39.4 C
Phnom Penh

អ្នក​ដោះ​មីន​៣​នាក់​ស្លាប់ ម្នាក់​បាត់​ខ្លួន និង​មនុស្ស​២​នាក់​ទៀត​រង​របួស​ដោយសារ​ផ្ទុះ​មីន​២​កន្លែង​ផ្សេង​គ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកជំនាញ​ផ្នែក​ដោះ​មីន​របស់​អង្គការ​ដោះ​មីន​កម្ពុជា (Cambodian Self Help Demining) ដែល​គេ​ស្គាល់​ថា​អង្គការ​អាគីរ៉ា ចំនួន ៣​នាក់​ស្លាប់ បាត់​ខ្លួន​ម្នាក់ និង​រង​របួស​មនុស្ស ២​នាក់​ក្នុង​ហេតុការណ៍​ផ្ទុះ​មីន ២​កន្លែង​ផ្សេង​គ្នា ក្នុង​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២២។

អគ្គនាយក​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា (CMAC) លោក ហេង រតនា បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា ហេតុការណ៍​នេះ​បាន​កើត​លើ​បុគ្គលិក​ជំនាញ​ដោះ​មីន​របស់​អង្គការ CSHD ដែល​គេ​ស្គាល់​ថា​ជា​អង្គការ​អាគីរ៉ា ដែល​មាន​ទីតាំង​ស្នាក់ការ​នៅ​ខេត្ត​សៀមរាប។ លោក​បញ្ជាក់​ទៀត​ថា ករណី​ចៃដន្យ​មួយ​ទៀត​ដែរ គឺ​នៅ​មុន​គ្រោះថ្នាក់​ស្លាប់​អ្នក​ដោះ​មីន​នេះ​បាន​កើតឡើង​តែ​ប្រមាណ ២០​នាទី​ប៉ុណ្ណោះ​នៅ​ភូមិ​ដដែល​នេះ ក៏​មាន​ករណី​ផ្ទុះ​គ្រាប់​ទៀត​ក្នុង​ហេតុការណ៍​របស់​ពលរដ្ឋ​បាន​ដុត​សម្អាត​ដី​ចម្ការ​ដាំ​ដំឡូង ដែល​បណ្ដាល​ឲ្យ​ស្លាប់​ពលរដ្ឋ​មួយ​រូប​ផង​ដែរ។

តាម​សារព័ត៌មាន​ក្នុង​ស្រុក​បាន​ផ្សាយ​ដោយ​ដកស្រង់​របាយការណ៍​របស់​លោក សាយ ដេត អធិការ​នគរបាល​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ បាន​ប្រាប់​ឱ្យ​ដឹង​ថា មាន​ករណី​ផ្ទុះ​គ្រាប់ និង​ផ្ទុះ​មីនតោន ២​ករណី​ផ្សេង​គ្នា​ក្នុង​ភូមិ​តែ​មួយ។ ករណី​ទី​១ កើតឡើង​នៅ​វេលា​ម៉ោង ១០​ព្រឹក ដោយសារ​ពលរដ្ឋ​ដុត​ភ្លើង​សម្អាត​គល់ឈើ​ក្នុង​ចម្ការ​ដំឡូង​បណ្តាល​ឱ្យ​ផ្ទុះ​គ្រាប់​ស្លាប់​ម្នាក់។ ចំណែក​ឯ​ករណី​ទី​២ ផ្ទុះ​មីនតោន​កើតឡើង​នៅ​វេលា​ម៉ោង ១១​ព្រឹក​នៅ​ចំណុច​វាលជាស ជើងភ្នំមុំ៣ បណ្តាល​ឱ្យ​កងកម្លាំង​របស់​អង្គការ​ដោះ​មីន​កម្ពុជា ស្លាប់ ២​នាក់ បាត់​ខ្លួន​ម្នាក់ និង​របួស​ធ្ងន់​ស្រាល​ចំនួន ២​នាក់។ លោក​ថា ករណី​នេះ​មិនទាន់​ដឹង​មូលហេតុ​ពិតប្រាកដ​នោះ​ទេ។

មន្ត្រី​រដ្ឋាភិបាល​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការ​បោស​សម្អាត​មីន បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​អាយុ​ជីវិត​អ្នកជំនាញ​ដោះ​មីន និង​ប្រជាពលរដ្ឋ​ក្នុង​ករណី​ទាំង​ពីរ​នោះ។

របាយការណ៍​ស៊ីម៉ាក់ (CMAC) កាលពី​ពេល​កន្លងមក​បាន​ឱ្យ​ដឹង​ថា ចាប់ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​២០២០ ពលរដ្ឋ​ជិត ២​ម៉ឺន​នាក់ (១៩៧៩៧​នាក់) បាន​ស្លាប់ និង​រង​របួស​ពិការ​ដាច់​ដៃ​ជើង​ចំនួន​ជាង ៤​ម៉ឺន ៥​ពាន់​នាក់ (៤៥១២៣​នាក់) ផ្សេង​ទៀត​ដោយសារ​គ្រាប់មីន និង​គ្រាប់​សំណល់​ជាតិផ្ទុះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស