30 C
Phnom Penh

ម្ចាស់​គណនី​ហ្វេសប៊ុក​ដែល​ចោទ​លោក ព្រាប កុល ថា​លួច​លុយ​ជិត​១០០​លាន​ដុល្លារ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​តាម​បណ្ដឹង​របស់​លោក ព្រាប កុល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ប៉ែន ជីវ័ន្ត (Chivann Pen) ដែល​ផ្សព្វផ្សាយ​ថា អតីត​ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា​លោក ព្រាប កុល បាន​លួច​កិបកេង​លុយ​ជិត ១០០​លាន​ដុល្លារ​អាមេរិក (៨០​លាន​ដុល្លារ) ពី​ក្រុមហ៊ុន ខេមបូឌាន អ៊ីនវេស្ទ័រ ឃែបភីថល ផាតនឺ (Cambodian Investor Capital Partner) ដែល​ហៅ​កាត់​ថា CIC Partner ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២០ ខែ​មករា កន្លង​ទៅ ខណៈ​តុលាការ​កំពុង​ដំណើរ​នីតិវិធី​លើ​ករណី​នេះ។

ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ចេញ​លិខិត​មួយ​កាលពី​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០២៤ ដែល​មាន​លោក ព្រាប កុល ចុះហត្ថលេខា​ក្នុង​ឋានៈ​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ដោយ​ផ្ញើ​ទៅ​កាន់​ប្រធាន​ក្រុមប្រឹក្សាភិបាល CIC Partner ដើម្បី​សុំ​ឱ្យ​ក្រុមហ៊ុន​ខាងលើ​បំភ្លឺ​ចំពោះ​ករណី​ចោទប្រកាន់​ដែល​ថា រូបលោក​បាន​លួច​កិបកេង​លុយ ៨០​លាន​ដុល្លារ​ពី​ក្រុមហ៊ុន​មួយ​នេះ​កាលពី​ពេល​កន្លង​ទៅ ហើយ​ដែល​ផ្សព្វផ្សាយ​ដោយ​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ប៉ែន ជីវ័ន្ត (Chivann Pen) នោះ។

អតីត​ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា​លោក ព្រាប កុល ដែល​មាន​តួនាទី​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​នា​ពេល​បច្ចុប្បន្ន រៀបរាប់​ក្នុង​លិខិត​នេះ​ថា ករណី​ចោទប្រកាន់​របស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ប៉ែន ជីវ័ន្ត (Chivann Pen) បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កេរ្តិ៍ឈ្មោះ និង​សុវត្ថិភាព​របស់​លោក និង​ក្រុម​គ្រួសារ​របស់​លោក ក្នុង​នាម​ជា​មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​ក្នុង​ជួរ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ។

លោក ព្រាប កុល បញ្ជាក់​ថា លោក​ត្រូវតែ​ប្តឹង​ម្ចាស់​គណនី​ហ្វេសប៊ុក​មួយ​នេះ​ដើម្បី​រក្សា​ភាព​ស្អាតស្អំ យុត្តិធម៌ និង​ដើម្បី​រក្សា​កេរ្តិ៍ឈ្មោះ ព្រមទាំង​សុវត្ថិភាព​របស់​លោក​ផង​ដែរ។

លោក ព្រាប កុល បញ្ជាក់​ថា លោក​គ្មាន​តួនាទី​អ្វី​នៅ​ក្នុង​ក្រុមហ៊ុន ខេមបូឌាន អ៊ីនវេស្ទ័រ ឃែបភីថល ផាតនឺ (Cambodian Investor Capital Partner) នេះ​ទេ ដូច្នេះ​លោក​ក៏​មិន​អាច​លួច​កិបកេង​លុយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​តាម​វិធី​ណា​កើត​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ព្រាប កុល បាន​រង​នូវ​ការ​ចោទប្រកាន់​ថា​បាន​លួច​កិបកេង​លុយ​ពី​ក្រុមហ៊ុន CIC Partner ចំនួន ៨០​លាន​ដុល្លារ​អាមេរិក​កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០២៤ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឱ្យ​ចាប់​ខ្លួន​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ប៉ែន ជីវ័ន្ត (Chivann Pen) ដែល​មាន​ឈ្មោះ​ពិត​ថា យ៉ង់ ប៉ាក់ ក្រោម​បទ​ចោទ ញុះញង់​ឱ្យ​មាន​ការ​រើសអើង និង​បរិហារ​កេរ្តិ៍​ជា​សាធារណៈ បន្ទាប់ពី​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​លោក ព្រាប កុល ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ជុំវិញ​ករណី​នេះ។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៤ មករា នេះ​ថា ស្មារតី​របស់​ច្បាប់​មាន​អំណាច​ការពារ​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​បុគ្គល​ទាំងឡាយ​ដែល​រង​នូវ​ការ​ចោទប្រកាន់​ផ្សេងៗ​ដោយ​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់ និង​ដើម្បី​ការពារ​កុំ​ឱ្យ​មាន​ការ​ចោទប្រកាន់​ដោយ​គ្មាន​ភស្តុតាង​ចេះ​តែ​កើត​ឡើង​បន្ត​ទៀត ប៉ុន្តែ​បើ​រក​មិន​ឃើញ​ថា ការ​លើកឡើង​ណា​មួយ​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​បុគ្គល​ណា​ម្នាក់​ទេ តុលាការ​ក៏​គួរ​លើកលែង​ការ​ចោទ​ប្រកាន់​ដែរ។

លោក ស៊ឹង សែនករុណា លើកឡើង​បន្ត​ថា បើ​ប្រៀបធៀប​ចំណាត់ការ​របស់​តុលាការ​លើ​ករណី​ខាងលើ​នេះ គឺ​មាន​ភាព​ឆាប់​រហ័ស​ជាង​ករណី​មួយ​ចំនួន ដូចជា​ករណី​វាយប្រហារ​លើ​សកម្មជន​សង្គម សកម្មជន​នយោបាយ មន្ត្រី​បក្ស​ប្រឆាំង សកម្មជន​សិទ្ធិមនុស្ស និង​ឃាតកម្ម​ក្រៅ​ប្រព័ន្ធ​ច្បាប់​ដែល​ជា​រឿង​ធំៗ ជាដើម ក្នុង​នោះ​មាន​ករណី​ខ្លះ សមត្ថកិច្ច​ខកខាន​វែក​មុខ​ចាប់​ឃាតករ​ពិត​មក​ផ្ដន្ទាទោស​រហូត​ដល់​ទៅ​រាប់​សិប​ឆ្នាំ​ឯណោះ ដែល​បញ្ហា​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា​បែងចែក​ការ​អនុវត្ត​ទៅ​តាម​សំណុំរឿង​ដែល​កើត​មាន។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ អំពាវនាវ​ឱ្យ​ស្ថាប័ន​តុលាការ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច អនុវត្ត​ច្បាប់​ដោយ​ផ្អែក​ទៅ​លើ​វិធានការ​ច្បាប់​ដោយ​ស្មោះត្រង់ ដើម្បី​លើក​កម្ពស់​ប្រព័ន្ធ​យុត្តិធម៌ និង​នីតិរដ្ឋ​របស់​កម្ពុជា និង​ដើម្បី​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ផង​ដែរ ព្រោះ​ថា​មាន​ករណី​ខ្លះ​ទៀត​ដែល​សមត្ថកិច្ច​មាន​ឆន្ទៈ​ស្រាវជ្រាវ​ក្រោម​ការ​អនុវត្ត​ច្បាប់​ដោយ​ហ្មត់ចត់ គឺ​អាច​ដោះស្រាយ​បាន និង​ចាប់​ខ្លួន​ជនល្មើស​មក​ទទួល​ទោស​ចំពោះ​មុខ​ច្បាប់​ដោយ​ឆាប់​រហ័ស​ផង​ដែរ។

កាលពី​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០២៤ ប្រធាន​គណៈកម្មការ​ស្ដារ​មូលនិធិ​ក្រុមហ៊ុន CIC Partner លោក សុខ ពិសិដ្ឋ បាន​ចេញ​លិខិត​បំភ្លឺ​មួយ​ទៅ​កាន់​លោក ព្រាប កុល ដោយ​បញ្ជាក់​ថា បើ​តាម​ការ​ពិនិត្យ​មើល​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Cambodian Investor Capital Partner ពុំ​បាន​បង្ហាញ​ថា​មាន​ចរន្ត​សាច់ប្រាក់​បញ្ចេញ​ពី​ក្រុមហ៊ុន​នេះ​ទៅ​ឱ្យ​លោក ព្រាប កុល នោះ​ទេ​កាលពី​ពេល​កន្លង​មក។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២៤ ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ប៉ែន ជីវ័ន្ត (Chivann Pen) ដែល​មាន​ឈ្មោះ​ពិត​ថា យ៉ង់ ប៉ាក់ បាន​រៀបរាប់​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា អ្នក​ក្លាហាន​ម្នាក់​ឈ្មោះ ព្រាប កុល ដែល​ធ្លាប់​តស៊ូ​មតិ​ខាង «តម្លាភាព​សង្គម» បាន​កសាង​ស្នាដៃ​ដ៏​ធំ​មួយ​ដោយ​បង្កើត​ក្រុមហ៊ុន​អចលនទ្រព្យ​ខ្នាត​យក្ស​មួយ​ដែល​មាន​ឈ្មោះ​ថា Zillenium Group។

ប្រភព​ដដែល​បញ្ជាក់​ថា មុន​នឹង​បង្កើត​ក្រុមហ៊ុន​អចលនទ្រព្យ​ខ្នាត​យក្ស Zillenium Group នេះ លោក ព្រាប កុល ក៏​ត្រូវ​គេ​សង្ស័យ​ថា បាន​លួច​យក​លុយ​ប្រមាណ ៨០​លាន​ដុល្លារ​អាមេរិក​ពី​ក្រុមហ៊ុន​គ្រប់គ្រង​មូលធន​វិនិយោគ​ដ៏​ធំ​មួយ​ផ្សេង​ទៀត​ដែរ ដែល​ហៅ​កាត់​ថា CIC ដែល​ក្រុមហ៊ុន​នេះ​មាន​ទឹកប្រាក់​សរុប​ប្រមាណ ១៣០​លាន​ដុល្លារ​អាមេរិក។ ដោយសារតែ​បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​ជាង ៥០០​នាក់ (៥៤៦​នាក់) ដែល​បាន​បោះទុន​វិនិយោគ​ក្នុង​ក្រុមហ៊ុន​នេះ បាត់បង់​ទ្រព្យធន លុយ​កាក់ និង​ក្ស័យ​ធន​គ្រប់​គ្នា។

ប្រភព​ដដែល​អះអាង​ថា ការ​ប្រតិបត្តិការ​យក​លុយ​ចេញពី​ក្រុមហ៊ុន​នេះ​បាន​ដោយ​ជោគជ័យ ដោយសារ​តែ​មាន​លោក ព្រាប កុល មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សមភាគី​របស់​គាត់ គឺ​លោក គុយ វ៉ាត ដែល​មាន​តួនាទី​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន CIC Partner និង​ជា​ម្ចាស់​ហាង Park Cafe បច្ចុប្បន្ន​នេះ រួម​ទាំង​សមាជិក​ក្រុមប្រឹក្សាភិបាល​ជាង ១០​នាក់​ផ្សេង​ទៀត​ផង​ដែរ។

ម្ចាស់​គណនី​ហ្វេសប៊ុក​ខាងលើ​បញ្ជាក់​ថា លុយ​ជាង ៨០​លាន​ដុល្លារ​នេះ ត្រូវ​បាន​លោក ព្រាប កុល ចាត់ចែង​ក្នុង​ការ​វិនិយោគ​គម្រោង​អចលនទ្រព្យ​ផ្សេងៗ​ក្នុង​ក្រុមហ៊ុន Zillenium Group យ៉ាង​គគ្រឹកគគ្រេង​នៅ​ពេលនេះ។

ម្ចាស់​សំណេរ​ខាងលើ​គូសបញ្ជាក់​ថា ខ្លួន​ក៏​ជា​ជនរងគ្រោះ​ក្នុង​នាម​ជា​អ្នក​វិនិយោគ​ក្នុង​ក្រុមហ៊ុន CIC Partner នេះ​ដែរ។

យ៉ាងណា​ក៏ដោយ កាលពី​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២៤ អតីត​ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា​លោក ព្រាប កុល ក៏​បាន​ព្រមាន​ប្តឹង​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ប៉ែន ជីវ័ន្ត (Chivann Pen) ផង​ដែរ បន្ទាប់ពី​ម្ចាស់​គណនី​ហ្វេសប៊ុក​រូប​នេះ​ចោទ​រូបលោក​ថា​បាន​លួច​ដក​លុយ​ជិត ៨០​លាន​ដុល្លារ​អាមេរិក​ពី​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ CIC Partner នេះ ប្រសិនបើ​ម្ចាស់​គណនី​ហ្វេសប៊ុក​ខាងលើ​មិន​លុប​សំណេរ​របស់​ខ្លួន និង​ចេញ​មុខ​សុំទោស​រូបលោក​ជា​សាធារណៈ​ទេ​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស