29 C
Phnom Penh

CMAC រំដោះ​ផ្ទៃដី​ចម្ការ​មីន​បាន​ជិត​៣​ពាន់​ទីតាំង​និង​ពលរដ្ឋ​ទទួល​ផល​មាន​ចំនួន​ជិត​៦០​ម៉ឺន​គ្រួសារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) បាន​រំដោះ​ផ្ទៃដី​ចម្ការ​មីន​បាន​ចំនួន​ជិត ៣​ពាន់​ទីតាំង (២៦០២​ទីតាំង) ដែល​មាន​ផ្ទៃដី​ជាង ២៨១​លាន​ម៉ែត្រក្រឡា (២៨១ ៩៧៥ ៣២៨​ម៉ែត្រក្រឡា)។

CMAC បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​រក​ឃើញ និង​កម្ទេច​ចោល​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​គ្រប់​ប្រភេទ​សរុប​ចំនួន​ជាង ៨​ម៉ឺន​គ្រាប់ (៨៣៨១៤​គ្រាប់) ដែល​នាំ​ឲ្យ​ពលរដ្ឋ​ទទួល​ផល​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ពី​ផ្ទៃដី​ដែល​ធ្លាប់​មាន​មីន​ទាំងនោះ​មាន​ចំនួន​ជិត ៦០​ម៉ឺន​គ្រួសារ (៥៤៥៣៧៨​គ្រួសារ)។

ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក CMAC លោក ហេង រតនា ថ្លែង​នៅ​ថ្ងៃទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ក្នុង​កិច្ចប្រជុំ​ឆ្លង​របាយការណ៍​ការងារ​ឆ្នាំ​២០២៣ និង​ទិសដៅ​ផែនការ​ឆ្នាំ​២០២៤ ថា នៅ​ក្នុង​ឆ្នាំ​២០២៣ កន្លង​ទៅ​នេះ កិច្ចប្រតិបត្តិការ​បោស​សម្អាត​មីន និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​របស់​អង្គភាព CMAC សម្រេច​បាន​លទ្ធផល​ដូចជា រំដោះ​ផ្ទៃដី​ចម្ការ​មីន​បាន​ចំនួន​ជាង ២​ពាន់​ទីតាំង (២៦០២​ទីតាំង)។

លោក ហេង រតនា បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០២៣ កន្លង​ទៅ​នេះ អង្គភាព CMAC បាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​ការ​យល់ដឹង​ពី​មីន ដល់​ក្រុម​គោលដៅ​បាន​ចំនួន​ជិត ២​ម៉ឺន​លើក (១៨៣៤៩​លើក) ស្មើ​នឹង​ជិត ៩​សែន​ខ្នង​ផ្ទះ (៨៧៩០៤៤​ខ្នង​ផ្ទះ ដែល​មាន​ពលរដ្ឋ​ចូលរួម​សរុប​ចំនួន ១,៣​លាន​នាក់​ផង​ដែរ។

ប្រភព​ដដែល​បាន​លើកឡើង​ថា នៅ​ក្នុង​ឆ្នាំ​២០២៤ នេះ អង្គភាព CMAC មាន​ផែនការ​បោស​សម្អាត​ផ្ទៃដី​ចម្ការ​មីន​ប្រមាណ​ជាង ២៧៤​គីឡូម៉ែត្រ​ក្រឡា ក្នុង​នោះ​ផ្ទៃដី​ចម្ការ​មីន​ចំនួន ១៩៩​គីឡូម៉ែត្រ​ក្រឡា និង​ផ្ទៃដី​ចម្ការ​ចំនួន ៧៥​គីឡូម៉ែត្រ​ក្រឡា ព្រមទាំង​ផ្ដល់​ការ​អប់រំ​យល់ដឹង​ពី​មីន​ដល់​ពលរដ្ឋ​មូលដ្ឋាន​ប្រមាណ​ចន្លោះ​ពី ១,៨​លាន​ទៅ ២​លាន​នាក់ និង​រៀបចំ​ផែនការ​ស្រាវជ្រាវ​ព័ត៌មាន​ចម្ការ​មីន​ផង​ដែរ។

ទេសរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ នៃ​អាជ្ញាធរ​មីន លោក លី ធុជ ឲ្យ​ដឹង​កន្លង​មក​ថា ជនរងគ្រោះ​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម បាន​ថយ​ចុះ ២៥% ដោយ​ក្នុង​ឆ្នាំ​២០២៣ ពលរដ្ឋ​ស្លាប់ និង​រង​របួស​មាន​សរុប​ចំនួន ៣០​នាក់ ថយ​ចុះ​ពី ៤០​នាក់​កាលពី​ឆ្នាំ​២០២២។ ចំនួន​អ្នក​ស្លាប់​ក៏​ថយ​ចុះ​ពី ១០​នាក់​ក្នុង​ឆ្នាំ​២០២២ មក​ត្រឹម ៤​នាក់​ក្នុង​ឆ្នាំ​២០២៣។

លោក លី ធុជ អះអាង​ថា ចំនួន​ជនរងគ្រោះ​ថយ​ចុះ គឺ​ដោយសារ​ប្រតិបត្តិករ​ដោះ​មីន​ទាំង​ជាតិ និង​អន្តរជាតិ បាន​អប់រំ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​បាន​ច្រើន ស្រប​ពេល​រដ្ឋាភិបាល​ដាក់​ចេញ​ផែនការ​បោស​សម្អាត​ផ្ទៃដី​មាន​មីន​ឆ្នាំ​២០២៣ ទំហំ ៣៥៦​គីឡូម៉ែត្រ​ក្រឡា ដែល​ជា​ផែនការ​ប្រចាំ​ឆ្នាំ​ធំ​ជាងគេ​ក្នុង​រយៈពេល ៣០​ឆ្នាំ ចាប់តាំងពី​ឆ្នាំ​១៩៩២។

រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​គោលដៅ​ឆ្ពោះ​ទៅ​រក​ការ​សម្រេច «កម្ពុជា​គ្មាន​មីន​ឆ្នាំ​២០២៥»។ ក្នុង​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ រដ្ឋាភិបាល​ប្រកាស​ថា រាជធានី-ខេត្ត​ចំនួន ១៨ «អស់​មីន» និង​បាន​ដាក់​ផែនការ​សម្អាត​មីន​នៅ​ក្នុង​ខេត្ត​ចំនួន ៧ ទៀត ដែល​រួម​មាន​ខេត្ត​កោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្ដរមានជ័យ និង​ខេត្ត​ព្រះវិហារ។ នេះ​បើ​តាម​លោក លី ធុជ និង​សារ​លិខិត​របស់​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន នា​ពេល​ប្រារព្ធ​ខួប​លើក​ទី​២៤​ឆ្នាំ​នៃ​ទិវា​ជាតិ​យល់ដឹង​អំពី​មីន​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២៣។

ចំពោះ​រាជធានី-ខេត្ត​ដែល​បាន​ប្រកាស​ថា «អស់​មីន» រួម​មាន​ខេត្ត​ស្ទឹងត្រែង កែប ព្រៃវែង ព្រះសីហនុ រាជធានី​ភ្នំពេញ កណ្តាល ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង កំពង់ឆ្នាំង តាកែវ កំពត មណ្ឌលគិរី និង​ខេត្ត​កំពង់ស្ពឺ ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស