38 C
Phnom Penh

លោក ព្រាប កុល ទទួល​យក​ការ​សុំទោស​ពី​លោក យ៉ង់ ប៉ាក់ ប៉ុន្តែ​មិន​លើកលែង​ទោស​តាម​ផ្លូវ​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា​លោក ព្រាប កុល និង​ជា​រដ្ឋមន្ត្រី​អម​នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​នៅ​កម្ពុជា យល់ព្រម​ទទួល​យក​ការ​សុំទោស​របស់​ម្ចាស់​គណនី​ហ្វេសប៊ុក Chivann Pen ដែល​មាន​ឈ្មោះ​ពិត​ថា យ៉ង់ ប៉ាក់។ ការ​ទទួល​យក​ការ​សុំទោស​ពី​លោក យ៉ង់ ប៉ាក់ នេះ ធ្វើ​ឡើង​ក្រោយពី​លោក យ៉ង់ ប៉ាក់ បាន​ផ្ញើ​លិខិត​សុំទោស​មួយ​ច្បាប់​ចេញពី​មន្ទីរ​ឃុំឃាំង​ព្រៃស។

លោក ព្រាប កុល ព្រមាន​ថា ទោះបី​មាន​ការ​សុំទោស​យ៉ាងណា​ក៏ដោយ ក៏​លោក​មិន​លើកលែង​ទោស​ក្នុង​ការ​អនុវត្ត​ច្បាប់​ជាដាច់ខាត ពីព្រោះ​លោក​មិន​មាន​ឥទ្ធិពល​ដល់​នីតិវិធី​របស់​តុលាការ​នោះ​ឡើយ។

លោក ព្រាប កុល បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៧ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ​ថា លោក​ទើប​បាន​ទទួល​លិខិត​សុំទោស​របស់​លោក យ៉ង់ ប៉ាក់ ពី​ក្នុង​មន្ទីរ​ឃុំឃាំង​ព្រៃស ដែល​បាន​ទទួល​កំហុស និង​បង្ហាញ​អារម្មណ៍​សោកស្តាយ​ចំពោះ​កំហុស​របស់​ខ្លួន​ដែល​បាន​ចោទប្រកាន់​លើ​រូបលោក​កន្លង​មក។

អតីត​ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា​រូប​នេះ​លើកឡើង​ថា លោក​ជា​មនុស្ស​មិន​សូវ​ប្រកាន់​ទោសពៃរ៍​អ្នក​ដទៃ​ទេ ប៉ុន្តែ​ការ​ប្រឌិត​ព័ត៌មាន​ចោទប្រកាន់​លើ​រូបលោក​ពាក់ព័ន្ធ​នឹង​ការ​កិបកេង​លុយ​ក្នុង​ក្រុមហ៊ុន CIC កន្លង​មក បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គុណតម្លៃ​ស្នូល និង​កិត្តិយស​របស់​លោក​ជា​ខ្លាំង ហើយ​លោក យ៉ង់ ប៉ាក់ ក៏​ជា​មនុស្ស​ទី​មួយ​ដែរ​ដែល​លោក​បាន​ប្តឹង​ទៅ​តុលាការ​ក្នុង​មួយ​ជីវិត​នេះ។

លោក ព្រាប កុល រៀបរាប់​ថា ការ​ចោទ​មួលបង្កាច់​នោះ គឺ​ប្រៀប​បាន​ទៅ​នឹង​ការ​យក​លំពែង​មក​ចាក់​ចំ​បេះដូង​របស់​លោក​ដូច្នោះ​ដែរ។ លោក​បន្ត​ថា ការ​មួលបង្កាច់​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស សេចក្តី​ថ្លៃថ្នូរ និង​សុវត្ថិភាព​របស់​លោក និង​ក្រុម​គ្រួសារ រួម​ទាំង​ប៉ះពាល់​ដល់​ស្ថាប័ន​ដែល​លោក​កំពុង​តែ​បម្រើ​ការងារ​ក្នុង​រដ្ឋាភិបាល​ថែម​ទៀត។

មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​រូប​នេះ​បញ្ជាក់​ថា ក្នុង​ក្របខ័ណ្ឌ​ផ្ទាល់ខ្លួន លោក​ទទួល​យក​ការ​សុំទោស​របស់​លោក យ៉ង់ ប៉ាក់ ប៉ុន្តែ​ក្នុង​ក្របខ័ណ្ឌ​ច្បាប់ លោក​មិន​មាន​សិទ្ធិ​អំណាច​ធ្វើ​ឱ្យ​មាន​ឥទ្ធិពល​ដល់​នីតិវិធី​របស់​តុលាការ​នោះ​ទេ ប៉ុន្តែ​លោក​យល់​ឃើញ​ថា ប្រទេស​កម្ពុជា​ក៏​ត្រូវ​អនុវត្ត​ច្បាប់​ដើម្បី​ពង្រឹង​នីតិរដ្ឋ និង​ប្រព័ន្ធ​យុត្តិធម៌​ដែរ ដូច្នេះ​លោក​សង្ឃឹម​ថា លោក យ៉ង់ ប៉ាក់ អាច​ស៊ូទ្រាំ​រស់នៅ​ក្នុង​គុក​បន្ត​ទៀត​បាន។

កាលពី​ថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ​២០២៤ ម្ចាស់​គណនី​ហ្វេសប៊ុក Chivann Pen ដែល​មាន​ឈ្មោះ​ពិត​ថា យ៉ង់ ប៉ាក់ បាន​សរសេរ​លិខិត​សូមទោស​មួយ​ទៅ​កាន់​លោក ព្រាប កុល ដោយ​រៀបរាប់​ថា ការ​ចោទប្រកាន់​លោក ព្រាប កុល ថា​បាន​លួច​លុយ​ក្នុង​ក្រុមហ៊ុន CIC បាន​ធ្វើ​ឱ្យ​លោក​មាន​ការ​សោកស្តាយ​យ៉ាង​ខ្លាំង។

ប្រភព​ដដែល​បន្ត​ថា ការ​ចោទប្រកាន់​ដោយ​គ្មាន​ភស្តុតាង​នេះ គឺ​ដោយសារតែ​លោក​ជឿ​លើ​ពាក្យ​ចចាមអារ៉ាម​ពី​អ្នក​វិនិយោគ​ក្នុង​ក្រុមហ៊ុន CIC ដែល​បាន​ផ្សព្វផ្សាយ​រឿង​នេះ​ឡើង ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​លោក ព្រាប កុល យ៉ាង​ធ្ងន់ធ្ងរ។

លោក យ៉ង់ ប៉ាក់ ស្នើសុំ​ឱ្យ​លោក ព្រាប កុល សម្របសម្រួល​នីតិវិធី​ច្បាប់​ដើម្បី​ឱ្យ​លោក​អាច​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ចំពោះ​កំហុស​ឆ្គង​របស់​លោក​នា​ពេល​កន្លង​មក ប៉ុន្តែ​សំណើ​នេះ​ត្រូវ​បាន​លោក ព្រាប កុល បដិសេធ​ចោល​ទាំងស្រុង។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៨ ឧសភា នេះ​ថា លោក យ៉ង់ ប៉ាក់ អាច​នៅ​ក្រៅ​ឃុំ​បាន ឬ​មិន​បាន គឺ​ស្ថិត​នៅ​ត្រង់​ថា លោក ព្រាប កុល មាន​ចេតនា​អធ្យាស្រ័យ​កម្រិត​ណា​ប៉ុណ្ណោះ។

លោក​បន្ថែម​ថា នៅ​ប្រទេស​កម្ពុជា​តែងតែ​មាន​វប្បធម៌​អនុគ្រោះ ក្រោយ​មាន​ការ​សុំ​អភ័យ​ទោស​ពី​សាមី​ខ្លួន​ដែល​ព្រម​ទទួល​កំហុស ដូចជា​ករណី​ដែល​លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន សែន ធ្លាប់​បាន​ធ្វើ​កន្លង​មក ជាដើម។

លោក សេក សុជាតិ លើកឡើង​ថា បើ​លោក ព្រាប កុល ដាក់​សំណើ​ទៅ​កាន់​លោក ហ៊ុន ម៉ាណែត​ឱ្យ​ជួយ​អន្តរាគមន៍ ឬ​គាត់​ខ្លួនឯង​សម្រេច​ដក​ពាក្យបណ្ដឹង ក៏​បង្ហាញ​ពី​ចេតនា​ក្នុង​ការ​អភ័យ​ទោស​ឱ្យ​លោក យ៉ង់ ប៉ាក់ ពិតប្រាកដ​ដែរ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា លោក យ៉ង់ ប៉ាក់ ជា​បុគ្គល​ដែល​មាន​ពិការភាព ដូច្នេះ​គាត់​ប្រាកដ​ជា​មាន​ការ​ពិបាក​ក្នុង​ការ​រស់នៅ​ក្នុង​ពន្ធនាគារ ប៉ុន្តែ​បើ​លោក ព្រាប កុល ជួយ​សម្រួល​ឱ្យ​គាត់​បាន​នៅ​ក្រៅ​ឃុំ ក្នុង​ការ​ស្វែងរក​ការពិត​ជុំវិញ​ដំណើរ​រឿង​នេះ​តាមរយៈ​តុលាការ ក៏​បង្ហាញ​ពី​សមានចិត្ត​របស់​លោក ព្រាប កុល កាន់តែ​ទូលំទូលាយ​ដែរ។

កាលពី​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២៤ ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ប៉ែន ជីវ័ន្ត (Chivann Pen) ដែល​មាន​ឈ្មោះ​ពិត​ថា យ៉ង់ ប៉ាក់ បាន​រៀបរាប់​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា អ្នក​ក្លាហាន​ម្នាក់​ឈ្មោះ ព្រាប កុល ដែល​ធ្លាប់​តស៊ូ​មតិ​ខាង «តម្លាភាព​សង្គម» បាន​កសាង​ស្នាដៃ​ដ៏​ធំ​មួយ​ដោយ​បង្កើត​ក្រុមហ៊ុន​អចលនទ្រព្យ​ខ្នាត​យក្ស​មួយ​ដែល​មាន​ឈ្មោះ​ថា Zillenium Group។

លោក យ៉ង់ ប៉ាក់ លើកឡើង​ថា មុន​នឹង​បង្កើត​ក្រុមហ៊ុន​អចលនទ្រព្យ​ខ្នាត​យក្ស Zillenium Group នេះ លោក ព្រាប កុល ក៏​ត្រូវ​គេ​សង្ស័យ​ថា​បាន​លួច​យក​លុយ​ប្រមាណ ៨០​លាន​ដុល្លារ​អាមេរិក​ពី​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ CIC ហើយ​ដោយសារតែ​បញ្ហា​នេះ បាន​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​ជាង ៥០០​នាក់ (៥៤៦​នាក់) ដែល​បាន​បោះទុន​វិនិយោគ​ក្នុង​ក្រុមហ៊ុន​នេះ បាត់បង់​ទ្រព្យធន លុយកាក់ និង​ក្ស័យ​ធន​គ្រប់ៗ​គ្នា។

នៅ​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០២៤ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឱ្យ​ចាប់​ខ្លួន​លោក យ៉ង់ ប៉ាក់ ក្រោម​បទ​ចោទ «ញុះញង់​ឱ្យ​មាន​ការ​រើសអើង និង​បរិហារកេរ្តិ៍​ជា​សាធារណៈ» បន្ទាប់ពី​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​លោក ព្រាប កុល ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ជុំវិញ​ករណី​នេះ។

ទោះជា​យ៉ាងណា​ក៏ដោយ លុយ​ជាង ៨០​លាន​ដុល្លារ​នេះ ពិត​ជា​បាន​បាត់​សូន្យឈឹង​ពី​ក្រុមហ៊ុន CIC ប្រាកដ​មែន ហើយ​ដែល​លុយ​ទាំងនោះ​ជា​លុយ​វិនិយោគ​របស់​ឧកញ៉ា ពលរដ្ឋ ឬ​អ្នកជំនួញ​ដែល​បាន​ប្រមូល​យក​ទៅ​ដាក់​វិនិយោគ​ក្នុង​ក្រុមហ៊ុន​នេះ ដើម្បី​ទទួល​បាន​ការប្រាក់​ខ្ពស់​ប្រចាំ​ខែ។

ក្រុម​ជនរងគ្រោះ​រាប់​រយ​នាក់​ក្នុង​ក្រុមហ៊ុន​នេះ បាន​ទាមទារ​ឲ្យ​លោក គុយ វ៉ាត អតីត​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន ចេញ​មុខ​បកស្រាយ និង​ទទួល​ខុសត្រូវ​ទៅ​លើ​លុយ​ដែល​បាន​បាត់​ទាំងនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស