30 C
Phnom Penh

អគ្គនាយក​អាជ្ញាធរ​ដោះ​មីន​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​ធ្វើ​ច្បាប់​ហាម​មិន​ឱ្យ​បរិភោគ​សាច់​សុនខ ឬ​សាច់​ឆ្កែ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) លោក ហេង រតនា ស្នើ​ឱ្យ​រាជរដ្ឋាភិបាល ឬ​អាជ្ញាធរ​ពាក់ព័ន្ធ បង្កើត​ច្បាប់​ហាម​បរិភោគ​សាច់​សុនខ ឬ​សាច់​សត្វ​ឆ្កែ នៅ​ប្រទេស​កម្ពុជា និង​ដាក់​ទោស​ចំពោះ​ជនល្មើស​ច្បាប់​នោះ​ផង។

លោក ហេង រតនា បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នា​ថ្ងៃទី​១០ ខែ​មករា ថា លោក​យល់​ថា​ខ្មែរ​អាច​ធ្វើ​បាន។ នៅ​ចំពោះ​មុខ ប្រទេស​កម្ពុជា​ក៏​មាន​ច្បាប់​គ្រប់គ្រង​សត្វ និង​ចំណី​អាហារ​មួយ​ចំនួន​ដែល​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អាច​យក​មក​អនុវត្ត​ហាមឃាត់​បាន ហើយ​ទន្ទឹម​នឹង​នេះ សូម​ធ្វើ​សំណូមពរ​ឲ្យ​មាន​ចលនា​រៀបចំ​ច្បាប់​មួយ​នៅ​ព្រះរាជាណាចក្រ​នេះ ដើម្បី​ហាមឃាត់​ការ​បរិភោគ​សាច់​សុនខ និង​ដាក់​ទោស​ចំពោះ​ជនល្មើស​តាម​ច្បាប់​តែម្តង។

ប្រភព​ដដែល​បាន​លើកឡើង​ថា លោក​បាន​លើកឡើង​ដោយ​យោង​តាម​ឯកសារ​ស្រាវជ្រាវ​ផង​ដែរ​ថា មាន​ការ​សម្លាប់​សុនខ​យក​សាច់​ប្រមាណ​ពី ២-៣​លាន​ក្បាល​ក្នុង​មួយ​ឆ្នាំៗ ហើយ​កន្លែង​សុនខ​ឃាត សុទ្ធតែ​គ្មាន​ច្បាប់​អនុញ្ញាត​ឡើយ។ ដូច​នេះ ការ​បរិភោគ​សាច់​សុនខ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​សុខភាព​សាធារណៈ​ផង​ដែរ ប៉ុន្តែ​អ្វី​កាន់តែ​គ្រោះថ្នាក់​ថែម​ទៀត​នោះ គឺ​ប្រពៃណី​ទំនៀមទម្លាប់​ដ៏​ផូរផង់​របស់​ដូនតា​ខ្មែរ ដែល​ត្រូវ​បាន​បំផ្លាញ ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សីលធម៌​សង្គម និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មួយ​ចំនួន មិន​ចង់​មក​ទស្សនា​ប្រទេស​កម្ពុជា ដោយសារ​ទិដ្ឋភាព​អវិជ្ជមាន​នៃ​ការ​ធ្វើ​អាជីវកម្ម​សម្លាប់​សត្វ​សុនខ​ធ្វើ​ជា​អាហារ​នេះ។

តាម​ប្រពៃណី​ក្នុង​សង្គម​ជាតិ​ខ្មែរ ប្រជាពលរដ្ឋ​ខ្មែរ​មិន​សូវ​ជា​អ្នក​ប្រព្រឹត្ត​សម្លាប់​ឆ្កែ​យក​សាច់​ចម្អិន​បរិភោគ​នោះ​ទេ។ ពី​សម័យ​មុន អ្នក​បរិភោគ​សាច់​ឆ្កែ មិន​សូវ​មាន​គេ​រាប់រក​ឡើយ ពីព្រោះ​ជា​មនុស្ស​អស់សាច់។

លោក ហេង រតនា បាន​លើកឡើង​ថា លោក​សូម​អបអរ​សាទរ​ចំពោះ​ប្រទេស​កូរ៉េខាងត្បូង ដែល​បាន​សម្រេច​ដាក់​ច្បាប់​ហាមឃាត់​ការ​បរិភោគ​សាច់​សុនខ កាលពី​ថ្ងៃទី​០៩ ខែ​មករា ឆ្នាំ​២០២៤ នេះ។ រដ្ឋសភា​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​៩ ខែ​មករា បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ហាមប្រាម​ការ​បរិភោគ​សាច់​ឆ្កែ​ទូទាំង​ប្រទេស ដោយ​សំឡេង ២០៨ ដោយ​គ្មាន​សំឡេង​ប្រឆាំង។ ការ​ចិញ្ចឹម ឬ​សម្លាប់​សត្វ​ឆ្កែ​យក​សាច់​លក់ ក៏ដូចជា​ការ​ចែកចាយ ឬ​លក់​សាច់​សត្វ​ទាំងនេះ នឹង​ត្រូវ​ល្មើស​ច្បាប់​ចាប់ពី​ឆ្នាំ​២០២៧ តទៅ។ ចំពោះ​អ្នក​សម្លាប់​សត្វ​ឆ្កែ ប្រឈមមុខ​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ២​ឆ្នាំ ឬ​ពិន័យ​ជា​ប្រាក់​រហូត​ដល់ ៣០​លាន​វ៉ុន (ជាង ២,២​ម៉ឺន​ដុល្លារ)។

យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ពី​អង្គការ​សុខភាព​សត្វ​ពិភពលោក (Four Paw International) គេ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ការ​ធ្វើ​អាជីវកម្ម​លក់ ទិញ ពិឃាត​សុនខ ដើម្បី​ធ្វើ​ជា​ម្ហូប​អាហារ​មាន​ភាព​អនាធិបតេយ្យ និង​កើន​ឡើង​គួរ​ឱ្យ​ព្រួយបារម្ភ។ នេះ​ជា​សញ្ញា​មួយ​បង្ហាញ​ថា មាន​ការ​ធ្លាក់​ចុះ​នូវ​តម្លៃ​មនុស្សធម៌ គុណធម៌ ព្រមទាំង​ធ្វើ​ឱ្យ​មាន​ការ​ឆ្លង​រាលដាល​ជំងឺ​ឆ្កែ​ឆ្កួត និង​ជំងឺ​ផ្សេងៗ​ជាច្រើន​ទៀត​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ​ផង​ដែរ។

អង្គការ​សុខុមាលភាព​សត្វ​ពិភពលោក (Four Paws International) ប៉ាន់ស្មាន​ថា ប្រជាជន​ប្រទេស​កម្ពុជា​ពី ១០ ទៅ ១២​ភាគរយ បរិភោគ​សាច់​ឆ្កែ​ជា​ប្រចាំ។ អាជីវកម្ម​សាច់​ឆ្កែ​នេះ​ក៏​ជា​ប្រភព​ចំណូល​ទូទៅ​សម្រាប់​មនុស្ស​ជាច្រើន​នៅ​ក្នុង​ប្រទេស​ផង​ដែរ ដោយ​សាច់​នេះ​មាន​តម្លៃ​ដល់​ទៅ ៣​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​គីឡូក្រាម។ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ មាន​ភោជនីយដ្ឋាន​ជាង ១០០​កន្លែង​ដែល​លក់​សាច់​សុនខ ឬ​សាច់​ឆ្កែ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស