32 C
Phnom Penh

ក្រុម​សិទ្ធិមនុស្ស​អន្តរជាតិ​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ថៃ​ដោះលែង​ជន​ភៀសខ្លួន​នយោបាយ​ខ្មែរ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃតស៍ វ៉ច្ឆ (Human Rights Watch) ទាមទារ​ឱ្យ​អាជ្ញាធរ​ថៃ ដោះលែង​ជន​ភៀសខ្លួន​ខ្មែរ​បី​នាក់​ដែល​ជា​សកម្មជន​នយោបាយ​របស់​គណបក្ស​ប្រឆាំង​រស់នៅ​ក្នុង​ទឹកដី​ថៃ ហើយ​ថា​ការ​ចាប់​ខ្លួន​ពួកគេ​ទាំងនេះ មិនមែន​ជា​រឿង​ល្អ​សម្រាប់​រដ្ឋាភិបាល​ថៃ នោះ​ទេ។

នាយករង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃតស៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ស្ដីពី​ការ​បង្ក្រាប​របស់​អាជ្ញាធរ​ថៃ ទៅ​លើ​ជន​ភៀសខ្លួន​ខ្មែរ​នៅ​ក្នុង​ប្រទេស​ថៃ កាលពី​ពេល​ថ្មីៗ​នេះ ដោយ​ព្រមាន​ថា ការ​ចាប់​ខ្លួន​ជន​ភៀសខ្លួន​ដែល​ទទួលស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ​ទាំងនោះ ដើម្បី​ផ្គាប់ចិត្ត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត នៅ​មុន​ដំណើរ​ទស្សនកិច្ច​របស់​គាត់​ទៅ​កាន់​ទីក្រុង​បាងកក នៅ​ពេលនេះ មិនមែន​ជា​មធ្យោបាយ​ល្អ​សម្រាប់​ប្រទេស​ថៃ ក្នុង​ការ​បញ្ចុះបញ្ចូល​សហគមន៍​អន្តរជាតិ​ថា​ខ្លួន​សម​នឹង​ទទួល​បាន​កៅអី​នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​នោះ​ឡើយ។

នាយករង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​រូប​នេះ បញ្ជាក់​ថា អាជ្ញាធរ​ថៃ គួរតែ​ដោះលែង​ជន​ភៀសខ្លួន​ទាំងនោះ ព្រមទាំង​បញ្ឈប់​ការ​បង្ក្រាប​លើ​សកម្មជន​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ដែល​បាន​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ សព្វថ្ងៃ​នេះ ព្រោះ​ថា ទង្វើ​ទាំងនេះ​បាន​បង្ហាញ​ថា នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត គឺជា​មេដឹកនាំ​រំលោភ​សិទ្ធិមនុស្ស​ដូច​ឪពុក​របស់​គាត់ គឺ​លោក ហ៊ុន សែន ដែល​ធ្លាប់​ធ្វើ​កន្លង​មក​ដែរ ចំណែក​រដ្ឋាភិបាល​ថៃ ក៏​ជាប់​ឈ្មោះ​ថា​ជា​អ្នក​ចូល​ដៃ​ក្នុង​ការ​រំលោភ​សិទ្ធិមនុស្ស​នេះ​ថែម​ទៀត។

ចំណែកឯ​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា (CAT) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​៥ ខែ​កុម្ភៈ នេះ​ថា ពួកគេ​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ទង្វើ​របស់​រដ្ឋាភិបាល​ថៃ ក្នុង​ការ​បង្ក្រាប​សកម្មជន​សិទ្ធិមនុស្ស និង​នយោបាយ​កម្ពុជា​ដែល​កំពុង​ភៀសខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ។ រដ្ឋាភិបាល​ថៃ តែងតែ​ចាប់ និង​គំរាមកំហែង​សកម្មជន​ទាំងនោះ ដើម្បី​បម្រើ​នយោបាយ​ផ្ដាច់ការ​របស់​រដ្ឋាភិបាល​កម្ពុជា។

លោក ហុង លីម ដែល​ជា​ប្រធាន​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ថ្លែង​ថា ក្នុង​ខណៈ​ដែល​ខ្លួន​កំពុង​ស្វះស្វែងរក​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ​ដើម្បី​ក្លាយ​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ប្រទេស​ថៃ គួរតែ​បំពេញ​តួនាទី​ជា​ប្រទេស​លើកស្ទួយ​សិទ្ធិមនុស្ស ដោយ​ការពារ​សុវត្ថិភាព និង​ដោះលែង​សកម្មជន​ទាំងនោះ ជាជាង​ការ​ចាប់​ពួកគេ​តាម​បំណង​របស់​រដ្ឋាភិបាល​កម្ពុជា។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​សកម្មជន​នយោបាយ​ខ្មែរ ៣​នាក់ ត្រូវ​បាន​អាជ្ញាធរ​ថៃ ចាប់​ខ្លួន​នៅ​មុន​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ទៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នៅ​ពេលនេះ។

ជន​ភៀសខ្លួន​ខ្មែរ​ដែល​ជា​សកម្មជន​បក្ស​ប្រឆាំង​លោក ផន ផាន់ណា លោក គង់ រ៉ៃយ៉ា និង​លោក លឹម សុខា និង​ក្រុម​គ្រួសារ​របស់​ពួកគេ ត្រូវ​បាន​អាជ្ញាធរ​ថៃ ចាប់​ខ្លួន​កាលពី​ថ្ងៃទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២៤ បន្ទាប់ពី​សកម្មជន​នយោបាយ​ទាំងនោះ​ភៀសខ្លួន​ទៅ​រស់នៅ​ប្រទេស​ថៃ ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ ដោយសារ​បារម្ភ​អំពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​នាយករដ្ឋមន្ត្រី​ខ្មែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​កន្លង​មក។

ក្រោយ​ចាប់​ខ្លួន អាជ្ញាធរ​ថៃ បាន​ដឹក​សកម្មជន​នយោបាយ​ទាំងនោះ រួម​ទាំង​ក្រុម​គ្រួសារ​របស់​ពួកគេ​ដែល​មាន​ភរិយា និង​កូនៗ យក​ទៅ​ដាក់​នៅ​មណ្ឌល​ឃុំឃាំង​ជនអន្តោប្រវេសន៍ ក្រោយ​ពេល​តុលាការ​ថៃ សាកសួរ​រួចរាល់ ក្នុង​នោះ តុលាការ​ថៃ បាន​សម្រេច​ពិន័យ​ពួកគេ​ជា​ទឹកប្រាក់​ចំនួន ៧​ពាន់​បាត​ថែម​ទៀត​ក្រោម​ហេតុផល​ថា អ្នក​ទាំងនោះ​ស្នាក់​ក្នុង​ប្រទេស​ថៃ ហួស​ពេល​កំណត់។

ជុំវិញ​បញ្ហា​នេះ ជន​ភៀសខ្លួន​ម្នាក់​ក្នុង​ចំណោម​ជន​ភៀសខ្លួន ២​នាក់​ផ្សេង​ទៀត​ឈ្មោះ គង់ រ៉ៃយ៉ា បាន​អះអាង​ថា ការ​ចាប់​ខ្លួន​លោក និង​សកម្មជន ២​នាក់​ទៀត​នៅ​ពេលនេះ គឺជា «ហេតុផល​នយោបាយ» ដើម្បី​ទប់ស្កាត់​ការ​តវ៉ា​ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត ទៅ​កាន់​ប្រទេស​ថៃ នៅ​ពេល​ខាងមុខ​នេះ។

មុន​នឹង​ឈាន​ដល់​ការ​ចាប់​ខ្លួន​សកម្មជន​នយោបាយ​ខាងលើ​នេះ គេ​ឃើញ​សេណារីយ៉ូ​មួយ​ដែល​គេ​ជឿ​ថា​ជា​ការ​បង្កើត​ឡើង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ពាក់ព័ន្ធ​នឹង​សំណើ​របស់​ក្រុម​សង្គម​ស៊ីវិល និង​សហជីព​នៅ​កម្ពុជា កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២៣ កន្លង​ទៅ ដែល​បាន​ស្នើ​ឱ្យ​នាយករដ្ឋមន្ត្រី​ថៃ ពិនិត្យ​លើ​សកម្មភាព​របស់​គណបក្ស Move Forward (គណបក្ស​កៅក្លៃ) របស់​ថៃ ថា​បាន​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មជន​នយោបាយ​កម្ពុជា​ដែល​ខុស​ទៅ​នឹង​ច្បាប់​របស់​ប្រទេស​ថៃ។

សង្គម​ស៊ីវិល​ខាងលើ​ចោទ​ថា គណបក្ស​គណបក្ស​កៅក្លៃ របស់​ថៃ បាន​បណ្តុះបណ្តាល​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង​ដែល​កំពុង​ភៀសខ្លួន​រស់នៅ​លើ​ទឹកដី​ថៃ សព្វថ្ងៃ​នេះ ឱ្យ​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា បន្ទាប់ពី​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង​ដែល​កំពុង​ភៀសខ្លួន​លើ​ទឹកដី​ថៃ ទាំងនោះ ព្រមាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត ទៅ​កាន់​ប្រទេស​ថៃ នៅ​ថ្ងៃទី​៧ ខែ​កុម្ភៈ ខាងមុខ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ អះអាង​ថា លោក​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ថា លោក ហ៊ុន ម៉ាណែត អាច​នឹង​សម្បទាន​តាម​ការ​ស្នើ​របស់​ថៃ នូវ​ដែនសមុទ្រ​ត្រួត​ស៊ី​គ្នា​រវាង​កម្ពុជា-ថៃ គ្រប់​យ៉ាង ជា​ថ្នូរ​នឹង​ការ​ស្នើសុំ​ឱ្យ​នាយករដ្ឋមន្ត្រី​ថៃ កម្ចាត់​សកម្មជន​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​កំពុង​ជ្រកកោន​ក្នុង​ទឹកដី​ថៃ សព្វថ្ងៃ​នេះ ដើម្បី​លុប​បំបាត់​អ្នក​ប្រជាធិបតេយ្យ​ឱ្យ​អស់​ពី​កម្ពុជា​ដែល​កំពុង​ជ្រកកោន​ក្នុង​ទឹកដី​ថៃ រហូត​មក​នោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២១ កន្លង​ទៅ​នេះ ទីប្រឹក្សា​ផ្ទាល់​របស់​លោក ហ៊ុន សែន គឺ​លោក សុខ សុក្រឹត្យា បាន​ស្នើ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ថៃ លោក Somsak Tepsuthin ចាត់​វិធានការ​លើ​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ ដើម្បី​ជួយ​ទប់ស្កាត់​សកម្មភាព​របស់​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​ថៃ ដែល​តែង​ធ្វើ​សកម្មភាព​រិះគន់ និង​ជេរប្រមាថ​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​កម្ពុជា​តាម​បណ្ដាញ​សង្គម និង​បណ្ដាញ​សារព័ត៌មាន​ដែល​មាន​ប្រភព​នៅ​ក្នុង​ប្រទេស​ថៃ រហូត​មក។

លោក សុខ សុក្រឹត្យា អះអាង​ថា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ថៃ លោក Somsak Tepsuthin បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​ថៃ និង​កម្ពុជា មាន​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ល្អ​នឹង​គ្នា ហើយ​ថៃ គ្មាន​នយោបាយ​គាំទ្រ ឬ​ផ្តល់​ទឹកដី​ឱ្យ​ជន​ណា​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​កម្ពុជា លើ​ទឹកដី​របស់​ខ្លួន ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​ឡើយ។

ទិន្នន័យ​សង្គម​ស៊ីវិល បង្ហាញ​ថា គិត​ត្រឹម​ចុង​ខែ​ធ្នូ ឆ្នាំ​២០២៣ កន្លង​ទៅ សកម្មជន​សង្គម និង​សកម្មជន​នយោបាយ​ខ្មែរ​ចំនួន ៧​នាក់​ហើយ​ដែល​ជ្រកកោន​នៅ​ប្រទេស​ថៃ ត្រូវ​បាន​អាជ្ញាធរ​ថៃ ចាប់​ខ្លួន និង​ឃុំ​ខ្លួន បើ​ទោះ​ពួកគេ​មាន​បណ្ណ​ស្នាក់នៅ​បណ្ដោះអាសន្ន​ក្នុង​នាម​ជន​ភៀសខ្លួន ដែល​ចេញ​ដោយ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស (UNHCR) ក៏ដោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស