40 C
Phnom Penh

រដ្ឋាភិបាល​សម្រេច​បញ្ចុះ​តម្លៃ​សេវា​ផ្លូវ​ចេញ​ចូល​អាកាសយានដ្ឋាន​ថ្មី​សៀមរាប​រយៈពេល​ពីរ​ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រាជរដ្ឋាភិបាល​សម្រេច​បញ្ចុះ​តម្លៃ​សេវា​ប្រើប្រាស់​ផ្លូវ​ចេញ​ចូល​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ រយៈពេល ២​ឆ្នាំ ប៉ុន្តែ​ចំណត​យានយន្ត​នៅតែ​រក្សា​តម្លៃ​ដដែល ដោយ​គិត​លុយ​ចាប់ពី​ការ​ចត​ក្នុង​រយៈពេល​ចាប់ពី ១៥​នាទី​ឡើង​ទៅ​ជំនួស​វិញ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន កាលពី​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០២៤។

ក្រុមហ៊ុន​ដែល​គ្រប់គ្រង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ បាន​យល់ព្រម​បញ្ចុះ​តម្លៃ​បន្ថែម​ក្នុង​រយៈពេល ២​ឆ្នាំ គឺ​ឆ្នាំ​២០២៤ និង​ឆ្នាំ​២០២៥។

សេចក្តី​ប្រកាស​ព័ត៌មាន បន្ថែម​ថា ប្រភេទ​រថយន្ត​ដែល​ត្រូវ​បង់​លុយ​ថ្លៃ​ផ្លូវ ៣​ដុល្លារ ឬ ១២០០០​រៀល និង​តម្លៃ​ចំណត ១​ដុល្លារ ឬ ៤០០០​រៀល ត្រូវ​បាន​បញ្ចុះ​មក​ត្រឹម ២​ដុល្លារ ឬ ៨០០០​ពាន់​រៀល ខណៈ​តម្លៃ​ចំណត​រក្សា​នៅ​ដដែល ប៉ុន្តែ​ត្រូវ​គិត​លុយ​ចាប់ពី​ការ​ចត​ក្នុង​រយៈពេល​ចាប់ពី ១៥​នាទី​ឡើង​ទៅ​ជំនួស​វិញ។

ប្រភព​ដដែល​អះអាង​ថា ចំណែកឯ​ប្រភេទ​រថយន្ត​ដែល​ត្រូវ​បង់​ថ្លៃ​ផ្លូវ ៦​ដុល្លារ ឬ ១៦០០០​រៀល និង​ត្រូវ​បង់​ថ្លៃ​ចំណត ១,២៥​ដុល្លារ ឬ ៥០០០​រៀល ត្រូវ​បង់​ត្រឹមតែ ៤​ដុល្លារ​វិញ ខណៈ​តម្លៃ​ចំណត​រក្សា​នៅ​ដដែល ប៉ុន្តែ​ត្រូវ​គិត​លុយ​ចាប់ពី​ការ​ចត​ក្នុង​រយៈពេល​ចាប់ពី ៣០​នាទី​ឡើង​ទៅ។ ជាង​នេះ​ទៀត ប្រភេទ​រថយន្ត​ដែល​ត្រូវ​បង់​ថ្លៃ​ផ្លូវ ៩​ដុល្លារ ឬ ៣៦០០០​រៀល និង​ត្រូវ​បង់​ថ្លៃ​ចំណត ២​ដុល្លារ ឬ ៨០០០​រៀល ត្រូវ​បញ្ចុះ​មក​ត្រឹម ៦​ដុល្លារ ឬ ១៦០០០​រៀល​វិញ ក្នុង​នោះ​តម្លៃ​ចំណត​ត្រូវ​គិត​ដូច​រថយន្ត​ប្រភេទ​ទី​២ ខាងលើ​នេះ​ដែរ។

សេចក្តី​ប្រកាស​ព័ត៌មាន​នោះ បញ្ជាក់​ថា ដោយឡែក​ប្រភេទ​រថយន្ត​ដែល​ត្រូវ​បង់​ថ្លៃ​ផ្លូវ​ចូល​ទៅ​ព្រលាន​ថ្មី​នេះ ១២​ដុល្លារ ឬ ៤​ម៉ឺន ៨​ពាន់​រៀល នឹង​ត្រូវ​តម្រូវ​ឱ្យ​បង់​ថ្លៃ​ផ្លូវ​ត្រឹមតែ ៨​ដុល្លារ ឬ ៣២០០០​រៀល​វិញ ខណៈ​ថ្លៃ​ចំណត​នឹង​មិន​គិត​លុយ​ទេ​បើ​ចត​ក្រោម​រយៈពេល ៣០​នាទី​នោះ។

ការ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ការ​តវ៉ា និង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ការ​កំណត់​តម្លៃ​ផ្លូវ​ចំពោះ​រថយន្ត​ដែល​ដឹក​ភ្ញៀវ​ទេសចរ​ទៅ​កាន់​ព្រលាន​យន្តហោះ​ថ្មី​នេះ។

ក្រុមហ៊ុន​ចិន​ដែល​គ្រប់គ្រង​វាល​យន្តហោះ​ថ្មី​ខេត្ត​សៀមរាប បាន​ចេញ​តារាង​តម្លៃ​សម្រាប់​រថយន្ត​គ្រប់​ប្រភេទ​ដែល​បើកបរ​លើ​ផ្លូវ​ដែល​ចិន បាន​សាងសង់ ទៅ​កាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​ខេត្ត​សៀមរាប ប្រវែង ២០​គីឡូម៉ែត្រ ដោយ​កំណត់​តម្លៃ​ទៅ​តាម​ប្រភេទ​ឡាន​នីមួយៗ ក្នុង​នោះ រថយន្ត​ខ្លះ​ត្រូវ​បង់​លុយ ៣​ដុល្លារ ក្នុង​ឆ្នាំ​២០២៤ និង​ឡើង​ថ្លៃ​ដល់ ៤​ដុល្លារ​នៅ​ឆ្នាំ​២០២៦។

ចំណែក​រថយន្ត​ដែល​ត្រូវ​បង់​ថ្លៃ ៦​ដុល្លារ​ក្នុង​ឆ្នាំ​២០២៤ នឹង​ត្រូវ​ដំឡើងថ្លៃ​ដល់ ៨​ដុល្លារ​នៅ​ឆ្នាំ​២០២៦ ដែរ។ ជាង​នេះ​ទៀត រថយន្ត​ដែល​ត្រូវ​បង់​ថ្លៃ ៩​ដុល្លារ​ក្នុង​ឆ្នាំ​២០២៤ នឹង​ត្រូវ​ឡើង​ថ្លៃ​ទៅ​ជា ១២​ដុល្លារ​នៅ​ឆ្នាំ​២០២៦។ ដោយឡែក​រថយន្ត​ដែល​ត្រូវ​បង់​ថ្លៃ ១២​ដុល្លារ​ក្នុង​ឆ្នាំ​២០២៤ ក៏​នឹង​ត្រូវ​ដំឡើង​ថ្លៃ​ដល់ ១៦​ដុល្លារ​នៅ​ឆ្នាំ​២០២៦ ផង​ដែរ។

ក្រៅពី​ការ​កំណត់​តម្លៃ​រថយន្ត​ដែល​បើកបរ​លើ​ដងផ្លូវ​ទៅ​ព្រលាន​យន្តហោះ​ថ្មី ក្រុមហ៊ុន​ចិន​ក៏​បាន​ចេញ​កំណត់​តម្លៃ​ចំណត​រថយន្ត​ក្នុង​ព្រលាន​យន្តហោះ​ថ្មី​ខេត្ត​សៀមរាប នេះ​ដែរ ក្នុង​នោះ រថយន្ត​ដែល​ចត​ក្នុង​ចំណត​ក្រោម ៣០​នាទី ត្រូវ​បង់ ១​ដុល្លារ ប៉ុន្តែ​បើ​ចត​លើស​ពី ៣០​នាទី​ត្រូវ​បង់​លុយ​បន្ថែម ២​ពាន់​រៀល ឬ ០,៥០​ដុល្លារ​បន្ថែម​ទៀត​រាល់ ៣០​នាទី​ម្តង។

ក្នុង​តារាង​កំណត់​តម្លៃ​ចំណត បញ្ជាក់​ថា ម្ចាស់​រថយន្ត​ត្រូវ​ទទួល​ខុសត្រូវ​ដោយ​ខ្លួនឯង​ចំពោះ​ហានិភ័យ​ផ្សេងៗ​លើ​រថយន្ត​របស់​ខ្លួន ព្រោះ​ថា​ក្រុមហ៊ុន​មិន​ទទួល​ខុសត្រូវ​រាល់​ការ​បាត់បង់​របស់​ផ្ទាល់ខ្លួន​ណា​មួយ​ដែល​ត្រូវ​បាន​រក្សា​ទុក​ក្នុង​ចំណត​នៃ​ព្រលាន​យន្តហោះ​ថ្មី​នេះ​ឡើយ។ ជាង​នេះ​ទៀត យានជំនិះ​គ្រប់​ប្រភេទ​ត្រូវ​បាន​ហាមឃាត់​ដាច់ខាត ដូចជា កង់បី ម៉ូតូ រ៉ឺម៉ក ស៊ីក្លូ មិន​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​បរិវេណ​ព្រលាន​ឡើយ។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​រត់​តាក់ស៊ី​ដឹក​ភ្ញៀវ​ទៅ​ព្រលាន​យន្តហោះ​ថ្មី​នេះ បាន​រិះគន់​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ព្រោងព្រាត​កាលពី​ពេល​ថ្មីៗ​នេះ ក្នុង​នោះ អ្នក​រត់​តាក់ស៊ី​ម្នាក់​បាន​រិះគន់​កាលពី​ពេល​ថ្មីៗ​នេះ​ថា រូបគេ​បាន​នាំ​ភ្ញៀវ​ទេសចរ​មួយ​ក្រុម​ចូល​ទៅ​ក្នុង​ព្រលាន​យន្តហោះ​ម្តង​រួច​ហើយ ប៉ុន្តែ​ត្រូវ​ចេញ​មក​ខាងក្រៅ​កន្លែង​ត្រួតពិនិត្យ ឬ​កុងត្រូល​ព្រលាន ដើម្បី​រង់ចាំ​យក​ភ្ញៀវ​ទេសចរ​មួយ​ក្រុម​ផ្សេង​ទៀត តែ​នៅ​ពេល​ដែល​រូបគេ​ត្រឡប់​ចូល​ទៅ​ក្នុង​ព្រលាន​វិញ ស្រាប់តែ​ខាង​ក្រុមហ៊ុន​ចិន​ទាមទារ​ឱ្យ​រូបគេ​បង់​លុយ​ថ្លៃ​ផ្លូវ​ម្តង​ទៀត ទាំង​ដែល​រូបគេ​មិន​បាន​ធ្វើ​ដំណើរ​លើ​ផ្លូវ​នោះ​ម្តង​ទៀត​ផង​នោះ។

ម្ចាស់​តាក់ស៊ី​ខាងលើ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ពិនិត្យ​លើ​បញ្ហា​នេះ​ជាបន្ទាន់ ព្រោះ​ថា​កម្ពុជា​ទើប​តែ​មាន​ភ្ញៀវ​ទេសចរ​ខ្លះៗ​ឡើងវិញ ប៉ុន្តែ​បើ​ក្រុមហ៊ុន​ចិន​ចេះតែ​ដំឡើង​តម្លៃ​គ្រប់​មុខ​បែប​នេះ តើ​កញ្ចប់​សេវាកម្ម​សម្រាប់​ទទួល​ភ្ញៀវ​ទេសចរ នឹង​ដំឡើង​ថ្លៃ​កម្រិត​ណា​ទៅ? ដែល​នេះ​គឺជា​មូលហេតុ​ដែល​នាំ​ឱ្យ​ភ្ញៀវ​ទេសចរ​មិន​ហ៊ាន​មក​លេង​កម្ពុជា ហើយ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​បែប​នេះ មិន​មែន​វិនិយោគ​ជួយ​ប្រជាពលរដ្ឋ​ខ្មែរ​ទេ គឺជា​ការ​វិនិយោគ​ជាន់​ក​ពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ។

អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ ត្រូវ​បាន​នាយករដ្ឋមន្ត្រី​ថ្មី​លោក ហ៊ុន ម៉ាណែត ប្រកាស​ឱ្យ​មាន​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ កន្លង​ទៅ ប៉ុន្តែ​ក្រោយ​វាល​យន្តហោះ​ថ្មី​នេះ​ចេញ​ដំណើរការ បាន​រង​នូវ​ការ​រិះគន់​ជា​បន្តបន្ទាប់​ពី​ការ​យក​លុយ​ថ្លៃ​ផ្លូវ​បើកបរ​ទៅ​វាល​យន្តហោះ​ថ្មី​នេះ។ ក្រៅ​ពី​នេះ ក៏​មាន​ការ​រិះគន់​ពី​ភ្ញៀវ​អន្តរជាតិ​ជុំវិញ​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​ការ​ទាមទារ​លុយ​ធីប​ពី​ភ្ញៀវ និង​ភាព​គ្មាន​អនាម័យ​ក្នុង​អាកាសយានដ្ឋាន​ថ្មី​នេះ​ផង​ដែរ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា វាល​យន្តហោះ​ថ្មី​នេះ​មិន​មែន​ត្រឹមតែ​មិន​ផ្តល់​ផល​ប្រយោជន៍​ឱ្យ​កម្ពុជា​ទេ ថែម​ទាំង​បំផ្លាញ​កេរ្តិ៍ឈ្មោះ និង​សេដ្ឋកិច្ច​របស់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ​ថែម​ទៀត អំឡុង​ពេល​ក្រុមហ៊ុន​ចិន​កាន់កាប់​ព្រលាន​នេះ​រយៈពេល ៥៥​ឆ្នាំ​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស