31 C
Phnom Penh

លោក ហ៊ុន ម៉ាណែត ថា​កម្ពុជា​គ្មាន​មហិច្ឆតា​រំលោភ​ឈ្លានពាន​ប្រទេស​ណា​ទេ​ជុំវិញ​ការ​ពង្រឹង​សមត្ថភាព​កងទ័ព​របស់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​របស់​ត្រកូល​ហ៊ុន​លោក ហ៊ុន ម៉ាណែត ប្រកាស​ថា កម្ពុជា​គ្មាន​មហិច្ឆតា​រំលោភ​ឈ្លានពាន​ប្រទេស​ណា​នោះ​ទេ ជុំវិញ​ការ​ពង្រឹង​សមត្ថភាព​កងទ័ព​របស់​ខ្លួន​សព្វថ្ងៃ​នេះ ដែល​ជា​សិទ្ធិ​របស់​កម្ពុជា​ដូច​គ្នា​ទៅ​នឹង​ប្រទេស​ទាំងអស់​នៅ​លើ​ពិភពលោក​ដែរ។

នៅក្នុង​ពិធី​ខួប ២៥​ឆ្នាំ​នៃ​ការ​បង្កើត​បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​ដោយ​ការ​បង្ហាញ​កម្លាំង​កងទ័ព និង​យុទ្ធោបករណ៍​មកពី​តាម​បណ្តា​អង្គភាព​នានា​ដែល​ចំណុះ​ឱ្យ​បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​នៅ​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០២៤ នេះ លោក ហ៊ុន ម៉ាណែត ព្រមាន​ថា ការ​ពង្រឹង​សមត្ថភាព​កងទ័ព​របស់​ជាតិ គឺ​ដើម្បី​ចូលរួម​ក្នុង​ការ​ថែរក្សា​សន្តិភាព ស្ថិរភាព​នៅ​ក្នុង​ប្រទេស​ផង ក៏ដូចជា​ចូលរួម​ការពារ​ស្ថិរភាព​ក្នុង​តំបន់​ផង​ចំពោះ​ឧក្រិដ្ឋកម្ម ឬ​ភេរវកម្ម​ដែល​ត្រូវការ​កម្ពុជា​ចូលរួម។

លោក​បន្ត​ថា ការ​បំពាក់​យុទ្ធោបករណ៍​កងទ័ព​កម្ពុជា គ្រាន់តែ​ពង្រឹង​សមត្ថភាព​ការពារ​ជាតិ​របស់​ខ្លួន​តែប៉ុណ្ណោះ ព្រោះ​ថា​រដ្ឋាភិបាល​ថ្មី​នេះ​បាន​ដាក់​ចេញ​កំណែ​ទម្រង់​ជាច្រើន ដើម្បី​ពង្រឹង​សមត្ថភាព​កងទ័ព ប៉ុន្តែ​ការ​កែទម្រង់​ធ្វើ​ទំនើបកម្ម​កងទ័ព​នេះ កម្ពុជា​ធ្វើឡើង​ក្នុង​បំណង​មាន​ស្មារតី​ការពារ​ជាតិ ការពារ​ប្រជាជន សាសនា ព្រះមហាក្សត្រ និង​ការ​ថែរក្សា​សុខ​សន្តិភាព ដើម្បី​លើក​តម្កើង​កិត្យានុភាព​ជាតិ​ប៉ុណ្ណោះ។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា ការ​ពង្រឹង​នយោបាយ​ការទូត​យោធា​តាមរយៈ​ការ​កសាង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ភាគី​ជា​មិត្ត​នៅ​ក្នុង​ការ​ហ្វឹកហ្វឺន និង​ការ​ធ្វើ​លំហាត់​រួម​គ្នា គឺ​ដើម្បី​ចូលរួម​ក្នុង​ការ​ថែរក្សា​សន្តិភាព មិត្តភាព​រវាង​ប្រទេស និង​ប្រទេស​ផង​ដែរ ក្នុង​នោះ កម្ពុជា​នឹង​ត្រូវ​បន្ត​យកចិត្ត​ទុកដាក់​លើ​ការ​បណ្តុះបណ្តាល ហ្វឹកហ្វឺន ដើម្បី​ពង្រឹង​សមត្ថភាព​យោធា​ថែម​ទៀត។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៤ មករា នេះ​ថា ការ​លើកឡើង​របស់​លោក ហ៊ុន ម៉ាណែត ជា​ចេតនា​បន្លប់​ពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ ព្រោះ​ថា​គ្មាន​បរទេស​ណា​គេ​ភ័យខ្លាច​កម្ពុជា​រំលោភ​បំពាន​ប្រទេស​ជិតខាង​តាមរយៈ​នៃ​ការ​បំពាក់​យុទ្ធោបករណ៍​កងទ័ព​នេះ​ទេ ប៉ុន្តែ​អ្វី​ដែល​គេ​បារម្ភ​នោះ គឺ​គេ​ខ្លាច​កម្ពុជា​ធ្វើ​ជា​ឈ្នាន់​ឱ្យ​ចិន សម្រេច​មហិច្ឆតា​ឈ្លានពាន​រំលោភ​អំណាច​ក្នុង​តំបន់​ប៉ុណ្ណោះ ហើយ​នេះ​ទើប​ជា​រឿង​ដែល​កម្ពុជា​ត្រូវ​បង្ហាញ​ការពិត ព្រោះ​រឿង​នេះ​ក៏​ជា​រឿង​ពាក់ព័ន្ធ​នឹង​វាសនា​របស់​កម្ពុជា​ដែរ។

លោក គឹម សុខ លើកឡើង​ថា ការ​ជជីក​សួរ​ពី​រដ្ឋាភិបាល​វៀតណាម ទៅ​កាន់​លោក ហ៊ុន ម៉ាណែត កាលពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០២៣ កន្លង​ទៅ ជុំវិញ​ការ​សាងសង់​ព្រែកជីក​ហ្វូណន ដែល​ជា​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ចិន និង​ការ​ប្ដេជ្ញា​របស់​រដ្ឋាភិបាល​វៀតណាម ប្រកាស​ប្រឆាំង​រដ្ឋ​បរទេស​ដែល​មាន​បំណង​យក​ទឹកដី​កម្ពុជា​ធ្វើជា​ទីតាំង​ប្រឆាំង​នឹង​ខ្លួន​នៅ​ពេលនេះ មិន​មែន​ពួកគេ​មិន​សង្ស័យ​ពី​ទំនាក់ទំនង​របស់​កម្ពុជា​ជាមួយ​ចិន ជុំវិញ​ការ​ផ្តល់​មូលដ្ឋាន​ជើងទឹក​រាម​របស់​ខ្មែរ​ឱ្យ​កងទ័ព​ចិន ឈរជើង​នោះ​ទេ ព្រោះ​បញ្ហា​នេះ​វា​នឹង​បង្ក​ហានិភ័យ​ខ្លាំង​បំផុត​ដល់​អធិបតេយ្យ​ជាតិ​របស់​វៀតណាម។

អ្នកវិភាគ​នយោបាយ​រូប​នេះ​បញ្ជាក់​ថា ប្រសិនបើ​កម្ពុជា​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ដែល​ធ្លាប់​អនុញ្ញាត​ឱ្យ​វៀតណាម លាក់​កងទ័ព​លើ​ទឹកដី​របស់​ខ្លួន​ដូច​ទសវត្សរ៍​១៩៧០ នោះ កម្ពុជា​នឹង​បង្កាត់​ភ្លើង​សង្គ្រាម​ក្នុង​ទឹកដី​របស់​ខ្លួន​ម្តង​ទៀត​ដោយ​ចៀស​ពុំ​រួច​ឡើយ ព្រោះ​ថា​ទឹកដី​ខ្មែរ​នៅ​ពេល​នោះ នឹង​ក្លាយ​ជា​ទីតាំង​សង្គ្រាម​រវាង​ចិន និង​បណ្តា​ប្រទេស​នានា​ជាមិនខាន ហើយ​អ្នក​ដែល​ខាតបង់ និង​រងគ្រោះ​ដោយ​ផ្ទាល់​ពី​សង្គ្រាម​នេះ គឺ​កម្ពុជា​ខ្លួនឯង​ប៉ុណ្ណោះ។

កាសែត​អាមេរិក The Wall Street Journal កាលពី​ខែ​កក្កដា ឆ្នាំ​២០១៩ បាន​ចុះផ្សាយ​អត្ថបទ​មួយ​ដោយ​អះអាង​ថា កម្ពុជា​និង​ចិន​បាន​ចុះហត្ថលេខា​ជា​សម្ងាត់​លើ​កិច្ចព្រមព្រៀង​យោធា​មួយ​ជាមួយ​គ្នា ខណៈ​កិច្ចព្រមព្រៀង​នោះ កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​ចិន មាន​សិទ្ធិ​ផ្ដាច់មុខ​ប្រើប្រាស់​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​ក្នុង​រយៈពេល ៣០​ឆ្នាំ ដែល​ត្រូវ​បន្ត​ឡើងវិញ​នៅ​រៀងរាល់ ១០​ឆ្នាំ​ម្ដង។

The Wall Street Journal បញ្ជាក់​ថា កម្ពុជា​ក៏​បាន​អនុញ្ញាត​ឲ្យ​ចិន ដាក់​ពង្រាយ​បុគ្គលិក​យោធា រក្សា​ទុក​សព្វាវុធ និង​អនុញ្ញាត​ឲ្យ​នាវាចម្បាំង​ចិន ចូល​ចត​បាន​ថែម​ទៀត។

ចំណែក​សារព័ត៌មាន Financial Times បាន​ចុះផ្សាយ​កាលពី​ចុង​ខែ​កក្កដា ឆ្នាំ​២០២៣ នេះ​ថា សហរដ្ឋ​អាមេរិក​បាន​លើកឡើង​ថា មូលដ្ឋាន​ជើងទឹក​រាម​របស់​កម្ពុជា​ដែល​រដ្ឋាភិបាល​ចិន កំពុង​ជួយ​សាងសង់​កំពង់ផែ​ឡើងវិញ​សព្វថ្ងៃ​នេះ បើ​ពិនិត្យ​តាម​ផ្កាយរណប គឺ​បង្ហាញ​ថា កំពង់ផែ​នោះ​គឺ​មាន​លក្ខណៈ​ដូច​គ្នា​ទៅ​នឹង​កំពង់ផែ​មូលដ្ឋាន​ជើងទឹក​របស់​ចិន នៅ​ក្នុង​ប្រទេស​ជីប៊ូទី ដែល​ស្ថិត​ក្នុង​ទ្វីប​អាហ្វ្រិក ដូច្នោះ​ដែរ។

ដោយឡែក​មន្ទីរ​បញ្ចកោណ​របស់​សហរដ្ឋ​អាមេរិក ធ្លាប់​បាន​លើកឡើង​ថា ប្រវែង​កំពង់ផែ​រាម​ដែល​ចិន​បាន​សាងសង់​សម្រាប់​កម្ពុជា គឺ​មាន​សមត្ថភាព​អាច​ឱ្យ​នាវា​ផ្ទុក​យន្តហោះ​របស់​ចិន ចូល​ចត​បាន ព្រោះ​ថា​នាវា​ផ្ទុក​យន្តហោះ​របស់​ចិន មាន​ប្រវែង​ប្រមាណ​ជា ៣០០​ម៉ែត្រ ចំណែក​ប្រវែង​កំពង់ផែ​នៅ​តំបន់​ជើងទឹក​រាម គឺ​មាន​ប្រវែង​ប្រមាណ​ជា ៣៣៥​ម៉ែត្រ​ដែរ​នោះ។

មន្ទីរ​បញ្ចកោណ​របស់​សហរដ្ឋ​អាមេរិក បញ្ជាក់​ថា បើ​ផ្អែក​តាម​ភស្តុតាង​នានា និង​ភស្តុតាង​ជាក់ស្តែង​នៃ​ទំហំ​កំពង់ផែ​នេះ គឺ​មាន​ន័យ​ថា កំពង់ផែ​រាម​កំពុង​ត្រូវ​បាន​សាងសង់​ឡើង​ជាពិសេស​ដើម្បី​ការ​ចត​នាវា​ផ្ទុក​យន្តហោះ​របស់​ចិន​តែម្តង ហើយ​ហេតុផល​គឺ​នៅ​ត្រង់​ថា ប្រទេស​កម្ពុជា​គ្មាន​នាវាចម្បាំង ឬ​នាវា​ផ្ទុក​យន្តហោះ​ដែល​មាន​ប្រវែង​រហូត​ត្រូវការ​កំពង់ផែ​ប្រវែង​ជាង ៣០០​ម៉ែត្រ​សម្រាប់​សំចត​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស