30.4 C
Phnom Penh

កម្ពុជា​គ្រោង​ចំណាយ​ថវិកា​លើស​ចំណូល​ជាង​២​ពាន់​លាន​ដុល្លារ​ដើម្បី​ដំឡើង​ប្រាក់ខែ​មន្ត្រី​រាជការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​កម្ពុជា​គ្រោង​ចំណាយ​ថវិកា​លើស​ពី​ចំណូល​ជាង ២​ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០២៣ ដើម្បី​ដំឡើង​ប្រាក់ខែ​ដល់​មន្ត្រី​រាជការ​គ្រប់​កម្រិត ចាប់ពី​កិច្ចសន្យា​ដល់​មន្ត្រី​រាជការ​ស៊ីវិល ស្រប​ពេល​ដែល​កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ពេល​ខាងមុខ​នេះ។

យោង​តាម​សេចក្តី​ព្រាងច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២៣ ដែល​រដ្ឋសភា​បាន​អនុម័ត​នៅ​ថ្ងៃទី​២៨ ខែ​តុលា នេះ ឲ្យ​ដឹង​ថា ឆ្នាំ​២០២៣ ខាងមុខ​នេះ កម្ពុជា​នឹង​ទទួល​បាន​ចំណូល​ពី​សារពើពន្ធ និង​មិនមែន​សារពើពន្ធ រួម​ទាំង​ចំណូល​មូលធន​ថវិកា​រដ្ឋ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ប្រមាណ ៧​ពាន់​លាន​ដុល្លារ ដែល​ចំណូល​នេះ​ស្មើ​នឹង ២២,៣៣% នៃ​ផលិតផល​សរុប និង​មាន​កំណើន ១៤,៥% ធៀប​នឹង​ច្បាប់​ឆ្នាំ​២០២២។

ប្រភព​ដដែល​ឲ្យ​ដឹង​ថា ត្បិត​កម្ពុជា​ទទួល​បាន​ចំណូល​ប្រមាណ ៧​ពាន់​លាន​ដុល្លារ ប៉ុន្តែ​ចំណូល​នេះ​មិន​អាច​បំពេញ​តម្រូវការ​បាន​ឡើយ។ ករណី​នេះ តម្រូវ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​ចំណាយ​ថវិកា​ខ្ទង់​ជាង ២​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​នៃ​ចំណូល​ដែល​កម្ពុជា​ទទួល​បាន។

បើ​តាម​ក្រសួង​សេដ្ឋកិច្ច បង្ហាញ​ក្នុង​សេចក្តី​ព្រាងច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២៣ ថា រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​ចំណាយ​ថវិកា​រហូត​ដល់ ៣៩,២​ទ្រី​លាន​រៀល ឬ​ស្មើ​នឹង​ប្រមាណ ៩,៦​ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​ក្រោយ​នេះ ដែល​ការ​ចំណាយ​ភាគច្រើន​ផ្ដោត​លើ​មនុស្ស ខណៈ​ទំហំ​នៃ​ការ​ចំណាយ​ប្រចាំ​ឆ្នាំ​នេះ​លើស​ចំណូល​ជាតិ​ដល់​ជាង ២​ពាន់​លាន​ដុល្លារ​អាមេរិក។

ក្រសួង​សេដ្ឋកិច្ច បញ្ជាក់​ថា ការ​ចំណាយ​ប្រចាំ​ឆ្នាំ​២០២៣ លើស​ពី​ចំណូល​ជាតិ​ដល់​ជាង ២​ពាន់​លាន​ដុល្លារ ក្រោម​ហេតុផល​ថា រដ្ឋ​មាន​បន្ទុក​ចំណាយ​ច្រើន ជាពិសេស​ផ្ដោត​លើ​ការ​ដំឡើង​ប្រាក់ខែ​ដល់​មន្ត្រី​រាជការ​គ្រប់​កម្រិត ចាប់ពី​មន្ត្រី​ជាប់​កិច្ចសន្យា​ដល់​មន្ត្រី​រាជការ​ស៊ីវិល។

ក្រៅពី​ចំណាយ​ដល់​ការ​ដំឡើង​ប្រាក់ខែ​ដល់​មន្ត្រី​រាជការ​ហើយ ក្រសួង​សេដ្ឋកិច្ច អះអាង​ថា រដ្ឋ​ត្រូវ​ចំណាយ​ថវិកា​ក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ និង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (SEA GAME) លើក​ទី​៣២ និង​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២ រួម​ទាំង​ចំណាយ​សំខាន់​ផ្សេងៗ​ទៀត​ដែល​ទ្រទ្រង់​និរន្តរភាព​នៃ​ប្រតិបត្តិការ​របស់​រដ្ឋ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស