32.3 C
Phnom Penh

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា៖ ១​ខែ​ដើម​ឆ្នាំ​២០២៤ កម្ពុជា​អនុម័ត​គម្រោង​វិនិយោគ​ជាង​៣០​គម្រោង​តែ​ភាគច្រើន​មកពី​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លើកឡើង​ថា រយៈពេល ១​ខែ​ដើម​ឆ្នាំ​២០២៤ នេះ កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​ជាង ៣០​គម្រោង (៣២​គម្រោង) ក្នុង​ទំហំ​ទឹកប្រាក់​ជិត ២០០​លាន​ដុល្លារ​អាមេរិក (១៨៧​លាន​ដុល្លារ) ក្នុង​នោះ​ជាង ៧០​ភាគរយ (៧៨%) គឺជា​គម្រោង​វិនិយោគ​ដែល​មាន​ប្រភព​មកពី​ប្រទេស​ចិន។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ​ថា ការ​អនុម័ត​គម្រោង​ថ្មី និង​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន ៣២​គម្រោង នឹង​អាច​បង្កើត​ការងារ​បាន​ប្រមាណ​ជិត ២៩​ពាន់​កន្លែង ដែល​ត្រូវ​ចំណាយ​ទុន​វិនិយោគ​ជិត ២០០​លាន​ដុល្លារ​អាមេរិក ដែល​ទុន​វិនិយោគ​មកពី​ប្រភព​ផ្សេងៗ​គ្នា ក្នុង​នោះ​ទុន​វិនិយោគ​ប្រមាណ​ជា ៧៨% មកពី​ប្រទេស​ចិន ជាង ៩% (៩,៦៥%) មកពី​ប្រទេស​សិង្ហបុរី ជាង ៥​ភាគរយ (៥,៣៤%) មកពី​សហរដ្ឋ​អាមេរិក ជាង ៣​ភាគរយ (៣,៥៥%) មកពី​សាធារណរដ្ឋ​កូរ៉េ និង​ជាង ២​ភាគរយ (២,៧៣%) មកពី​ប្រភព​ក្នុង​ស្រុក។

ប្រភព​ដដែល​បញ្ជាក់​ថា គម្រោង​វិនិយោគ​ដែល​មាន​ភាព​លេចធ្លោ​ជាងគេ​ប្រចាំ​ខែ​មករា ដើម​ឆ្នាំ​នេះ រួម​មាន៖

  • គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​អេឡិចត្រូនិក​នៅ​ខេត្ត​តាកែវ
  • គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​ម៉ូតូ កង់ រ៉ឺម៉ក (អគ្គិសនី) និង​ឧបករណ៍​បញ្ចូល ឬ​សាក​ថ្ម​នៅ​ខេត្ត​កណ្តាល
  • គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​អាលុយមីញ៉ូម ដែក និង​ទង់ដែង​នៅ​ខេត្ត​កំពង់ស្ពឺ
  • និង​គម្រោង​បង្កើត​រោងចក្រ​តម្បាញ ក្រណាត់ និង​កាត់ដេរ​សម្លៀកបំពាក់​នៅ​ខេត្ត​ព្រះសីហនុ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១ កុម្ភៈ នេះ​ថា ការ​ប្រកាស​ពី​ការ​អនុម័ត​គម្រោង​ជាង ៣០​គម្រោង​ក្រោម​ទុន​វិនិយោគ​ជិត ២០០​លាន​ដុល្លារ​ដ៏​តិចតួច​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នៅ​ពេលនេះ បង្ហាញ​ថា កម្ពុជា​កំពុង​ត្រដរ​ខ្យល់​រង់ចាំ​ក្រុមហ៊ុន​វិនិយោគ​ធំ​ទៅ​វិនិយោគ មិន​មែន​បង្ហាញ​ថា កម្ពុជា​កំពុង​ទទួល​បាន​ការ​បោះទុន​វិនិយោគ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នោះ​ទេ។

លោក គឹម សុខ លើកឡើង​ថា ប្រសិនបើ​ទំហំ​ទឹកប្រាក់​ជិត ២០០​លាន​ដុល្លារ​នេះ​បាន​ពី​ការ​ចំណេញ​លើ​គម្រោង​វិនិយោគ​ណា​មួយ​ក្នុង​មួយ​ខែ គឺ​អាច​ទទួល​យក​បាន ប៉ុន្តែ​នៅ​ពេល​ដែល​ទំហំ​ទឹកប្រាក់​ជិត ២០០​លាន​ដុល្លារ​នេះ គឺជា​ទំហំ​ទឹកប្រាក់​សម្រាប់​ធ្វើការ​វិនិយោគ​បែប​នេះ គឺ​មាន​ន័យ​ថា​ជា​ទំហំ​តិចតួច​បំផុត ព្រោះ​ថា​ក្នុង​ទំហំ​ទឹកប្រាក់​វិនិយោគ​ក្នុង​កម្រិត​នេះ គេ​នៅ​មិន​ទាន់​ដឹង​ថា​អាច​ទទួល​បាន​ផល​ចំណេញ​ប៉ុនណា និង​អាច​ប្រមូល​ពន្ធ​ចូល​រដ្ឋ​បាន​ប៉ុនណា​នោះ​ទេ ថែមទាំង​គម្រោង​វិនិយោគ​ភាគច្រើន​មកពី​ប្រទេស​ចិន ដែល​ជា​ប្រភព​វិនិយោគ​គ្មាន​តម្លាភាព​ទៅ​ទៀត។

អ្នកវិភាគ​នយោបាយ​រូប​នេះ​បញ្ជាក់​ថា ការ​ប្រឹងប្រែង​របស់​លោក ហ៊ុន ម៉ាណែត ដែល​បាន​អួត​ពី​ការ​ដើរ​គោះ​ទ្វារ​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​ធំៗ​ទៅ​បណ្ដាក់​នៅ​កម្ពុជា​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ប្រទេស​ស្វីស កាលពី​ពេល​កន្លង​ទៅ បាន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ឬ​យ៉ាង​ណា​ក្នុង​ខែ​មករា កន្លង​ទៅ​នេះ។

លោក​បន្ថែម​ថា តួលេខ​គម្រោង​វិនិយោគ​នេះ​ក៏​អាច​បញ្ជាក់​ពី​ការ​អសមត្ថភាព​របស់​លោក ហ៊ុន ម៉ាណែត ចំពោះ​ការ​ដឹកនាំ​លើ​វិស័យ​សេដ្ឋកិច្ច​របស់​កម្ពុជា​ដែរ។ ជាង​នេះ​ទៀត ក៏​បង្ហាញ​ពី​ភាព​អន់ថយ​នយោបាយ​ការទូត​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស​ឱ្យ​ទៅ​បណ្ដាក់​ទុន​នៅ​កម្ពុជា​ថែម​ទៀត។

លោក គឹម សុខ គូស​បញ្ជាក់​ថា ការ​ទទួល​បាន​គម្រោង​វិនិយោគ​ដែល​មាន​ទុន​ជិត ២០០​លាន​ដុល្លារ​ក្នុង​មួយ​ខែ​បែប​នេះ គឺជា​ទំហំ​តិចតួច​បំផុត ព្រោះ​ថា​ទំហំ​វិនិយោគ​ក្នុង​ចំនួន​ទឹកប្រាក់​ដ៏​តិចតួច​កម្រិត​នេះ អាច​និយាយ​បាន​ថា ស្ទើរតែ​អត់​មាន​កំណើន​វិនិយោគ ឬ​ទាក់ទាញ​មិន​បាន​វិនិយោគ​មិន​បាន​តែម្តង បើ​ប្រៀបធៀប​នឹង​ទំហំ​សេដ្ឋកិច្ច​ជាតិ​មួយ​ទាំងមូល។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០២៤ នាយករដ្ឋមន្ត្រី​កម្ពុជា​ត​ពូជ​លោក ហ៊ុន ម៉ាណែត បាន​ប្រកាស​លើក​ទឹកចិត្ត​ដោយ​បើក​ចំហ​ទទួល​វិនិយោគទុន​បរទេស​ដែល​ហ៊ាន​បណ្ដាក់​ទុន​នៅ​ខេត្ត​ព្រះសីហនុ រយៈពេល​វែង​ចាប់ពី ១​សែន​ដុល្លារ​អាមេរិក​ឡើង​ទៅ (១០០០០០​ដុល្លារ​អាមេរិក) នឹង​ទទួល​បាន​ការ​ផ្តល់​ឱ្យ​នូវ​ទិដ្ឋាការ​ពិសេស​រយៈពេល ៣​ឆ្នាំ។

យ៉ាងណា​ក៏ដោយ អំឡុង​ពេល​ដែល​លោក ហ៊ុន ម៉ាណែត ចូលរួម​ប្រជុំ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ទីក្រុង​ដាវ៉ូស ប្រទេស​ស្វីស នៅ​ថ្ងៃទី​១៥ ខែ​មករា សារព័ត៌មាន​អន្តរជាតិ​មួយ​ឈ្មោះ ប៉ូលិទិកូ (POLITOCO) បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​ដែល​មាន​ចំណងជើង​ថា The ‘dirty dozen’ of Davos ឬ មេដឹកនាំ និង​អ្នកជំនួញ​កខ្វក់​ចំនួន ១២​រូប ដែល​មាន​វត្តមាន​ក្នុង​ទីក្រុង​ដាវ៉ូស ក្នុង​នោះ​លោក ហ៊ុន ម៉ាណែត ក៏​ត្រូវ​គេ​រាប់​បញ្ចូល​ទៅ​ក្នុង​ចំណោម​មេដឹកនាំ និង​អ្នកជំនួញ​កខ្វក់​ចំនួន ១២​នាក់​នោះ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស