32 C
Phnom Penh

លោក ហ៊ុន ម៉ាណែត ប្រកាស​បើក​ចំហ​ទទួល​អ្នក​វិនិយោគ​បរទេស​មក​កម្ពុជា​ដោយ​ការ​ផ្តល់​ទិដ្ឋាការ​ពិសេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​របស់​កម្ពុជា​ក្នុង​ត្រកូល​ក្រាញ​អំណាច​លោក ហ៊ុន ម៉ាណែត ប្រកាស​បើក​ចំហ​ទទួល​វិនិយោគទុន​បរទេស​ដែល​ហ៊ាន​បណ្ដាក់ទុន​នៅ​ខេត្ត​ព្រះសីហនុ រយៈពេល​វែង ចាប់ ១​សែន​ដុល្លារ​អាមេរិក (១០០០០០​ដុល្លារ​អាមេរិក) ឡើង​ទៅ នឹង​ទទួល​បាន​ការ​ផ្តល់​ឱ្យ​នូវ​ទិដ្ឋាការ​ពិសេស​រយៈពេល ៣​ឆ្នាំ។

នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ ឆ្នាំ​២០២៤ នៅ​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០២៤ នេះ​ថា ក្រៅពី​លើក​ទឹកចិត្ត​ដោយ​ការ​ផ្តល់​ទិដ្ឋាការ​ពិសេស​ដល់​វិនិយោគិន​បរទេស រាជរដ្ឋាភិបាល​ក៏​មាន​ការ​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ទៀត​ដែរ ដូចជា ការ​រៀបចំ​តំបន់​គម្រោង​វិនិយោគ ឬ​តំបន់​អភិវឌ្ឍន៍​សំខាន់ៗ​ដែរ ដូចជា តំបន់​ទេសចរណ៍ តំបន់​លក់​ទំនិញ​រួច​ពន្ធ​ដែល​គ្រប់​ជាតិ​សាសន៍​អាច​ទិញ​បាន វិថី​អាហារ និង​រមណីយដ្ឋាន​នានា​ជា​ជំហានៗ​ស្រប​តាម​សក្ដានុពល និង​ភូមិសាស្ត្រ​ជាក់ស្ដែង។

លោក ហ៊ុន ម៉ាណែត អះអាង​ថា រាជរដ្ឋាភិបាល​ក៏​នឹង​មាន​ផែនការ​រៀបចំ​ឱ្យ​មាន​ទីក្រុង​សុវត្ថិភាព​ផង​ដែរ ដើម្បី​ស្ដារ និង​ពង្រឹង​កិត្តិនាម​របស់​ខេត្ត​ព្រះសីហនុ លើ​ឆាក​អន្តរជាតិ ដោយ​ការ​ពន្លឿន​ដាក់​ឱ្យ​ប្រើប្រាស់​ផែនការ​មេ ដើម្បី​ប្រែ​ក្លាយ​ខេត្ត​ព្រះសីហនុ ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ការ​កំណត់​អាទិភាព និង​ការ​វិនិយោគ​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ចាំបាច់​សម្រាប់​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម ការ​អភិវឌ្ឍ​ទេសចរណ៍ និង​ការ​ទាក់ទាញ​ការ​វិនិយោគ​នានា​បន្ថែម​ទៀត។

នាយករដ្ឋមន្ត្រី​ថ្មី​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា រដ្ឋាភិបាល​ថ្មី​របស់​លោក​នឹង​ធ្វើការ​អភិវឌ្ឍ​តំបន់​ឧស្សាហកម្ម និង​សួន​ឧស្សាហកម្ម​ធំៗ ជាពិសេស​ការ​ពង្រឹង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​មាន​ស្រាប់ ឱ្យ​ឈាន​ដល់​កម្រិត​ស្តង់ដារ​អន្តរជាតិ​គ្រប់​ទិដ្ឋភាព រួម​មាន ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ការ​ផ្គត់ផ្គង់​អគ្គិសនី និង​ទឹក​ស្អាត ជាដើម ដើម្បី​ប្រែ​ក្លាយ​តំបន់​ទាំងនេះ​ទៅ​ជា​តំបន់​ប្រមូលផ្ដុំ​ឧស្សាហកម្ម ឬ​សហគ្រាស និង​ជា​តំបន់​ទេសចរណ៍​ផង​ដែរ។

មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​៣១ មករា នេះ​ថា រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត មិន​ទាន់​មាន​វិធានការ​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​របស់​កម្ពុជា​បាន​នៅឡើយ​ទេ ខណៈ​ទំនាស់​ផ្ទៃក្នុង​ពី​ការ​ផ្លាស់ប្ដូរ​តួនាទី​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ដើម្បី​ពង្រឹង​អំណាច​ដឹកនាំ​របស់​គាត់ ក៏​កំពុង​ច្របូកច្របល់​ដែរ ស្រប​ពេល​ដែល​គាត់​កំពុង​ខូច​កេរ្តិ៍ឈ្មោះ​ថា​ជា​មេដឹកនាំ​កខ្វក់​ពី​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​អន្តរជាតិ​នៅ​ពេលនេះ​ដែរ​នោះ។

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ខាងលើ​ទម្លាយ​ថា តាម​ពិត រដ្ឋាភិបាល​ថ្មី​នេះ​កំពុង​ត្រូវការ​អ្នក​វិនិយោគ​បរទេស​ខ្លាំង​ណាស់​ឱ្យ​ចូល​ទៅ​វិនិយោគ​នៅ​កម្ពុជា ដោយ​មិន​កំណត់​ថា ត្រូវតែ​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ ទេ គឺ​ទទួល​បាន​ទិដ្ឋាការ​ពិសេស​ដូច​គ្នា ប៉ុន្តែ​បើ​លោក ហ៊ុន ម៉ាណែត ប្រកាស​ដោយ​ចំហ​បែប​នេះ គឺ​បង្ហាញ​ថា​ការ​ចេញ​ទៅ​ចូលរួម​ប្រជុំ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​កាលពី​ពាក់កណ្តាល​ខែ​មករា ឆ្នាំ​២០២៤ កន្លង​ទៅ គឺ​បរាជ័យ​ទាំងអស់ ដូច្នេះ​ដើម្បី​បំភាន់​ពលរដ្ឋ គាត់​មាន​តែ​យក​ខេត្ត​ព្រះសីហនុ ធ្វើ​ជា​ប្រធានបទ​ប្រកាស​ទទួល​វិនិយោគទុន​បរទេស​ប៉ុណ្ណោះ។

ប្រភព​មន្ត្រី​ខាងលើ​បញ្ជាក់​ថា ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត ទៅ​ប្រទេស​ស្វីស ដើម្បី​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក និង​ក្រោយពី​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​ប្រទេស​ជប៉ុន ក្នុង​ពេល​ដំណាល​គ្នា​ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស ឱ្យ​ទៅ​បណ្ដាក់ទុន​នៅ​កម្ពុជា គេ​មិន​ទាន់​ឃើញ​ក្រុមហ៊ុន​បរទេស​ណា​មួយ​ប្រកាស​ដាក់​ទុន​វិនិយោគ​លើ​ផ្នែក​ណា​មួយ​នៅ​កម្ពុជា​នៅឡើយ​ទេ​រហូត​ដល់​ពេលនេះ ខណៈ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត កំពុងតែ​ខ្វះខាត​លុយ​ធ្ងន់ធ្ងរ ដែល​មិន​អាច​ឱ្យ​រដ្ឋាភិបាល​ដ៏​ក្មេង​ខ្ចី​មួយ​នេះ​ដាក់​ផែនការ​អភិវឌ្ឍន៍​អ្វី​បាន​ទេ ដូច​ដែល​គេ​បាន​ឃើញ​ស្រាប់​ក្នុង​អំណាច​ដឹកនាំ​ជាង ៥​ខែ​របស់​គាត់​មក​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្នុង​ពិធី​ជួប​ជាមួយ​អ្នកគាំទ្រ​ក្នុង​ប្រទេស​បារាំង កាលពី​ថ្ងៃទី​១៤ មករា លោក ហ៊ុន ម៉ាណែត លើកឡើង​ថា វត្តមាន​របស់​លោក​នៅ​ក្រៅ​ប្រទេស​នេះ​ជា​ការ​ដើរ​គោះ​ទ្វារ​អ្នក​ធុរកិច្ច ដើម្បី​ឱ្យ​ទៅ​វិនិយោគ​នៅ​កម្ពុជា ជាពិសេស​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ទីក្រុង​ដាវ៉ូស ប្រទេស​ស្វីស តែម្តង។

យ៉ាងណាក៏ដោយ អំឡុង​ពេល​ដែល​លោក ហ៊ុន ម៉ាណែត ចូលរួម​ប្រជុំ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ទីក្រុង​ដាវ៉ូស ប្រទេស​ស្វីស នៅ​ថ្ងៃទី​១៥ ខែ​មករា សារព័ត៌មាន​អន្តរជាតិ​មួយ​ឈ្មោះ ប៉ូលិទិកូ (POLITOCO) បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​ដែល​មាន​ចំណងជើង​ថា The ‘dirty dozen’ of Davos ឬ មេដឹកនាំ និង​អ្នកជំនួញ​កខ្វក់​ចំនួន ១២​រូប​ដែល​មាន​វត្តមាន​ក្នុង​ទីក្រុង​ដាវ៉ូស ក្នុង​នោះ លោក ហ៊ុន ម៉ាណែត ក៏​ត្រូវ​គេ​រាប់​បញ្ចូល​ទៅ​ក្នុង​ចំណោម​មេដឹកនាំ និង​អ្នកជំនួញ​កខ្វក់​ចំនួន ១២​នាក់​នោះ​ផង​ដែរ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត ទៅ​កាន់​ទឹកដី​អឺរ៉ុប​ដើម្បី​បញ្ចុះបញ្ចូល​អ្នក​វិនិយោគ​ឱ្យ​ទៅ​រកស៊ី​នៅ​កម្ពុជា នឹង​ត្រូវ​បរាជ័យ ព្រោះ​អ្នក​វិនិយោគ​ល្អៗ​ដែល​គោរព​ច្បាប់ គេ​នឹង​មិន​ហ៊ាន​ទៅ​បោះទុន​វិនិយោគ​នៅ​កម្ពុជា​ទេ ដោយសារតែ​ពួកគេ​បាន​ដឹង​ពី​របៀប​ដឹកនាំ​ដ៏​អាក្រក់​របស់​លោក ហ៊ុន សែន ដែល​បាន​បន្ត​មក​ឱ្យ​លោក ហ៊ុន ម៉ាណែត នៅ​ពេលនេះ។ ជាង​នេះ​ទៀត ពួកគេ​ក៏​មិន​មែន​មិន​ដឹង​ថា លោក ហ៊ុន ម៉ាណែត កំពុង​ក្តោប​ក្តាប់​ប្រទេស​កម្ពុជា​ផ្ដាច់មុខ​ដូច​លោក ហ៊ុន សែន ឪពុក​គាត់​នោះ​ទេ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា អ្នកជំនួញ​ដែល​បោះទុន​វិនិយោគ​នៅ​កម្ពុជា​កន្លង​មក អាច​មាន​អ្នកជំនួញ​ដែល​ល្អៗ​ដែរ ប៉ុន្តែ​ពួកគេ​បាន​នាំគ្នា​រត់​ទៅ​ប្រទេស​ដទៃ​អស់​ហើយ ដោយសារតែ​ពួកគេ​មិន​អាច​រកស៊ី​ចំណេញ​ក្រោម​រដ្ឋាភិបាល​ដែល​ពោរពេញ​ដោយ​អំពើពុករលួយ​មួយ​នេះ ដូច្នេះ​អ្នក​វិនិយោគ​ដែល​នៅ​សល់ គឺ​មាន​តែ​ពួក​ម៉ាហ្យា (Mafia) ប៉ុណ្ណោះ ដែល​ពួកគេ​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រព្រឹត្ត​បទល្មើស​ធំៗ ដូចជា កាប់​បំផ្លាញ​ព្រៃឈើ ជួញដូរ​មនុស្ស លក់​គ្រឿងញៀន លាង​លុយ​កខ្វក់ និង​ការ​ចាប់​ជំរិត ជាដើម ដូច្នេះ​ជំនួញ​ល្មើស​ច្បាប់​ទាំងនេះ​មិន​អាច​ជួយ​ឱ្យ​សេដ្ឋកិច្ច​របស់​កម្ពុជា​មាន​ភាព​ល្អ​ប្រសើរ​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស