​ដោយ​នាយកដ្ឋាន​ថវិកានីយកម្ម​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បញ្ជាក់​ថា គម្រោង​ចំណាយ​ថវិកា​ក្រសួង​ព្រះបរមរាជវាំង គឺ​លើ​កម្មវិធី «ព្រះរាជកិច្ច​ព្រះករុណា និង​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិ​ខ្មែរ» ដោយ​មាន​អនុកម្មវិធី ៣ ដោយ​ក្នុង​ចំណោម​ថវិកា ៩២៤៤៣​លាន​រៀល។ ថវិកា ៣០៩៣០​លាន​រៀល ចំណាយ​លើ​ព្រះរាជ​សកម្មភាព​ក្នុង​វិស័យ​សង្គមកិច្ច មនុស្សធម៌ វប្បធម៌ និង​សាសនា ថវិកា ៤២១០​លាន​រៀល លើ​ព្រះរាជ​បេសកកម្ម​ក្រៅ​ប្រទេស និង​ថវិកា ៥៧៣០៣​លាន​រៀល លើ​កិច្ចការ​គាំទ្រ​ថ្វាយ​ព្រះរាជកិច្ច និង​ការ​គ្រប់គ្រង​រដ្ឋបាល​ទូទៅ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា គម្រោង​ចំណាយ​នេះ​មាន​គោលបំណង​បម្រើ​ការងារ​ឱ្យ​កាន់តែ​ប្រសើរ​ថ្វាយ​ព្រះមហាក្សត្រ និង​សម្តេច​ព្រះ​មហាក្សត្រី ក្នុង​ការ​បំពេញ​ព្រះរាជ​បេសកកម្ម​បម្រើ​ប្រទេស​ជាតិ​ឱ្យ​មាន​ការ​អភិវឌ្ឍ និង​មាន​កិត្តិយស​លើ​ឆាក​អន្តរជាតិ តាម​ព្រះរាជកិច្ច​របស់​ព្រះអង្គ ដែល​រដ្ឋធម្មនុញ្ញ​បាន​កំណត់។

កាលពី​ឆ្នាំ​២០២៣ គម្រោង​ថវិកា​ជាតិ​សម្រាប់​ក្រសួង​ព្រះបរមរាជវាំង មាន ៨៥៩០៣​លាន​រៀល ហើយ​គម្រោង​ចំណាយ​ដែល​ខ្ពស់​បំផុត​សម្រាប់​ព្រះមហាក្សត្រ និង​សម្តេច​ម៉ែ គឺ​ក្នុង​ឆ្នាំ​២០០០ ដែល​មាន​ចំនួន ១០២៨១៥​លាន​រៀល។

ក្រសួង​ព្រះបរមរាជវាំង​ស្ថិត​ក្នុង​ចំណោម​ក្រសួង​ស្ថាប័ន​ដែល​បាន​អនុវត្ត​ថវិកា​កម្មវិធី​ពេញលេញ​ចាប់ពី​ឆ្នាំ​២០១៨ មក។

សម្រាប់​ឆ្នាំ​២០២៤ រដ្ឋាភិបាល​បាន​ត្រៀម​កញ្ចប់​ចំណាយ​ចំនួន​ជាង ៣៧១​លាន​លាន​រៀល ឬ​ស្មើ​នឹង​ប្រមាណ ៩​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ទំហំ​ចំណាយ​នេះ​លើស​ពី​ចំណូល​ដល់​ជាង ១​ពាន់​លាន​ដុល្លារ ដោយ​រដ្ឋ​រំពឹង​រក​ចំណូល​បាន​ជិត ៨​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ។

ចំណាយ​ប្រចាំ​ឆ្នាំ​២០២៤ ចំនួន ៩០០០​លាន​ដុល្លារ​នេះ គឺ​ស្មើ​នឹង ២៥,៩៦% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប (ផ.ស.ស) ក្នុង​នោះ​មាន​ប្រមាណ ៦៣០០​លាន​ដុល្លារ​ជា​ចំណាយ​ចរន្ត​ថវិកា​រដ្ឋ ស្មើ​នឹង ១៨,១១% នៃ ផ.ស.ស។ រីឯ​ប្រមាណ ២៧០០​លាន​ដុល្លារ​ទៀត ជា​ចំណាយ​មូលធន ស្មើ​នឹង ៧,៨៥% នៃ ផ.ស.ស។ សម្រាប់​ឆ្នាំ​២០២៤ រដ្ឋ​មាន​បន្ទុក​ចំណាយ​ច្រើន ជាពិសេស​ផ្ដោត​លើ​ការ​ដំឡើង​ប្រាក់​ដល់​មន្ត្រី​រាជការ​គ្រប់​កម្រិត ចាប់ពី​មន្ត្រី​ជាប់​កិច្ចសន្យា​ដល់​មន្ត្រី​រាជការ​ស៊ីវិល។

លើស​ពី​នេះ រដ្ឋាភិបាល​គ្រោង​ចំណាយ​ថវិកា​ប្រមាណ ១២០​លាន​ដុល្លារ​ទៀត​សម្រាប់​ពង្រឹង​សមត្ថភាព​រដ្ឋបាល​សាធារណៈ ដោយ​ផ្ដោត​សំខាន់​លើ​ការ​ពង្រឹង​គុណភាព ប្រសិទ្ធភាព និង​សមិទ្ធកម្ម​របស់​មន្ត្រី និង​ស្ថាប័ន តាមរយៈ​ការ​លើក​ទឹកចិត្ត​ចំពោះ​មន្ត្រី​មាន​គុណវុឌ្ឍិ​ដែល​មាន​កិច្ចការ​នេះ​ស្ថិត​ក្រោម​ការ​ដឹកនាំ​ផ្ទាល់​ពី​សំណាក់​លោក ហ៊ុន ម៉ាណែត ប្រមុខ​រាជរដ្ឋាភិបាល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស